ទំនាក់ទំនង​កម្ពុជា​និង​អាមេរិក​នៅ​តែ​ខ្វះ​ភាព​ល្អូកល្អឺន​ក្នុង​ជំនាន់​រដ្ឋបាល​លោក ចូ បៃដិន

រូបឯកសារ៖ សិស្សវិទ្យាល័យ កាន់ទង់ជាតិអាមេរិកនិងកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ភរិយាប្រធានាធិបតីអាមេរិកមកកាន់កម្ពុជា នៅខេត្តសៀមរាប កាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០១៥។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ក្នុង​ថ្ងៃទី ១ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​កាល​ពី​ខែ​កុម្ភៈ លោក Jonathan Turley នាយក​ផ្នែក​កិច្ចការ​នយោបាយ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​និយាយ​ថា​ សហរដ្ឋ​អាមេរិក​ចង់​ឃើញ​ប្រទេស​កម្ពុជា​«ប្រកប​ដោយ​សន្ដិភាព​ វិបុលភាព​ និង​ឯករាជ្យ​ភាព​» មុន​នឹង​បន្ត​ដោយ​រិះគន់​ពី​ភាព​សោក​សៅ​នៃ​ស្ថាន​ភាព​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ និង​ទំនាក់ទំនង​កាន់​តែ​ស្អិត​ឡើង​របស់​កម្ពុជា​ជាមួយ​ប្រទេស​ចិន។

លោក​ Turley បាន​ថ្លែង​ថា៖ «ក្នុង​នាម​ជា​មិត្តភក្ដិ​និង​ជា​ដៃគូ​មួយ​ជាមួយ​ប្រទេស​កម្ពុជា​ យើង​មុខ​ជា​មាន​ក្ដី​ព្រួយ​បារម្ភ​ នៅ​ពេល​ដែល​យើង​ឃើញ​ការ​គ្រប់​គ្រង​រដ្ឋ​នៅ​គ្រប់​កម្រិត​ ស្ថិត​ក្រោម​ឥទ្ធិពល​ដោយ​គណបក្ស​តែ​មួយ នៅ​ពេល​ដែល​ពលរដ្ឋ​ដែល​ប្រកាន់​យក​មាគ៌ា​សន្ដិវិធី​ត្រូវ​បាន​ចាប់ខ្លួន​និង​ស្ថិត​ក្នុង​ពន្ធនាគារ​ដោយ​គ្រាន់​តែ​សកម្ម​ភាព​បញ្ចេញ​មតិរបស់​ពួកគេ នៅ​ពេល​ដែល​អំពើ​ពុករលួយ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ ហើយ​ក្រុម​អ្នក​មាន​អំណាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ដោយ​គ្មាន​ទោស​ពៃរ៍ ហើយ​នៅ​ពេល​ឯករាជ្យភាព​និង​អធិបតេយ្យ​ភាព​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​ដែល​រក​បាន​មក​ដោយ​លំបាក​ កំពុង​ត្រូវ​បានហូរ​ច្រោះ​និង​បាត់​បង់»។

ថ្លែង​នៅ​ក្នុង​មជ្ឈមណ្ឌល​ AmCam ដែល​មាន​ទីតាំង​ក្បែរ​ស្ថានទូត​អាមេរិក​ ក្បែរ​នៅ​វត្ត​ភ្នំ ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​យុវជន​កម្ពុជា​អំពី​សហរដ្ឋ​អាមេរិកនោះ លោក Turley បាន​បន្ត​ដោយ​ហាក់​ចង់​និយាយ​សំដៅ​ទៅ​លើ​ប្រទេស​ចិន​ ក្នុង​ខ្លឹម​សារ​ដើម​ថា៖

