វ៉ាស៊ីនតោន — ការទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដែលបានបាត់បង់ជីវិតដោយការធ្វើឃាតមានលក្ខណៈនយោបាយជាច្រើន ទទួលបានការចាប់អារម្មណ៍បន្ថែមទៀត ខណៈពេលដែលគណបក្សប្រឆាំងដឹកនាំយុទ្ធនាការនៅក្រៅប្រទេស ដើម្បីបញ្ចប់និទណ្ឌភាពនៅកម្ពុជា និងស្វែងរកយុត្តិធម៌ជូនពួកគេ ដែលមិនទាន់ទទួលបានក្នុងរយៈពេល ៤ ទសវត្សរ៍មកនេះ។
ការចេញដំណើរនៃយុទ្ធនាការដ៏មានមហិច្ឆតាដ៏ធំនេះ ធ្វើឡើងកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០ គឺស្របពេលដែលពលរដ្ឋខ្មែរនៅទូទាំងពិភពលោកបានប្រារព្ធខួបលើកទី ៤ នៃការធ្វើឃាតលើលោកបណ្ឌិត កែម ឡី អតីតអ្នកវិភាគសង្គមដ៏ល្បីល្បាញ។
យុទ្ធនាការបញ្ចប់និទណ្ឌភាពនៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើម ដោយតម្រូវឲ្យអ្នកគាំទ្រចុះហត្ថលេខាលើញត្តិអនឡាញតាមគេហទំព័រ Change.org ដើម្បីចងក្រងជាឯកសារតស៊ូមតិ។ Change.org ជាគេហទំព័រមួយដែលផ្តល់វេទិកាយ៉ាងទូលំទូលាយដល់មនុស្សជុំវិញពិភពលោក ក្នុងការចាប់ផ្តើមយុទ្ធនាការ ស្វែងរកការគាំទ្រ និងធ្វើការជាមួយអ្នកនយោបាយដើម្បីស្វែងរកដំណោះស្រាយ។
ក្នុងចំណោមជនរងគ្រោះដែលយុទ្ធនាការបញ្ចប់និទណ្ឌភាពបានដាក់បង្ហាញ មានអ្នកមានឈ្មោះបោះសំឡេងមួយចំនួន ដែលមានដូចជាអ្នកស្រី ពិសិដ្ឋ ពីលិកា អតីតតារាភាពយន្តនិងជាគ្រូបង្ហាត់របាំប្រពៃណីខ្មែរ។ អ្នកស្រីត្រូវបានធ្វើឃាតនៅទីក្រុងភ្នំពេញ នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ១៩៩៩។
ព្រះតេជគុណ សំ ប៊ុនធឿន ស្ថាបនិកពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០០៣ នៅក្បែរវត្តលង្កា និងបានសុគតពីរថ្ងៃក្រោយមក។
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។ លោកត្រូវបានធ្វើឃាតនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៤ នៅរាជធានីភ្នំពេញ។
លោក ឈុត វុទ្ធី អតីតសកម្មជនបរិស្ថានដ៏ឆ្នើម ត្រូវបានធ្វើឃាត កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១២ នៅខេត្តកោះកុង ពេលដែលលោកចុះស៊ើបអង្កេតបទល្មើសព្រៃឈើ។
ជនដៃដល់ពិតប្រាកដនិងអ្នកបញ្ជាសម្លាប់ជនរងគ្រោះទាំងនេះនៅតែជាអាថ៍កំបាំង។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់ VOA ថា៖ «អីចឹងដោយសារតែហេតុផលបែបហ្នឹង ហើយបានជាគណបក្សសង្គ្រោះជាតិបានរៀបចំឲ្យមានជាយុទ្ធនាការ ដើម្បីបញ្ចប់និទណ្ឌភាពហ្នឹង គឺទី១ គឺយើងចង់រកយុត្តិធម៌ដល់ជនរងគ្រោះទាំងឡាយដែលបានស្លាប់បាត់បង់ជីវិត ក្រោមរបបដែលគ្រប់គ្រងដោយរបបលោកហ៊ុន សែន តាំងពីគាត់ឡើងកាន់អំណាចរហូតដល់ពេលបច្ចុប្បន្ននេះ។ ហើយទីពីរ គឺយើងចង់បញ្ចប់ កុំឲ្យមានអំពើបែបហ្នឹងតទៅទៀត»។
