Your browser doesn’t support HTML5
VOA: បាទ! ជំរាបសួរលោក John Ward
John: បាទ!ជំរាបសួរលោក
VOA: យើងអាចចាប់ផ្តើមបានឥឡូវនេះ។ បាទ!ជាបឋមខ្ញុំសូមអរគុណលោកដែលបានចំណាយពេលវាលាដ៏មានតំលៃក្នុងការធ្វើបទសម្ភាសន៍នេះ។ ផ្អែកលើបទពិសោធន៏របស់លោក តើអ្វីខ្លះជាបញ្ហា ចម្បងសម្រាប់ទន្លេមេគង្គទាំងមូល?
John: ខ្ញុំគិតថាសំណួរដ៏សំខាន់បំផុត របស់ប្រព័ន្ធទន្លេនោះគឺថា តើសង្គមបានត្រៀមខ្លួនបានប៉ុណ្ណាដែរ ក្នុងការផ្លាស់ប្តូរប្រព័ន្ធទន្លេមេគង្គ? ខ្ញុំចង់បានន័យថាតើយើងនឹងសាងសង់ទំនប់វារីអគ្គិសនីប៉ុន្មាន? តើបរិមាណទឹកប៉ុន្មាន ដែលត្រូវការដើម្បីរក្សាប្រព័ន្ធដំណើរការរបស់ទន្លេនេះ? នេះជាអ្វីដែលយើងមិនបានពិនិត្យឲ្យល្អិតល្អន់! តែយើងមានសង្គមរស់នៅខុសគ្នាៗ យើងមានប្រទេសកម្ពុជា ប្រទេសចិន ប្រទេសឡាវ និងប្រទេសផ្សេងទៀត។ ពួកគេគួរតែពិភាក្សាថា៖តើអ្វីខ្លះដែលត្រូវដោះស្រាយក្នុងប្រទេសរបស់ពួកគេ ហើយត្រូវការ ការកែប្រែអ្វីខ្លះក្នុងប្រព័ន្ធទន្លេ។ ឥឡូវនេះ វាគ្រាន់តែជាដំណើរការអាដហុក ឬដំណើរការបឋមមួយ មុនពេលការអភិវឌ្ឍតែប៉ុណ្ណោះ។ ប្រហែលជាប្រទេសទាំងនោះ មានផែនការឬកិច្ចព្រមព្រាងមួយចំនួន រវាងគ្នានិងគ្នារួចមកហើយ។
អញ្ចឹងហើបញ្ហាមួយចំនួនដែល ហូពីប្រទេសមួយទៅប្រទេសជិតខាងផ្សេងទៀត បានកំពុងតែកើតមានឡើង ហើយអ្វីដែលយើងសង្កេតឃើញនៅពេលនេះគឺ ដោយសារតែឥទ្ធិពលអាកាសធាតុ El Nino ដ៏ធ្ងន់ធ្ងរពេលថ្មីៗនេះ បញ្ហាទាំងនោះ កើនឡើងកាន់តែធ្ងន់ធ្ងរនិងរីកកាន់តែធំទៅៗ។ យើងអាចឃើញឧទាហរណ៏មួយដូចជាទន្លេសាប និងគ្រោះរាំងស្ងួតដែលប្រទេសថៃ បានជួបប្រទះកាលពីឆ្នាំមុន។ ឆ្នាំដែលក្តៅបំផុត គឺឆ្នាំ ២០១៥និង២០១៦ ហើយមានភ្លៀងធ្លាក់តិចតួច។ ហើយអ្វីដែលកើតមាននោះគឺវាលើសពីសមត្ថភាពរបស់ប្រទេសនីមួយៗក្នុងការគ្រប់គ្រងវា ជាពិសេស កសិករតូចតាចនិងប្រជាជននៅតាមជនបទ។ វាលើសពីសមត្ថភាពរបស់ពួកគេក្នុងការគ្រប់គ្រងដំណើរការនេះ។ ខ្ញុំគិតថានេះហើយជាបញ្ហា។ យើងមិនមានកិច្ចព្រមព្រៀងណាដែលសម្របសម្រួលក្នុងប្រទេសនិងរវាងប្រទេសនៅឡើយនោះទេ។
VOA: អ៊ីចឹងដោយសារតែបញ្ហានេះ ប្រទេសទាំងឡាយ ដូចដែល Jeffនិងលោកបាននិយាយ។ បញ្ហានោះគឺថាទឹកទន្លេហូរកាត់ព្រំប្រទល់ពីប្រទេសមួយទៅប្រទេសផ្សេងទៀត។ ឥឡូវនេះ គ្រប់គ្នាអាចធ្វើអ្វីតាមចិត្តចង់។ ពួកគេសាងសង់ទំនប់បង្វែរទឹក ពួកគេសាងសង់ទំនប់វារីអគ្គិសនី។ តើវាអាចនឹងប៉ះពាល់ដល់គ្រប់គ្នាដែលនៅតាម ដងទន្លេមេគង្គឬទេ? តើលោកគិតយ៉ាងណា?
