តុលាការ​អន្ដរជាតិ​បញ្ជា​មិន​ឲ្យ​មាន​កងទ័ព​នៅ​តំបន់​ជម្លោះ​តាម​ព្រំដែន​ខ្មែរ-ថៃ

ទាហាន​កម្ពុជា​ម្នាក់​និយាយ​ទូរស័ព្ទ​ពី​ទីតាំង​របស់​លោក​ នៅ​ឯ​ប្រាសាទ​ព្រះវិហារ​សតវត្ស​ទី​១១​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ កាល​ពីថ្ងៃ​ទី​៩​ខែ​កុម្ភៈ​ឆ្នាំ​២០១១។ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៨​ខែ​កក្កដា​ តុលាការ​អន្ដរជាតិ​បាន​ចេញ​បញ្ជា​ដល់​ប្រទេស​ថៃ​​និង​កម្ពុជា​ឲ

តុលាការ​អន្ដរជាតិ​បាន​ចេញ​បញ្ជា​ដល់​ប្រទេស​ថៃ​ និង​កម្ពុជា​ឲ្យ​ដក​កងទ័ព​ចេញ​យ៉ាង​ឆាប់​រហ័ស​ពី​ព្រំដែន​ជម្លោះ​ដែល​ទាហាន​ពី​ប្រទេស​ទាំងពីរ​ បាន​ប៉ះទង្គិច​គ្នា​កាលពី​ដើម​ឆ្នាំ​នេះ។​ ប្រទេស​ទាំងពីរ​ទទួល​ស្វាគមន៍​សេចក្ដី​សម្រេច​ចិត្ដ​ដូច្នោះ​របស់​តុលាការ​អន្ដរជាតិ​នៃ​ទី​ក្រុង​ឡាអេ ដែល​ជា​ដំណើរការ​តុលាការ​ដែល​សម្រេច​ភាគី​ណា​មួយ​មាន​កម្មសិទ្ធិ​ស្រប​ច្បាប់​ធ្វើ​ជា​ម្ចាស់​ដែនដី។

តុលាការ​អន្ដរជាតិ​នៃ​ទីក្រុង​ឡាអេ ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ទី​កន្លែង​ជម្លោះ​នៃ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​ ត្រូវ​ស្ថិត​នៅ​ជា​តំបន់​គ្មាន​កងទ័ព​បណ្ដោះ​អាសន្ន។

តុលាការ​នោះ​បាន​សម្រេច​ថា​ ភាគី​ទំាង​សង្ខាងត្រូវ​ដក​កងកម្លាំង​របស់​ខ្លួន​ចេញ​ភ្លាម​ ពី​តំបន់​នៅ​ជុំវិញ​ប្រាសាទ​បុរាណ ​ហើយ​ត្រូវ​អនុញាត​ឲ្យ​ក្រុម​អ្នកសង្កេតការណ៍​នៃសមាគម​អាស៊ី​អាគ្នេយ៍​ចូល​ទៅ​ជួយ​ចៀសវាង​មិន​ឲ្យ​មាន​ការប៉ះទង្គិច​គ្នាថ្មី។

តុលាការ​បាន​ចេញ​បញ្ជា​ថា​ រហូត​ដល់​ពេលដែល​តុលាការ​ចេញ​សេចក្ដី​សម្រេច​ចិត្ដ​ចុង​ក្រោយ​បង្អស់​ តុលាការនេះ​ត្រូវ​តែទទួលបានព័ត៌មាន​គ្រប់​សព្វ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​នេះ។

រដ្ឋមន្ដ្រី​ការបរទេស​ខ្មែរ​ និង​ ថៃ​ បាន​ចូលរួម​ក្នុង​សម័យ​ប្រជុំ​របស់​តុលា​ការ​ ហើយ​ភាគី​ទាំងពីរ​បាន​សម្ដែង​ការពេញចិត្ដ​របស់ខ្លួន ​មក​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​ ដោយ​ និយាយ​ថា ​ខ្លួន​នឹង​គោរព​សាលក្រម។

តុលាការ​អន្ដរជាតិ​និយាយ​ថា​ វិធានការ​នោះ​ជា​ការចាំបាច់​ ដោយ ​ឆាប់​រហ័ស​ ដើម្បី​ចៀសវាង​ អ្វី​ ដែល​តុលាការ​ហៅថា ​«ការខូច​ខាត​ដ៏​ដំណំ» ខណៈ ដែល​តុលាការ​សម្រេច​ថា​នរណា​មួយ​ជា​ម្ចាស់​ដែនដី​នោះ។

ចៅក្រម​ ហាសាស្ហ៊ី អូវ៉ាដា (Hisashi​ Owada) ប្រធាន​តុលាការ ​បាន​អាន​សេចក្ដី​សម្រេច​នោះ។

«តាម​សម្លេង ​១១​ ទល់ ​នឹង​ ៥ ​ភាគី​ទាំងពីរ​ ត្រូវ​ដក​កងទ័ព​របស់​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្ដោះ​អាសន្ន​នៅ​បច្ចុប្បន្នកាល​នេះ​ដូច​ចែង​នៅ​ក្នុង​មាត្រា ​៦២​ នៃ​បទ​បញ្ជា​បច្ចុប្បន្ន​នេះ។ ហើយ​ត្រូវ​បញ្ឈប់​មិន​ឲ្យ​មាន​វត្ដមាន​យោធា ​នៅ​ក្នុង​ តំបន់​គ្មាន​កងទ័ព​ហើយ​មិន​ត្រូវ​មានសកម្មភាព​ប្រដាប់​អាវុធ​ណា​មួយ ​តម្រង់​ទៅ​រក​តំបន់​នោះ​ទេ»។

