អង្គការអន្តរជាតិសំខាន់ៗចំនួនពីរ និងស្ថានទូតអាមេរិកប្រចាំកម្ពុជា បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទប្រឆំាងលោកកឹម សុខា មេដឹកនាំគណបក្សប្រឆាំង និងបញ្ឈប់ការរឹតត្បិតគ្រប់បែបយ៉ាងលើអ្នកដែលពាក់ព័ន្ធនយោបាយ។
លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ត្រូវបានដោះលែងចេញពីពន្ធនាគារត្រពាំងផ្លុងជាបណ្តោះអាសន្ន កាលពីព្រឹកព្រលឹមថ្ងៃច័ន្ទ និងបញ្ជូនទៅផ្ទះរបស់លោកវិញ ដោយដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ និងសមត្ថកិច្ច ព្រមទាំងហាមមិនឲ្យចាកចេញពីបរិវេណជុំវិញផ្លូវម្តុំផ្ទះរបស់លោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ក្រោយពីតុលាការដោះលែងលោកកឹម សុខា ឲ្យនៅក្រៅឃុំដោយមានភ្ជាប់បម្រាមជាច្រើនចំណុចនោះ នៅព្រឹកថ្ងៃអង្គារនេះ សហរដ្ឋអាមេរិក ទីភ្នាក់ងារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើលោកកឹម សុខា ទាំងស្រុង។
អ្នកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះថា ការចាប់ខ្លួនលោកកឹម សុខា កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ គឺជាផ្នែកមួយនៃការបាត់បង់ប្រជាធិបតេយ្យដ៏សំខាន់បំផុតក្នុងប្រទេសកម្ពុជា។
អ្នកស្រីបន្ថែមថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានកត់សម្គាល់ថា ការផ្ទេរលោកកឹម សុខា ចេញពីពន្ធនាគារទៅជាការឃុំខ្លួនក្នុងផ្ទះ ព្រមទាំងការដោះលែងអ្នកទោសនយោបាយដទៃទៀតនាពេលថ្មីៗនេះ មិនមែនជាការដោះលែងពេញលេញនោះទេ។
អ្នកស្រី Emily បន្ថែមក្នុងន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«យើងបន្តអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលរាល់ការចោទប្រកាន់ប្រឆាំង លោកកឹម សុខា ដកចេញនូវការរឹតត្បិតលើសិទ្ធិនយោបាយរបស់លោក និងមេដឹកនាំបក្សប្រឆាំងដទៃទៀត និងបង្កើតឲ្យមានកិច្ចសន្ទនាជាបន្ទាន់មួយជាមួយមេដឹកនាំបក្សប្រឆាំង ក្នុងគោលបំណងកសាងការផ្សះផ្សាជាតិពិតប្រាកដ»។
កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញ អ្នកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស បានថ្លែងក្នុងសុន្ទរកថាបើកសម័យប្រជុំលើកទី៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ការធ្លាក់ចុះនៃការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ គឺជាការគំរាមកំហែងមួយដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមក្នុងប្រទេសកម្ពុជា។
អ្នកស្រីក៏បានស្វាគមន៍ការដោះលែងអ្នកទោសនយោបាយមួយចំនួន និងការដោះលែងលោកកឹម សុខា ឲ្យនៅក្រៅឃុំនាពេលថ្មីៗនេះ ហើយបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងលើអ្នកទាំងនោះផងដែរ។
អ្នកស្រីបញ្ជាក់ក្នុងន័យដើមថា៖
«ខ្ញុំសូមស្វាគមន៍ការដោះលែងកាលពីខែមុន នូវអ្នកការពារសិទ្ធិមនុស្សមួយរូបដែលលេចធ្លោរជាងគេ អ្នកកាសែត២រូប និងសមាជិកគណបក្សប្រឆាំងមួយចំនួន ដែលរួមមានលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ប៉ុន្ដែរដ្ឋាភិបាលគួរតែដោះលែង និងទម្លាក់ចោលការចោទប្រកាន់លើអ្នកនយោបាយទាំងអស់ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋសាមញ្ញ ដែលត្រូវបានចាប់ខ្លួន ឬផ្ដន្ទាទោស ដោយសារតែពួកគេអនុវត្តសិទ្ធិរបស់ខ្លួន»។
ទន្ទឹមគ្នានោះ នាយកជាន់ខ្ពស់របស់អង្គការលើកលែងទោសអន្ដរជាតិទទួលបន្ទុកប្រតិបត្តិការសកល លោក Minar Pimple ក៏បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទម្សិលមិញដែរថា ករណីដែលលោកកឹម សុខា ត្រូវបានចាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ ដោយគ្មានភ័ស្តុតាងច្បាស់លាស់នោះ គឺដោយសារហេតុផលនយោបាយ។ លោកបន្ថែមថា អាជ្ញាធរកម្ពុជាត្រូវដោះលែងលោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ និងត្រូវធានាថា លោកទទួលបានការថែទាំងសុខភាពដិតដល់ក្រោយចេញពីពន្ធនាគារ។
