រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានព្រមានមន្ត្រីនគរបាលក្រោមឱវាទក្រសួងឱ្យបំពេញការងារតាមអង្គភាពដើម ដោយត្រូវបញ្ឈប់ការធ្វើការងារខុសពីតួនាទីដើមរបស់ខ្លួន ដូចជាមន្ត្រីខ្លះទៅធ្វើជាអង្គរក្ស អ្នកបើកបររថយន្ត និងជំនួយការនៅក្នុងឬនៅក្រៅក្រសួងមហាផ្ទៃជាដើម។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏ហាមមន្ត្រីនគរបាល កុំយកម៉ោងរដ្ឋបាលទៅបម្រើការងារនៅក្នុងវិស័យឯកជនផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ ដែលវីអូអេទើបតែទទួលបាន។
ការចេញសេចក្តីជូនដំណឹងនេះ ក៏ដោយសារក្រសួងមហាផ្ទៃកត់សម្គាល់ឃើញមន្ត្រីនគរបាលមួយចំនួន អនុវត្តតួនាទីមិនបានត្រឹមត្រូវ។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា៖ «ក្រសួងមហាផ្ទៃពិនិត្យឃើញថាមានថ្នាក់ដឹកនាំ និងប្រធានអង្គភាពមួយចំនួនបានស្នើសុំយកមន្ត្រីនគរបាលជាតិ ដោយរក្សាឈ្មោះនៅក្នុងអង្គភាពដើមពីអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ ឱ្យមកបម្រើការងារក្នុងអង្គភាពរបស់ខ្លួន ឬមកជួយការងារផ្ទាល់ខ្លួន ជាអង្គរក្ស អ្នកបើកបរ ជំនួយការនៅក្នុងឬក្រៅក្រសួងមហាផ្ទៃដែលធ្វើឱ្យអង្គភាពសាមីជួបភាពលំបាកក្នុងការគ្រប់គ្រងមន្ត្រីរបស់ខ្លួន»។
រដ្ឋមន្ត្រីរូបនេះថា លុះត្រាតែមានការឯកភាពពីប្រធានអង្គភាពសាមី និងការសម្រេចរបស់រដ្ឋមន្ត្រីដោយផ្ទាល់ ទើបអាចទៅបំពេញការងារទាំងអស់នោះបាន។
ជុំវិញបញ្ហានេះ លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វីអូអេបន្ថែមនៅថ្ងៃពុធនេះថា ការចេញសេចក្តីជូនដំណឹងនេះ គឺជាការក្រើនរំឭកដល់មន្ត្រីនគរបាលមួយចំនួនតូចដែលអនុវត្តខុស ឱ្យបញ្ឈប់សកម្មភាពទាំងនោះ និងត្រូវងាកមកបំពេញការងារតាមអង្គភាពដើមរបស់ខ្លួនឡើងវិញ ដើម្បីក្រសួងមហាផ្ទៃ និងអង្គភាពនីមួយៗ ងាយស្រួលគ្រប់គ្រងវត្តមានមន្ត្រី និងធានាប្រសិទ្ធភាពភាពការងារ។
លោកថ្លែងថា៖ «ដោយសារយើងមានហើយបទបញ្ញត្តិ បទវិន័យ ច្បាប់ទម្លាប់ថាមិនអាចយកម៉ោងរដ្ឋបាលទៅធ្វើការងារឯកជនឬក៏យើងនៅក្នុងម៉ោងរដ្ឋបាលរបស់យើង បែរជាទៅធ្វើការងារឯកជនផ្សេងមិនមកបំពេញការងាររដ្ឋ ឬក៏ចាត់មន្រ្តីក្រោមឱវាទរបស់ខ្លួនឱ្យទៅធ្វើការងារសម្រាប់ផលប្រយោជន៍ជាដើម។ នេះគឺជាការណែនាំមួយឱ្យ ទីមួយ បើមានគឺបញ្ឈប់សកម្មភាពទាំងអស់ហ្នឹង ហើយទៅថ្ងៃអនាគត កុំឱ្យមានសកម្មភាពទាំងអស់ហ្នឹងបន្តទៅទៀត អ៊ីចឹងទៅ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបន្ថែមថា មន្ត្រីនគរបាលអាចធ្វើការក្នុងវិស័យឯកជនបាន ប៉ុន្តែមិនត្រូវធ្វើក្នុងម៉ោងរដ្ឋបាលការងាររដ្ឋនោះទេ ជាពិសេសកុំយកឯកសណ្ឋាន តួនាទីឬឋានន្តរស័ក្តិ ទៅលាយឡំការងារផ្សេង។ លោកថា ការបំពេញការងារក្រៅម៉ោងរដ្ឋបាល ក៏មិនត្រូវធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់អង្គភាព។
