ប្រធានាធិបតីឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានបានអំពាវនាវកុំឲ្យប្រទេសនានាបង្កើតភាពតានតឹងថ្មី ហើយព្យាយាមបន្ធូរបន្ថយភាពតានតឹងដែលមាន។
លោកថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ក្នុងពេលបិទបញ្ចប់កិច្ចប្រជុំអាស៊ាន រយៈពេលបីថ្ងៃដែលធ្វើឡើងនៅទីក្រុងហ្សាការតា។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានថ្លែងថា មេដឹកនាំទាំងអស់មានការទទួលខុសត្រូវស្មើគ្នា ដោយមិនបង្កើតនូវជម្លោះថ្មី មិនបង្កើតភាពតានតឹងថ្មី និងក្នុងពេលជាមួយគ្នានោះ មេដឹកនាំទាំងអស់មានការទទួលខុសត្រូវ ដើម្បីបន្ធូរបន្ថយភាពតានតឹងដែលកំពុងឡើងកំដៅ។
លោកបញ្ជាក់ថា៖ «ខ្ញុំអាចធានានៅចំពោះមុខអ្នកថា ប្រសិនបើយើងមិនអាចគ្រប់គ្រងភាពខុសគ្នាបានទេ យើងនឹងត្រូវបំផ្លាញ»។
បញ្ហាក្នុងតំបន់ដូចជាវិបត្តិនៅមីយ៉ាន់ម៉ា និងភាពតានតឹងនៅសមុទ្រចិនខាងត្បូងដែលចិនមានជម្លោះជាមួយសមាជិកអាស៊ាន ៤ ប្រទេស រួមមានហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងព្រុយណេ ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលផងដែរ។ កិច្ចប្រជុំកំពូលអាស៊ានកើតឡើង ស្របពេលកូរ៉េខាងជើងត្រូវបានរាយការណ៍ថា ពិនិត្យមើលការផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ីនូវគ្រឿងសព្វាវុធបន្ថែមទៀតសម្រាប់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន។
នៅក្នុងកិច្ចប្រជុំនាសប្តាហ៍នេះ អាស៊ានក៏បានរៀបចំកិច្ចប្រជុំមួយចំនួនជាមួយប្រទេសនានាក្នុងនោះ មានកិច្ចប្រជុំអាស៊ានអាស៊ីបូព៌ា ដែលមានសមាជិកអាស៊ានទាំង ១០ ប្រទេស រួមមានសហរដ្ឋអាមេរិក ចិន ជប៉ុន អូស្រ្តាលី នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងឥណ្ឌាជាដើម។
នៅក្នុងកិច្ចប្រជុំរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកញ្ញា មេដឹកនាំអាស៊ានដែលបច្ចុប្បន្នមាន ១០ ប្រទេស រួមទាំងកម្ពុជាផងដែរបានបង្ហាញក្តីព្រួយបារម្ភអំពីកំណើននៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ដោយអំពាវនាវប្រទេសនានាកុំឲ្យបង្កើតភាពតានតឹងថ្មី និងបន្ធូរបន្ថយភាពតានតឹងដែលឡើងកំដៅ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «យើងបង្ហាញការព្រួយបារម្ភទៅលើភាពតានតឹងភូមិសាស្រ្តនយោបាយដែលកាន់តែកើនឡើងខ្លាំងនៅក្នុងតំបន់ និងសង្កត់ធ្ងន់ទៅ លើតម្លៃ និងការពាក់ព័ន្ធនៃទស្សនវិស័យរបស់អាស៊ានលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សម្រាប់សន្តិភាព ស្ថិរភាពនិងវិបុលភាពរបស់អាស៊ាន»៕