ចំណូល​របស់​អ្នកនេសាទ​នៅ​ជុំវិញ​បឹង​ទន្លេ​សាប​ថយ​ចុះ​ខ្លាំង​ ចំ​ពេល​ផល​ត្រី​ចុះ​ទាប

ត្រីកេសដែលចាប់បានពីបឹងទន្លេសាបថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ អ្នកនេសាទក៏ពិបាករកបានត្រីប្រភេទនេះដែរ។(ហ៊ុល រស្មី/VOA)

ឃុំ​កំពង់ឃ្លាំង ខេត្ត​សៀមរាប — នៅ​ក្រោម​ផ្ទះ​ឈើ​សង់​ខ្ពស់​ពី​ដី​ជាង​៣​ម៉ែត្រ ក្នុង​ឃុំ​កំពង់​ឃ្លាំង​ ស្រុក​សូត្រ​និគម​ ខេត្ត​សៀម​រាប អ្នក​នេសាទ​ត្រី​ លោក សុខ ថុល កំពុង​ជួស​ជុល​លប ​ដែល​មាន​ក្រឡា​តូចៗ​ សម្រាប់​ត្រៀម​ចាប់ត្រី​នៅ​ក្នុងបឹង​ទន្លេសាប។

លោក សុខ​ ថុល​ អាយុ​៣៤​ឆ្នាំ​ និយាយ​ថា​ការ​នេសាទ​ត្រី​ឆ្នាំ​នេះ មិន​ឲ្យ​ផល​ច្រើន​ដូច​ឆ្នាំ​មុនៗ​ទេ។

«ក្រ​មែន​នោះ​ណា៎​ឆ្នាំ​នេះ ខ្ញុំអត់​ដែល​រក​ត្រី​ អត់​ដែលទើប​ឃើញ​ឆ្នាំ​នេះ​ ក្រ​ហួស​ត្រី»។

ឃុំ​កំពង់​ឃ្លាំង​ជា​ជម្រក​អ្នក​នេសាទ​ត្រីរាប់​រយ​នាក់។ ផ្ទះ​របស់​លោក ​សុខ​ ថុល​ នៅ​ចម្ងាយ​ជាង​១០​ម៉ែត្រ​ពី​ដង​ព្រែក​មួយ​ ដែល​មាន​ប្រភព​ទឹក​ចេញ​មក​ពី​បឹង​ទន្លេសាប។

លោកសុខ ថុលកំពុងអង្គុយជួសជុលលបនៅក្រោមផ្ទះរបស់លោកនៅ ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិយម ខេត្តសៀម ថ្ងៃទី១១ ខែធ្នូ ឆ្នំា២០១៩។ (ហ៊ុល រស្មី/VOA)

កម្រិត​ទឹក​នៅ​ឆ្នាំ​នេះ​ឡើងយឺត​ជាង​សព្វ​ដង ហើយ​ឡើង​មិន​ផុត​កន្លះ​ម៉ែត្រ​នៃ​សសរ​ផ្ទះ​របស់​លោក សុខ​ ថុល ទេ។ ទឹក​ដែល​ឡើង​យឺត​ និង​មិន​ជន់​ធំ​នេះ បាន​បំផ្លាញ​ពង​ត្រី​ធំៗ​ដូច​ប្រ​ភេទ​ត្រី​ឆ្ដោរ។ ការ​បំផ្លិច​បំផ្លាញ​នេះ​ បាន​នាំ​ឲ្យ​ផល​នេសាទ​ឆ្នាំ​នេះ​ ធ្លាក់​ចុះ​ក្រោម​៥០​ភាគរយ​ បើ​ប្រៀប​ធៀប​នឹងផល​ត្រី​ដែល​លោក​ចាប់​បាន​កាល​ពី​ឆ្នាំ​មុន។

