រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា កាលពីថ្ងៃអង្គារ បានថ្លែងការពារថា«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលក្រសួងទើបបានបង្កើត មិនមានការចាប់បង្ខំឱ្យអនុវត្តដូចច្បាប់ឡើយ ហើយលោកថា នេះគ្រាន់តែជាឯកសារតម្រង់ទិសដល់អ្នកសារព័ត៌មានតែប៉ុណ្ណោះ។
ក្នុងសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» ជាផ្លូវការ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា៖ «វាមិនមែនជាលក្ខណៈចាប់បង្ខំដូចច្បាប់ទេ ហើយនៅក្នុងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ក៏អត់មានចែងអំពីទោសបញ្ញត្តិទេ តែជាការទទួលខុសត្រូវសង្គម ជាការទទួលខុសត្រូវវិជ្ជាជីវៈ។ ហើយបើសិនជាប្រព្រឹត្តខុសនោះគឺយើងនៅមានច្បាប់មួយទៀត ច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីអនុវត្ត។ នេះគឺដើម្បីធានានូវក្នុងក្របខណ្ឌនៃសេរីភាពសារព័ត៌មាន»។
លោក នេត្រ ភក្ត្រា បន្ថែមថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះមិនអាចការពារអ្នកសារព័ត៌មានពីបទល្មើសដែលខ្លួនប្រព្រឹត្តខុសច្បាប់ទេ ប៉ុន្តែលោកថា វាជា«អាវក្រោះការពារ» អ្នកសារព័ត៌មានក្នុងតួនាទីជាអ្នកបញ្ចេញព័ត៌មាន ដើម្បីធានានូវសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។
បើតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលមានចំនួន៤ជំពូកនិង២៧មាត្រា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ មានគោលបំណងបន្តធានាបរិយាកាសល្អប្រសើរសម្រាប់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងការទទួលខុសត្រូវវិជ្ជាជីវៈសម្រាប់ការលើកកម្ពស់សេរីភាពខាងសារព័ត៌មាន និងការពារសុវត្ថិភាពអ្នកសារព័ត៌មាន។
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមខេមបូចា ប្រាប់វីអូអេថា ចំណុចមួយចំនួនត្រូវបានកែប្រែនិងលុបចោលក្រោយក្រសួងប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធ។ ទោះជាយ៉ាងណា លោកស្នើឱ្យក្រសួងបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីវាយតម្លៃការងាររបស់អ្នកសារព័ត៌មាន ដែលមិនរងឥទ្ធិពលពីក្រសួងឡើយ។
លោកថ្លែងថា៖ «ទោះបីជាយ៉ាងណាក៏ដោយ យើងនៅតែបន្តជំរុញ លើកទឹកចិត្តឱ្យក្រសួងពិនិត្យនិងផ្តល់លទ្ធភាព ដើម្បីឱ្យមានការរៀបចំគណៈកម្មការនេះប្រកបដោយឯករាជ្យភាពគ្រប់គ្រាន់នៅក្នុងការធានាអំពីប្រសិទ្ធភាពនៃការអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានហ្នឹងឱ្យបានល្អ»។
បើតាមលោក ណុប វី ការប្រកាសដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញនេះហាក់ដូចជាលឿន ខណៈធាតុផ្សំនានាពីអ្នកពាក់ព័ន្ធនៅមិនទាន់ត្រូវបានពិភាក្សានៅឡើយ។
អ្នកជំនាញដែលធ្វើការលើវិស័យព័ត៌មានធ្លាប់បានលើកឡើងថា ធម្មនុញ្ញនេះមានការកំណត់ខ្លឹមសារទូលាយមួយចំនួន។ អ្នកជំនាញបានបង្ហាញក្តីព្រួយបារម្ភថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះនឹងធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែតានតឹងជាងមុន ក្នុងករណីក្រសួងជាអ្នកតាក់តែងនិងរៀបចំ។ អ្នកជំនាញលើកឡើងថា ក្រមសីលធម៌សារព័ត៌មានគួរត្រូវបានរៀបចំដោយសមាគមសារព័ត៌មានឬក្រុមប្រឹក្សាសារព័ត៌មានឯករាជ្យ មិនមែនធ្វើឡើងដោយក្រសួងព័ត៌មានដែលជាសេនាធិការរបស់រដ្ឋាភិបាលឡើយ។
