អភិបាលខេត្តកណ្តាលបានស្នើសុំគោលការណ៍ពីក្រសួងព័ត៌មាន ដើម្បីចាត់វិធានការផ្លូវច្បាប់លើអ្នកសារព័ត៌មានមួយចំនួន ដែលអាជ្ញាធរខេត្តនោះថា«គ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់ដល់ការងាររបស់អាជ្ញាធរ»។
ឆ្លើយតបនឹងការស្នើសុំនេះ ក្រសួងព័ត៌មានបានទទួលឯកភាព និងអះអាងថាអ្នកសារព័ត៌មានមិនមានសិទ្ធិចូលទៅក្នុងតំបន់ហាមឃាត់របស់អាជ្ញាធរឡើយ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ប្រាប់វីអូអេនៅថ្ងៃអង្គារនេះ ដោយបដិសេធលើកឡើងពីករណីអង្គហេតុជាក់លាក់ណាមួយដែលបណ្តាលឱ្យមានការបញ្ជូនលិខិតស្នើសុំគោលការណ៍ពីក្រសួងព័ត៌មានក្នុងការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មាន។
ទោះជាយ៉ាងណា លោកឱ្យដឹងថាអ្នកសារព័ត៌មានមួយចំនួនបានបំផ្លើសព័ត៌មាន និងមិនគោរពកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន។
«ហើយបងប្អូនសារព័ត៌មានយើងគាត់បានទៅបន្ថែមព័ត៌មានធ្វើឱ្យមានភាពច្របល់ ហើយមានវោហារសាស្ត្រផ្សេងៗ ធ្វើឱ្យខុសឆ្គង នៅក្នុងកម្រិត ដែលគេហៅថាអោយតម្លៃគ្នាទៅវិញទៅមកនៅក្នុងកិច្ចបម្រើប្រទេសជាតិដូចគ្នា។ ពួកគាត់សារព័ត៌មានក៏បម្រើប្រទេសជាតិដែរ បម្រើសាធារណៈមតិដូចគ្នាដែរ។ ប៉ុន្តែយើងត្រូវយល់ពីកាតព្វកិច្ចគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌច្បាប់»។
លោកបន្តថា៖ «ប៉ុន្តែដល់ពេលគាត់ធ្វើហួសអញ្ចឹងតិចទៅ យើងត្រូវការឱ្យស្ថាប័នដែលគេមានសិទ្ធិនៅក្នុងផ្លូវច្បាប់ ត្រូវជួយត្រួតពិនិត្យ។ អញ្ចឹងទេ ក្រសួង [ព័ត៌មាន] ធម្មតាជាអាណាព្យាបាល ជាអាជ្ញាបណ្ណនៃសារព័ត៌មានត្រូវតែកែតម្រង់។ មិនមែនមានន័យថាយើងចាប់ទោសភ្លាមៗទេ ថាជាកម្រិតតម្រង់ទិស ហើយឱ្យនៅក្នុងក្របខណ្ឌច្បាប់ នៅក្របខណ្ឌរនាំងមួយ ដែលថាច្បាប់ វាមានរនាំងមួយ សេរីភាព ប៉ុន្តែគោរពសិទ្ធិ និងកាតព្វកិច្ច»។
អភិបាលខេត្តកណ្តាលរូបនេះបានបន្ថែមថា លិខិតពីគណៈអភិបាលខេត្តទៅកាន់ក្រសួងព័ត៌មាន គឺសំដៅទៅលើអ្នកសារព័ត៌មាន ដែលលោកសុំមិនបញ្ចេញឈ្មោះ និងស្ថាប័ន និងអ្នកសារព័ត៌មានទូទៅផងដែរ ដោយលោកស្នើឱ្យមានការគោរពដែនសមត្ថកិច្ចរបស់អាជ្ញាធរ។
លោកបញ្ជាក់ថាបញ្ហាពាក់ព័ន្ធនឹងបុគ្គលអ្នកសារព័ត៌មានខាងលើនេះ គឺកំពុងស្ថិតនៅក្នុងដំណាក់កាលសម្របសម្រួលដោះស្រាយ។
នៅក្នុងលិខិតឆ្លើយតបមកកាន់រដ្ឋបាលខេត្តកណ្តាល ចុះថ្ងៃទី២ ខែកក្កដា ក្រសួងព័ត៌មានបញ្ជាក់ថា៖ «ប្រសិនបើអ្នកសារព័ត៌មានធ្វើសកម្មភាពដោយគ្មានវិជ្ជាជីវៈ ល្មើសច្បាប់ ដែលធ្វើឱ្យរំខានការអនុវត្តការងារតាមផ្លូវច្បាប់ ឬបង្កគ្រោះថ្នាក់ដល់កិច្ចប្រតិបត្តិការរបស់អាជ្ញាធរសមត្ថកិច្ច ឬផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ឱ្យប្រឆាំងនឹងការអនុវត្តការងារតាមផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍បុគ្គលណាម្នាក់ បុគ្គល ឬស្ថាប័ននោះ អាចចាត់វិធានការតាមនីតិវិធីច្បាប់ដោយពុំចាំបាច់ស្នើសុំគោលការណ៍ចាត់វិធានការពីក្រសួងព័ត៌មានឡើយ»។