«ខ្ញុំ​ក៏​ចង់​កត់​សម្គាល់​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​មាន​ការ​តាំង​ចិត្ត​ជា​ពន្លឹក​ចំពោះ​អធិបតេយ្យភាព​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ ដូច្នេះ​យើង​មុខ​ជាមាន​ក្ដី​បារម្ភ​ នៅ​ពេល​ដែល​យើង​បាន​ឃើញ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​កំពុង​ត្រូវ​បាន​ហូរ​ច្រោះ​បាត់​បង់ នៅពេល​យើង​ឃើញ​វត្តមាន​យោធា​បរទេស​ដែល​ចេះ​តែ​កើន​ឡើង នៅ​ពេល​ដែល​បណ្ដា​ក្រុមហ៊ុន​បរទេស​ចូល​រួម​ចំណែក​ ឬ​ក៏​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​អំពើពុក​រលួយ​ រំលោភ​បំពាន​ដីធ្លី កម្លាំង​ពលកម្ម និង​វិធានការ​ត្រួតពិនិត្យ​បរិស្ថាន​»។

នៅ​សប្ដាហ៍​នេះ នា​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក​អា៊សាន​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន នាយករដ្ឋ​មន្ត្រីកម្ពុជាលោក ហ៊ុន សែន ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី ចូ បៃដិន (Joe Biden) របស់​សហរដ្ឋ​អាមេរិក​ជា​លើក​ដំបូង​នៅក្នុង​រយៈពេល ​១៥ ​ខែ ចាប់​តាំង​ពី​លោក បៃដិន បាន​ចូល​កាន់​តំណែង​កាល​ពី​ខែ​មករា ​ឆ្នាំ ២០២១ មក។

ក្នុង​អំឡុង​ពេល ​១៥ ខែ​មក​នេះ ទំនាក់ទំនង​ទ្វេភាគី​រវាង​រដ្ឋបាល​លោក បៃដិន និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​អង្កេត​ឃើញ​ថា ​នៅ​តែ​បន្ត​រកាំ​រកូស​ដោយ​វត្តមាន​ឥទ្ធិពល​របស់​ចិន​នៅ​ប្រទេស​កម្ពុជា និង​ស្ថានភាព​ប្រជាធិបតេយ្យ​ធ្លាក់ដុនដាប​នៅ​ក្នុង​ប្រទេស។

លោក បោង ច័ន្ទសម្បត្តិ គ្រូឧទ្ទេស​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​សម្តី​ដើម​ថា៖

«ដោយ​សារ​តែ​សហរដ្ឋ​អាមេរិក​បន្ត​រក្សា​ក្រសែ​ទស្សនៈ​រឹង​ត្អឹង​មក​លើ​កម្ពុជា​ ក្នុង​បរិបទ​នៃ​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើង​រវាង​ខ្លួន​និង​ចិន សតិ​អារម្មណ៍​ក្នុង​ចំណោម​អ្នក​កាន់​នយោបាយ​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​ នៅ​តែ​បន្ត​មាន​ភាព​អវិជ្ជមាន​ជាប់​ជា​ប្រចាំ។ ការណ៍​នេះ​នាំ​ទៅ​ដល់​ការ​យល់​ខុស​យ៉ាង​ជ្រាល​ជ្រៅអំពី​ចរិត​លក្ខណៈ​នៃ​នយោបាយ​ការបរទេស​របស់​កម្ពុជា​ និង​គោល​ជំហរ​របស់​កម្ពុជា​ចំពោះ​ចិន​និង​សហរដ្ឋអាមេរិក»។