John: វានឹងផ្លាស់ប្តូរ។ វាផ្អែកលើថាតើប្រជាជនស្ថិតនៅទីណា ហើយតើពួកគេកំពុងធ្វើអ្វីលើទន្លេមេគង្គ។ ជាយូរយាណាស់មកហើយ ទន្លេមេគង្គគឺជាប្រព័ន្ធទន្លេមួយដែលមិនធ្លាប់កែប្រែ។ វាមិនធ្លាប់មានប្រព័ន្ធធារាសាស្រ្ត។ មិនមានទំនប់វារីអគ្គិសនី។ តែការអភិវឌ្ឍន៏ថ្មីនេះ គឺពិតជាលឿនណាស់។ ស្ថាប័នរៀបចំកិច្ចព្រមព្រៀងដើម្បីថែរក្សាទន្លេមេគង្គ និងប្រើប្រាស់ទន្លេនេះ អាចប៉ាន់ស្មានពីប្រព័ន្ធទន្លេមួយដែល មិនធ្លាប់កែប្រែក្នុងប្រវត្តិសាស្រ្ត។ នៅក្នុងពេលមួយប៉ប្រិចភ្នែក ពួកគេត្រូវគ្រប់គ្រងប្រព័ន្ធទន្លេដែលទើបតែនឹងអភិវឌ្ឍន៍នេះ។ ឥឡូវស្ថាប័ននានាមិនអាចគ្រប់គ្រងវាបានល្អនោះទេ។ ដូច្នេះរហូតមកទល់ពេលនេះ យើងមានតែកិច្ចព្រមព្រៀងស្ម័គ្រចិត្តសំខាន់មួយគត់ ដែលប្រទេសក្នុងអាងទន្លមេគង្គអនុវត្តន៍ ដើម្បីគ្រប់គ្រងទន្លេរបស់ខ្លួន។ កិច្ចព្រមព្រៀងនោះ គឺកិច្ចព្រមព្រៀងបង្កើតគណកម្មការទន្លេមេគង្គក្នុងឆ្នាំ១៩៩៥ ហើយបច្ចុប្បន្ននេះ មិនទាន់មានបញ្ហានោះទេ។ ក៏ប៉ុន្តែឥឡូវ យើងបានចាប់ផ្តើមកិច្ចព្រមព្រៀងទ្វេភាគី ដែលលើសពីកិច្ចព្រមព្រៀងគណកម្មការទន្លេមេគង្គនោះទៀត។ យើងមិនទាន់មានការគ្រប់គ្រងឲ្យច្បាស់នៅឡើយ។ ស្ថាប័នដែលយើងមាន ដូចជាប្រព័ន្ធច្បាប់ និងក្របខណ្ឌច្បាប់ទាំងក្នុងប្រទេសនិងរវាងប្រទេស មិនទាន់គ្រប់គ្រាន់នៅឡើយ ដើម្បីគ្រប់គ្រងការអភិវឌ្ឍ ដែលកែប្រែធនធានដ៏ឆាប់រហ័សនេះ។ នេះគឺជាបញ្ហាដែលយើងត្រូវតែដោះស្រាយនៅពេលនេះ។ គណកម្មការទន្លេមេគង្គបានបំពេញតួនាទីជារបស់ខ្លួនជាស្ថាប័នប្រឹក្សាបានល្អ។ ប៉ុន្តែវាមិនមានអំណាចប្រតិបត្តិ ឬលទ្ធភាពក្នុងការពង្រឹងឬគ្រប់គ្រងអ្វីដែលកើតមានលើទន្លេនេះបានទេ។ វាមិនមានសិទ្ធវេតូនោះទេ។ ដូច្នេះអ្នកគ្រប់គ្នានឹងត្រូវប៉ះពាល់ គ្រាន់តែខុសពេលវេលា និងខុសទីតាំងដែលពួកគេនឹងត្រូវប៉ះពាល់។ នេះជាទន្លេដ៏ធំ វាមានប្រវែង ជាង៤០០០ គីឡួម៉ែត ដែលមានមនុស្ស ៣រយលាននាក់រស់នៅ។
VOA: តើលោកដឹងថាតើមនុស្សប៉ុន្មាននាក់នឹងត្រូវប៉ះពាល់ទាក់ទិននឹងការប្រែប្រួលទឹកទន្លេមេគង្គដែរឬទេ?