លទ្ធផលនេះនឹងត្រូវប្រើប្រាស់ដើម្បីជួយដល់ការតស៊ូមតិទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលរួមមានសហរដ្ឋអាមេរិក កាណាដា ប្រទេសធំៗនៅអឺរ៉ុប និងប្រទេសសមាជិកអាស៊ាន ឲ្យដាក់ទណ្ឌកម្មទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិជនទាំងឡាយណា ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។
ក្រៅពីយុទ្ធនាការតាមអនឡាញនេះ ក្រុមគណបក្សជំទាស់ក៏កំពុងចងក្រងជា «សៀវភៅស» ដើម្បីកត់ត្រាទុកស្នាដៃនិងវីរភាពរបស់ជនរងគ្រោះទាំងនោះដែរ សម្រាប់ជាព័ត៌មានសាធារណៈ ការអប់រំនិងតស៊ូមតិ ដើម្បីបង្ហាញការពិតដែលកើតឡើងក្នុងសង្គមកម្ពុជា។ គណបក្សសង្គ្រោះជាតិគ្រោងនឹងចេញផ្សាយសៀវភៅស នៅថ្ងៃទី ៣០ ខែមីនា ដែលជាខួបទី ២៤ នៃការបោកគ្រាប់បែកលើបាតុកម្មអហិង្សា។
រីឯមុខព្រួញមួយទៀត គឺការសិក្សាពីលទ្ធភាពឲ្យក្រុមគ្រួសារជនរងគ្រោះ ដែលមានវាសនាបានរត់ភៀសខ្លួនចេញក្រៅប្រទេស បានដាក់ពាក្យប្តឹងទៅតុលាការ នៅក្នុងប្រទេសដែលពួកគេរស់នៅ។
លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា៖ «ដើម្បីចូលរួមឲ្យបញ្ចប់និទណ្ឌភាពនេះ គឺយើងធ្វើការផ្តោតទៅលើតុលាការប្រទេសនីមួយៗ ព្រោះយើងដឹងហើយថា នៅប្រទេសដែលគោរពសិទ្ធិមនុស្សពិតប្រាកដ គឺតុលាការគេមានយុត្ថាធិការសាកល ដើម្បីផ្តន្ទាទោសជនដែលប្រព្រឹត្តបទឧក្រិដ្ឋសាកល ទោះបីជាជននោះមិនមែនជាជាតិសាសន៍របស់ខ្លួនក៏ដោយ»។
ការទាមទារដើម្បីផ្លាស់ប្តូរប្រព័ន្ធយុត្តិធម៌នៅកម្ពុជាបានធ្វើឡើងជាបន្តបន្ទាប់ ចាប់តាំងពីប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ក្នុងឆ្នាំ ១៩៩៣ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលជាង ២ ទសវត្សរ៍ បើទោះបីជាពេលខ្លះជួបនឹងការបង្ក្រាបហិង្សាក៏ដោយ។
បាតុកម្មដឹកនាំដោយលោក សម រង្ស៊ី ដែលពេលនោះជាប្រធានគណបក្សជាតិខ្មែរ ដើម្បីទាមទារផ្លាស់ប្តូរប្រព័ន្ធយុត្តិធម៌នៅកម្ពុជាត្រូវបានរងគ្រោះ ដោយការវាយប្រហារដោយគ្រាប់បែក ក្នុងឆ្នាំ ១៩៩៧ ដែលបានបណ្តាលឲ្យមនុស្ស ១៦ នាក់ស្លាប់បាត់បង់ជីវិត និងរបួសជាង ១០០ នាក់។
ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិក ដែលស៊ើបអង្កេតករណីនោះដោយសារមានពលរដ្ឋអាមេរិកាំងម្នាក់បានរងគ្រោះនៅក្នុងការវាយប្រហារនោះ បានសន្និដ្ឋានថា ការវាយប្រហារនោះត្រូវបានរៀបចំឡើងដោយមន្ត្រីរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការបញ្ជាក់របស់អង្គការសិទ្ធិមនុស្ស Human Rights Watch។
លោក Richard Rogers មេធាវីសិទ្ធិមនុស្សអន្តរជាតិនៃអង្គការ Global Diligence ដែលមានមូលដ្ឋាននៅអង់គ្លេស បានថ្លែងថា លទ្ធភាពឲ្យក្រុមគ្រួសារជនរងគ្រោះដែលបានរត់ភៀសខ្លួនទៅរស់នៅក្រៅប្រទេស ដាក់ពាក្យបណ្តឹងនៅប្រទេសដែលពួកគេកំពុងរស់នៅ គឺពិតជាអាចធ្វើបាន ប៉ុន្តែអាស្រ័យលើប្រភេទឧក្រិដ្ឋកម្មនោះ និងប្រទេសដែលពួកគេរស់នៅ។ ប្រទេសខ្លះទទួលយកករណីធ្វើទារុណកម្មលើរាងកាយ។
លោក Richard Rogers បានបន្ថែមថា៖ «វាពិតជាអាចធ្វើបាន ប្រសិនបើលក្ខខណ្ឌត្រឹមត្រូវ ប៉ុន្តែវាមិនងាយស្រួលប៉ុន្មានដែរ ពីព្រោះប្រព័ន្ធយុត្តិធម៌ជាតិស្ទាក់ស្ទើរទទួលយកករណីឧក្រិដ្ឋកម្ម ដែលមិនបានកើតមានឡើងនៅប្រទេសរបស់ពួកគេ និងពលរដ្ឋគេមិនបានប្រព្រឹត្ត។ ការណ៍នេះមិនមែនមានន័យថា ធ្វើមិនបានទេ។ វាគ្រាន់តែពិបាកបន្តិច។ គេអាចធ្វើបាន ប្រសិនបើស្ថានភាពត្រឹមត្រូវ»។
លោក Richard Rogers បានលើកយកករណីនៅទីក្រុង Koblenz ប្រទេសអាល្លឺម៉ង់ ដែលជនរងគ្រោះបានរត់ភៀសខ្លួនពីប្រទេសស៊ីរីទៅដល់ទីនោះ ហើយបានដាក់ពាក្យប្តឹងអតីតមន្ត្រីប៉ូលិសសម្ងាត់មួយរូបរបស់របបលោក បាស្សា អាល់ អាសាដ ពីបទធ្វើទារុណកម្ម ក្នុងឆ្នាំ ២០១១។
តុលាការបានសម្រេចកាលពីចុងខែកុម្ភៈដាក់ទោសបុរសនោះ ដែលបានបោះបង់ចោលជួរ ហើយរត់ភៀសខ្លួនទៅអាល្លឺម៉ង់ដែរ ឲ្យជាប់ពន្ធនាគារចំនួន ៤ ឆ្នាំកន្លះ។ នេះជាករណីទី១ ដែលសកម្មជនការពារសិទ្ធិមនុស្សអន្តរជាតិសង្ឃឹមថា អាចជួយដល់ករណីដទៃទៀត។
គិតត្រឹមថ្ងៃទី ២៦ ខែមីនា ញត្តិតាមអនឡាញមានអ្នកចុះហត្ថលេខាជាង ៦៦.០០០ នាក់ លើគោលដៅស្វែងរកការគាំទ្រចំនួន ៥០០.០០០ នាក់។ សកម្មជនចាត់ទុកថា នេះគឺជាការយឺតយ៉ាវមួយ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ បានរារាំងខ្លះដល់កិច្ចខិតខំប្រឹងប្រែង។ រីឯចំណេះដឹងមានកម្រិតរបស់ពលរដ្ឋដែលមិនសូវយល់ពីបណ្តាញអនឡាញ និងជួនកាលក្តីអស់សង្ឃឹមរបស់ពលរដ្ឋក៏បានក្លាយជាឧបសគ្គដល់យុទ្ធនាការនេះផងដែរ។
នៅអូស្ត្រាលីដំណើរការចុះញត្តិគាំទ្រជួបបញ្ហាខ្លះ ដោយសារតែការហាមឃាត់ការជួបជុំគ្នា ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩ និងពលរដ្ឋខ្លះមិនសូវជំនាញខាងការប្រើប្រាស់អ៊ីនធឺណិត។
