គេហទំព័រ​ថ្មី​​រាយ​ឈ្មោះ​​និង​​ធ្វើ​​ឲ្យ​អាម៉ាស់​​ដល់​​អ្នក​​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ

ការ​ផ្តួច​ផ្តើមគំនិត​ថ្មី​តាម​បណ្តាញ​អ៊ិនធឺណិតបាន​កំពុង​ធ្វើ​ឡើង​សំ​ដៅ​ទៅ​លើ​វប្បធម៌​ពុក​រលួយ​ដ៏រាលដាល​ ​របស់​ប្រទេស​ឥណ្ឌូនេស៊ី។
ដោយ៖ Kate Lamb
ប្រែ​សម្រួល​ដោយ៖ សៀក អេង
នៅ​ក្នុង​ប្រទេសមួយដែល​រឿង​អាស្រូវ​ស្តីពីអំពើ​ពុក​រលួយ​ថ្មី​មួយបាន​ក្លាយ​ជា​ចំណង​ជើង​ធំស្ទើរតែ​រាល់​សប្តារហ៍ទៅហើយ ការ​ផ្តួច​ផ្តើមគំនិត​ថ្មី​តាម​បណ្តាញ​អ៊ិនធឺណិតបាន​កំពុង​ធ្វើ​ឡើង​សំ​ដៅ​ទៅ​លើ​វប្បធម៌​ពុក​រលួយ​ដ៏រាលដាល​ ​របស់​ប្រទេស​ឥណ្ឌូនេស៊ី។
នៅ​សប្តាហ៍​ដំបូង​ គេហទំព័រ​ថ្មី​របស់​ឥណ្ឌូនេស៊ីឈ្មោះ ​Korupedia.com បាន​ទទួលការ​ចូល​អាន​ចំនួន​២​លាន​ដង។

គេហទំព័រ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ថ្មី​របស់​ឥណ្ឌូនេស៊ី បាន​រាយ​ឈ្មោះ​មនុស្ស​ចំនួន​១០៨​នាក់ដែល​បាន​កាត់​ឲ្យ​ជាប់​ទោស​ពី​បទពុក​រលួយ ​ដែល​ជា​គំនិត​ផ្តួច​ផ្តើម​ស្រដៀងគ្នា​នៅ​ប្រទេស​ឥណ្ឌា ដែលត្រូវបាន​ហៅ​ថា Ipaidabribe.com

គេហទំព័រ​នោះ​បាន​ដាក់បញ្ចូលព័ត៌មានលម្អិត ដូចជា​ឈ្មោះ បញ្ជី​ឈ្មោះ​នៃ​ការ​កាត់​ទោស​ និង​រូបថត​របស់​អ្នកដែល​ត្រូវ​បាន​កាត់​ទោស​។

លោក អេរី ហាតចាផាមីខាស(ErryHardjapamekas) អតីត​ប្រធាន​នៃ​គណកម្មាការ​លុប​បំបាត់អំពើ​ពុក​រលួយ​របស់​ឥណ្ឌូនេស៊ី(Indonesia's Corruption Eradication Commission) មានប្រសាសន៏ថា ការ​ធ្វើ​ឲ្យ​អៀន​ខ្មាស់​ជាសាធារណដោយ​ធ្វើ​ការ​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឺណិត ទំនង​ជាអាចទប់​ស្កាត់​អ្នក​ប្រព្រឹត្តអំពើ​ពុក​រលួយ​នា​ពេល​អនាគត។

«ខ្ញុំ​គិត​ថា នេះ​ជា​ការចាប់​ផ្តើម​ដ៏​ល្អ។ ខ្ញុំ​គិត​ថា ក្រោយមក​ យើង​អាច​រំពឹង​ថា កូរេពីឌៀ(Korupedia) នឹង​ជា​សព្វវចនាធិប្បាយស្តីពីអំពើ​ពុក​រលួយ ប៉ុន្តែ​វា​មិន​ត្រឹម​តែ​ជា​មជ្ឈមមណ្ឌលនៃ​ចំណេះ​ដឹង​ប៉ុណ្ណោះទេ វា​ថែម​ទាំង​ជា​ការ​រំលឹកដល់​មនុស្ស​គ្រប់​រូប​ពី​អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដែល​បានត្រូវ​កាត់​ឲ្យ​ជាប់​ទោស​ ហើយ​អ្នក​ប្រព្រឹត្ត​អំពើរ​ពុក​រលួយ​ប្រកប​ដោយ​សក្តា​នុពល​ ដែល​កំពុង​ត្រូវ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត ឬ​ត្រូវ​ទទួល​កាត់​ចោទ​ប្រកាន់។»

បើ​យោង​តាមអង្គភាព​តម្លា​ភាព​អន្តរជាតិ(Transparency International) ប្រទេស​ឥណ្ឌូនេស៊ី ជាប់​ចំណាត់​ថ្នាក់​លេខ១០០ ក្នុង​ចំណោម​ប្រទេស​ទាំង​១៨៣ នៃ​សន្ទស​ទស្សន​ស្តីពីពុក​រលួយ (Corruption Perception Index) ដែល​ធ្វើ​ឲ្យឥណ្ឌូនេស៊ី​មាន​កំរិត​ពុក​រលួយ​ខ្ពស់​ជាង​ឥណ្ឌាទៅ​ទៀត។