John: ខ្ញុំមិនដឹងទេ។ បើសិនជាមានអ្នកណាដឹងពីចំនួននេះ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់។ យើងអាចមើលទៅលើទីតាំងជាក់លាក់មួយ ប៉ុន្តែទោះបីជាដូច្នោះ ខ្ញុំនៅតែមិនជឿថាមានអ្នកអាចដឹងបានឡើយ។
VOA: តើយើងអាចនិយាយថាប្រហែលជាមនុស្សរាប់លាននាក់ទេ?
John: ខ្ញុំនឹងមិនប៉ាន់ស្មានដូច្នោះទេ។
VOA: លោកបានលើកឡើងអំពី គណកម្មការទន្លេមេគង្គ ឬMRC ដូចជា កិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេស និងប្រទេស ប៉ុន្តែវាហាក់ដូចជាមិនមានប្រសិទ្ធភាពឡើយ។ ឧទាហរណ៍៖ ទំនប់វារីអគ្គិសនី Xayaburi ក៏ដូចជា គម្រោងបង្វែរទឹកនៅតំបន់ព្រំដែនដោយរដ្ឋាភិបាលថៃ ដែលពួកគេធ្វើគម្រោងនេះឡើងដោយខ្លួនឯង។ តើលោកគិតថា MRC ដំណើរការទៅមុខទេទៅលើបញ្ហានេះ?
John: នៅពេលនេះ សេចក្តីសម្រេចឯកតោភាគី ក៏ដូចជា កិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន ហាក់ដូចជា កំពុងតែត្រូវបានរៀបចំឡើងហើយ។ មុននេះកិច្ចព្រមព្រៀង MRC នឹងមានការផ្តល់ ដំណឹងជាមុន ហើយតម្រូវឲ្យមានការពិគ្រោះយោបល់ផ្សេងៗ។ ឥឡូវនេះ រដ្ឋាភិបាលឡាវទទួចថា ពួកគេត្រូវធ្វើការពិនិត្យពិច្ច័យផ្សេងឡើងវិញសិន។ ហើយក៏ដូចគ្នាដែរជាមួយនឹងគម្រោងបង្វែរទឹករបស់រដ្ឋាភិបាលថៃ។ ជាមួយនឹងទឡ្ហីករណ៍របស់ពួកគេនាពេលបច្ចុប្បន្នគឺថា មិនចាំបាច់មានការជូនដំណឹងផ្លូវការណាមួយទេ។ ដូចនេះខ្ញុំគិតថា មានការយល់ខុសគ្នាអំពីអត្ថន័យរបស់កិច្ចព្រមព្រៀង MRC ឬគណកម្មការទន្លេមេគង្គ។ ហើយកិច្ចព្រមព្រៀងដែលមិនមានអត្ថន័យបញ្ជាក់ច្បាស់ បង្កឲ្យមានការយល់ខុសគ្នា ដោយសារតែមិនការដាក់ទណ្ឌកម្មជាក់លាក់ណាមួយ ឬការអនុម័តច្បាប់ណាមួយ ឬសិទ្ធិនៅក្នុងការបោះឆ្នោតវេតូ។ មិនមានអង្គភាពណាមួយដើម្បីគ្រប់គ្រងកិច្ចព្រមព្រៀង MRC ទាំងមូលទេ។
VOA:ផ្អែកលើការយល់ដឹងរបស់លោកអ្នក តើអ្វីទៅដែលបណ្តាលឲ្យមានបញ្ហានេះ? ហេតុអ្វីបានជា MRC មិនមានដំណើរការទៅមុខដោយរលូន? តើអ្វីទៅជាបញ្ហាចោទនៅពីក្រោយនេះ?
