ខណៈបក្ស​ប្រឆាំង​សុំ​ការ​គាប​សង្កត់​ពី​អន្តរជាតិ អ្នក​វិភាគ​ថា​យន្តការ​ក្នុង​ស្រុក​ល្អ​ជាង

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ចាប់​រលាក់​ដៃ​ជាមួយ​លោក​ សម រង្ស៊ី មុន​ការជួប​ប្រជុំ​របស់​អស់​លោក​លើក​ទីពីរនៅថ្ងៃទី ១៧ ខែកញ្ញា ក្រោយពី​ការបោះឆ្នោត​ជាតិ​។ (Photo: by Say Mony VOA Khmer)

វ៉ាស៊ីនតោន៖ ក្រុម​អ្នកវិភាគ​នៅ​កម្ពុជា​បាន​អះអាង​ថា ពួកគេ​ចង់​ឃើញ​ក្រុម​អ្នក​នយោបាយកម្ពុជា ​ប្រើប្រាស់​យន្តការ​ក្នុង​ស្រុក​ដោះស្រាយ​ការ​ខ្វែង​គំនិត​នយោបាយ​ដែលនាំ​ដល់​ការ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាលថ្មី​ឲ្យ​បាន​ទូលំ​ទូលាយ។​ ពួកគេ​ទទូច​យ៉ាង​ដូច្នេះ​ក្រោយ​ពេល​ដែល​មេដឹកនាំ​គណបក្ស​ប្រឆាំង​អះអាង​ជាប់ៗ​គ្នា​ថា នឹង​ធ្វើដំណើរ​ទៅសហរដ្ឋ​អាមេរិក អង្គការសហប្រជាតិ និង​សហភាព​អឺរ៉ុប​ ដើម្បី​កៀងគរ​អន្តរជាតិ​មិន​ឲ្យ​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន។ ការប្រើ​ប្រាស់​យន្តការ​អន្តជាតិ​អាច​ជា​ដំណោះស្រាយ​ដែល​គ្មាន​លំនឹង ​ហើយ​មិន​ត្រូវ​តាម​ការ​វិវត្តន៍​នៃ​ស្ថានការណ៍​កម្ពុជា។

នៅ​ពេល​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​ប្រកាស​ថា លោក​នឹង​សុំ​ឲ្យ សហគមន៍អន្តរជាតិ​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា ក្រុមអ្នក​វិភាគ​នយោបាយ​និង​អ្នក​តាម​ដាន​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ថា ភាគី​នយោបាយ​ទាំងពីរ​គួរ​ជួប​ពិភាក្សាគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​តាម យន្តការ​ក្នុង​ស្រុក។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​តាម​រយៈ​លទ្ធផល​បោះ ឆ្នោត​ដែល​ប្រកាស​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ តាម​លទ្ធផល​នោះ​គណបក្ស​ប្រជាជន​ទទួល​បាន​៦៨​អាសនៈ​លើ​១២៣​អាសនៈ​លើស​ពី​ចំនួន​៥០ភាគ​រយ​បូក​មួយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង។ តែ​គណបក្ស​ជំទាស់​ដែល​អះអាង​ថា​ខ្លួន​គឺ​ជាអ្នក​ឈ្នះ​ បាន​បដិសេធ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ដោយ​មិន​ចូល​រួម​ប្រជុំ​សភា​ដំបូង​ដើម្បី​ផ្តល់ភាព​ស្របច្បាប់​ពេញលេញ​ដល់​រដ្ឋាភិបាល​ថ្មី​នេះ។ គណបក្ស​នេះ​បាន​អះ​អាង​ថា ប្រសិន​បើ​គ្មាន​ការ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​និង​គ្មាន​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​ផ្ទៀង​ផ្ទាត់​អំណាច​ទេ​ ពួក​គេ​នឹង​មិន​ចូល​រួម​និង​បន្ត​ការ​តវ៉ា​របស់​ខ្លួន​និង​កៀងគ​អន្តរជាតិ​ដើម្បី​សុំ​កុំឲ្យ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មីនេះ។


តែ​លោក​ស្រី ជា វណ្ណាត អ្នក​វិភាគ​ឯករាជ្យ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ការ​សោក​ស្តាយ​ដែល​ភាគី​នយោបាយ​កម្ពុជា​ទាំងពីរ​មិនទាន់​អាច​រក​យន្តការ​ក្នុង ស្រុក​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វែង​គំនិត​នយោបាយ​ហើយ​អាច​ផ្តល់​ឱកាស​ឲ្យ​មាន​ការ​ចូល​រួម​ដោះ​ស្រាយ​ពី​អន្តរជាតិ។

