ក្រុមអង្គការអន្តរជាតិបាននិយាយថាជនរងគ្រោះដីធ្លីនៅកំពង់ស្ពឺ ត្រូវទទួលបានសំណងពីឈ្មួញរំលោភដីធ្លីបន្ថែមលើសំណងANZ របស់ប្រទេសអូស្ត្រាលីដែលបានទទួលស្គាល់កំហុសរឿងរំលោភសិទ្ធិមនុស្ស។ ធនាគារនេះបានសម្រេចផ្តល់សំណង កាលពីថ្ងៃទី៧ ខែកុម្ភៈ ក្រោយរយៈពេល៥ឆ្នាំ ដែលមានការប្តឹងតវ៉ារយៈពេល៥ឆ្នាំ។ ក្រុមហ៊ុន Phnom Penh Sugar នៅមិនទាន់មានវិធានការទទួលខុសត្រូវយ៉ាងណាទេ ទោះជាធនាគារដែលជាអ្នកផ្តល់កម្ចីបានព្រមព្រៀងសងសំណងដល់ជនរងគ្រោះក្តី។ ការនេះបង្ហាញថាវាជារឿងដ៏លំបាកដែលជនរងគ្រោះនៅកន្លែងដ៏ទៃ អាចមានឳកាសទទួលសំណងដោយសារការរំលោភបំពានដីធ្លីដ៏ស្រួចស្រាល់នៅកម្ពុជា។
ក្រុមអ្នកតស៊ូមតិអន្តជាតិរួមទាំងក្រុមអង្គការសិទ្ធិមនុស្សផងបាននិយាយថាពលរដ្ឋដែលបាត់បង់ដីធ្លីដោយសារការបណ្តេញចេញពីលំនៅដ្ឋាននៅខេត្តកំពង់ស្ពឺជាង ១០០០គ្រួសារចាំបាច់ត្រូវទទួលបានសំណងដោយសារការរំលោភបំពានសិទ្ធិផងដែរ មិនមែនគ្រាន់តែទទួលសំណងពីធនាគារអូស្ត្រាលី ANZ ដែលបានទទួលកំហុសរបស់ខ្លួននោះទេ។
អង្គការសមធម៌កម្ពុជា Equitable Cambodia (EC) និង អង្គការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្នអន្តរជាតិ Inclusive Development International (IDI) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានដាក់បណ្តឹងមួយក្នុងនាមជាតំណាងរបស់គ្រួសារដែលទទួលរងផលប៉ះពាល់ចំនួនយ៉ាងតិច ១២០០គ្រួសារ ដាក់ទៅកាន់ស្ថាប័នទំនាក់ទំនងជាតិប្រទេសអូស្ត្រាលី សម្រាប់គោលការណ៍ណែនាំសម្រាប់សហគ្រាសពហុជាតិនៃអង្គការអូអ៊ីស៊ីឌី OECD មុនពេលមានកិច្ចព្រមព្រៀងផ្តល់សំណងពីធនាគារ ANZ នៅពេលក្រុមហ៊ុនស្ករ (Phnom Penh Sugar) របស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា មិនទាន់ប្រកាសទទួលខុសត្រូវយ៉ាងណាចំពោះពលរដ្ឋរងគ្រោះនៅឡើយ។
លោក ហ្វ៊ីល រ៉បប៊ឺតសុន (Phil Robertson )នាយករងនៃអង្គការសិទ្ធិមនុស្ស Human Rights Watch បានថ្លែងប្រាប់ VOA តាមទូរសព្ទថានៅកម្ពុជាអ្នកមានអំណាច អ្នកមាននិងក្រុមឈ្មួញបរទេសចង់បានដីនៅទីណាហើយ ពលរដ្ឋនឹងត្រូវគេបណ្តេញចេញពីផ្ទះសម្បែង ហើយត្រូវបង្ក្រាប ចាប់ដាក់គុក ចោទប្រកាន់ទោសបើពលរដ្ឋណាឬអង្គការណាហ៊ានតវ៉ារកដំណោះស្រាយពីឈ្មួញអ្នកមានអំណាច។ តែលោកបានបញ្ជាក់ពីក្តីរីករាយរបស់លោកដែលក្រុមហ៊ុនឬធនាគារ ANZ អូស្ត្រាលីចេញមុខទទួលខុសត្រូវ។