John: បណ្តាប្រទសនានានៅខាងក្រោមទន្លេមេគង្គ ពួកគេចង់អភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ។ ពូកគេចង់ប្រែផ្លាស់ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចបំផុតទៅកាន់ប្រទេសអភិវឌ្ឍន៍ពេញលេញមួយ។ហើយ ទឹកទន្លេមេគង្គត្រូវបានយល់ឃើញថា ជាផ្នែកដ៏សំខាន់មួយនៅក្នុងការសម្រេចគោលបំណងនេះ មិនថាជាលក្ខណៈឧស្សាហកម្ម ឬកសិកម្មក្តី។ ប៉ុន្តែពិតណាស់ បរិស្ថាននៅតែជាភាគីទាមទារសមស្របមួយ ក្នុងការប្រើប្រាស់ទន្លេនេះផងដែរ។ ដូចនេះ ប្រព័ន្ធអេកូឡូស៊ីដែលពឹងផ្អែកលើទន្លេនេះ ក៏មានសិទ្ធិទាមទារមួយផងដែរក្នុងការប្រើប្រាស់ទឹកទន្លេមេគង្គ។ ប៉ុន្តែជាអកុសល បរិស្ថានមិនទាន់មានសំឡេងផ្ទាល់ខ្លួននាពេលនេះ ឬអាចថា មានសំឡេចតិចតួចណាស់ ជាមួយនឹងការវិវត្តផ្សេងៗមកទល់ពេលនេះ។ យើងឃើញមានប្រយោជន៍បញ្ច្រាសគ្នា និងតម្រូវការផ្ទុយគ្នានៃបណ្តាប្រទេសផ្សេងៗ ពាក់ព័ន្ធនឹងការប្រើប្រាស់ទន្លេមេគង្គ។ ប៉ុន្តែបរិស្ថានជាផ្នែកមួយ ហើយមិនមានសំឡេងខ្លាំងជុំវិញការប្រើប្រាស់ទន្លេមេគង្គ។ នៅពេលដែលយើងនិយាយពីសិទ្ធិនៃទន្លេមេគង្គ បរិស្ថានក៏មានសិទ្ធិទៅលើទឹកទន្លេនេះផងដែរ។ ប៉ុន្តែ បរិស្ថានមិនទទួលបានចំណែកច្រើននោះទេ។
VOA: តើបណ្តាប្រទេសសមាជិកអាស៊ាន ឬបណ្តាប្រទេសនៅអនុតំបន់មេគង្គគួរពិនិត្យមើលមេរៀនពីប្រទេសផ្សេងទៀតដែរ ឬទេ?
John: ពិតណាស់។ ប្រទេសដទៃផ្សេងទៀតបានឆ្លងកាត់បញ្ហានេះ។ ពួកគេបានឆ្លងកាត់ប្រព័ន្ធទន្លេដែលមិនមានការកែប្រែមួយទៅកាន់ប្រព័ន្ធទន្លេដែលមានការអភិវឌ្ឍខ្លាំងក្លាមួយ។ ហើយមានមេរៀនច្រើនណាស់ដែលអាចរៀនពីនេះ។ អាចនិយាយម្យ៉ាងទៀតថា ជាមេរៀនដើម្បីបញ្ជៀសកុំឲ្យមានបញ្ហាកើតឡើងតាំងពីដើមទី។ ប៉ុន្តែ វាមានការលំបាកណាស់នៅពេលដែលអ្នកមានប្រព័ន្ធដែលមានការអភិវឌ្ឍខ្លាំងក្លាមួយ។ តើអ្នកអាចបំបាត់ទំនប់វារីអគ្គិសនីយ៉ាងដូចម្តេច? តើទំនប់វារីអគ្គិសនីនោះកំពុងជះឥទ្ធិពលអ្វី? វាពិតជាលំបាកណាស់។ ដូចនេះ គួរតែបញ្ជៀសបញ្ហាផ្សេងៗពីដើមទី។ ពិតណាស់ នៅសហរដ្ឋអាមេរិក អឺរ៉ុប អាស៊ី និងអូស្ត្រាលី មានឧទាហរណ៍ជាច្រើន ពាក់ព័ន្ធនឹងបញ្ហាឆ្លងព្រំដែន ដូចជាបញ្ហាទន្លេមេគង្គនិងមេរៀនជាច្រើន ដែលត្រូវរៀន ក៏ដូចជា របៀបញ្ចៀសបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងនៅពេលអនាគត។
VOA: មានការអះអាងជា ច្រើនដែលថា គម្រោងធំៗមួយចំនួន ដូចជា គម្រោងបង្វែរទឹកទន្លេនៅប្រទេសថៃ នៅទន្លេលីយ ក៏ដូចជា ទំនប់វារីអគ្គិសនី Xayaburi នឹងផ្តល់ផលប្រយោជន៍ឲ្យដែលបុគ្គលអ្នកមាន ឬក្នុងក្រុមហ៊ុនអាជីវកម្មប៉ុណ្ណោះ។ តើលោកគិតដូចម្តេចដែរចំពោះបញ្ហានេះ?