«ព្រោះ​ថា អ្នក​ដទៃ​ដោះស្រាយ​គេ​យក​របៀប​គ្រប់គ្រង​អន្តរជាតិ​ ស្តង់ដា​អន្តរជាតិ ដាក់​ក្នុង​បរិបទ​អន្តរជាតិ​ វា​អត់​ត្រូវ​ពីព្រោះ​ថា បរិបទ​ប្រទេស​កម្ពុជា​មិនមែន​ជា ស្តង់ដា​ប្រទេស​ផ្សេង​ទេ។ ម្ល៉ោះ​ហើយ​យើង​ធ្វើ​អី​ទៅ​តាម​បរិបទ​របស់​យើង បរិយាកាស​សង្គម​របស់​យើង នុះ​ទើប​មាន​លទ្ធផល​មួយ​មាន​ស្ថិរភាព​ទៅ ថ្ងៃ​មុខ»។

លោក​ស្រី​បាន​រំលឹក​អ្នក​នយោបាយ​ឲ្យ​ដឹង​ដែរ​ថា កម្ពុជា​សព្វ​ថ្ងៃ​គ្មាន​ឯកភាព ជាតិ​ទេ។ មួយ​ទៀត​យន្តការ​ជាតិ​តាមរយៈ​ស្ថាប័ន​ព្រះ​មហាក្សត្រ​គួរ​បន្ត​ដោះ ស្រាយ​បញ្ហា​នយោបាយ​តទៅ​ទៀត​ដើម្បី​បញ្ចប់​រឿងរ៉ាវ​ដែល​នាំ​ឲ្យ​ដំណើរ​ការ​នយោបាយ​កម្ពុជា​មិន​អាច​ទៅ​មុខ។

លោក អ៊ូ វីរៈ​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អះអាង​ថា ភាគី​ទាំងពីរ​គួរ​ចរចា​គ្នា​ដោយ​យន្តការ​ជាតិ​ជា​រឿង​ប្រសើរ​ជា​ជាង​ការ​ពឹងពាក់ បរទេស​មក​ដោះ​ស្រាយ​បញ្ហា​កម្ពុជា។

«បើ​សិន​ជា​យើង​មើល​ពី​ឥទ្ធិពល​នយោបាយ​ក្នុង​ពិភពលោក​មាន​តែ​កម្លាំង​ នយោបាយ​ក្នុង​ស្រុក​ទេ​ដែល​មាន​ឥទ្ធិពល។ ហើយ​មួយ​ទៀត​ខ្ញុំមើល​ទៅ​ក្នុង ពេល​បច្ចុប្បន្ន​នេះ​ ខ្ញុំ​ថា​យក​ល្អ​ភាគី​ទាំងសង​ខាង​ហ្នឹង​អង្គុយ​តុ​ជាមួយ​គ្នា​ទៅ ហើយ​ជជែក​ចរចា​គ្នា​ទៅ។ ខ្ញុំមើល​ទៅ​ប្រហែល​ជា​អាច​មាន​ឥទ្ធិពល​និង​មាន លទ្ធផល​ល្អ​ជាង»។

ដោយសារ​ការ​ចរចា​គ្នា​ច្រើន​លើក​មិន​អាច​ត្រូវ​គ្នា ​គណបក្ស​ជំទាស់​គ្រោង​នឹង​រៀបចំ​មហា​បាតុ​កម្ម​ទូទាំង​ប្រទេស​មួយថ្ងៃ​នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ដើម្បី​តវ៉ា​និង​ដាក់​ញតិ្ត​សុំ​ឲ្យ​អន្តរជាតិ​ជួយ​ដល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដូចការ​សន្យា​របស់​ប្រទេស​ជា​ច្រើន។ លោក​សម រង្ស៉ី​បាន​អះអាង​ថា លោក​នឹង​ធ្វើ​ដំណើរ​ ទៅ​សរអា​និង​សហភាព​អឺរ៉ុប​ដើម្បី​ស្នើ​សុំ​ប្រទេស​ទាំងនេះ​ឈប់​ផ្តល់​ជំនួយ​ ឬ​ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​ លោក​ចាត់​ទុកថា​រដ្ឋាភិបាល​ខុសច្បាប់​ ហើយ​ស្នើ​សុំ​ឲ្យ​អ.ស.ប.​បណ្តេញ​ បេក្ខភាព​កម្ពុជា​នៅ​ឯ​អ.ស.ប.​ផង​ដែរ។

លោក ស៊ួន ប៊ុនស័ក្តិ នាយក​លេខា​ធិការដ្ឋាន​នៃ​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន សមាជិក​២០​អង្គការ បាន​អះអាង​ថា អ្នក​នយោបាយ​ទាំង​ពីរ​គួរ​តែ​ជៀស​វាង​ការ​អាម៉ាស​របស់​ប្រទេស​ក្នុង​ការ​ពឹងពាក់​បរទេស​ហើយ​គួរ​ដោះស្រាយ​ដោយ​យន្តការ​ជាតិ​ជា​មួយ​គ្នា។

