ក្រសួង​មហា​ផ្ទៃ​បង្កើត​ក្រុម​ការងារ​ថ្មី​ជំរុញ​ឱ្យ​មាន​ការ​បើក​ច្រក​ព្រំដែន​បន្ថែម​ទៀត​ជា​មួយ​ប្រ​ទេស​ជិតខាង

រូបឯកសារ៖ លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។​(ឡេង ឡែន/VOA)

នៅ​ថ្ងៃ​អង្គារ​នេះ​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​លោក​ ​ស ខេង​ ​បាន​​បង្កើត​ក្រុម​ការងារ​​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ចំនួន​១០​រូប​ ​ដើម្បី​សិក្សា​ ​និង​ពិភាក្សា​​ការ​បើក​ច្រក​ព្រំដែន​ ​ដែល​បាន​ព្រមព្រៀង​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​បណ្តា​ប្រទេស​ជាប់​ព្រំ​ប្រទល់។

ក្រសួង​មហា​ផ្ទៃ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ថ្មី​មួយ​ដែល​មាន​មន្ត្រី​ជាន់​ខ្ពស់​១០​រូបដើម្បីជំរុញ​ឱ្យ​មាន​ការ​បើក​ច្រកទ្វារ​ព្រំដែន​នានា​ជា​មួយ​ប្រទេស​ជិតខាង​កម្ពុជា​ ​បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​បណ្តា​ប្រទេស​ទាំង​នោះ។​ ​នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​ក្រសួង​នេះ​ដែល​ចេញ​នៅ​ថ្ងៃ​អង្គារ។​

សេចក្តី​សម្រេច​ ដែល​មាន​ចំនួន​៤​ប្រការ​ ​ចេញ​ដោយ​លោក​ ស ខេង​ ​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​ ​នៅ​ថ្ងៃ​ទី​៨​ខែ​មករា​ឆ្នាំ​២០១៩​នេះ​ បញ្ជាក់​ថា​ ​ក្រសួង​មហាផ្ទៃ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ ​ដែល​មាន​សមាស​ភាព​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃចំនួន​១០រូប​ដើម្បី​សិក្សា​ ​និង​ពិភាក្សា​ជំរុញ​កិច្ច​ដំណើរ​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​ដែល​បាន​ព្រមព្រៀង​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​និង​បណ្តា​ប្រទេស​ជាប់​ព្រំ​ប្រទល់។​

សេចក្តីសម្រេច​ដដែល​បញ្ជាក់​ថា​ ​ក្រុម​ការងារ​ដែល​មាន​លោក​ ​សុខ ផល​ ​រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ជា​ប្រធាន​ ​មាន​ភារកិច្ច​ស្រាវជ្រាវ​បទដ្ឋាន​គតិយុត្តិ​ និង​ឯកសារ​ពាក់ព័ន្ធ​ស្តី​ពី​ការ​សម្រេច​បើក​ច្រក​ព្រំដែន​ដែល​កម្ពុជា​បានព្រមព្រៀងជាមួយ​បណ្តា​ប្រទេស​ជាប់​ព្រំដែន​ ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ ​និង​ចុះ​ពិនិត្យសិក្សា​អំពី​ស្ថានភាព​ជាក់ស្តែង​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សមស្រប សម្រប​សម្រួល​ ​ពិភាក្សា​ ​និង​ចរចា​ជាមួយ​ភាគីនៃ​បណ្តា​ប្រទេស​ជាប់​ព្រំដែន​ដើម្បី​ជំរុញ​កិច្ច​ដំណើរ​ការ​បើក​ច្រកទ្វារ​ព្រំដែន ​ធ្វើ​របាយ​ការណ៍ ​និង​បំពេញ​ភារ​កិច្ច​ផ្សេងៗ​ទៀត​តាម​ការ​ចាំបាច់។

សេចក្តីសម្រេច​នោះ​មិន​មាន​បញ្ជាក់​ព័ត៌មាន​ពាក់ព័ន្ធ​ចំនួននិង​ប្រភេទច្រក​ព្រំដែន​ដែល​នឹង​ត្រូវ​សិក្សា​ដើម្បី​បើក​នោះ​ទេ។​

លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច លើកឡើងថា ការបង្កើតច្រកព្រំដែនច្រើន អាចមានទាំងគុណសម្បត្តិ និងគុណវិបត្តិ ដែលលោកថា ចាំបាច់ត្រូវមានការថ្លឹងថ្លែង។ លោកបន្តថា ការបង្កើតច្រកព្រំដែនច្រើនអាចធ្វើឲ្យលំហូរសេដ្ឋកិច្ចបានប្រសើរឡើង ប្រសិនបើការអនុវត្តនៃការប្រើប្រាស់ច្រកព្រំដែនបានត្រឹមត្រូវ ប៉ុន្តែលោកថា ច្រកព្រំដែនច្រើនក៏កាន់តែធ្វើឲ្យមានការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការគេចពន្ធមានការកើនឡើងផងដែរ។