John: ខ្ញុំបានក៏ធ្លាប់លឺពីការអះអាងដូចនេះដែរ គេតែងលើកបញ្ហានេះមកនិយាយច្រើន។ តែមកដល់ពេលនេះ យើងមិនទាន់បានដឹងគ្រប់គ្រាន់ពីគម្រោងបង្វែរទឹកនោះ ដំណាក់កាលនៃការសាងសង់់គម្រោងដើម្បីធ្វើការបញ្ជាក់ឲ្យជាក់លាក់នៅឡើយ។ យើងអាចនិយាយម្យ៉ាងទៀតថា មិនទាន់មានព័ត៌មានគ្រប់គ្រាន់នៅក្នុងការធ្វើសេចក្តីសន្និដ្ឋានដោយមិនលម្អៀងណាមួយនោះទេ។ ពីទស្សនៈវិទ្យាសាស្រ្ត យើងមិនទាន់មានព័ត៌មានគ្រប់គ្រាន់ដើម្បីនិយាយថា អ្នកណានឹងទទួលបានផលប្រយោជន៍ ហើយអ្នកណាមិនទទួល។ វានឹងអាចជួយច្រើន ប្រសិនបើយើងមានការវាយតម្លៃបែបវិទ្យាសាស្រ្តណាមួយ។ ការទទួលបានព័ត៌មាននោះ នឹងអាចជួយបានច្រើន។
VOA: សំណួរចុងក្រោយ គឺថា លោកបានលើកឡើងពីគោលនយោបាយ និងយុទ្ធសាស្រ្តពីអ្វីដែលរដ្ឋភិបាល ឬបណ្តាប្រទេសនៅអនុតំបន់មេគង្គគួរអនុវត្ត។ តើគោលនយោបាយ និងយុទ្ធសាស្រ្តនោះមានអ្វីខ្លះ?
John: វាមិនមែនជាអ្វីដែលពួកគេគួរធ្វើទេ។ វាជាបទពិសោធន៍មួយ ដែលយើងបានឃើញថា មានជោគជ័យនៅប្រទេសដទៃទៀត។ ខ្ញុំចង់និយាយថា ប្រសិនបើអ្នកនឹងចម្លងប្រទេសណាមួយ ឬប្រើព័ត៌មានពីប្រទេសដទៃ វាជាការប្រសើរនៅក្នុងការពិនិត្យមើលថា អ្វីតើដែលមានដំណើរការទៅល្អ ហើយគួរអនុវត្តតាមនៅក្នុងតំបន់នោះ និងជៀសវាងអ្វីដែលមិនដំណើរការ។ ដូចនេះយើងមិនត្រូវនិយាយថា គួរឬមិនគួរនោះទេ។ ខ្ញុំចង់និយាយថាមើលទៅភស្តុតាងដែលមានជុំវិញ ហើយប្រើភស្តុតាងនោះ នៅក្នុងបែបផែនដ៏ល្អប្រសើរបំផុត។
VOA: បាទ! សូមអរគុណ លោក John Ward! លោក John Ward គឺជាសេដ្ឋវិទូផ្នែកអេកូឡួស៊ីនៃវិទ្យាស្ថានអនាគតតំបន់ទន្លេមគង្គ។ សូមអរគុណ លោក!
John: បាទ! អរគុណ៕