លោក Milton Osborne៖ កម្ពុជា​មិន​គួរ​ភ្លេច​ពី​ការ​បែក​បាក់​នៅ​ចុង​ទសវត្សរ៍​១៩៦០និង​ទសវត្សរ៍​១៩៧០​ឡើយ

លោកប្រវត្តិវិទូ Milton Osborne (ស្តាំ) ជាមួយនឹងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ផាន់តារាវង្ស នៅស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា កាលពីខែកក្កដា ឆ្នាំ១៩៦១។ (រូបថតដោយ Milton Osborne)

វ៉ាស៊ីនតោន​ - កំណត់និពន្ធ៖ លោក Milton Osborne គឺ​ជា​អ្នក​និពន្ធ​សៀវភៅ​អំពី​តំបន់​អាស៊ី​អាគ្នយ៍​ដ៏​ល្បីល្បាញ​ម្នាក់។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ស្តី​អំពី «ប៉ុល ពត ដោះស្រាយ​បញ្ហា​ជំងឺ​ឃ្លង់៖ ការ​ចងចាំ​ពី​សម័យ​អាណានិគម និង​ព្រឹត្តិការណ៍​ពិភព​លោក​ក្រោយ​សម័យ​អាណានិគម ដែល​បាន​កើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ ១៩៥៦ និង១៩៨១»។ សៀវភៅ​នេះ​បាន​ពិពណ៌នា​អំពី​បទ​ពិសោធន៍​របស់​លោក ដែល​ជា​អ្នក​កាទូត​វ័យ​ក្មេង​ប្រចាំ​ទី​ក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា និង​បទ​ពិសោធន៍​ការងារ​របស់​លោក​ដែល​បាន​ធ្វើ​ជា​ទីប្រឹក្សា​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន។ លោក Osborne បាន​សរសេរ​សៀភៅ​មួយ​ចំនួន​ទៀត ដូចជា៖ «សីហនុ៖ ព្រះអង្គ​ម្ចាស់​នៃ​ពន្លឺ ព្រះ​អង្គ​ម្ចាស់​នៃ​ស្បៃ​អន្ធកាល» និង «វត្តមាន​របស់​បារាំង​នៅ​កូសាំងស៊ីន និង​កម្ពុជា៖ វិធាន​ការណ៍ និង​ការ​ឆ្លើយតប»។ កាល​ពី​ពេល​ថ្មីៗ​នេះ កញ្ញា យូ សុធារី នៃ​វីអូអេ បាន​សម្ភាសន៍​លោក Osborne តាម​ទូរស័ព្ទ។

Your browser doesn’t support HTML5

លោក Milton Osborne៖ កម្ពុជា​មិន​គួរ​ភ្លេច​ពី​ការ​បែក​បាក់​នៅ​ចុង​ទសវត្សរ៍​១៩៦០និង​ទសវត្សរ៍​១៩៧០​ឡើយ

VOA៖ ​លោក​បានសរសេរ​សៀវភៅ​មួយ​អំពី «ប៉ុល ពត ដោះស្រាយ​បញ្ហា​ជំងឺ​ឃ្លង់៖ ការ​ចងចាំ​ពី​សម័យ​អាណានិគម និង​ព្រឹត្តិការណ៍​ពិភព​លោក​ក្រោយ​សម័យ​អាណានិគម ដែល​បាន​កើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ ១៩៥៦ និង១៩៨១»។ តើ​លោក​អាច​ឲ្យ​ជា​ខ្លឹមសារ​សំខាន់ៗ​ពី​សៀវភៅ​របស់​លោក​បាន​ដែរ ឬ​ទេ?

Milton Osbourne៖ សៀវភៅ​នេះ​ គឺ​ជា​កិច្ចប្រឹងប្រែង​មួយ​ ដើម្បី​បង្ហាញ​ពី​បទពិសោធន៍​របស់​ខ្ញុំ​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម នៅ​អំឡុង​ពេល​ដែល​ខ្ញុំ​បាន​ទៅ​កម្ពុជា​ជា​លើក​ដំបូង​គឺ​នៅ​ឆ្នាំ ១៩៥៩ រហូត​ដល់​ឆ្នាំ​ ១៩៨១។ នៅ​ក្នុង​រយៈពេល ២០​ឆ្នាំ​ជាង​នេះ​ ខ្ញុំ​បានឆ្លង​កាត់​សម័យកាលដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ក៏​ដូចជា​សម័យកាលដ៏​គួរ​ឲ្យ​សង្វេគ​ផង​ដែរ។


VOA៖ តើ​អ្វី​ទៅ​ដែល​បានជំរុញ​ចិត្ត​លោក​ឲ្យ​សរសេរ​សៀវភៅ​នេះ?