លោក​ សុខ​ ថុល​ ដែល​ចាប់​អាជីព​ជា​អ្នកនេសាទ​ត្រី​តាំងពី​អាយុ​ប្រមាណ​១៤​ឆ្នាំ បាន​ថ្លែង​ប្រាប់ ​VOA ​ថា ការ​ធ្លាក់​ចុះ​ផល​នេសាទ​ខ្លាំង​បែប​នេះ បាន​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​របស់​លោក​ធ្លាក់​ចុះ​ បើ​ធៀប​នឹង​ឆ្នាំ​មុន។

លោក សុខ ថុល​ ដែល​មាន​កូន​៤​នាក់​ក្នុង​បន្ទុក បាន​ថ្លែង​ថា៖ «ឆ្នាំ​ទៅ​បាន​មួយថ្ងៃ​ត្រឹម​ប្រាំ​ពីរ​ ប្រាំ​បី​ម៉ឺន​ បួន​ដប់ម៉ឺន អា​នោះ​ថា ​ប្រ​ចាំ។ ថ្ងៃ​ណា​នោះ វា​លើស​នោះ​ទៀត​ ម្ភៃ​ សាមសិប​ម៉ឺន​ដែរ។ សព្វថ្ងៃ​អស់​ហើយ​ប្រាំ​ម៉ឺន​ បី​ម៉ឺន»។

អ្នកស្រីងុន ឈឺនវ័យ៥២ ឆ្នាំកំពុងជួយជុសជុលលបសម្រាប់ចាប់ត្រីរបស់លោក​សុខ ថុល។ (ហ៊ុល រស្មី/VOA)

នៅ​ក្រោម​ផ្ទះ​របស់​អ្នកនេសាទ​ដទៃ​ទៀត​ក្នុង​ឃុំ​កំពង់​ឃ្លាំង​ មិន​មាន​អ្វី​ដែល​គេ​អាច​មើល​ឃើញ​ច្បាស់​ក្រៅពី​លប​ត្រី​ដែល​មាន​សភាព​ចាស់​ៗ​នោះ​ទេ។ ក្រុម​អ្នកនេសាទ​មួយ​ចំនួន​ បាន​ដាក់​ហាល​ត្រី​តូចៗ​នៅមុខ​ផ្ទះ​របស់​ពួកគាត់។

លប​ចាស់ៗ​មាន​ក្រឡា​តូចៗ​ ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ដេក​រណែល​ក្រោម​ផ្ទះ​របស់​លោក ប៉ូ សុខឃី​ ដែល​ជា​អ្នក​នេសាទ​មាន​វ័យ​ចំណាស់​ម្នាក់។

​លោក​កំពុង​រវល់​ជួស​ជុល​លប​ដែល​មាន​មុខ​កាត់​ប្រវែង​ជិត​២ម៉ែត្រ​ និង​បណ្ដោយ​៦០​ម៉ែត្រ​ ដែល​បាន​ដាច់​ធ្លាយ​ជា​ច្រើន​កន្លែង ក្រោយ​ពេល​ប្រើ​វា​អស់​រយៈ​ពេល​៥ឆ្នាំ។

អង្គុយ​ជាប់​ផ្ទាល់​នឹង​ដី​ ក្រោម​ផ្ទះ​ឈើ​ដែល​សង់ខ្ពស់​ពី​ដី​ប្រមាណ​៣​ម៉ែត្រដើម្បី​បញ្ចៀស​ការ​ជន់​លិច​ក្នុង​រដូវ​ទឹក​ឡើង​ អ្នក​នេសាទ​វ័យ​៤៩​ឆ្នាំ​រូប​នេះ ពិបាក​នឹង​បញ្ជាក់​ពី​ប្រាក់​ចំណូល​ដែល​លោក​អាច​រក​បាន​ជាប្រចាំ​ថ្ងៃ​ក្នុង​រដូវ​ដែល​លោក​អាច​នេសាទ​ត្រី​បាន។