លោក ហែមមរា អ៊ីន ប្រធានគណបក្សសង្គ្រោះជាតិនៅរដ្ឋវីកតូរៀ ប្រទេសអូស្ត្រាលី បានបញ្ជាក់ថា នៅពេលដែលការរឹតត្បិតត្រូវបន្ធូរបន្ថយ គឺក្រុមការងារនឹងបន្តធ្វើដោយផ្ទាល់បន្ថែម។
«នៅតាមទីវត្តអារ៉ាមឬតាមទីប្រជុំជនណាមួយ ហើយយើងនឹងអំពាវនាវឲ្យគាត់មកចុះ បើសិនជាគាត់ត្រូវការឲ្យយើងជួយ គឺយើងនឹងជួយ។ ដូច្នេះយើងនឹងមានការប្រកូកប្រកាសបន្ថែម ដើម្បីឲ្យមកចូលរួម ប៉ុន្តែអ្នកដែលធ្វើតាមប្រព័ន្ធអនឡាញហើយធ្វើទៅ ប៉ុន្តែអ្នកដែលមានបញ្ហាអ្វីខ្លះដែលយើងអាចជួយបាន យើងនឹងបន្តជួយទៀត»។
លោក លួន វិបុល ប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅកូរ៉េខាងត្បូង ជួបនឹងបញ្ហាលំបាកក្នុងការជំរុញឲ្យពលរដ្ឋមួយចំនួន ជឿជាក់លើយុទ្ធនាការនេះ។
លោក វិបុល បានពន្យល់ថា៖ «ពីព្រោះពួកគាត់យល់ថាសកម្មភាពកន្លងមក ដែលគណបក្សសង្គ្រោះជាតិបានធ្វើ ពួកគាត់គិតថា អត់សូវបានផ្លែផ្កា អីចឹងហើយនៅពេលដែលយើងធ្វើញត្តិនេះ ពួកគាត់គិតថា អត់សូវសំខាន់។ អីចឹងអ្នកណាដែលចុះទៅពន្យល់គាត់បានទៅ គាត់យល់ គាត់ធ្វើឲ្យ»។
បន្ថែមលើឧបសគ្គនេះ គឺមានករណីខ្លះសមាជិកក្រុមគ្រួសារជនរងគ្រោះមិនព្រមសហការ។
សមាជិករបស់ក្រុមគ្រួសារជនរងគ្រោះមួយរូប ដែលបានរត់ភៀសខ្លួនចេញក្រៅប្រទេស និងសុំមិនផ្តល់បទសម្ភាសផ្លូវការ បានបញ្ជាក់ប្រាប់វីអូអេថា គាត់មិនចូលរួមទេ ដោយសារតែយល់ថា វាជារឿងនយោបាយច្រើនជាង និងមិនមានជំនឿថា នឹងអាចរកយុត្តិធម៌បានដល់សមាជិកគ្រួសារ ដែលបានស្លាប់បាត់បង់ជីវិត។
ទោះជាយ៉ាងណាក៏ដោយ នៅប្រទេសកម្ពុជាលោក ជា មុន្នី ដែលជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា បានគាំទ្រយុទ្ធនាការស្វែងរកយុត្តិធម៌ តាមយន្តការអន្តរជាតិនិងជឿថា វាជាជម្រើសមួយដ៏ប្រសើរ ដោយសារយន្តការក្នុងស្រុកនៅជាប់គាំង។
លោកបានបញ្ជាក់បន្ថែមប្រាប់វីអូអេថា៖ «អីចឹងអ្នកដែលបានស្លាប់ទៅនេះ ជាមនុស្សសំខាន់ៗទាំងអស់ គឺមិនមែនជាមនុស្សសាមញ្ញទេ។ អីចឹងករណីដែលបងប្អូនជនជាតិខ្មែរយើងក្នុង និងក្រៅប្រទេសគាត់ធ្វើយុទ្ធនាការដើម្បីបំបាត់និទណ្ឌភាពនៅកម្ពុជានេះ ខ្ញុំគាំទ្រយុត្តិធម៌មួយសម្រាប់អ្នកទាំងនោះក៏ដូចជាលោក ជា វិជ្ជា ផងដែរ»។
ដូចគ្នានេះដែរលោក ឆឺយ ឧត្តមរស្មី កូនប្រុសរបស់លោក ឈុត វុទ្ធី ដែលកំពុងរស់នៅប្រទេសកម្ពុជាដែរ យល់ថា ប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសបានធ្វើឲ្យលោកអស់ជំនឿ ហើយលោកត្រូវតែពឹងផ្អែកលើយន្តការអន្តរជាតិ បើទោះបីជាត្រូវចំណាយពេលយូរក៏ដោយ។