អ្នក​ជំនាញ​នយោបាយ​ការបរទេស​កម្ពុជា​រូប​នេះ​ បាន​បន្ត​ថ្លែង​ក្នុងសម្តី​ដើម​ទៀត​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​យល់​ច្បាស់​អំពី​ហានិភ័យ​ផ្លូវ​នយោបាយ​និង​ផ្លូវ​សន្ដិសុខ​ ដែល​បង្ក​ឡើង​ដោយសារ​តែការ​ផ្សារភ្ជាប់​ខ្លួន​ជ្រុល​ហួស​ហេតុ​ជាមួយ​នឹង​មហា​អំណាច​ភូមិសាស្ត្រ​នយោបាយ​ណាមួយ។ ក្នុង​នោះ ​រួម​មាន​អាមេរិក​គាំទ្រ​របប​ លន់ នល់ ដ៏​ពុក​រលួយ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ៧០ បន្ទាប់​មក​ចិន​គាំទ្រ​របប​ខ្មែរ​ក្រហម​ដ៏​ឃោរ​ឃៅ​យង់ឃ្នង់ និង​ក្រោយ​មក​ វៀតណាម​ចូល​កាន់​កាប់​ប្រទេស​កម្ពុជា​បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​ត្រូវបាន​ផ្តួល​រលំ។

«ការ​យល់​ឃើញ​ខុស​ដែល​ថា កម្ពុជា​គឺ​ជា​កូន​ជឹង​របស់​ប្រទេស​ចិន​នោះ​ បាន​បង្ក​មិន​ឱ្យ​មាន​ភាព​ចម្រើន​ទៅ​មុខ​ ហើយ​បង្ក​នូវ​ស្ថានភាព​យ៉ាប់​យ៉ឺន​ដល់​ផល​ប្រយោជន៍​នយោបាយ​ការបរទេស​របស់​កម្ពុជា របស់​សហរដ្ឋអាមេរិក និង​ទំនាក់​ទំនង​រួម​របស់​ប្រទេស​ទាំង​ពីរ»។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

ទោះ​បី​រដ្ឋបាល​លោក បៃដិន បាន​ផ្ដោត​យក​ចិត្ត​ទុកដាក់​ ហើយ​សន្យា​ថា​នឹង​បង្កើន​ទំនាក់ទំនង​ទ្វេ​ដង​ជាមួយ​តំបន់​អាស៊ី​អាគ្នេយ៍​យ៉ាង​ណា​ក្ដី ក៏លោក បោង ច័ន្ទសម្បត្តិ បាន​លើក​ឡើង​ថា​ ពាក់ព័ន្ធ​នឹង​គោលនយោបាយ​អាមេរិក​ចំពោះ​កម្ពុជា​ គឺជា​គ្រាន់តែ​ជា​ការ​បន្ត​វេន​ពី​រដ្ឋបាល​លោក​ ដូណាល់ ត្រាំ (Donald Trump) តែ​ប៉ុណ្ណោះ​ ដែល​បាន​តិះតៀន​ការ​ធ្លាក់​ចុះ​នៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ទូទាំង​ប្រទេស​កម្ពុជា​ និង​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជំនិតៗ​ ដែល​ស្មោះ​ស្ម័គ្រ​ជាមួយ​លោក ហ៊ុន សែន។

ពី​ឆ្នាំ​ ២០១៨​ ដល់​ឆ្នាំ ២០២០ រដ្ឋបាល​លោក ដូណាល់ ត្រាំ បាន​ប្រើ​ធម៌​ក្ដៅ​ជាមួយ​ទណ្ឌកម្ម​ចំ​គោល​ដៅ​លើ​នាយ​ឧត្ដម​សេនីយ៍​ ហ៊ីង ប៊ុនហៀង មេ​អង្គរក្ស​លោក ហ៊ុន សែន និង​នាយ​ឧត្ដម​សេនីយ៍​ចូល​និវត្តន៍​ គន់ គីម អតីត​នាយ​សេនាធិការ​ចម្រុះ​កង​យោធពល​ខេមរភូមិន្ទ​ និង​ឧកញ៉ា​ ទ្រី ភាព ដែល​កាក់​កប​ក្នុង​ជំនួញ​ឈើ ក្រោម​ហេតុផល​ផ្សេងៗ​គ្នា រួម​ទាំង​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ ការ​ចូល​ដៃ​ជើង​ជាមួយ​ក្រុម​ហ៊ុន​ចិន​ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​ជាដើម។