Milton Osborne៖ មាន​កត្តា​ពីរ​ដែល​បាន​ជំរុញ​ចិត្ត​ខ្ញុំ។ ទី​មួយ ខ្ញុំ​ចង់​កត់ត្រា​ទុក​បទពិសោធន៍​របស់​ខ្ញុំ​ឲ្យ​ទៅ​កូនស្រី​របស់​ខ្ញុំ ប៉ុន្តែ​សំខាន់​ជាង​នេះ ខ្ញុំ​ចង់​ផ្តោត​ទៅ​លើ​សម័យ​កាល​មួយ​ដែល​ហាក់​ដូចជាត្រូវ​បាន​បំភ្លេច​ចោល។ មនុស្ស​គ្រប់គ្នា​កំពុង​តែ​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​ដែល​កំពុង​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង​ឆ្នាំ ១៩៧០​ គឺ​នៅ​តែ​មាន​សារៈសំខាន់។

លោក Milton Osborne គឺជា​ប្រវត្តិវិទូជើងចាស់ម្នាក់​អំពីតំបន់​អាស៊ីអាគ្នេយ៍ និង​ប្រទេសកម្ពុជា។ (រូបថតដោយ Lowy Institute)

VOA៖ តើ​លោក​ចង់​មាន​ន័យ​ដូច​ម្តេច​ នៅ​ពេល​លោក​និយាយ​ថា «​ការអភិវឌ្ឍន៍ ដែល​បាន​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន‍»?

Milton Osborne៖ មិន​ត្រឹម​តែ​ពាក់ព័ន្ធ​នឹង​កម្ពុជា និង​វៀតណាម​ប៉ុណ្ណោះ​ទេ ថែមទាំង​នៅ​ពាសពេញ​ពិភពលោក​ផង​ដែរ គឺ​មាន​ព័ត៌មាន​ជា​ច្រើន ដែល​មនុស្ស​ទូទៅ​កំពុង​តែ​អាន និង​ពិភាក្សា​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​ពួកគេ​ហាក់​ដូចជា ភ្លេច​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​គ្រា​មុនៗ។ មិន​ត្រឹម​តែ​អ្វី​ ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា​ប៉ុណ្ណោះ​ទេ មនុស្ស​ទូទៅ​ហាក់​ដូច​ជា ភ្លេច​នូវ​ហេតុការណ៍​ដ៏​អាក្រក់​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៧០ ដែល​បណ្តាល​ឲ្យ​ ប៉ុល ពត ​ចូល​កាន់​អំណាច​នៅ​ក្នុង​ឆ្នាំ ១៩៧៥។


VOA៖ តើ​លោកគិត​ដូច​ម្តេច​អំពី​និន្នាការ​សង្គម និង​នយោបាយ​នៅ​កម្ពុជា ចាប់​តាំង​ពី​ពេល​ដែល​លោក​បាន​ទៅ​ដល់​ប្រទេស​កម្ពុជា​ដំបូង​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ មក​ទល់​ពេល​នេះ?

Milton Osborne៖ ពិត​ណាស់ មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង។ កម្ពុជា​គឺ​ពិតជា​ខុស​ប្លែក​ពី​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៥៩។ អ្នក​អាច​ឃើញ​ការ​ផ្លាស់ប្តូរ​នេះ​តាម​បែប​ផ្សេងៗ។ អ្នក​អាច​ឃើញ​ការ​ផ្លាស់ប្តូរតាមរយៈ​ទំហំ​រាជធានី​ភ្នំពេញ ដែល​បាន​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង។ នៅ​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់​កម្ពុជា​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៥៩ ភ្នំពេញ​ជា​ទីក្រុង​មួយ​ ដែល​មាន​មនុស្ស​ប្រហែល ៥សែន​នាក់​ប៉ុណ្ណោះ ហើយ​ប្រហែល​មិន​ដល់​ប៉ុណ្ណឹង​ផង។ ហើយ​សព្វថ្ងៃ​នេះ ក្រុង​ភ្នំពេញ​មាន​មនុស្ស​ទៅ​ដល់​ ២​លាន​នាក់​ឯ​ណោះ។ ដូច្នេះ​ នេះ​ហើយ​ជា​ការ​ផ្លាស់ប្តូរ​មួយ។ ​ពិត​ណាស់​ ទីក្រុង​នេះ​បាន​ឆ្លង​កាត់​ការ​វិវត្ត​ផ្នែក​នយោបាយ​ជា​ច្រើន​បន្ត​បន្ទាប់។ កម្ពុជា​នា​ពេល​សព្វថ្ងៃ​ គឺ​ខុស​ពី​កម្ពុជា​នៅ​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៥៩⁠ ប៉ុន្តែ​សៀវភៅ​របស់​ខ្ញុំ​មិនមែន​និយាយ​អំពី​កម្ពុជា​នា​សម័យ​ទំនើប​នោះ​ទេ។