លិខិតមួយច្បាប់នេះត្រូវបានចុះហត្ថលេខាដោយរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក ប្រាថ្នា។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់វីអូអេបញ្ជាក់បន្ថែមលើលិខិតរបស់ក្រសួងថានៅក្នុងករណីផ្សព្វផ្សាយព័ត៌មានមិនពិត និងបំពានដល់ដែនអាជ្ញាធរ អ្នកសារព័ត៌មានត្រូវប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់។
លោកថ្លែងថា៖ «ក្នុងករណីដែលអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានមិនពិត ផ្សព្វផ្សាយព័ត៌មានដែលខុសវិជ្ជាជីវៈ គាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ទីមួយ។ ទីពីរ នៅពេលដែលសមត្ថកិច្ចកំពុងតែអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន នៅកន្លែងណាមួយដែលសមត្ថកិច្ចមិនអនុញ្ញាតឱ្យចូលគឺអ្នកសារព័ត៌មាន លោកពុំមានសិទ្ធិក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍នោះទេ»។
លោក មាស សុភ័ណ្ឌ បន្ថែមថាក្រៅពីការអនុវត្តតាមវិជ្ជាជីវៈរបស់ខ្លួន អ្នកសារព័ត៌មានត្រូវតែដឹងពីច្បាប់ តួនាទី និងក្រមសីលធម៌សារព័ត៌មាន។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថាCCIMបានថ្លែងប្រាប់វីអូអេថា ភាសាផ្លូវច្បាប់ដែលមានអត្ថន័យ ឬការបកស្រាយបានទូលំទូលាយ អាចនាំឱ្យមានការអនុវត្តខុស ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។
លោកជំរុញឱ្យមានការប្រើប្រាស់ពាក្យពេចន៍ច្បាស់លាស់ជាងនេះនៅក្នុងលិខិតរបស់ក្រសួងព័ត៌មាន។
លោកបន្តថាការកំណត់ជាចំណាត់ការផ្លូវច្បាប់តឹងរ៉ឹងខ្លាំង និងភាសាផ្លូវច្បាប់ទូលំទូលាយជ្រុល អាចប៉ះពាល់ដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មានផងដែរ។
លោកថ្លែងថា៖ «ហើយនៅពេលមានការរឹតត្បិត ហើយជាមួយនឹងការប្រើប្រាស់ពាក្យពេចន៍បែបទូលាយអញ្ចឹងទៀត វាធ្វើឱ្យទីមួយអ្នកសារព័ត៌មានខ្លួនឯងហ្នឹងគាត់មានការបារម្ភពីសុវត្ថិភាព ឬគាត់មិនដឹងច្បាស់ខ្លួនឯងថាដែនកម្រិតគាត់ប៉ុនណាដែលគាត់អាចធ្វើបាន»។
កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ឬហៅកាត់ជាភាសាបារាំងថាRSF បានបញ្ចេញរបាយការណ៍មួយ ដោយបង្ហាញពីតារាងឈ្មោះមេដឹកនាំ ដែលបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពសារព័ត៌មាន។ នៅក្នុងចំណោមមេដឹកនាំជាប់ឈ្មោះក្នុងបញ្ជីទាំង៣៧នាក់ ក៏មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ តារាងបញ្ជីនេះ ឆ្លុះបញ្ចាំងពីប្រវត្តិមេដឹកនាំមួយចំនួន ដែលអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនចាត់ទុកថាបានបំផ្លាញ និងគំរាមកំហែងសិទ្ធិសេរីភាពសារព័ត៌មាន។ អង្គការRSFក៏ធ្លាប់បានលើកឡើងអំពីកំណត់ត្រាសកម្មភាពនៃការធ្វើទុក្ខបុកម្នេញទៅលើបណ្តេញសារព័ត៌មានឯករាជ្យ ដោយរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ៕