លោក​ថា​ផល​ត្រី​ដែល​រក​បាន​តិចតួច​សព្វថ្ងៃ​នេះ​គឺ​អាច​ឲ្យ​លោក​ផ្គត់​ផ្គង់​ការ​ចំណាយ​សម្រាប់​តែ​មួយ​ថ្ងៃៗ​ប៉ុណ្ណោះ ពោល​គឺ​ថ្ងៃ​ណា​ខ្លះ លោក​រក​បាន​ត្រឹម​តែ​ពី​៤ម៉ឺន​រៀល​ទៅ​៥​ម៉ឺន​រៀល​ ប្រសិន​បើ​លោក​អាច​រក​បាន​ត្រី​ប្រមាណ​ជា​២០​ទៅ​៣០​គីឡូ​ក្រាម។

«ទេ​រក​គ្រាន់តែ​ហូប​មិន​ចង់​គ្រប់​ផង​សព្វថ្ងៃ​ហ្នឹង។ ឈប់​រក​ក៏​អត់​លុយ​ អត់​មាន​ថា​រក​ឲ្យ​បានថា​ឃើញ​សល់​លុយ​ សល់​កាក់​អត់​ទេ។ វា​ពិបាក​រក​នេសាទ​ចឹង​ ​ព្រោះ​រក​មួយថ្ងៃ​ ហូប​មួយថ្ងៃ»។

លោកប៉ូ សុខឃី ដែលជាប្រជានេសាទ ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាបកំពុងជួសជុលលបដែលរហែករបស់លោកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

លោក ​ប៉ូ សុខឃី​ មិន​ទម្លាក់​ដៃ​ឈប់​ជួស​ជុល​លប​ចាប់​ត្រី​របស់​លោក​នោះ​ទេ​ នៅ​ពេល​លោក​កំពុង​ផ្ដល់​បទ​សម្ភាសន៍​ដល់ ​VOA ​នៅ​ក្រោម​ផ្ទះ​របស់​លោក ​ស្ថិត​ក្នុង​ឃុំ​កំពង់ឃ្លាំង​ដែល​មាន​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​ពី​ក្រុង​សៀម​រាប។

លោក​និយាយ​ថា​ នៅ​ពេល​នេះ​ផល​ត្រី​កាន់​តែ​ខ្សត់​ទៅ​ៗ នៅ​ពេល​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ ការ​សង់​ទំនប់​វារីអគ្គិសនី​លើ​ដង​ទន្លេ​មេគង្គ​ និង​ការ​ប្រើ​ទូក​កាណូត​ធំៗប្រភេទ​យំាងកាវ​របស់​ឈ្មួញ​ធំៗ ដើម្បី​ប្រមូល​ផល​ត្រីក្នុង​បឹង​ទន្លេសាប​។

លោក​រំឭក​ឡើង​វិញ​ថា​ ត្រី​នៅ​សម្បូរ​នៅ​ឡើយ​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​ តែ​រយៈពេល​៣​ទៅ​៤​ឆ្នាំ​ចុង​ក្រោយ​នេះ ទិន្នផល​ត្រី​បាន​បន្ត​ធ្លាក់​ចុះ។ លោក​អះអាង​ថា​ ពូជ​ត្រី​ធំៗ​ក៏​សឹង​តែ​លែង​មាន​នៅ​ក្នុង​បឹង​ទន្លេ​សាប។

«ឥឡូវ​ចប់ ​អត់​មាន​ត្រី​លើក​ទេ។ រឿង​ត្រី​ធំ​ ត្រី​ឆ្កោក​ ត្រី​ឆ្ពិន អត់​មាន​ទេ»។

កម្មករត្រៀមជញ្ជូនត្រីពីទូកមួយ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាបថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