ខ្ញុំគិត​ថា សម័យកាល​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង​សម័យកាល​ក្រោម​របប​លោក​ លន់ ​នល់ ​នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ សង្កត់ធ្ងន់​ពី​ការ​ដែល​ការ​ប្រកាន់​ខ្ជាប់​ទស្សនៈ​ជ្រុល​និយម គឺ​ពិត​ជា​មាន​គ្រោះថ្នាក់​ខ្លាំង​មិន​ថា ចំពោះ​ប្រទេស​ណា​មួយ​ក៏​ដោយ។

សៀវភៅ​របស់​ខ្ញុំ​គឺ​និយាយអំពី​កម្ពុជា​ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង​១៩៧០។ ហើយ​ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​មុន​នេះ ខ្ញុំ​គិត​ថា វា​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ប្រជាជន​សព្វថ្ងៃ​ក្នុង​ការ​មើល​ត្រឡប់​ក្រោយ និង​ស្វែងយល់​ថា កម្ពុជា​មាន​ស្ថានភាព​ដូច​ម្តេច​ខ្លះ​នា​សម័យកាល​នោះ។ មនុស្ស​មួយ​ចំនួន​ គិត​ថា ជា​សម័យកាល​មាស​ក្រោម​ការ​ដឹកនាំ​របស់​ព្រះបាទ នរោត្តម​ សីហនុ។ ប៉ុន្តែ​អ្វីៗ​ ដែល​ខ្ញុំ​ផ្តោត​ខ្លាំង​ក្នុង​ការ​ពណ៌នា​ក្នុង​សៀវភៅ​របស់​ខ្ញុំ គឺ​ព្រឹត្តិការណ៍​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ ហើយ​ជា​ពិសេស​ បញ្ហា​ពាក់ព័ន្ធ​នឹង​ជនភៀស​ខ្លួន ដែល​បាន​កើត​ឡើង​ បន្ទាប់​ពី​របប​ ប៉ុល ⁠ពត នៅ​ពេល​ដែល​ប្រជាជន​ជា​ច្រើន​ភៀស​ខ្លួន​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ថៃ។ ដូច្នេះ​ នេះ​ជា​បញ្ហា​ដែល​ខ្ញុំ​ចង់​ពិពណ៌នា​នៅ​ក្នុង​សៀវភៅ​របស់​ខ្ញុំ។


VOA៖ តើ​បញ្ហា​ទាំង​នោះ​ជា​អ្វីខ្លះ?⁠ ហេតុអ្វី​បាន​ជា​បញ្ហា​ទាំង​នោះ​កើត​ឡើង?

Milton⁠ Osborne៖ នេះ​ជា​សំណួរ​មួយ​ដែល​ពិបាក​នឹង​ឆ្លើយ​សង្ខេប​ពី​ហេតុផល​ទាំង​ស្រុង​ ដែល​នៅ​ពី​ក្រោយ​អ្វី​ដែល​បាន​កើត​ឡើង។ កម្ពុជា​បាន​ជាប់​ខ្លួន​នឹង​ព្រឹត្តិការណ៍​អន្តរជាតិ​ជា​បន្តបន្ទាប់។ តាមបែបផែន​មួយ​ចំនួន ​ព្រឹត្តិការណ៍​វិវត្ត​ជា​បន្តបន្ទាប់​ ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង​១៩៧០ គឺ​ជា​ផ្នែក​មួយ​នៃសំណួរ​ទូទៅក្នុងសម័យកាល​សង្រ្គាម​ត្រជាក់ ដែលបាន​កើត​ឡើង​នៅ​វៀតណាម ការ​ងើប​ឡើង​នៃ​ក្រុម​ឆ្វេង​និយម​នៅ​កម្ពុជា ដែល​បាន​ចូល​កាន់​អំណាច​ក្រោមការ​ដឹកនាំ​របស់​ប៉ុល ពត​ នៅ​ឆ្នាំ​១៩៧៥។ ឥឡូវ​នេះ​អ្នក​បាន​សួរ​ខ្ញុំ​ថា ហេតុអ្វី​បាន​ជា​ខ្ញុំ​សរសេរ​សៀវភៅ​នេះ​ឡើង។ ហេតុផល​មួយ​ផ្នែក​ទៀត​ ផង​ដែរ ⁠គឺ​ពីព្រោះ​ខ្ញុំ​មាន​មិត្តភក្តិ​ជា​ជនជាតិ​ខ្មែរ​ច្រើន តែ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​នៅ​រស់​ក្រោយ​សម័យ​ប៉ុល ពត។ ខ្ញុំ​ចង់​ផ្តល់​ជា​រឿងរ៉ាវ​នៅ​ពី​ក្រោយ​អ្វី​ដែល​បាន​កើត​ឡើង​ទៅលើពួកគេ អំឡុង​រយៈកាល​ដ៏​អាក្រក់​ ដែល​បាន​កើត​ឡើង​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៧០។

