អ្នកកាន់សាសនាឥណ្ឌូនេស៊ីមិនស្រណោះអូសាម៉ាប៊ិនឡាឌិនដែលស្លាប់ទេ។ នៅឥណ្ឌូនេស៊ីដែលមានប្រជាពលរដ្ឋច្រើនជាងគេកាន់សាសនាអ៊ិស្លាមនៅក្នុងពិភពលោក មានមនុស្សជាច្រើននាក់គាំទ្រប្រតិបត្ដិការសហរដ្ឋអាមេរិក ដែលសម្លាប់អូសាម៉ា ប៊ិន ឡាឌិន។
ទោះបីជាឥណ្ឌូនេស៊ីជាប្រទេសមួយមានអង្គការសកម្មប្រយុទ្ធអ៊ិស្លាមជាច្រើនប្រភេទដែលបានធ្វើការវាយប្រហារប្រឆាំងនឹងបស្ចឹមប្រទេសក៏ដោយ ក៏ប្រទេសនេះមានប្រវត្ដិសាសនាចម្រុះនិងនិយមកណ្ដាល។
ហេតុដូច្នេះហើយ វាគ្មានការភ្ញាក់ផ្អើលទេដែលលោក ដារម៉ា វីដ្យាយ៉ា (Darma Widjaya) ដូចជនជាតិអ៊ិស្លាមដទៃទៀតដែរ ដែលទៅសូត្រធម៌ពេលថ្ងៃត្រង់នៅព្រះវិហារអ៊ិស្លាម ស៊ុនដា កែឡាប៉ា (Sunda Kelapa) នៅទីក្រុងហ្សាការតា នៅថ្ងៃច័ន្ទដូច្នោះដែរ មិនសម្ដែងសមាណចិត្ដអាណិតអាសូរអ្វីទេនៅពេលដែលលោកបានឮអំពីការស្លាប់របស់អូសាម៉ាប៊ិនឡាដិន។
លោកនិយាយថា វាជាការល្អណាស់សម្រាប់ពិភពលោកទាំងមូល ពីព្រោះប៊ិនឡាឌិនជាភេរវជន។
អ្នកទៅព្រះវិហារអ៊ិស្លាមម្នាក់ទៀតដែលសូត្រធម៌ពេលព្រឹករួចហើយគឺលោក ដាដាង សោលីហ៊ិន (Dadang Solihin) និយាយថា លោកសង្ឃឹមថា ការស្លាប់របស់បុរសដែលទទួលខុសត្រូវចំពោះការវាយប្រហាររបស់ភេរវជននៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ដែលសម្លាប់មនុស្សជិត៣.០០០នាក់ នៅទីក្រុងញូវយ៉កហើយនឹងវ៉ាស៊ីនតោននឹងធ្វើឲ្យពិភពលោកមានសុវត្ថិភាពជាងមុន។ លោកបន្តថា៖
«នេះជាការណ៍ល្អណាស់។ មើលទៅពេលវេលាមកដល់់ហើយ ខ្ញុំចង់និយាយថាសម្រាប់ធ្វើឲ្យស្ថានការណ៍នៅក្នុងពិភពលោកធូរស្រាលបន្ដិច»។
អង្គុយពិសារបាយថ្ងៃត្រង់ លក់តាមផ្លូវនៅមុខព្រះវិហារអ៊ិស្លាម អ្នកស្រី អេលីន ស៊ីធរុស (Ellen Sitorus) និយាយថា ការស្លាប់របស់ប៊ិន ឡាដិន ជាព័ត៌មានល្អសម្រាប់ការប្រយុទ្ធរបស់ឥណ្ឌូនេស៊ីប្រឆាំងភេរវកម្ម។
គាត់និយាយថា នៅពេលដែលគាត់បានឮថា ប៊ិនឡាឌិន ត្រូវបានសម្លាប់ គាត់សប្បាយចិត្ដណាស់ពីព្រោះចំនួនភេរវជន ដូចពួក ភេរវជន ដែលមកលងប្រទេសឥណ្ឌូនេស៊ីនឹងថយចុះ៕
ប្រែសម្រួលដោយ កង ស៊ីវន