អ្នក​ឃ្លាំមើល​ស្ថានភាព​តំបន់​ទន្លេ​មេគង្គ​ កត់​សម្គាល់​ថា​បាតុភូត​រាំងស្ងួត El Nino​និង​ទំនប់​វារីអគ្គិសនី​នៅ​ផ្នែក​ខាង​លើ​ទន្លេ​មេគង្គ​ បាន​ធ្វើ​ឲ្យ​ប្រែប្រួល​នៃ​ការ​រីក​ធំ និង​រួម​តូច​នៃ​ផ្ទៃ​បឹង​ទន្លេ​សាប។​ ការ​រីក​ធំ​និង​រួម​តូច​នៃ​ផ្ទៃ​បឹង​ទន្លេសាប​ ធ្លាប់​កើត​ឡើង​រយៈពេល​៤ ទៅ​៥ខែ​ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ស្ថានភាព​នេះ​ បាន​កើត​ឡើង​តែ​៥​សប្តាហ៍​ប៉ុណ្ណោះ។

លោក Brian Eyler អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «ថ្ងៃ​ចុង​ក្រោយ​របស់​ទន្លេ​មេគង្គ​ដ៏​មហិមា» ​បាន​ពន្យល់​តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល​ថា​ នៅ​ចុង​រដូវ​ខ្យល់​មូសុង​ ទឹក​ទន្លេ​មេគង្គ​បាន​វិល​ទៅ​រក​លំហូរ​ធម្មតា​វិញ​ ហើយ​ទឹក​បឹង​ទន្លេសាប បាន​ហូរ​ចាក់​ត្រឡប់​ទៅ​តួ​ទន្លេ​មេគង្គ​វិញ​ ដោយ​បាន​បញ្ជូន​ត្រី​ទៅ​សម្បុក​ពង​របស់​ពួកវាទៅ​ផ្នែក​ខាង​លើ​ និង​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ។ ការ​វិល​ទៅ​មក​នៃ​ទឹក​ទន្លេ​មេគង្គ​ជា​ប្រចាំ​ឆ្នាំ​របស់​ទន្លេ​មេគង្គ​បាន​ផ្ដល់​ផល​ត្រី​ចំនួន​២,៦​លាន​តោន​សម្រាប់​ប្រទេស​ទន្លេ​មេគង្គ​ទាំង​អស់។

ប៉ុន្តែ​អ្នក​ជំនាញ​ខាង​ផ្នែក​ថាមពល​និង​ធនធាន​ទឹក​រូប​នេះ លើក​ឡើង​ថា​ឆ្នាំនេះ​ លំហូរ​ទឹក​វិល​ចុះ​ឡើង​នេះ​ ត្រូវ​បាន​រំខាន​យ៉ាង​ធ្ងន់ធ្ងរ​ ហើយបាន​បង្ក​ឲ្យ​ផល​ប៉ះពាល់​នៃ​កង្វះ​អាហារ ពាក់​ព័ន្ធ​នឹង​កង្វះ​ត្រី​នៅ​ក្នុងរដូវ​នេសាទ​ដែល​មាន​ពី​ដើម​មក និង​ដែល​ចាប់​ផ្ដើម​ពី​ខែ​ធ្នូ​ រហូត​ដល់​ខែ​កុម្ភៈ។

លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ជា​ធម្មតា​ការ​ស្រក​ចុះ​និង​ឡើង​របស់​ទឹក​ក្នុង​បឹង​ទន្លេ​សាប គឺ​ការ​ចាប់ផ្ដើមនៃ​ការ​រីក​ធំ​មាឌ​របស់​វា​ និង​ការ​រួម​តូច​ទៅ​វិញ​មាន​រយៈ​ពេល​៤​ទៅ​៥​ខែ។ ប៉ុន្តែ​ឆ្នាំ​នេះ​ វា​បាន​កើត​ឡើង​តែ​៥​សប្ដាហ៍​ប៉ុណ្ណោះ​ ដោយ​សារ​កត្តា​រួម​គ្នា​នៃ​បាតុភូត​រាំង ​El Nino និង​ទំនប់​នៅ​ផ្នែក​ខាង​លើ​ទន្លេ​មេគង្គ»។