VOA៖ តើ​លោក​គិត​ថា ថ្នាក់​ដឹកនាំ​នៅ​កម្ពុជា​គួរ​រៀន​អ្វី​ខ្លះ​ពី​អតីតកាល?

Milton⁠ Osborne៖ ខ្ញុំ​ជា​ជនបរទេស​ម្នាក់ ដូច្នេះ​ខ្ញុំ​រៀង​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រាប់​ទៅ​មនុស្ស​ដទៃ​អំពី​អ្វី​ដែល​ពួកគេ​គួរ​ធ្វើ។ ប៉ុន្តែ​ខ្ញុំ​អាច​ឲ្យ​យោបល់​ថា មនុស្ស​ទូទៅ​គួរ​មើល​ត្រឡប់​ទៅ​សម័យកាល ដែល​ខ្ញុំ​បាន​ពិពណ៌នា​នៅ​ក្នុង​សៀវភៅ អំពី​គ្រោះថ្នាក់​នៃ​ការ​ប្រកាន់​យក​ទស្សនៈ​ ដែល​មិន​ផ្តល់​ឱកាស​ដល់​ទស្សនៈ​ផ្សេង ឬ​ទស្សនៈ​នយោបាយ​បែប​ផ្សេង​ពី​ខ្លួន។ ខ្ញុំ​មិន​ចង់​ពណ៌នា​ពី​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ ទេ ពី​ព្រោះខ្ញុំខកខាន​មិន​បាន​ទៅ​ប្រទេស​កម្ពុជា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ខ្ញុំ​មិន​បាន​តាមដាន​នយោបាយ​ឲ្យ​លម្អិត ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង​១៩៧០ នោះ​ទេ។ ប៉ុន្តែ​ពិត​ណាស់ មេរៀន​ដែល​បាន​លេចឡើង​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង​១៩៧០ គឺ​ថា⁠ គឺ​ត្រូវ​តែ​ផ្តល់​កន្លែង​មួយ​សម្រាប់​ទស្សនៈ​ផ្សេងគ្នា។ ខ្ញុំ​គិត​ថា សម័យកាល​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង​សម័យកាល​ក្រោម​របប​លោក​ លន់ ​នល់ ​នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ សង្កត់ធ្ងន់​ពី​ការ​ដែល​ការ​ប្រកាន់​ខ្ជាប់​ទស្សនៈ​ជ្រុល​និយម គឺ​ពិត​ជា​មាន​គ្រោះថ្នាក់​ខ្លាំង​មិន​ថា ចំពោះ​ប្រទេស​ណា​មួយ​ក៏​ដោយ។ ការ​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ មិនមែន​ជា​របៀបព្យាករណ៍​ពី​អនាគត​នោះ​ទេ។ ប៉ុន្តែ​ ដរាប​ណា​អ្នក​មិន​យល់​ពី​អតីតកាល ឬ​យល់​ពី​ប្រវត្តិសាស្រ្ត​ អ្នក​នឹង​មិន​អាច​យល់​ពី​បច្ចុប្បន្នកាល​នោះ​ទេ។​

រូបថតដកស្រង់ចេញពីកម្រងរូបភាពឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា៖ ប៉ុល ពត មេដឹកនាំខ្មែរក្រហម ស្វាគមន៍កម្មាភិបាលខ្មែរក្រហមនៅព្រះលានយន្តហោះនៅរាជធានីភ្នំពេញ។


VOA៖ តាម​ការ​យល់​ឃើញ​របស់​លោក តើ​ ប៉ុល ពត ​ឡើង​កាន់​កាប់​អំណាច​យ៉ាង​ដូចម្តេច?