មាត្រា១១នៃធម្មនុញ្ញបានចែងថា អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ត្រូវផ្ដល់អាទិភាពដល់ព័ត៌មានដែលផ្តល់សារៈប្រយោជន៍ដល់សង្គមជាតិជាទូទៅ និងចៀសវាងការចុះផ្សាយ ដែលបង្កផលប៉ះពាល់ដល់សន្តិភាព សន្តិសុខជាតិសណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសាសនា ប្រពៃណីទំនៀមទម្លាប់ល្អរបស់សង្គមជាតិ និងសិទ្ធិអ្នកដទៃ។
មាត្រា១៣ចែងថា បុគ្គល ឬអ្នកគ្រប់គ្រងអង្គភាព ដែលអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ត្រូវចៀសវាងការបំផុស ញុះញង់ ឬគាំទ្រព័ត៌មាន ដែលញុះញង់ឱ្យមានការរើសអើង និងការស្អប់ខ្ពើមលើជាតិសាសន៍ ពណ៌សម្បុរ ឋានៈក្នុងសង្គមឬនិន្នាការនយោបាយជាដើមនិង ចៀសវាងញុះញង់ឱ្យមានការប្រព្រឹត្តអំពើល្មើសច្បាប់ ឬអំពើដែលប៉ះពាល់ដល់សន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសាសនា ប្រពៃណីទំនៀមទម្លាប់ល្អសង្គមជាតិ និងសិទ្ធិអ្នកដទៃហើយក៏ត្រូវ ចៀសវាងការផ្សព្វផ្សាយប៉ះពាល់ដល់អធិបតេយ្យជាតិ បូរណភាពដែនដី ឬទំនាក់ទំនងជាមួយប្រទេសដទៃ។
អ្នកស្រី ហង្ស សម្ផស្ស ប្រធានក្រុមអ្នកសារព័ត៌មានស្រ្តីកម្ពុជា ថ្លែងថា ការសម្រេចឱ្យប្រើប្រាស់ធម្មនុញ្ញនេះ ដូចជាលឿនពេក ដែលអ្នកស្រីថា គួរទុកពេលវេលាគ្រប់គ្រាន់ឱ្យអ្នកពាក់ព័ន្ធបង្ហាញនូវក្តីបារម្ភរបស់ពួកគេ។
អ្នកស្រីបញ្ជាក់ថា៖ «ជាក់ស្តែងមតិរបស់ខាងអង្គការប្រព័ន្ធផ្សព្វផ្សាយ សមាគមអ្នកសារព័ត៌មានមួយចំនួនគាត់បានចូលរួមដែរហ្នឹងតែ អត់ទាន់បានឃើញយកទៅជជែកអីផង ស្រាប់តែខាងក្រសួងគាត់ចេញប្រកាសឱ្យប្រើហើយ។ អ៊ីចឹងវាលឿនខ្លាំងពេក ហើយពេលវេលាប្រថុចញ៉ុច ហើយចំណុចមួយចំនួនអត់បានដកចេញទៀត នៅដដែល។ ហើយបងគិតថា អ្វីដែលប្រកាសនេះចេញមកហាក់ដូចជាធ្វើឱ្យអ្នកសារព័ត៌មានអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាហ្នឹងវាពិបាក»។
បើតាមអ្នកស្រី បញ្ហាកើតឡើងកន្លងមកមិនមែនមកពីអ្នកមានវិជ្ជាជីវៈនោះទេ ប៉ុន្តែមកពីអ្នកគ្មានវិជ្ជាជីវៈដែលមិនបានទទួលការបណ្តុះបណ្តាល។ អ្នកស្រីបញ្ជាក់ថា ធម្មនុញ្ញនេះដាក់បន្ទុកមកដល់អ្នកមានវិជ្ជាជីវៈផងដែរ។
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានក៏ចែងអំពីការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ប្រកបដោយតុល្យភាព និងមានប្រភពច្បាស់លាស់ ព្រមទាំងចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំងដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំ ព័ត៌មានដែលមានលក្ខណៈខុសពីការណ៍ពិតដើម្បីធានាភាពជឿជាក់ និងទុកចិត្តក្នុងសង្គមជាតិទាំងមូល សំដៅលើកកម្ពស់វិស័យសារព័ត៌មាន។
នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងដោយក្រសួងព័ត៌មាន កាលពីថ្ងៃអង្គារ អតីតចាងហ្វាងសារព័ត៌មានអនឡាញមួយឈ្មោះ«ជីវិតនិងកីឡា» បានចោទសំណួរទៅរដ្ឋមន្រ្តីអំពីការដែលក្រសួងដកអាជ្ញាបណ្ណសារព័ត៌មានរបស់លោក កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ នៅពេលនោះ រដ្ឋមន្ត្រីបានឱ្យអតីតចាងហ្វាងរូបនោះឈប់និយាយ។ ប៉ុន្តែលោកនៅតែបន្តនិយាយ ទើបរដ្ឋមន្ត្រីព្រមានបណ្តេញលោកចេញពីសន្និសីទសារព័ត៌មាន៕