«វាជារឿងសោកស្តាយ អ្នកដឹងទេ នេះគឺក្រុមហ៊ុនបរទេសដែលទទួលខុសត្រូវនៅពេលមានក្រុមហ៊ុនជនជាតិកម្ពុជាជាច្រើនដែលពាក់ព័ន្ធក្នុងការបោកប្រាស់ពលរដ្ឋខ្លួនហើយ មិនបានទទួលខុសត្រូវទាល់តែសោះ»។
លោកបានចោទប្រកាន់រឿងនេះថាកើតឡើងដោយសារតែអំពើពុករលួយនិងទង្វើខុសច្បាប់របស់ក្រុមមន្ត្រីសាធារណៈ ហើយលោកថាបើគ្មានយុទ្ធនាការពីក្រុមអង្គការជាតិនិងអន្តរជាតិដ៏វែងដើម្បីទាមទារយុត្តិធម៌ជូនជនរងគ្រោះទេលោកមិនគិតថានឹងមានការទទួលស្គាល់កំហុសដូចដែលធនាគារ ANZ បានប្រកាន់យកនៅនាទីចុង ក្រោយទេ។
«លោកដឹងទេ វាជារឿងលំបាកក្នុងការនិយាយថាក្រុមហ៊ុនចិនមួយឬក្រុមហ៊ុន វៀតណាមមួយ ដែលរំលោភដីធ្លីអាចនឹងផ្តល់សំណងដូចគ្នានឹងANZ។ ខ្ញុំចង់មានន័យថាក្រុមហ៊ុនទាំងនេះ ខ្ញុំបញ្ជាក់ជាថ្មីគឺថាមានទាហ៊ានមន្ត្រីរដ្ឋាភិបាលពីប្រទេសកម្ពុជាពាក់ព័ន្ធពីក្រោយនិងជាវិនិយោគដែលមានការពឹងអាងលើក្រុមហ៊ុនទាំងនេះ ដើម្បីកេងផលប្រយោជន៍ពីប្រជាជនកម្ពុជា។ លោកអ្នកគិតថាក្រុមហ៊ុនចិននោះនឹងសងលុយច្រើនដល់កសិករដែលរងការបណ្តេញចេញពីដីពួកគេ នៅពេលក្រុមហ៊ុន ចូលកាន់កាប់? ខ្ញុំមិនគិតអីចឹងទេ»។
រូបឯកសារ៖ ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០ មកពីខេត្តកំពង់ស្ពឺហែរញត្តិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
មន្ត្រីក្រុមហ៊ុន Phnom Penh Sugar និង លោក លី យ៉ុងផាត់ ម្ចាស់ក្រុមហ៊ុនដែល ពាក់ព័ន្ធនឹងការចោទប្រកាន់នឹងការបណ្តេញចេញពលរដ្ឋពីដី នៅខេត្តកំពង់ស្ពឺដើម្បីយកដីដាំចំការអំពៅ ផលិតស្ករនោះ ហើយនឹងការចោទប្រកាន់រឿងរំលោភសិទ្ធិ មនុស្សនិងពលកម្មកុមារនោះ មិនបានឆ្លើយតបនឹងការស្នើសុំធ្វើបទសម្ភាសន៍នោះ ទេតាំងពីសប្តាហ៍មុន ដោយទូរសព្ទគ្មានអ្នកទទួល មិនអាចទាក់ទងបានហើយ សំណើររបស់ VOA តាមប្រព័ន្ធអ៊ីម៉េលក៏គ្មានការឆ្លើយតប។