ត​មក​ដល់​ជំនាន់​រដ្ឋបាល​លោក ចូ បៃដិន សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ពីរ​រូប​ទៀត រួម​មាន នាយ​ឧត្ដម​សេនីយ៍​ ចៅ ភិរុណ អគ្គនាយក​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ​ និង​នាយ​ឧត្ដម​នាវី​ ទៀ វិញ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក និង​ជា​ប្អូន​ប្រុស​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ ទៀ បាញ់ ផង។ ហេតុ​ផលនៃ​ទណ្ឌកម្ម​ទាំង​នោះ​គឺ​ថា មន្ត្រី​ទាំង​ពីរ​រូប​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ក្នុង​គម្រោង​ពង្រីក​និង​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះ​សីហនុ ដែល​គាំទ្រ​ដោយ​ចិន។

សហរដ្ឋអាមេរិក​តាំង​ពី​ឆ្នាំ​ ២០១៩​ មក បាន​សម្ដែង​កង្វល់​ជា​ហូរ​ហែរ​ថា គម្រោង​ខាង​លើ​នៅ​រាម​ ទី​ដែល​អគារ​ជំនួយ​របស់​អាមេរិក​ពីរ​ខ្នង​ត្រូវ​បាន​វាយ​ចោល​នោះ​ អាច​ជា​ផែន​ការ​ដាក់​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា។ ជា​ច្រើន​លើក​ច្រើន​សា កម្ពុជា​បាន​បដិសេធ​ការ​សង្ស័យ​នេះ។

កាល​ពី​ខែធ្នូ ឆ្នាំ​ ២០២១ ​កន្លង​ទៅ សហរដ្ឋ​អាមេរិក​បាន​ដាក់​កំហិត​លើ​ការ​ផ្គត់​ផ្គង់​អាវុធ​ដល់​ប្រទេស​កម្ពុជា​។ ហើយប៉ុន្មាន​ខែ​មុន​នោះ​ រដ្ឋាភិបាល​អាមេរិក​ក៏​បាន​កាត់​ផ្ដាច់​កម្មវិធី​ផ្ដល់​អាហារូបករណ៍​យោធា​ ដែល​ផ្ដល់​ឱ្យ​យោធិន​កម្ពុជា​ទៅ​សិក្សា​វិជ្ជាទ័ព​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ។

កម្ពុជា​ទើប​ត្រូវ​បាន​ដាក់​ពិន្ទុ​ជា​ប្រទេស​ដែល​មាន​វត្តមាន​ឥទ្ធិពល​ចិន​ខ្ពស់​បំផុត។ នេះ​បើ​យោង​តាម​សន្ទស្សន៍​ដែល​សិក្សា​រៀប​រៀង​ដោយ​គ្រឹះស្ថាន​សង្គម​ស៊ីវិល Doublethink Lab ដែល​បាន​សិក្សា​លើ​សម្រាំង​ប្រទេស​ចំនួន​ ៣៦​ ទូទាំង​ពិភពលោក​ និង​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា។ ដើម្បី​កំណត់​សន្ទស្សន៍​ខាង​លើ​ ក្រុម​អ្នក​សិក្សា​បាន​ពិនិត្យ​វាយ​តម្លៃ​លើ​វត្តមាន​ចិន​ក្នុង​ប្រទេស​នីមួយៗ លើ​វិស័យ​នានា​ រាប់ចាប់​តាំង​ពី​វិស័យ​យោធា​ដល់​វិស័យ​នយោបាយ និង​ពី​វិស័យ​អប់រំ​សិក្សាធិការ​ដល់​វិស័យ​បច្ចេកវិទ្យា។