លោកបញ្ជាក់ថា៖
«ឥឡូវនេះលោកកឹម សុខា បានក្លាយជាអ្នកទោសក្នុងផ្ទះរបស់គាត់។ យើងទាមទារឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ប្រឆាំងនឹងគាត់ និងឲ្យគាត់មានសេរីភាពជាអចិន្ដ្រៃយ៍ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ។ តាមរយៈរបាយការណ៍ដែលលោកត្រូវការការមើលថែនៅមន្ទីរពេទ្យនោះ យើងក៏ទទូចឲ្យអាជ្ញាធរកម្ពុជាអនុញ្ញាតឲ្យលោកទទួលបានការយកចិត្តទុកដាក់ផ្នែកវិទ្យាសាស្ដ្រគ្រប់គ្រាន់»។
លោកកឹម សុខា ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល១ឆ្នាំ និង១សប្តាហ៍គត់ បន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនចេញពីក្នុងផ្ទះទាំងកណ្ដាលយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ទាំងមានអភ័យឯកសិទ្ធិ។ តុលាការបានចោទប្រកាន់ថា លោកបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងបញ្ជូនលោកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុងឯខេត្តត្បូងឃ្មុំ។
លោកកឹម សុខា ដែលមានជំងឺលើសឈាម ទឹកនោមផ្អែម និងត្បៀតសសៃ ត្រូវបានលោកគឺ ឫទ្ធី ចៅក្រមសម្រេចដោះលែងឲ្យនៅក្រៅឃុំកាលពីព្រឹកព្រលឹមថ្ងៃច័ន្ទ ក្រោមហេតុផលដើម្បីព្យាបាលជំងឺ ក្រោយពីចៅក្រមរូបនេះបញ្ជាឲ្យឃុំខ្លួនលោកជាបន្តបន្ទាប់ កាលពីពេលកន្លងមក។
ខណៈកំពុងធ្វើទស្សនកិច្ចនៅប្រទេសចិន លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលតែងប្រកាសជាបន្តបន្ទាប់ថា លោកកឹម សុខា នឹងមិនត្រូវបានដោះលែងឲ្យនៅក្រៅឃុំនោះ ក៏បានថ្លែងកាលពីថ្ងៃច័ន្ទថា ការដោះលែងលោកកឹម សុខា គឺដោយសារហេតុផលសុខភាពផងដែរ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អ្នកជាប់ឃុំមួយចំនួនដែលត្រូវបានគេហៅថា«ជាចំណាប់ខ្មាំងនយោបាយ» ត្រូវបានលើកលែងទោស និងមួយចំនួនទៀតត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ក្នុងនោះរួមមានអ្នកស្រី ទេព វន្នី សកម្មជនបឹងកក់ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូប គឺលោក យាង សុធារិន និងលោក អ៊ួន ឈិន ព្រមទាំងសកម្មជន និងសមាជិកគណបក្សប្រឆាំងចំនួន១៥រូបផ្សេងទៀត។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលប្រាប់ VOA ថា រដ្ឋាភិបាលកម្ពុជាមិនអាចទទួលយកការអំពាវនាវណាមួយរបស់អន្តរជាតិនោះទេ។ លោកបន្ថែមថា រាល់ការសម្រេចតាមផ្លូវច្បាប់គឺជាយុត្តាធិការរបស់តុលាការកម្ពុជា មិនមានរដ្ឋបរទេសណាមួយអាចមកជ្រៀតជ្រែកបាននោះទេ។
លោកបញ្ជាក់ថា៖
«កម្ពុជាជារដ្ឋឯករាជ្យ រដ្ឋអធិបតេយ្យ យើងមិនចំណុះនឹងការដាក់ទណ្ឌកម្ម ឬក៏មិនចំណុះចំពោះការដាក់សម្ពាធមកលើដំណើរការប្រជាធិបតេយ្យ ឬដំណើរការយុត្តិធម៌ ដែលជាដែនអធិបតេយ្យរបស់កម្ពុជាទេ»។
ការដោះលែងលោកកឹម សុខា និងការដោះលែងអ្នកជាប់ឃុំជាច្រើនរូបដែលត្រូវបានគេហៅថាជា«ចំណាប់ខ្មាំងនយោបាយ»ធ្វើឡើងជាបន្តបន្ទាប់ ក្រោយពេលគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ដោយគ្មានវត្តមានរបស់គណបក្សប្រឆាំង។ ការបោះឆ្នោតនោះត្រូវបានសហគមន៍អន្តរជាតិធំៗជាច្រើនរិះគន់ថា ជាការបោះឆ្នោតដែលមិនត្រឹមត្រូវ និងមិនអាចទទួលយកបាន។
សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកដែលជាទីផ្សារនាំចេញដ៏ធំរបស់កម្ពុជា និងតែងផ្តល់ការអនុគ្រោះពន្ធធ្វើឲ្យកម្ពុជាចំណេញប្រមាណជិត១ពាន់លានដុល្លារក្នុង១ឆ្នាំៗ បានព្រមានដកការអនុគ្រោះនេះ ប្រសិនបើកម្ពុជាមិនដោះលែងលោកកឹម សុខា និងមិនធ្វើឲ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យ ដែលពួកគេលើកឡើងថា«កំពុងខ្ទេចខ្ទាំ» ដោយសារការបង្ក្រាបបក្សប្រឆាំង ការបង្ក្រាបសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យនោះ៕