ធនាគារអូស្ត្រាលី ANZ ដែលបានផ្តល់កម្ចី៤០លានដុល្លារកាលពីឆ្នាំ២០១១ដល់ក្រុម ហ៊ុនលោកលី យ៉ុងផាត់នោះ បានព្រមព្រៀងគ្នាកាលពីដើមខែកុម្ភៈក្រោយពីកិច្ចប្រជុំដែលសម្របសម្រួលដោយអ្នកត្រួតពិនិត្យឯករាជ្យពីក្រសួងរតនាគារអូស្ត្រាលី ហៅថាស្ថាប័នទំនាក់ទំនងជាតិប្រទេសអូស្ត្រាលី Australian National Contact Point (AusNCP) ដែលមានការចូលរួមពីភាគីរងគ្រោះ អង្គការសមធម៌កម្ពុជា អង្គការ IDI និងធនាគារ ANZ មុនលទ្ធផលនៃកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ចេញពីភាគីទាំងអស់លើដំណោះស្រាយសំណង ដែលគ្រប់ភាគីមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ ហើយចាត់ទុកថាជារឿងសម្ងាត់នៅឡើយនោះ។ តែធនាគារ ANZ ត្រូវគេដឹងថាបានព្រមផ្តល់ប្រាក់ចំណេញនិងការប្រាក់បានមកពីកម្ចី៤០លានដុល្លារនេះដល់ពលរដ្ឋរងគ្រោះ។
លោកស្រី អាលី ហាញ (Ali Hines) អ្នកធ្វើយុទ្ធនាការដីធ្លី នៃអង្គការ Global Witness ក្នុងប្រទេសអង់គ្លេសបានកោតសរសើរចំពោះកិច្ចព្រមព្រៀងរវាងពលរដ្ឋរងគ្រោះដោយការរំលោភដីធ្លីនិងធនាគារ ANZ ។
«អង្គការ Global Witness ស្វាគមន៍ចំពោះការសម្រេចចិត្តសងប្រាក់ដល់សហគមន៍រងផលប៉ះពាល់ក្នុងប្រទេសកម្ពុជា ក៏ដូចជាការភ្ជាប់ដ៏ធំទូលាយចំពោះសហគមន៍អ្នកវិនយោគ។ សំណុំរឿងនេះគឺជាការរំឭកដ៏មានសារ:សំខាន់មួយថាក្រុមអ្នកវិនិយោគនានា មិនអាចបិទភ្នែកចំពោះបញ្ហារំលោភបរិដ្ឋាននិងសិទ្ធិមនុស្ស ដែលប្រព្រឹត្តដោយក្រុមហ៊ុនដែលគេធ្វើវិនិយោគទេ»។
របាយការណ៍អង្គការសិទ្ធិមនុស្ស លីកាដូនិង អាដហុកបានបង្ហាញពីការរំលោភដីធ្លី មួយទសវត្សរ៍ចុងក្រោយយ៉ាងខ្លាំងមួយផ្នែកធំគឺដោយសារដីសម្បទាន សេដ្ឋកិច្ចដែលមានក្រុមហ៊ុនជិត៣០០ដែលត្រូវរដ្ឋាភិបាលកម្ពុជាប្រគល់ជូនដល់ក្រុមហ៊ុនឯកជនមុនពេលដកហូតមកវិញនិងឈប់ផ្តល់បន្ថែមដែលនេះត្រូវគេដឹងថាជាវិធានការមួយរបស់រដ្ឋាភិបាល។ពលរដ្ឋជាច្រើនសែននាក់នៅទូទាំងប្រទេសរងផលប៉ះពាល់ដោយសារការរំលោភបំពានដីធ្លីជាទូទៅក្នុងប្រទេសកម្ពុជា ដែលរឿងនេះកើតចេញពីវិវាទដីធ្លី ច្រើនជាង២លានហិកតា ។