ទោះ​បី​ជា​មាន​ឳកាស​ធ្វើ​ជំនួញ​ដ៏សំខាន់នៅ​ទី​នេះ ​អំពើ​ពុក​រលួយនៅគ្រប់ទីកន្លែង​ ​និងការផ្តល់​ប្រាក់សំណូក គឺ​ជា​ឧបសគ្គ​មួយ​ដ៏​ធំ​បំផុត ចំពោះជន​បរទេស​ដែល​ធ្វើ​ជំនួញ​នៅប្រទេស​ឥណ្ឌូនេស៊ី។
ទោះ​បី​ជា​សមាគមន៍​ពាណិជ្ជកម្ម​បរទេស​ ទំនង​ជា​ស្វាគមន៍​វិធានការនេះ​ ការ​លុប​បំបាត់​អំពើ​ពុក​រលួយ នឹងមិន​មែនកើត​ឡើង​ភ្លាម​ៗ​ទេ។

ប៉ុន្តែ ​វានៅ​តែ​ជា​ជំហាន​មួយ​ដែល​ស្ថិតក្នុង​ទិស​ដៅ​ដ៏​ត្រឹម​ត្រូវ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់អ្នកវិភាគ​ ខេត ឡូវឺរ៉ាទ(Keith Loverard) នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ខន់​ឃត (Concorde Consulting)។ វាជាក្រុម​ហ៊ុន ដែល​ផ្តល់​ប្រឹក្សាដល់ក្រុមហ៊ុនបរទេសស្តីពី​ការ​ធ្វើ​ជំនួញនៅ​ប្រទេស​ឥណ្ឌូនេស៊ី។

«ទស្សន​វិជ្ផ​មាននោះ​គឺ​ថា លុះ​ត្រា​តែ​អ្នក​មាន​ការបង្កើត​ក្រុមដែលមិន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​និងបុគ្គល ធ្វើ​មិន​ដឹង​មិន​ឭចំពោះ​អំ​ពើ​ពុក​រលួយ ហើយ​រហូតដល់ក្រុម​នោះ​បាន​កើត​ឡើង តាម​ពិត​ខ្ញុំ​មាន​ការ​សង្ស័យ​យ៉ាង​ខ្លាំង​ថានឹងមាន​ការ​ផ្លាស់​ប្តូរ​ជា​ដុំ​កំភួនដែរឬ​អត់​។ ដូច្នេះ ខ្ញុំ​ចាត់​ទុកសកម្ម​ភាព​ទាំង​នេះថាជា​វិធានការ​ជា​វិជ្ជមាន​មួយ​សម្រាប់​សង្គម​ស៊ីវិល​ក្នុង​ការ​អភិវឌ្ឍ​មនសិការ​ប្រកប​ដោយ​សីលធម៌​ ដើម្បីអនុវត្តទៅលើ​គោលការណ៍នេះឬ​ខ្លឹមសាររបស់​ប្រទេស​ ដូច​ធ្លាប់​កើត​មាន​ពីមុនដែរ»។

លោក​ប្រធានាធិបតីសូស៊ីឡូ បាមបាំង យូដូយូណូ(SusiloBambangYudhoyono) បាន​ធ្វើ​យុទ្ធនាការ​ធំ​មួយ​ប្រឆាំង​នឹង​អំពើរ​ពុក​រលួយ ប៉ុន្តែ​លោក​ត្រូវ​បាន​រិះគន់​យ៉ាង​ទូលំទូលាយ​ ចំពោះ​ការខក​ខាន​មិន​បាន​ប្រយុទ្ធប្រឆាំង​នឹង​អំពើរ​ពុក​រលួយ។

នៅ​ខែ​មេសា​ឆ្នាំ​នេះ លោក ​មូហាមេត ណាហ្សារូដឌីន(Muhammad Nazaruddin) ហេរញ្ញិក​នៃ​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាធិបតេយ្យ(Democratic Party ) បាន​ត្រូវ​ដាក់​ទោស​ឲ្យ​ជាប់ពន្ធនាគាររយៈ​ពេល​៤​ឆ្នាំនិង​១០​ខែ ​ក្នុង​រឿង​អាស្រូវសំណូក។ ការ​កាត់​ទោស​របស់​លោក បានបង្ក​ឲ្យ​មាន​ការ​ស៊ើប​អង្កេតបន្ថែមទៅ​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល ​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​ទៅនឹង​ការ​អនុវត្ត​ស្រដៀង​គ្នា​នេះដែរ។

យោង​តាម​ការ​ស្ទង់​មតិ​ហ្គាលឡាប់​(Gallup poll) ​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន ប្រហែល​ជា​៩១​ភាគ​រយ​នៃ​ប្រជាពល​រដ្ឋឥណ្ឌូនេស៊ី​ ជឿ​ជាក់​ថា អំពើពុក​រលួយ​នៅ​ក្នុង​រដ្ឋាភិបាល​មាន​ភាព​រាលដាលយ៉ាង​ខ្លាំង៕