ក្រុម​អ្នក​ទិញ​ដូរ​ត្រី​ និង​អាជីវករ​ផ្សេង​ទៀត ដែល​ស្វែង​រក​ប្រាក់​ចំណូលក្នុង​រដូវ​នេសាទ​ឆ្នាំ​នេះ នៅ​ខេត្ត​សៀម​រាប​ យល់​ស្រប​នឹង​ការអធិប្បាយ​របស់​លោក​ Brian Eyler។ ​

សង្កាត់​ចុងឃ្នៀស​ ​មាន​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ​ពី​ក្រុង​សៀម​រាប។ នៅ​ក្នុង​សង្កាត់​ដែល​ជា​ទី​កន្លែង​ទេសចរណ៍​ផង​នោះ​ កម្មករ​វ័យ​ក្មេង​ជា​ច្រើន​នាក់​ កំពុង​ចូក​យក​ត្រី​តូចៗ​ចេញពី​ទូក ជាប់​ព្រែក​មួយ​កន្លែង​ជាប់​បឹង​ទន្លេសាប។ ត្រី​តូច​ៗ​ទាំង​នោះ​ ត្រូវ​គេ​យក​ទៅ​ធ្វើ​ជា​ចំណី​ត្រី​ធំៗ​ ឬ​ក៏​យក​មក​ចម្រាញ់​ធ្វើ​ទឹក​ត្រី​ដើម្បី​ផ្គត់​ផ្គង់​ក្នុង​ស្រុក។

អ្នកស្រី​ ហែម​ នី​ អាយុ​៥៥​ឆ្នាំ​ កំពុង​ឈរ​មើល​កម្មករ​ដឹក​ជញ្ជូន​កូន​ត្រី​នៅ​ត្រើយ​ខាង​ស្កាំ​នៃ​ព្រែក​នោះ។ អ្នកស្រី​ដែល​ជា​អាជីវករ​ជួញ​ដូរ​ត្រី​មក​ពី​តំបន់​ភ្នំ​ក្រោម​ បាន​អះអាង​ថា​ឆ្នាំ​នេះ​សម្បូរ​ត្រី​តូច​ តែ​ត្រី​ធំ​មិន​សូវ​មាន​ទេ។ អ្នកស្រី​ទិញ​ត្រី​តូច​ឬ​កូន​ត្រី​មួយ​ថ្ងៃ​យ៉ាង​តិច​៥​ទៅ​១០​តោន ​ដើម្បី​ចែក​ចាយ​ទៅ​កន្លែង​ចិញ្ចឹម​ត្រី​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​សៀម​រាប។

ការ​ប្រែប្រួល​អាកាស​ធាតុ​បាន​ក្លាយ​ជា​ក្ដី​បារម្ភ​របស់​អ្នក​ជួញ​ដូរ​ត្រី​រូប​នេះ​ ដោយសារ​ទឹក​ឆ្នាំ​នេះ​តូច​ ហើយ​ផល​ត្រី​ក៏​មិន​សូវ​សម្បូរ។

«បារម្ភ​ដែរ​ហ្នឹង​ បារម្ភ​ថា ខ្លាច​លោ​ ប៉ះទង្គិច​រឿង​ត្រី​យើង​បាន​តិច​បាន​អីចឹង​ខ្ញុំ​បារម្ភ​ដែរ​ណា! ​ព្រោះ​អី​មុខ​របរ​យើង​មាន​តែ​ប៉ុណ្ណឹង។ តែ​យើង​មិនសូវ​មាន​[​ត្រី] ​វា​មានប្រាក់​ចំណូល​តិច​តួច​ដែរ​ហ្នឹង​»។

អ្នកស្រី​បាន​បញ្ជាក់​ថា​អ្នកស្រី​បាន​ប្រមូល​ ទិញ​កូន​ត្រី ទៅ​លក់ ​បន្ត​នេះ​អាច​រក​ប្រាក់​ចំណេញ​មួយ​ថ្ងៃ​១០​ម៉ឺន​រៀល​ បន្ទាប់​ពី​កាត់​ការ​ចំណាយ​លើកម្មករ​លី​សែង​ដល់​ទៅ​១៤​នាក់។