លោកស្រី អាលី ហាញ បានបញ្ជាក់បន្ថែមថា៖ «ពលរដ្ឋសរុបចំនួន៨០ ភាគរយនៅជនបទក្នុងប្រទេសកម្ពុជា។ ហើយការរំលោភបំពានដីធ្លីជារឿយៗត្រូវប្រព្រឹត្តឡើងដោយគ្មានការពិគ្រោះយោបល់ឬផ្តល់សំណងនោះទេ។ ជាញយៗរឿងដំបូងដែលសហគមន៍ដឹងអំពីការវិនិយោគគឺនៅពេលដែលមានគ្រឿងចក្រឈូសឆាយបានទៅដល់។ ដីរាប់លានហិកតាត្រូវគេយកដោយគ្មានការដឹងឮឬយល់ព្រមពីពលរដ្ឋដែលនៅលើដី»។
លោកស្រីថ្លែងដូច្នេះដោយយោងថាច្បាប់កម្ពុជាតម្រូវឲ្យការពារព្រៃឈើ ការពិគ្រោះយោបល់ជាមួយពលរដ្ឋរស់នៅលើដី តែច្បាប់ទាំងនេះកម្រឃើញមានការអនុវត្តន៏ក្រៅពីឃើញអាជ្ញាធរសន្តិសុខរិបអូសដីធ្លីហើយបែងចែកទៅក្រុមហ៊ុនអ្នកមានអំណាចដែលជិតដិតនឹងរដ្ឋាភិបាល។
ដោយសារតែសហភាពអឺរ៉ុបដែលជាទីផ្សារដ៏ធំបំផុតមួយសម្រាប់ទំនិញកម្ពុជាបានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធលើទំនិញនាំចូលទាំងអស់ទៅអឺរ៉ុបលើកលែងតែអាវុធEBA មួយផ្នែកនោះ ស្ករគឺជាផលិតផលមួយដែលត្រូវប៉ះពាល់ឬត្រូវបង់ពន្ធបើនាំចូលទៅទីផ្សារអឺរ៉ុប។ ការនេះដោយសារតែបញ្ហារំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាមិនត្រូវបានស្តារឡើងវិញតាមការទាមទាររបស់សហភាពអឺរ៉ុប។
រូបឯកសារ៖ ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០ មកពីខេត្តកំពង់ស្ពឺហែរញត្តិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
លោកបណ្ឌិត លោក អ៊ា សុផល សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការអន្តរជាតិនៅមហាវិទ្យាល័យ Occidental ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិកបានកត់សម្គាល់ពីការសម្រេចចិត្តរបស់សហភាពអឺរ៉ុបរឿងព្យួរ EBA មួយផ្នែក។
លោកថែ្លងថា៖ «សហភាពអឺរ៉ុបកំពុងសម្លឹងមើលអ្នកណាដែលខូចនិងអ្នកដែលល្អ។ ស្ករត្រូវរងទណ្ឌកម្មដោយហេតុផលត្រឹមត្រូវ។ ជាការពិតរឿងនេះសម្រាប់ខ្ញុំវាហាក់ដូចជាថានៅខណៈដែលគ្រប់គ្នាស្តាយផលប៉ះពាល់មិនសមល្មមលើរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ហើយថាតើរដ្ឋាភិបាលកម្ពុជាគ្មានជំហរផ្សេងពីរដ្ឋាភិបាលចិនដូចម្តេចនោះ រឿងនេះពិតជាមានផលប៉ះពាល់លើស្ថានភាពនានាដូចជា ស្ករ ដីធ្លី និងការរំលោភបំពានផ្សេងទៀតនៅនឹងកន្លែង»។