លោក ផៃ ស៊ីផាន ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ លោក ហ៊ុន សែន បាន​និយាយ​ថា​ មិន​ថា​ប្រទេស​ចិន មិន​ថា​សហរដ្ឋអាមេរិក​ កម្ពុជា​មិន​ស្វាគមន៍​ឱ្យ​មាន​វត្តមាន​យោធា​បរទេសដាក់​មូល​ដ្ឋាន​លើ​ទឹក​ដី​ខ្លួន​ឡើយ។

មន្ត្រី​កម្ពុជា​រូប​នេះ​បាន​ប្រាប់​វីអូអេ ក្នុង​សម្ភាសន៍​មួយ​កាល​ពី​ខែ​កុម្ភៈ​ថា៖ «កម្ពុជា​បាន​រៀន​សូត្រ​ច្បាស់​ណាស់​អំពី​ផលវិបាក​នៃ​មូល​ដ្ឋាន​របស់​បរទេស​ ទោះ​ជា​ផ្លូវ​ការ​ឬ​ក្រៅ​ផ្លូវ​ការ​ ក៏​បង្ក​ឱ្យ​កម្ពុជា​ធ្លាក់​ទៅ​ចូល​សង្គ្រាម»។

លោក ផៃ ស៊ីផាន បន្ត​ថា​ វា​ជា​ប្រការ​ «មិន​អាច​ទទួល​យក​បាន» ​នោះ​ទេ ក្នុង​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ចោទ​ថា​ ទំហំ​វិនិយោគ​និង​វត្តមាន​ចិន​នៅ​កម្ពុជា នាំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា «លក់​អធិបតេយ្យភាព» ឱ្យ​រដ្ឋាភិបាល​ចិន​នោះ។ លោក​យល់​ឃើញ​ថា សហរដ្ឋ​អាមេរិក​ និង​កម្ពុជា ​ហាក់​តស៊ូ​ក្រាញ​ននាល​យ៉ាង​លំបាក​លំបិន​ ដើម្បីស្វែង​យល់​ពី​គ្នា​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ៥០ ​មក។

អស់​ជិត​ ៤ ​ទសវត្សរ៍​កន្លង​ទៅ​នៃ​ការ​ស្ថិត​ក្នុង​អំណាច លោក ហ៊ុន សែន បាន​បង្ហាញ​ថា​ លោក ជាអ្នក​ការ​ទូត​ដ៏​ស្ទាត់​ជំនាញ​មួយ​រូប​ ទោះ​បី​ជា​បាន​ប្រកាន់​យក​អភិក្រម​ឥត​ត្រា​ប្រណី​ជាប់​ជាហូរហែ​ជាមួយ​អ្នក​ជំទាស់​នៅ​ក្នុង​ស្រុក​យ៉ាង​ណា​ក្ដី ដោយ​លោក​តែង​សន្យា​ធ្វើ​កំណែ​ទម្រង់​ក្នុង​កម្រិត​មួយ​ ដែល​អាច​ធ្វើ​ឱ្យ​បណ្ដា​ម្ចាស់​ជំនួយ​ពី​បស្ចិមប្រទេស ​នៅ​ចង់​រក្សា​ទំនាក់​ទំនង​ជាមួយ​និង​បន្សាយ​កង្វល់​រឿង​គាប​សង្កត់​ទាំង​នោះ។ តែ​អ្នក​តាម​ដាន​បាន​អង្កេត​ឃើញ​ថា​ ការ​ងាក​ចុងក្រោយ​បង្អស់​នេះ​របស់​លោក ហ៊ុន សែន ​ទៅ​រក​ចិន បូក​រួម​នឹង​ការ​យក​ឈ្នះ​ដោយ​វិធី​នានា​លើ​ដៃ​គូ​ប្រជែង​នយោបាយ​ ហាក់​បោះ​ត្រា​កំណត់​ជោគ​វាសនា​នៃ​ដំណាក់​កាល​របប​អាជ្ញានិយម​ផ្ដាច់​ការ​យូរ​អង្វែង​នៅ​កម្ពុជា។

