តុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃច័ន្ទនេះ បានបញ្ជាឱ្យដកកងទ័ពថៃនិងកម្ពុជាចេញជាបន្ទាន់ពីតំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា។
ប្រទេសកម្ពុជាបានស្នើសុំទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃទី២៨ខែមេសាដើម្បីឱ្យបកស្រាយសេចក្តីសម្រេចឆ្នាំ១៩៦២លើករណីពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ។
សំណើរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញសម្រាប់វិធានការបន្ទាន់នានារួមមានការដកកងទ័ពថៃចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ការហាមឃាត់ការធ្វើសកម្មភាពយោធាថៃទាំងអស់នៅក្នុងតំបន់នោះ ហើយប្រទេសថៃមិនធ្វើសកម្មភាពណាមួយដែលអាចជ្រៀតជ្រែកសិទ្ធិរបស់ប្រទេសកម្ពុជាលើប្រាសាទព្រះវិហារទេ។
តុលាការយុត្តិធម៌អន្តរជាតិបានបើកសវនាការតាមចម្លើយកសិណសាក្សីផ្ទាល់មាត់លើសំណើរបស់ប្រទេសកម្ពុជាលើវិធានការបន្ទាន់នេះកាលពីថ្ងៃទី៣០និងទី៣១ ខែឧសភា។
លោក ហ៊ីសាស្ហី អូវ៉ាដា (Hisashi OWADA) ប្រធានតុលាការយុត្តិធម៌អន្តរជាតិ បានអានសេចក្តីបញ្ជាថាភាគីទាំងពីរត្រូវតែដកបុគ្គលិកយោធារបស់ខ្លួនជាបន្ទាន់ចេញពីតំបន់គ្មានកងទ័ពជាបណ្តោះអាសន្ន និងមិនឱ្យមានសកម្មភាពយោធាណាមួយជាដាច់ខាតនៅត្រង់តំបន់ជម្លោះព្រំដែននោះទេ។
សេចក្តីបញ្ជានេះបានបញ្ជាក់ថាតុលាការបដិសេធដោយឯកច្ឆន្ទសំណើរបស់ ប្រទេសថៃឱ្យដកករណីបណ្តឹងរបស់ប្រទេសកម្ពុជានៅថ្ងៃទី២៨ខែមេសាចេញពីបញ្ជីរួមរបស់តុលាការ។
តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថាប្រទេសថៃមិនត្រូវរារាំងការចូលទៅកាន់ប្រាសាទព្រះវិហារដោយសេរីរបស់ប្រទេសកម្ពុជា ឬ ការផ្តល់ការផ្គត់ផ្គង់ថ្មីៗរបស់ប្រទេសកម្ពុជាដល់បុគ្គលិកមិនមែនកងទ័ពរបស់ខ្លួននៅក្នុងប្រាសាទនោះទេ។
តុលាការយុត្តិធម៌អន្តរជាតិបានបន្តថាភាគីទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការគ្នាក្នុងក្របខណ្ឌអាស៊ានហើយជាពិសេស អនុញ្ញាតឱ្យ អ្នកសង្កេតការណ៍ដែលបានតែងតាំងដោយសមាគមអាស៊ានចូលទៅកាន់តំបន់គ្មានកងទ័ពជាបណ្តោះអាសន្ន។
តុលាការយុត្តិធម៌អន្តរជាតិ បានបន្ថែមថាភាគីទាំងពីរមិនត្រូវធ្វើសកម្មភាពណាដែលអាចធ្វើឱ្យជម្លោះដែលបានស្នើទៅតុលាការកាន់តែធ្ងន់ធ្ងរឡើង ឬពង្រីកជម្លោះដែលនាំឱ្យពិបាកដោះស្រាយ មុនពេលដែលតុលាការដោះស្រាយនោះទេ។
កាសែត បាងកកប៉ុស្តិ៍ (Bangkok Post) បានរាយការណ៍នៅថ្ងៃច័ន្ទនេះថាលោកកាសិត ភីរម្យ (Kasit Piromya) រដ្ឋមន្ត្រីការបរទេសថៃ បាននិយាយនៅក្នុងទីក្រុងឡាអេប្រទេសហូឡង់ថាលោកពេញចិត្តនឹងការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិនេះ។
លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសបានថ្លែងតាមរយៈទូរទស្សន៍ស៊ីធីអឹនពីទីក្រុងឡាអេយ៉ាងដូច្នេះថា៖
«ការសម្រេចរបស់តុលាការអន្តរជាតិនេះគឺជាអំណោយផលដល់កម្ពុជាទាំងស្រុង។ ខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះការសម្រេចចិត្តនេះ»។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសម្តែងស្វាគមន៍សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិចំពោះវិធានការបន្ទាន់នេះ។
«ខ្ញុំគាំទ្រទាំងស្រុងចំពោះសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិនេះ ហើយខ្ញុំយល់ថាសេចក្តីសម្រេចនេះគឺល្អសម្រាប់ប្រទេសកម្ពុជា។ សេចក្តីសម្រេចថ្ងៃនេះគឺជាឱកាសមួយល្អ ដើម្បីឈានទៅរកសន្តិភាពមួយយូរអង្វែង។»
ប្រទេសកម្ពុជា និងប្រទេសថៃ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់នៅក្នុងឆ្នាំ២០០០ដែលក៏បានគ្រប់ដណ្តប់លើបញ្ហាព្រំដែននេះដែរ។
ប្រទេសកម្ពុជា និងប្រទេសថៃបានប្រមូលផ្តុំកម្លាំងកងទ័ពរៀងៗខ្លួននៅក្នុងតំបន់ជម្លោះព្រំដែនទំហំ៤,៦គីឡូម៉ែត្រការ៉េក្បែរប្រាសាទព្រះវិហារ និងបានវាយប្រយុទ្ធគ្នាជាច្រើនលើកបានបណ្តាលឱ្យមនុស្សជាច្រើននាក់បានស្លាប់ទាំងសងខាងចាប់តាំងពីប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅខែកក្កដា ឆ្នាំ២០០៨៕