Milton Osborne៖ នេះ​ជា​សំណួរ​ដែល​ខ្ញុំ​គិត​ថា យើង​ពិបាក​នឹង​យល់។ ប៉ុន្តែ​ចម្លើយ​មួយ ឬ​អាច​ថា​ជា​ផ្នែក​មួយ​នៃ​ចម្លើយ គឺ​ថា ខ្ញុំ​ជឿ​ថា ប៉ុល ពត ​អាច​ប្រមូល​ផ្តុំ​អ្នក​គាំទ្រ⁠ ដែល​ជឿ​ថា រដ្ឋាភិបាល​នៅ​ក្រុង​ភ្នំពេញ​ពិត​ជា​ពុក​រលួយ​យ៉ាង​ខ្លាំង ហើយ​ត្រូវ​តែ​ទម្លាក់​ចេញ​ពី​អំណាច។ ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​អំណាច​រួច ប៉ុល ពត និង​សហការី​របស់​ខ្លួន⁠បេ្តជ្ញា​នឹង​បង្វែរ​ទិសដៅ​របស់​ប្រទេស។ ពិត​ណាស់ តាមរយៈ​ការ​ធ្វើ​ដូច្នេះ ពួកគេ​បាន​ចាត់​វិធានការ​យ៉ាង​អាក្រក់ និង​ជ្រុល​និយម។ នេះ​ជា​មូលដ្ឋាន​គ្រឹះ​នៅ​ពីក្រោយ​ការ​បង្ខំ​ឲ្យ​ប្រជាជន​ធ្វើ​កសិកម្មជា​សហករ​រហូត​ដល់​ស្លាប់។ ហើយរបប​នេះត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​នៅ​ក្នុង​ ការ​ប្រកាន់​ខ្ជាប់​នូវ​គោលនយោបាយ​សម្លាប់​ជន​ដែល​មិន​យល់ស្រប​នឹង​របប​ដឹកនាំ។ ហើយ​ពី​ព្រោះ​តែ​វា​ជា​សម័យកាល​ដ៏​អាក្រក់​មួយ ខ្ញុំ​គិត​ថា កម្ពុជា​នា​ពេល​សព្វថ្ងៃ​ក៏​នៅ​តែ​ឈឺចាប់​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សម័យ​កាល​នោះនៅ​ឡើយ​ដែរ។


VOA៖ លោក​បាន​ទៅ​ដល់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៥៩ គឺ​មុន​សម័យ​លន់ នល់ តើ​លោក​យល់ឃើញ​យ៉ាង​ដូច​ម្តេច​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​នា​ពេល​នោះ?​

Milton⁠ Osborne៖ ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច⁠(នៅ​ពេល​នោះ)​ គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ។ ព្រះបាទ​នរោត្តម សីហនុ ទ្រង់​បេតី​ភាព​ទំនើប ហើយ​វា​ពិត​ជា​លំបាក​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ ដូច​ដែល​ព្រះអង្គ​បាន​រំពឹង​ទុក។ អ្វី​ដែល​សំខាន់​មួយ​សម្រាប់​ទ្រង់​នោះ​ គឺ⁠ការ​អភិវឌ្ឍ​វិស័យ​អប់រំ⁠ហើយ​ព្រះអង្គ​បាន​បង្កើត​នូវ​សាកលវិទ្យាល័យ​មួយ​ចំនួន ⁠និង​បាន​លើក​កម្ពស់​ការ​អប់រំ។ បញ្ហា​ចម្បង​មួយ​នៅ​សម័យកាល​នោះ​គឺ មាន​ការងារ​តិច​តួច​ប៉ុណ្ណោះ⁠ នៅ​ពេល​ដែល​ប្រជាជន​បញ្ចប់​ការ​សិក្សា។ដូច្នេះ ហើយ​នេះ​ជា​បញ្ហា​ធំ​មួយ។

ខ្ញុំ​គិត​ថា ប្រហែល​អ្វី​ដែល​សំខាន់​បំផុត​មួយ​គឺ​ថា ពួកគេ​មិន​គួរ​ភ្លេច​ពី​ការ​បែកបាក់​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ និង​ទសវត្សរ៍១៩៧០ ដែល​បង្ក​ឲ្យ​មាន​អំពើ​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​របស់​របប​ប៉ុល⁠ ពត។ នេះ​ជា​ស្ថាន​ភាព ឬ​ការ​ពិត​ដែល​ពួកគេ​មិន​គួរ​ភ្លេច​ឡើយ។