លោកថា ក្រសួងមហាផ្ទៃនឹងពិនិត្យតាមដានការអនុវត្តការងាររបស់មន្ត្រីនគរបាល ទៅតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ។
លោកថា៖ «បើសិនជាគាត់គឺជាអ្នកបញ្ជា គាត់ជាអ្នកបញ្ជាចាត់តាំងឱ្យទៅតែម្តង ក្នុងម៉ោងរដ្ឋបាល ប៉ុន្តែគាត់ចាត់តាំង ក ខ គ ឃ ង ឱ្យបម្រើ [ឬ]ធ្វើអ្វី[មួយ] ដើម្បីផលប្រយោជន៍ឯកជនរបស់គាត់ អាហ្នឹងខុសធ្ងន់ អាចប្រឈមមុខនឹងការដាក់វិន័យកម្លាំងនគរបាលជាតិលេខ០០៦ហ្នឹងដែរ»។
បើតាមលោក ទូច សុខៈ វិន័យកម្លាំងនគរបាលជាតិលេខ ០០៦ គឺមានទាំងការព្រមាន ការធ្វើកិច្ចសន្យា ការដកហូតតួនាទី ឋានន្តរស័ក្តិ និងការបណ្តេញចេញពីក្របខណ្ឌ ទៅតាមស្ថានភាពនៃករណីនីមួយៗ។
លោក ហ៊ឹម យន់ នាយកប្រតិបត្តិនៃសម្ព័ន្ធដើម្បីសុចរិតភាពនិងគណនេយ្យភាពសង្គម (CISA) សាទរចំពោះសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការអនុវត្តការងារមន្ត្រីនគរបាលនាពេលនេះ។ លោកបន្ថែមថា ដើម្បីឱ្យសេចក្តីជូនដំណឹងដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដាក់ចេញនេះមានប្រសិទ្ធភាពខ្ពស់ គឺគួរតែបង្កើតគណៈកម្មការតាមដាន ត្រួតពិនិត្យ និងត្រូវបង្កលក្ខណៈងាយស្រួលដល់មន្ត្រីនគរបាលអាចប្រើប្រាស់សិទ្ធិប្តឹង នៅពេលក្លាយជាជនរងគ្រោះ ដោយសារគំនាប តាមរយៈការបញ្ជារបស់មន្ត្រីដែលមានតួនាទីធំជាង។
លោកបន្ថែមថា កន្លងមកក៏ឃើញមានរូបភាពដែលមន្ត្រីនគរបាលអនុវត្តតួនាទីខុស ដោយទៅបម្រើការងារជាលក្ខណៈឯកជនទៅវិញ ដែលនេះជាការខុសឆ្គង មិនបានបម្រើផលប្រយោជន៍សង្គមជាតិ។
លោកប្រាប់វីអូអេថា៖ «មែនទែនទៅមន្ត្រីទាំងអស់ គឺមានសិទ្ធិក្នុងការតវ៉ា ប៉ុន្តែគ្នាក៏ស្ថិតនៅក្រោមគំនាប ក្រោមសម្ពាធអីដែរ។ ហើយកាលណា អ៊ីចឹងមានការលំបាកដល់មន្ត្រីទាំងអស់ហ្នឹង។ លុះត្រាតែមានការណែនាំពីថ្នាក់ខ្ពស់បំផុតនៅក្រសួង រដ្ឋមន្ត្រី ឬក៏មានការណែនាំពីក្រសួង អ៊ីចឹងទៅគ្នាសំអាងលើទាំងអស់ហ្នឹងអាចយកលិខិត ឬក៏ការណែនាំទាំងអស់ហ្នឹង ទៅសំអាងដើម្បីបញ្ជាក់ថាកុំឱ្យថ្នាក់លើបន្ទាប់របស់ខ្លួន យកខ្លួនទៅប្រើប្រាស់នៅក្នុងផលប្រយោជន៍បុគ្គល ផលប្រយោជន៍គ្រួសារ»។
បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃបានបណ្តេញមន្ត្រីនគរបាលប្រមាណ ១០០ នាក់ចេញពីក្របខណ្ឌ ដោយក្នុងនោះមនុស្សជាង ៥០ នាក់ ត្រូវបានរកឃើញថាពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន ហើយអ្នកផ្សេងទៀតបានល្មើសវិន័យកងកម្លាំងលេខ ០០៦៕