នៅថ្ងៃច័ន្ទនេះ លោកអតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra បានថ្លែងកោតសរសើរដល់កំណើនសេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍អំពីអត្រាកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០១១នេះ។
លោក Thaksin បានធ្វើបទឧទ្ទេសនាមនៅក្នុងសន្និសីទសេដ្ឋកិច្ចអាស៊ីនៅទីស្តីការគណៈរដ្ឋមន្ត្រីថា ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង បើប្រៀបធៀបនឹងកំណើនសេដ្ឋកិច្ចតំបន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក Thaksin សង្ឃឹមថាប្រទេសកម្ពុជានឹងអាចជាតំណាងឲ្យសេដ្ឋកិច្ចនៅអាស៊ី និងអាចមានតួនាទីដ៏សំខាន់មិនអាចខ្វះបាននៅក្នុងសេដ្ឋកិច្ចពិភពលោក។
លោក Thaksin កាលពីថ្ងៃសៅរ៍ បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមអ្នកសេដ្ឋកិច្ចនិងមន្ត្រីរដ្ឋាភិបាលនៅក្នុងសិក្ខាសាលាមួយផ្តោតជាសំខាន់ទៅលើជម្រើសនានា សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងបានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួនដល់រដ្ឋាភិបាលកម្ពុជាឲ្យបង្កើនចំណាយរដ្ឋក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអប់រំព្រមទាំងធ្វើទំនើបកម្មដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេស។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានថ្លែងថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានតាមអ្វីដែលលោក Thaksin ចង់បាន ដើម្បីដើរឲ្យទាន់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជិតខាងជឿនលឿនជាងប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជា មានសក្តានុពលល្អ ស្ថិតនៅក្នុងតំបន់ដែលមានលក្ខណៈជឿនលឿន និងមានអំណោយផល ប៉ុន្តែប្រទេសកម្ពុជាត្រូវការឲ្យមានអភិបាលកិច្ចល្អ និងការដឹកនាំ ដែលគិតគូរពីផលប្រយោជន៍ជាតិខ្ពស់យូរអង្វែង។
«ខ្ញុំជឿថាប្រសាសន៍របស់លោក Thaksin គឺជាការលើកទឹកចិត្តឲ្យប្រទេសកម្ពុជាយើងខិតខំចាប់យកផ្លូវ ឬ ក៏មាគ៌ាសេដ្ឋកិច្ចដែលមានកំណើនខ្ពស់ គឺហៅថាជាមធ្យមជុំវិញ១០ភាគរយ។ អ្នកដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា នឹងមានការលើកទឹកចិត្តចំពោះប្រសាសន៍របស់លោក Thaksin ហើយខិតខំធ្វើយ៉ាងណាឲ្យសម្រេចបានដូចដែលគំនិតរបស់លោក Thaksin ចង់បាន»។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្សី បានថ្លែងថា ប្រទេសម្ពុជា ជាប្រទេសដែលទិញទំនិញពីប្រទេសថៃប្រមាណ ២.០០០លានដុល្លារអាមេរិចក្នុងមួយឆ្នាំ និងការនាំចេញទៅប្រទេសថៃវិញប្រមាណ ៥០លានដុល្លារអាមេរិកតែប៉ុណ្ណោះ ដែលបង្ហាញពីសេដ្ឋកិច្ចទន់ខ្សោយរបស់កម្ពុជា ហើយសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើធនធានធម្មជាតិ និងការនាំចេញសម្លៀកបំពាក់។
«យើងគ្រាន់តែស្តាប់ពាក្យសម្តីទាំងនេះហួសពីការពិតហួសហេតុ។ យើងនិយាយឲ្យសាមញ្ញ គឺជាសម្តីបញ្ជោរដែលឲ្យយើង ជាពលរដ្ឋខ្មែរ ត្រូវតែប្រុងប្រយ័ត្ននូវអ្វីដែលមន្ត្រីនយោបាយថៃជើងចាស់រូបនេះ និយាយអំពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានោះ។ ដូច្នេះការនិយាយបែបនេះ គឺជាការនិយាយដែលយើងអាចសន្និដ្ឋានថា គេកំពុងតែបញ្ជោរយើង ដើម្បីផលប្រយោជន៍អ្វីមួយហើយ»។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានថ្លែងថា លោក Thaksin នឹងទាញយកប្រយោជន៍សេដ្ឋកិច្ចពីប្រទេសកម្ពុជាយកទៅឲ្យប្រជាពលរដ្ឋថៃរបស់លោក។ ដូចដែលលោកចង់បានតំបន់កោះកុង ធ្វើជាមូលដ្ឋានសេដ្ឋកិច្ចផ្តាច់មុខរបស់លោក និងបញ្ហាប្រេងជាដើម។
«ខ្ញុំមើលឃើញថា ការណ៍ដែលគាត់លើកនេះ គឺការជាក់ស្តែងនោះ តិចណាស់ ហើយការប្រមើលមើលពិតដូចគាត់ថានោះ វាតិចណាស់។ វាមិនពិតទេ។ ភាគច្រើនការដែលគាត់លើកកោតសរសើរនេះ ដើម្បីបញ្ជោរលាកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបើកឱកាសឲ្យគាត់មកឆក់យកប្រយោជន៍របស់គាត់នៅក្នុងប្រទេសកម្ពុជាតែប៉ុនហ្នឹង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីសប្តាហ៍មុនថា ប្រទេសកម្ពុជានឹងទទួលបានផលប្រយោជន៍ពីលោក Thaksin ផ្នែកចំណេះដឹង និងបទពិសោធន៍ផ្នែកសេដ្ឋកិច្ចសម្រាប់មកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ហើយលោកនឹងមិនពិភាក្សាអំពីបញ្ហាប្រេង និងផលប្រយោជន៍ រវាងប្រទេសទាំងពីរជាមួយលោក Thaksin ទេ៕