លោកបញ្ជាក់ថា៖ «យើងត្រូវសិក្សាពីលំហូរនៃពាណិជ្ជកម្មនៃប្រទេសទាំងពីរទៅតាមច្រកនីមួយៗ ពីព្រោះយើងគិតដែរ ប្រសិនណាឧទាហរណ៍យើងដាក់មន្រ្តីគយ យើងដាក់មន្រ្តីតាមច្រកព្រំដែន សម្រាប់ច្រកមួយហ្នឹង គ្នា១០នាក់ ប៉ុន្តែបើលំហូរពាណិជ្ជកម្មហ្នឹងតិច ឧទាហរណ៍ថា ត្រឹម៤-១០ម៉ឺនដុលា្លរ ២០ម៉ឺនដុល្លារ វាអត់ចាំបាច់ទេ។ ប៉ុន្តែបើសិនរាប់រយលានដុល្លារ អាហ្នឹងចាំបាច់។ ជាពិសេសការថ្លឹងថ្លែងជាមួយការធ្វើពាណិជ្ជកម្ម ហើយយើងត្រូវប្រយ័ត្នប្រយែងជាមួយការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ព្រោះយើងមានច្រកច្រើន»។

នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ដោយ​បង្វែរឲ្យ​ទៅ​សួរ​ប្រធាន​ក្រុម​ការងារ​ដែល​ទើប​បង្កើត​ និង​អ្នកនាំ​ពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ក្រសួង​មហា​ផ្ទៃ។​

យ៉ាង​ណា​ក្តី​ ​លោកគ្រាន់តែ​បញ្ជាក់​ថា ​ក្រុម​ការងារ​នេះ​បង្កើត​ឡើង​ដោយ​សារ​មាន​ឧបសគ្គ​ ​ក្រោយ​ការ​ព្រមព្រៀង​បើក​ច្រក​ព្រំដែន​រវាង​កម្ពុជា​និង​ប្រទេស​ជាប់​ព្រំ​ប្រទល់។​

លោក​បាន​លើក​ឧទាហរណ៍បញ្ជាក់​ថា៖​

«ច្រក​ម៉ឺនជ័យ​ ​ដូច​រដ្ឋាភិបាល​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ហើយ​ ​តែ​បើក​វា​មិន​បាន។​ ​បើក​មិន​បាន​យ៉ាង​ម៉េច?​ ​បើក​មិន​បាន​ត្រង់​ថា ​ដី​ទាំងអស់​ហ្នឹង​នៅ​ពេល​ដែល​ដឹង​ថា​ ​រដ្ឋាភិបាល​នឹង​បើក​ច្រក​ទ្វារ​ទ្វេរ​ភាគី​កម្ពុជា-វៀតណាម ត្រង់​ច្រក​ម៉ឺនជ័យ​ហ្នឹង​ ​បងប្អូន​ប្រជា​ពលរដ្ឋ​យើង​នាំគ្នា​ទៅ​ទិញ​នៅ​ទី​ហ្នឹង​អស់​ទៅ‍!​ អស់​រលីង​ទៅ!​ ​ធ្វើ​ជា​ប៉ុស្តិ៍​ធ្វើ​ជា​អី​វា​មិន​គ្រប់​តាម​ស្តង់ដារ។​ ​អ៊ីចឹងបាន​យើង​ឲ្យ​មាន​គណៈ​កម្មការ​មួយ​ដើម្បី​សម្រប​សម្រួល​ ​រួម​ទាំង​ពលរដ្ឋ​ហ្នឹង​ផង»។​

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​សុខ ផល​ ​ប្រធាន​ក្រុម​ការងារ​សិក្សា​ ​និង​ពិភាក្សា​ជំរុញ​កិច្ច​ដំណើរការ​បើក​ច្រកទ្វារ​ព្រំដែននោះ​បាន​ទេ។​

ចំណែក​លោក កែវ វណ្ណថន​ ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ប្រាប់​ថា​ ​កំពុងជាប់​ប្រជុំ។​

បើ​តាម​របាយ​ការណ៍​របស់ក្រសួង​មហាផ្ទៃ​ ​កម្ពុជា​មាន​ច្រក​ទ្វារ​សរុប​ចំនួន​៨២។​ ​ច្រក​ទ្វារ​ទាំង​នោះ​រួម​មាន​ ​ច្រកទ្វារ​អាកាស​យានដ្ឋាន​អន្តរជាតិ​ ​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ ​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​ ​ច្រកទ្វារ​តំបន់​ព្រំដែន​ និង​ច្រកទ្វារ​កំពង់ផែ​សមុទ្រ៕