«ខ្ញុំ​គិត​ថា យើង​គួរ​តែ​គិត​គូរ​អំពី​ការ​រក​មធ្យោបាយ​ក្នុង​ស្រុក​បង្រួប​បង្រួម​គ្នា​ ដោះ ស្រាយ​ឬ​ក៏​សម្រប​សម្រួល​គ្នា​ឲ្យ​បាន​នៅ​កម្រិត​ណាមួយ​ដោយ​យន្តការ​នៅ ក្នុង​ស្រុក​ជា​ការ​ប្រសើរ​ជា​ជាង​មាន​អ្នក​នយោបាយ​ខ្មែរ​យើង​ខំ​ទៅ​ស្វែង​រក​ការ​ពឹង​ពាក់​ពី​ខាង​ក្រៅ​ដើម្បី​កុំ​ឲ្យ​ទទួល​ស្គាល់​ខ្មែរ​ក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​ថ្មី​ទាំង​អស់​នេះ។ ខ្ញុំ​គិត​ថា សរុប​សេចក្តី​ទៅ​វា​សម្រាប់​ខ្ញុំ ខ្មែរ​យើង​ហាក់​បី​ដូចជា​ទទួល​ភាពអាម៉ាស់​បន្តិច​ក៏​អាច​ថា​បាន​ដែរ»។

លោក​ថ្លែង​ថា​ បញ្ហា​ប្រជា​ពលរដ្ឋ​ជា​ទូទៅ​ត្រូវ​បាន​ដោះស្រាយ​ច្រើន​ប្រសិន បើ​មាន​ការ​ចូល​រួម​គ្នា​ដោះស្រាយ​បញ្ហា​នយោបាយ​តាម​យន្តការ​ក្នុង​ស្រុក​ហើយ​ធ្វើ​ការ​ជាមួយ​គ្នា​ដោយ​មាន​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​មួយ​ក្នុង​សភា​រឹងមាំ​នោះ ប្រជាពលរដ្ឋ​កម្ពុជា​អាច​នឹង​ទទួល​យក​បាន​ខ្លះ។

«ដូច្នេះ​ប្រសិន​បើ​យើង​អាច​បង្រួប​បង្រួម​គ្នា​ទៅ​បាន ចូល​រួម​គ្នា​បាន​ដោយ​ប្រការ ណា​មួយ​សំឡេង​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​គេយក​ទៅ​និយាយ​ យក​ទៅ​ការពារ​ក្នុង ជួរ​រដ្ឋសភា​អញ្ចឹង​ទៅ ​ទោះបី​ជា​វា​អាច​ខ្វះខាត​យុត្តិធម៌​ខ្លះៗ​ក៏​ខ្ញុំ​គិត​ថា ប្រជា​ពលរដ្ឋ​ក៏​អាច​នឹង​កក់​ក្តៅ​និង​ទទួល​យក​បាន​នៅក្នុង​លក្ខខណ្ឌ​ខ្លះ​ដែរ»។

លោកស្រី​ ជា វណ្ណាត បាន​បញ្ជាក់​ដែរ​ថា កម្ពុជា​មិន​ធ្លាប់​មាន​ប្រព័ន្ធ​ផ្ទៀង​ផ្ទាត់ គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​បែង​ចែក​អំណាច​ទាំងបី​គឺ​អំណាច​ប្រតិបត្តិ (រដ្ឋាភិបាល) ​អំណាច​នីតិ​បញ្ញត្តិ​(សភា) និងអំណាច​តុលាការ​ទេ។

«ក្នុង​ការ​ដឹកនាំ​តាម​បែប​ផែន​ប្រជាធិបតេយ្យ តែ​កាល​ណា​អត់​មាន​ការ​ថ្លឹងថ្លែង មើល​គ្នា​ឲ្យ​ស្មើ​គ្នា​អំណាច​ទាំង​បី​ទេ​ ការ​កសាង​ប្រទេស​អត់​អាច​កសាង​បាន ល្អ​ដែរ​ដោយសារ​ថា ការ​ក្តោប​ក្តាប់​សំឡេង​ប្រជាពលរដ្ឋ​អត់​បាន​សព្វ​គ្រប់»។

លោកស្រី​អះ​អាង​ថា អំណាច​ទាំង​បី​នេះ​គឺ​នៅ​ប្រមូលផ្តុំ​តែ​ក្នុង​ដៃ​នីតិ​ប្រតិបត្តិ ទាំង​អស់​កន្លង​មក​ ដែល​លោកស្រី​បាន​អះអាង​ថា កម្ពុជា​គួរតែ​មាន​ប្រព័ន្ធ​ពិនិត្យ ផ្ទៀង​ផ្ទាត់​ដាច់​ដោយ​ឡែក​ពីគ្នា​ឲ្យ​បាន​ច្បាស់​លាស់​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ទៅ​មុខ ទៀត។

ក្រុម​អ្នក​វិភាគ​នយោបាយ​បាន​អះអាង​ថា អ្នក​នយោបាយ​កម្ពុជា​ត្រូវ​តែ​ដោះស្រាយ​រឿង​វិវាទ​នយោបាយ​ដោយ​អង្គុយ​ចរចា​គ្នា​តាម​យន្តការជាតិ​ដូចពី​អតីត​កាល​ដើម្បី​ឲ្យ​មាន​ការ​ជឿជាក់​ពីប្រជា​ពល​រដ្ឋ​ទូទៅ​លើ​ស្ថាប័ន​ជាតិ​ឡើង​វិញ៕