លោក ឧត្តមរស្មី បានបញ្ជាក់ប្រាប់វីអូអេថា៖ «ខាងខ្ញុំនិងក្រុមគ្រួសារមិនទាន់បានទទួលយុត្តិធម៌ណាមួយ ក្នុងឃាតកម្មឪពុករបស់ខ្ញុំដែលជាសកម្មជនការពារព្រៃឈើ។ បើយើងនិយាយពីអារម្មណ៍ផ្សះផ្សារផ្លូវចិត្ត គឺខ្ញុំមិនទទួលបានសូម្បី ១ភាគរយ។ ខ្ញុំនៅតែមិនទទួលស្គាល់ការសម្រេចរបស់តុលាការខេត្តកោះកុងរបស់រដ្ឋាភិបាលនោះទេ»។
Your browser doesn’t support HTML5
សកម្មជនសិទ្ធិមនុស្សខ្មែរអាមេរិកាំងបញ្ជាក់ថា មានយន្តការជាច្រើនដែលក្រុមគ្រួសារជនរងគ្រោះអាចប្រើប្រាស់បាន និងលើកទឹកចិត្តពួកគេកុំឲ្យរួញរា។
លោក នាថបណ្ឌិត តាកែវ ឫទ្ធិពល ប្រធានមហាសន្និបាតកំពូលខ្មែរឯនាយសមុទ្ រដែលមានមូលដ្ឋាននៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន បានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងយល់អំពីការភ័យខ្លាចការបារម្ភជាទីបំផុតរបស់ក្រុមគ្រួសារ។ យើងយល់ ប៉ុន្តែយើងក៏សូមលើកទឹកចិត្ត កុំឲ្យអស់លោកអ្នកអស់សង្ឃឹម ហើយភ័យខ្លាចរហូតទៅដល់បាក់ស្បាត អត់ហ៊ាននិយាយ អត់ហ៊ានបញ្ជាក់ការពិត អត់ហ៊ានទាក់ទងមកអង្គការខ្មែរ និងអាមេរិកាំងដែលលោកខំជួយផ្ទុយទៅវិញសូមទាក់ទងមក»។
ក្រសួងយុត្តិធម៌បានបើកយុទ្ធនាការរយៈពេល ១ឆ្នាំ តាំងពីខែឧសភាឆ្នាំមុន ដើម្បីដោះស្រាយសំណុំរឿងកកស្ទះនៅតុលាការជិត ៤ ម៉ឺន ដែលនឹងត្រូវបិទបញ្ចប់នៅរយៈពេល ២ ខែទៀត ប៉ុន្តែមិនមានការពិនិត្យសើរើមើលសំណុំរឿង ដែលបានកើតឡើងជាយូរហើយ ដូចករណីខាងលើទេ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីកម្ពុជា។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យ បានបញ្ជាក់ប្រាប់វីអូអេថា៖
«សំណុំរឿងមួយចំនួនមិនទាន់បានបិទបញ្ចប់ ដោយសារតែរកជនដៃដល់មិនទាន់ឃើញជាដើម។ល។ និង។ល។ ដែលតាមនីតិវិធីនៃដំណើការនៃការស៊ើបអង្កេតនៅបន្តទៅមុខតទៅទៀត។ ប៉ុន្តែមិនមានសំណុំរឿងណាមួយនឹងមិនត្រូវដោះស្រាយតាមនីតិវិធីរបស់តុលាការទេ ទោះបីជាយូរឆ្នាំមកនេះ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកនៅពេលរំលឹកខួបទី ១៧ នៃការធ្វើឃាតលោក ជា វិជ្ជា ថារដ្ឋាភិបាលស្វាគមន៍ទទួលយកភស្តុតាងថ្មី នៅក្នុងសំណុំរឿងទាំងនេះ។ ប៉ុន្តែមិនបានបង្ហាញពីការវិវត្តន៍ណាមួយឡើយ ក្នុងរយៈពេលនេះ។
សម្រាប់គណបក្សសង្គ្រោះជាតិជឿថា ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះកាន់តែឆាប់ គឺកាន់តែល្អ ដើម្បីផ្សះផ្សារដំបៅរបស់ពលរដ្ឋនិងលើកទឹកចិត្តដល់អ្នកដែលហ៊ាននិយាយការពិត ក្នុងសង្គមកម្ពុជានិងការពារសិទ្ធិនិងផលប្រយោជន៍កម្មករ និងការពារធនធានធម្មជាតិរបស់ប្រទេស៕