ប្រទេស​ឥណ្ឌា​ចាប់ផ្តើម​បញ្ជូន​ជន​ភៀស​ខ្លួន​មីយ៉ាន់ម៉ា​មួយ​ក្រុម​ដំបូង​ដែល​បាន​រត់គេច​ពី​រដ្ឋប្រហារ​ឆ្នាំ២០២១

  • ​Reuters

រូបឯកសារ៖ កុមារ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ឈរ​នៅ​តាម​ផ្លូវ​មួយ​នៅ​ជំរំ​ជនភៀសខ្លួន​ក្នុង​ទិវា​ជនភៀសខ្លួន​ពិភពលោក ក្នុង​ទីក្រុង​ញូវដែលី​កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

កាលពី​ថ្ងៃសុក្រ ទី៨ ខែមីនា ប្រទេស​ឥណ្ឌា​បាន​ចាប់ផ្តើម​បញ្ជូន​ជនភៀស​ខ្លួន​មីយ៉ាន់ម៉ា​មួយ​ក្រុម​ដំបូង​ដែល​ស្វែងរក​ទីជម្រក​នៅ​ទីនោះ​បន្ទាប់​ពី​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ២០២១ ហើយ​គ្រោង​នឹង​បញ្ជូន​បន្ថែម​ទៀត​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ និង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ បន្ទាប់​ពី​ប្រទេស​នេះ​បាន​ថ្លែង​ថា ខ្លួន​នឹង​បញ្ចប់​គោលនយោបាយ​ព្រំដែន​គ្មាន​ទិដ្ឋាការ​ជាមួយ​មីយ៉ាន់ម៉ា។

ជន​ស៊ីវិល​រាប់​ពាន់​នាក់ និង​ទាហាន​រាប់​រយ​នាក់​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​បាន​ភៀស​ខ្លួន​ទៅ​រដ្ឋ​នានា​នៅ​ប្រទេស​ឥណ្ឌា ជា​កន្លែង​ដែល​សហគមន៍​នៃ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ជាតិសាសន៍ និង​គ្រួសារ​នឹង​គ្នា ដែល​ធ្វើ​ឱ្យ​មាន​ការព្រួយបារម្ភ​ដល់​រដ្ឋាភិបាល​ក្រុង​ញូវដែលី ដោយសារ​តែ​ហានិភ័យ​នៃ​ភាព​តានតឹង​សហគមន៍​រីករាលដាល​ដល់​ប្រទេស​ឥណ្ឌា។

លោក N. Biren Singh អភិបាល​រដ្ឋ Manipur នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ឥណ្ឌា​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​មីយ៉ាន់ម៉ា បាន​ថ្លែង​នៅ​ក្នុង​សារ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម X ថា «ក្រុម​ទី​មួយ​នៃ​ជនជាតិ​មីយ៉ាន់ម៉ា​ដែល​បាន​ចូល​ក្នុង​ប្រទេស​ឥណ្ឌា​ដោយ​ខុស​ច្បាប់​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​វិញ​នៅ​ថ្ងៃ​នេះ»។

រដ្ឋ Manipur គ្រោង​នឹង​បញ្ជូន​ជន​ភៀស​ខ្លួន​យ៉ាង​តិច ៧៧ នាក់​ត្រឡប់​ទៅ​វិញ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃសុក្រ ទី៨ ខែមីនា។ នេះ​បើ​យោង​តាម​ឯកសារ​របស់​រដ្ឋាភិបាល​ថ្នាក់​រដ្ឋ ដែល​សារព័ត៌មាន Reuters បាន​ឃើញ។ នៅ​រដ្ឋ​នេះ​ មាន​ការ​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា​ជា​បន្តបន្ទាប់​ ដែល​បាន​សម្លាប់​មនុស្ស​ជិត ២០០ នាក់​រហូត​មក​ដល់​ពេល​នេះ ​ចាប់​តាំង​ពី​ពេល​ផ្ទុះ​ឡើង​នូវ​ការ​ប៉ះទង្គិច​ជាតិសាសន៍​កាលពី​ខែឧសភា​ឆ្នាំ​មុន។