កំពុង​ឈរ​លើ​ដង​ផ្លូវ​លំ​មួយ​នៅ​ជាប់​ព្រែក​ដែល​កម្មករ​កំពុង​វក់​វី​លី​សែង​ត្រី​នោះ លោក​ ទឹម សារិទ្ធ​ វ័យ​៣៣ឆ្នាំ​ អ្នក​ផ្គត់​ផ្គង់​ទឹកកក​សម្រាប់​ក្លាសេត្រី និយាយ​ថា​ រដូវ​នេសាទ​ត្រី​ឆ្នាំ​នេះ​ បាន​អូស​បន្លាយ​ពេល​ មក​ដល់​ខែ​វិច្ឆិកា​កន្លង​ទៅ​ និង​ខែ​ធ្នូ​នេះ។

លោក ទឹម សារិទ្ធ​ បន្ថែមថា​ រាល់​ដង​រដូវ​ដែល​ត្រូវ​ត្រី​ គឺ​ចាប់ពី​ខែ​កញ្ញា​មក ទើប​តែ​ឆ្នាំ​នេះ​ មាន​ការ​ប្រែប្រួល ដែលធ្វើឲ្យ​ចំណូល​របស់​លោកធ្លាក់​ជិត​៨០​ភាគរយ។

លោក​និយាយថា​ ឆ្នាំ​ទៅ​លោក​អាច​រក​បាន​ប្រាក់​ចំណូល​ប្រមាណ​៤០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​នៅ​រដូវ​ដែល​សម្បូរ​ត្រី​នេះ​ តែ​ឆ្នាំ​នេះ​ រក​បាន​ទាប​ជាង​នេះ​ឆ្ងាយ។

«ខ្ញុំ​រក​មួយ​ថ្ងៃ​ប្រាំពីរ ប្រាំ​បី​ម៉ឺន​ បួន​ដប់​ម៉ឺន​ កាត់​ទាំង​កូនចៅ​ឲ្យ​ផង​អី​ផង»។

កម្មករ​ជាច្រើន​នាក់​កំពុងបន្ត​លី​ត្រី​តូចៗចេញ​ពី​ទូក ខណៈ​អ្នក​លក់​ទឹក​កក​ខ្លះ​បាន​ដឹក​ទឹកកក​ទាំង​ដើមៗ​មក​ចែក​ចាយ​ និង​ខ្លះរង់​ចាំ​ចែក​ចាយ​រួច​ជា​ស្រេចនៅ​លើ​ដី​គោក។

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីកន្លែង​ផ្គត់​ផ្គង់​ទឹក​កក​របស់​លោក​ ទឹម សារិទ្ធ​ មាន​រោង​សង់​លើ​ទឹកមួយ​ដែល​មាន​ស្ត្រីបី​បួន​នាក់ ​កំពុង​សម្អាត​ត្រី​កេស​ រាប់​សិប​គីឡូ​ហើយ​ក្លាស់សេ​ទឹក​កក​សម្រាប់​បញ្ជូន​ទៅ​លក់​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។

លោក ​ទឹម សារិទ្ធ​ និយាយ​ថា​ ពូជ​ត្រី​ធំ​ៗ​ក្នុង​បឹង​ទន្លេសាប​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ ដោយ​សារ​ការ​រាន​ព្រៃ​លិច​ទឹក​ ដែល​ជាជម្រក​ត្រី​ពង។ ពូជ​ត្រី​ទាំង​នោះ មាន​ទាំង​ត្រី​កេស​ផង​ដែរ។

«ធម្មតា​យើង​រក​មិន​ដាច់​ពូជ​ទេ​ តែ​បើ​យើង​ដុត​ជម្រក​វា​ចោល​ហើយ​ មាន​ពូជ​អី​សល់​»។