បើ​និយាយ​អំពី​បញ្ហា​នយោបាយ​វិញ បញ្ហា​មួយដែល​បាន​លេច​ឡើង​យ៉ាង​ច្បាស់​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ គឺ​ ព្រះអង្គម្ចាស់​នរោត្តម សីហនុ ដែល​ទ្រង់​មាន​គុណ​សម្បត្តិ​ជា​ច្រើន​ នៅ​ពេល​នោះ​បាន​ជឿ​ជាក់​ថា​ មាន​តែ​ព្រះអង្គ​មួយ​អង្គ​គត់​ដែល​អាច​កំណត់​គោលនយោបាយ​ដឹកនាំឲ្យ​អ្នក​ដទៃ​ធ្វើ​តាម ហើយ​ស្ថានភាព​នេះ​បង្កើត​ឲ្យ​មាន​គំនិត​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​អ្នក​ដែល​មិន​យល់​ស្រប​ជាមួយ​នឹង​គោលជំហរ​របស់​ព្រះ​អង្គ។


VOA៖ តើ​លោក​គិត​ថា ប្រវត្តិសាស្រ្ត​នៃ​ការ​ប្រេះស្រាំ​នៅ​កម្ពុជា⁠⁠ អាច​កើត​ឡើង​សារ​ជា​ថ្មី​នា​ពេល​អនាគត​ ឬ​ទេ?

Milton Osborne៖ ខ្ញុំ​គិត​ថា នេះ​ជា​សំណួរ​មួយ​ដែល​ពិបាក​នឹង​ឆ្លើយ។ បើ​និយាយ​លម្អិត​ពី​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​អម្បាញ់មិញ ​មួយ​ភាគ​ធំ​នៅ​ក្នុង​សៀវភៅ​របស់​ខ្ញុំ និយាយ​ពី​ការ​ដែល​កម្ពុជា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជន​មួយ​ក្តាប់​តូច​តែ​ប៉ុណ្ណោះ ហើយ​ជា​ទូទៅ​តាមរយៈ​បុគ្គល​តែមួយ​រូប​ប៉ុណ្ណោះ។ ប្រសិន​បើ​អ្នក​ពិនិត្យ​មើល​ស្ថានភាព ព្រះបាទ ​សីហនុ​ ទ្រង់​កាន់​អំណាច​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ និង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៧០។ លោក​ លន់ ⁠នល់ ​និងព្រះអង្គ​ម្ចាស់​សិរីមតៈ​បន្ត​គ្រប់គ្រង⁠ រហូត​ដល់​របប​ ប៉ុល ពត។ ប៉ុល​ ពត​ គ្រប់គ្រង​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០⁠ ហើយ​បន្ទាប់​ពី​វៀតណាម​បាន​ចាកចេញ​នៅ​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ រដ្ឋាភិបាល ឬ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ​ហ៊ុន សែន ​ចូល​មក​គ្រប់គ្រង។ ដូច្នេះ​ មាន​តែ​បុគ្គល​មួយ​រូបៗ​ប៉ុណ្ណោះ​ ដែល​បាន​ដើរ​តួ​មួយ​ផ្នែក​ធំ​នៅក្នុង​ប្រវត្តិសាស្រ្ត​សម័យ​ទំនើប​របស់​កម្ពុជា។​

VOA៖ តើ​លោក​គិត​ថា អ្វី​ទៅ​ជា​ចំណុច​សំខាន់ជាង​គេ​សម្រាប់ឲ្យ​ប្រជាជន​កម្ពុជា​ចងចាំអំពី​អតីតកាល?

Milton⁠ Osborne៖ ខ្ញុំ​គិត​ថា ប្រហែល​អ្វី​ដែល​សំខាន់​បំផុត​មួយ​គឺ​ថា ពួកគេ​មិន​គួរ​ភ្លេច​ពី​ការ​បែកបាក់​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ និង​ទសវត្សរ៍១៩៧០ ដែល​បង្ក​ឲ្យ​មាន​អំពើ​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​របស់​របប​ប៉ុល⁠ ពត។ នេះ​ជា​ស្ថាន​ភាព ឬ​ការ​ពិត​ដែល​ពួកគេ​មិន​គួរ​ភ្លេច​ឡើយ៕