លោក អ៊ា សុផល ដែលជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ការពឹងផ្អែកជំនួយក្នុងប្រទេសកម្ពុជា៖ តើជំនួយបរទេសធ្វើឲ្យអន្តរាយលទ្ធិប្រជាធិបតេយ្យយ៉ាងដូចម្តេច?» បានយោងទៅលើការប៉ះពាល់២០ភាគរយនិងខាតបង់ថវិកាជាច្រើនលាន ដុល្លារ។
លោកថ្លែងទៀតថា៖ «ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបផ្តោតលើអ្នករំលោភដីធ្លី នឹងមានឥទ្ធិពល។ សហភាពអឺរ៉ុបត្រូវតែដាក់ទណ្ឌកម្មលើជនទាំងឡាយដែលប្រពឹត្តមិនត្រឹមត្រូវជាមួយពលរដ្ឋកម្ពុជា»។
លោក ម៉ុង ឫទ្ធី នាយកក្រុមហ៊ុន Mong Reththy Group (MRG) ជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា បានថ្លែងការពារក្រុមហ៊ុននៅកម្ពុជារបស់លោកថាធ្វើជំនួញត្រឹមត្រូវមិនមានការពាក់ព័ន្ធជាមួយនឹងការរំលោភសិទ្ធិមនុស្ស និងសិទ្ធិកុមារហើយនឹងរងទណ្ឌកម្មពីអឺរ៉ុបដែរ។
លោកថ្លែងថា៖ «ខ្ញុំអត់បានខ្ចីលុយគេទេ ហើយគេក៏មិនឲ្យខ្ញុំខ្ចីលុយដែរ ដោយសារតែខ្ញុំធ្វើកសិកម្មដោយសុចរិត អីចឹងវាពិបាក។ និយាយរួមគេអត់ឲ្យខ្ញុំខ្ចីទេ និយាយតាមត្រង់។ ហើយមួយទៀតអំពីរឿងរំលោភសិទ្ធិមនុស្សរំលោភ (ពលកម្ម) កុមារអីហ្នឹង ខ្ញុំថាក្រុមហ៊ុនលើពិភពលោកបើធ្វើឲ្យបានប្រហែលខ្ញុំទៅ មិនដឹងជាមានសិទ្ធប៉ុន្មានទៀតទេ គឺមានទាំងផ្ទះនៅ អាហារបីពេល បោកខោអាវឲ្យទៀត ទឹកភ្លើងអត់គិតលុយ ឈឺមើលអត់ យកលុយទៀត ធ្វើឲ្យបានតែប្រហែលខ្ញុំទៅបានហើយ»។
លោកថាក្រុមហ៊ុនរបស់លោកដែលមានបុគ្គលិក២ម៉ឺននាក់នៅតែនាំផលិតផលជាច្រើនទៅអឺរ៉ុបដោយគ្មានការបង់ពន្ធដដែល ដូចជាស្វាយ ប្រេងដូង។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនខ្ញុំមិនមានប៉ះពាល់អីទេណាចូលក៏អត់អី ហើយនាំចេញក៏អត់អីដែរ មកពីអី វិស័យកសិកម្ម ខ្ញុំនាំប្រេងដូងទៅសហគមន៍អឺរ៉ុបហ្នឹងយូរហើយ ហើយអនុគ្រោះតាំងពីដើមមក ហើយមិនមានបិទវិស័យដូងប្រេងទេ។ ហើយមួយទៀតស្វាយ ខ្ញុំនាំទៅសហគមន៍អឺរ៉ុបនិងសូវៀតដែរក៏មិនមានប៉ះពាល់អីដែរ។ ក្រុមហ៊ុនខ្ញុំនាំចេញរួចពន្ធទាំងអស់ មិនមានបង់ពន្ធអីទេ»។
លោក ម៉ុង ឫទ្ធី បានបញ្ជាក់បន្ថែមថាក្រុមហ៊ុនរបស់លោកដែលមានអាយុកាល២៦ ឆ្នាំមកហើយនោះ មានមុខជំនួញទាក់ទងនឹងចំការដូងប្រេងរាប់សែនហិកតា ចំការកៅស៊ូ មានកំពង់ផែ សំណង់ ការចញ្ចឹមសត្វជាដើម៕