អ្នកលក់​ទឹកកករូប​នេះបាន​បន្ថែម​ថា​ ការ​ប្រើ​ប្រាស់​ទូក​ម៉ាស៊ីន​កាណូតធំៗ​ ដើម្បី​ចាប់​ត្រី​ពី​បាត​បឹង​ទន្លេសាប បាន​ធ្វើ​ឲ្យ​ធនធាន​ត្រី​កាន់​តែ​ខ្សោះ​ទៅ​ ហើយ​ការ​រីកសាយ​ធំ​នៃ​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ ក៏​រឹត​តែ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជល​ផល​ក្នុង​បឹង​ទន្លេសាប។

លោក​ថា​ បើ​ទឹក​ឡើង​ធំ​មក​វិញ​ក្នុង​បឹង​ទន្លេសាប​ទៅ​ថ្ងៃ​ខាង​មុខ​ នោះ​ផល​ត្រី​ធំៗ​នឹង​សម្បូរ​ឡើង​វិញ តែ​បើ​ទឹក​បន្ត​ស្រក​ស្រុត​ នោះ​អ្នកនេសាទ​ត្រី​នឹង​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង។

ត្រីកេសដែលចាប់បានពីបឹងទន្លេសាបថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

ត្រីតូចដែលប្រមូលបានពីបឹងទន្លេសាប ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

លោក អេង ជាសាន ប្រធាន​រដ្ឋបាល​ជលផល​កម្ពុជា​បាន​បង្ហាញ​ក្ដី​បារម្ភ​កាលពី​កន្លង​មក​ថា​ផល​នេសាទ​ទឹកសាប​ឆ្នាំ​នេះ​នឹង​មិន​អាច​ឈាន​ដល់​៥០ម៉ឺន​តោន​បាន​ទេ។ លោក​ទទួល​ស្គាល់​ថា​ ការ​សង់​ទំនប់​វារីអគ្គិសនី​នៅ​ទន្លេ​មេគង្គ​ បាន​ធ្វើ​ឲ្យ​ថយ​ចុះ​កម្រិត​ទឹកក្នុង​បឹង​ទន្លេ​សាប។

​លោក​បាន​បន្ថែម​ថា​ ការ​ប្រែ​ប្រួល​អាកាសធាតុ​ ក៏​បាន​ក្លាយ​ជា​សម្ពាធ​លើ​ការ​កកើត​ត្រី​នៅ​ក្នុង​បឹង​ទន្លេ​សាប​ផង​ដែរ។

«តាម​ពិត​ដូច​ឆ្នាំ​ហ្នឹង​ ដោយ​សារ​បញ្ហា​អាកាស​ធាតុ​ហ្នឹង​ហើយ​ ដោយ​សារ​ថា​ភ្លៀង​វា​ក្រ​ វា​ភ្លៀង​មួយ​ចំនួន​ ភ្លៀងមួយ​ចំនួន​អីចឹង​ ប៉ុន្តែ​វា​ដើម​ឆ្នាំ​ វា​រៀង​ភ្លៀង​តិច។ ដូច្នេះ​ទឹក​ក្នុង​ស្រែ​អត់​ដក់​ ដោយសារ​ភ្លៀង​តិច​នៅ​ក្នុង​តំបន់​អីចឹង។ ទឹក​ទន្លេ​ក៏​វា​ឡើង​យឺត​ មិន​អីចឹង​ ហើយ​ដល់​ពេល​ពាក់​កណ្ដាល​ឆ្នាំ​ឃើញ​ភ្លៀង​បាន​ល្អ​បន្តិច​ រួច​ទៅ​ វា​ថយ​ចុះ»។