តុលាការ​ក៏​បាន​បដិសេធ​ការ​ទាមទារ​របស់​ប្រទេស​ថៃ​សុំ​ឲ្យ​ទម្លាក់​ចោល​សេចក្ដីស្នើ​របស់​ប្រទេស​កម្ពុជា​ដែល​សុំ​ឲ្យ​បកស្រាយ​សិទ្ធិ​ស្រប​ច្បាប់​មក​លើ​ដែនដី​ដែល​ស្ថិត​នៅ​ជុំវិញ​ប្រាសាទ​ខ្មែរ​ហិណ្ឌូ​អាយុ៩០០ឆ្នាំ​នោះ។

នៅ​ឆ្នាំ​ ១៩៦២ ​តុលាការ​អន្ដរជាតិ​បាន​សម្រេច​ថា ​ប្រាសាទ​នោះ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​ តែ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​និង​បាងកក មាន​ការខ្វែង​គំនិត​គ្នា​ នៅ​លើ​ទំហំ​ដី​ នៅ​ជុំវិញ​ប្រាសាទ។ ​ជម្លោះ​នោះ​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ ​២០០៨​ ពេល​ដែល ​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ថា ​ប្រាសាទ​នេះ​ជា​បេតិកភណ្ឌ​ពិភពលោក បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម​ស្នេហា​ជាតិ​ នៅ​ក្នុង​ប្រទេសទាំង​ពីរ។​ កាល​ពី​ដើម​ឆ្នាំ​នេះ​ ប្រទេស​កម្ពុជា​បានស្នើ​សុំ​ឲ្យ​តុលាការ​អន្ដរជាតិ​បកស្រាយ​សេចក្ដី​សម្រេចចិត្ដ​ដំបូង ​របស់តុលាការ។

លោក​ ម៉ាយឃើល ​ម៉ុងតេសាណូ (Michael​ Montesano)​ អ្នកស្រាវជ្រាវ​គោចរ​នៃ​វិទ្យាស្ថាន​អាស៊ី​អាគ្នេយ៍​ កនុង​ទី​ក្រុង​សិង្ហបូរី។​ លោក​ថ្លែង​ថា​សេចក្ដី​សម្រេច​របស់​តុលាការ​អាច​បកស្រាយ​ថា​ ជា​ជ័យ​ជម្នះ​ ដល់​អ្នកជាតិ​និយម​ថៃ​ ដែល​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន​ ប្រឆាំង​ការទាមទារ​យក​ដែនដី​ របស់​កម្ពុជា​ បាន​ ជំរុញ​ឲ្យ​បង្កើត​ភាពតានតឹង​ជា​ថ្មី​ឡើង​វិញ។

«គេ​អាច​យល់បាន​ថា​ ហេតុអ្វី​ក៏​កម្ពុជា​អាច​ប្រហែលជា​អាក់អន់​ចិត្ដ​ចំពោះ​សេចក្ដី​សម្រេច​នេះ​ដោយសារ​តែ​ភាពតានតឹង​អំពី​រឿងប្រាសាទ ​កើត​ចេញ​មក​ពី​នយោបាយ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ថៃ។​ នេះ​ ជា​ការបើក​មុខ​ដំបៅ​ចាស់​នៃ​ភាគី​ថៃ​ដើម្បី​ប្រយោជន៍​នយោបាយ​របស់​ខ្លួន។​ ហើយ​ស្រាប់​តែ​ឥឡូវ​នេះ កម្ពុជា​ក៏​ត្រូវ​តុលាការ​អន្ដរជាតិ​ចាត់​ទុក​ខ្លួន​ដូច​ថៃ​ដែរ»។

ទាហាន​យ៉ាងតិច ​២០ ​នាក់​ព្រម​ទាំង​ជនស៊ីវិល​ផង​ដែរ​ បាន​ស្លាប់​ចាប់​តំាង​ពី​មាន​ការប្រយុទ្ធ​ម្ដង​ម្កាល​ រវាង​យោធា​របស់​ប្រទេស​ទាំង​ពីរ។ ចៅក្រម​បាន​ចេញ​បញ្ជា​ដល់​ប្រទេស​ថៃ​ ថា​ មិន​ត្រូវ​បង្ក​ឧបសគ្គ​មកលើ​ប្រទេស​កម្ពុជា​ទេ​ ហើយ​ត្រូវ ​អនុញាត​ឲ្យ​មាន​សេរីភាព​ក្នុង​ ការចេញ​ចូល​ទៅ​ក្នុង​ប្រាសាទ។ តែ​យ៉ាងណាម៉ិញ​ កម្ពុជា​ចាត់ចែង​ប្រាសាទ ​ហើយ​ថៃ​ ត្រួតត្រា​ផ្លូវធំ​ចូល​ទៅ​ដល់​ប្រាសាទ៕

ប្រែ​ស​ម្រួល​ដោយ ​អ៊ូ​ ធួក