មន្ត្រី​សន្តិសុខ​ឥណ្ឌា​ម្នាក់​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​សារ​ភាព​រសើប​នៃ​បញ្ហា​នេះ​ថា ជន​ភៀស​ខ្លួន​ក្រុម​ដំបូង​បាន​មក​ដល់​ទីក្រុង​ Moreh ដែល​ជា​ទីក្រុង​នៅ​ព្រំដែន​ឥណ្ឌា​ ហើយ​ទំនង​ជា​ត្រូវ​បាន​ប្រគល់​ខ្លួន​ទៅ​មីយ៉ាន់ម៉ា​នៅដើម​ខែមីនា​កន្លង​ទៅ​នេះ។

លោក Singh បាន​ចែករំលែក​វីដេអូ​មួយ​នៅ​លើ​បណ្តាញ​សង្គម X ដែល​បង្ហាញ​ពី​ជន​ភៀស​ខ្លួន​ជា​ស្ត្រី​មួយ​ចំនួន​ដែល​ត្រូវ​បាន​នាំ​ចេញ​ពី​រថយន្ត​កង​សន្តិសុខ និង​យក​ទៅ​អាកាសយានដ្ឋាន។

អ្នក​នាំពាក្យ​បាន​ថ្លែង​កាលពី​ពេល​ថ្មីៗ​នេះ ថា ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក «ព្រួយបារម្ភ​ចំពោះ​របាយការណ៍​ដែល​ថា ការ​បញ្ជូនខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ពី​ប្រទេស​ឥណ្ឌា​ទៅ​មីយ៉ាន់ម៉ា ​រួម​មាន​ជន​ភៀស​ខ្លួន និង​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន»។

ក្រសួង​ការបរទេស​អាមេរិក​បាន​រំឭក​ឡើង​វិញ​នូវ​ការ​អំពាវនាវ​របស់​អង្គការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ «ដែល​បាន​ជំរុញ​ឱ្យ​ប្រទេស​ជិត​ខាង​របស់​មីយ៉ាន់ម៉ា​ផ្តល់​កន្លែង​ជ្រក​កោន និង​ការ​ការពារ​ដល់​អ្នក​ដែល​ភៀស​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា និង​ការ​បៀតបៀន»។

រដ្ឋាភិបាល​ក្រុង​ញូវដែលី​មិន​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ស្តី​ពី​ជន​ភៀស​ខ្លួន​ឆ្នាំ១៩៥១ របស់​អង្គការ​សហប្រជាជាតិ ដែល​ចែង​អំពី​សិទ្ធិ​ជន​ភៀស​ខ្លួន និង​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋ​ដើម្បី​ការពារ​ពួកគេ​នោះ​ទេ ហើយ​ក៏​មិន​មាន​ច្បាប់​ជាតិ​ការពារ​ជន​ភៀស​ខ្លួន​ដែរ។​

លោក Singh បាន​សរសេរ​នៅ​ក្នុង​សារ​របស់​លោក​ថា ប្រទេស​នេះ​បាន​ផ្តល់​«ជម្រក និង​ជំនួយ​ដល់​អ្នក​ដែល​ភៀស​ខ្លួន​ចេញ​ពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ក្រោម​ហេតុផល​មនុស្សធម៌ ដោយ​ប្រើប្រាស់​វិធីសាស្រ្ត​ជា​ប្រព័ន្ធ»។

កាលពី​ខែកុម្ភៈ​ ប្រទេស​ឥណ្ឌា​បាន​ថ្លែង​ថា ខ្លួន​នឹង​បញ្ចប់​គោលនយោបាយ​ធ្វើ​ដំណើរ​គ្មាន​ទិដ្ឋាការ​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​មាន​អាយុកាល​រាប់​ទសវត្សរ៍​មក​ហើយ​សម្រាប់​ពលរដ្ឋ​នៅ​តាម​ព្រំដែន​របស់​ប្រទេស​ទាំង​ពីរ ក្រោម​ហេតុផល​ផ្សេងៗ​ដែល​រួម​មាន​ហេតុផល​សន្តិសុខ​ជាតិ​ផង​ដែរ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ធ្វើ​របង​ព្រំដែន​ប្រវែង ១.៦៤៣ គីឡូម៉ែត្រ​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា៕