ការ​បិទ​ទ្វារ​ទំនប់​វារីអគ្គិសនី​មួយ​ចំនួន​នៅ​ប្រទេស​ចិន ​បាន​ធ្វើឲ្យ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​ដែល​ហូរ​ចូល​បឹង​ទន្លេសាប ធ្លាក់​ដល់​កម្រិត​ទាប​មួយ ពោល​គឺ​មិនបាន​ដល់​កម្ពស់​២​ម៉ែត្រ​ផង។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​កាលពី​ខែ​មេសា ឆ្នាំ​២០១៩។

ក្រសួង​ធនធាន​ទឹក​របស់​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​មុន​រដូវ​ទឹក​ឡើង​ក្នុងខែ​មិថុនា​ថាប្រទេស​កម្ពុជា​នឹង​ប្រឈម​នឹង​«សភាព​ក្ដៅ​ហួតហែង​ខ្លាំង»​ ដោយសារ​តែ​មាន​បាតុភូត​ធម្មជាតិ​គ្របដណ្ដប់​លើ​តំបន់​និង​ពិភពលោក។

បឹង​ទន្លេសាប​ លាតសន្ធឹង​ដល់ខេត្ត​ចំនួន​៦​ក្នុង​ប្រទេស​កម្ពុជា​ រួម​មាន​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​កំពង់ធំ។ ប្រជា​នេសាទ​រស់​នៅ​ក្នុង​សហគមន៍ជុំវិញ​និង​ក្នុង​តំបន់​បឹង​ទន្លេសាប​ជា​រឿយៗ​តែងតែ​បង្ហាញ​ក្ដី​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ការសាងសង់​ទំនប់​ក្នុង​អាង​ទន្លេ​មេគង្គ​ដែល​អាច​បំផ្លាញ​ធនធាន​ត្រី​ ​ព្រៃ​លិច​ទឹក​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​បឹង​ទន្លេសាប​ដែល​ជា​បឹង​ដ៏​ធំ​បំផុត​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ​

នៅ​ក្នុងឃុំ​កំពង់​ឃ្លាំង ​លោក ឃឹះ​ ប៉ូថៃ ​អាយុ៧៦ឆ្នាំ​បាន​ឈប់​រក​ត្រី​យូរហើយ។ លោក​ថា​ការ​លើក​ឡើង​ថា​ទន្លេសាប​ជា​ជង្រុក​ត្រី​នោះ​លែង​ជា​ការ​ពិត​ហើយ​ដោយ​សារ​ថា​បឹង​នេះ​លែង​សម្បូរ​ត្រី​ទៀត​ហើយ។

«មួយ​ឆ្នាំ​ខ្សោយ​បន្តិចៗ​ វា​ចុះ​ ចេះ​តែ​ធ្លាក់​ចុះ​ក្រោម»។

លោក​បាន​ផ្លាស់ប្ដូរ​មុខ​របរ​ដល់​កូន​ចៅ​ពី​ការ​នេសាទ​ទៅ​ជា​ការ​ចិញ្ចឹម​ត្រី​ ធ្វើ​ត្រី​ឆ្អើរ​លក់​ ទៅ​ធ្វើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ និង​លក់​ដូរ​វិញ។

ក៏​ប៉ុន្តែ​ សុខ ថុល និយាយ​ថា​ លោក​មិន​អាច​បោះបង់​ការ​នេសាទ​ត្រី​ដែល​ជា​របរ​ដូន​តា​របស់​លោក​នោះ​ទេ។​ អ្នកនេសាទ​រូប​នេះ​ បន្ត​ជួសជុល​ក្រឡា​លប​របស់​លោក​ ដែល​បាន​ប្រើ​ជាច្រើន​ឆ្នាំ​មក​ហើយ។​ លោក​រំពឹង​ថា​ ឆ្នាំក្រោយ​ទឹក​នឹង​ឡើង​ធំ​ ហើយ​ភោគ​ផល​ត្រី​នឹង​សម្បូរ​ច្រើន​ មិន​ខ្សត់​ខ្សោយ​ដូច​ឆ្នាំ​នេះ​ទេ៕