លោក ផៃ ស៊ីផាន ដែល​ជា​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​មួយ​រូប​ផងដែរ​នោះ បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​អាមេរិក​ត្រូវ​ការ​រដ្ឋាភិបាល​កម្ពុជា មិន​អាច​ខ្វះ​បាន​ នៅ​ក្នុង​ការ​សម្រេច​ការងារ​នានា​ជាមួយ​ប្លុក​អាស៊ាន​ទាំង​មូល។

«សហរដ្ឋ​អាមេរិក​ក៏​ត្រូវ​ការ​កម្ពុជា​ដែរ ​ពី​ព្រោះ​កម្ពុជា​ក៏មាន​សំឡេង​មួយ​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ាន ឈរ​នៅ​លើ​មូល​ដ្ឋាន​គ្រឹះ​នៃ​កុងសង់ស៊ីស។ បើសិន​ជា​គោល​នយោបាយ​យក​កម្ពុជា​ជា​សត្រូវ​ យើង​ពិបាក​នឹង​ធ្វើ​ការ​ជាមួយ​អាស៊ាន​ ពី​ព្រោះ​កម្ពុជា​ក៏​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​ប្រឆាំង​នឹង​ដំណើរ​ការ​នៃ​អាស៊ាន​បូក​ជាមួយ​សហរដ្ឋអាមេរិក»។

យ៉ាង​ណា​ក៏​ដោយ​ ទោះ​បី​ជា​តឹង​មាត់​តឹង​សម្ដី​ចោទអាមេរិករឿង​លូក​លាន់​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​យ៉ាង​ណា​ក្ដី កម្ពុជា​ក៏​បាន​បង្ហាញ​ជំហរ​ចង់​ស្ដារ​ទំនាក់​ទំនង​ជាមួយ​អាមេរិក​ផង​ដែរ។ តាំង​ពី​ឆ្នាំ​ ២០១៩ ​មក​ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ជួល​ក្រុមហ៊ុន​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​យ៉ាង​ហោច​បី​ហើយ ដើម្បី​ព្យាយាម​ឡប់ប៊ី​បញ្ចុះ​បញ្ចូល​ក្រុម​អ្នក​មុខ​អ្នក​ការ​នៅ​ទីក្រុង​វ៉ាស៊ីនតោន និង​ទាក់​ទាញ​វិនិយោគិន​អាមេរិកាំង​ឱ្យ​មក​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា។

ចង់​មិន​ចង់ សហរដ្ឋអាមេរិក​ជា​ទីផ្សារ​នាំ​ចេញ​ចម្បង​បំផុត​មួយ​របស់​កម្ពុជា។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជា​ទំនិញ​បាន​ឡើង​ដល់​កម្រិត​ ៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ ជា​ការ​កើន​ឡើង​ពី​ទំហំជិត​ ៧ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០។ កំណើន​នេះ​កើត​មាន​បាន​ ទោះ​បី​ជា​ឋានៈ​អនុគ្រោះ​ពន្ធ​ GSP ​របស់​កម្ពុជា​នាំ​ទៅ​សហរដ្ឋ​អាមេរិក​ មិន​ទាន់​ត្រូវ​បាន​បន្ត​ដោយ​អាមេរិក​តាំង​ពី​ដើម​ឆ្នាំ ២០២១​ ក៏​ដោយ។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃស្វាគមន៍ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន តាមប្រព័ន្ធអ៊ីនធើណិត នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១។ (An Khoun SamAun/National Television of Cambodia via AP)

លោក ស៊ុន គីម ​គ្រូឧទ្ទេស​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា លើក​ឡើង​ថា ​លោក​មិន​មាន​ជំនឿ​ឡើយ​ថា ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក​-អាស៊ាន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ថា​នឹង​នាំ​លទ្ធផល​អ្វី​ជា​ដុំកំភួន​ នៅ​ក្នុង​ការ​ស្ដារ​ទំនាក់ទំនង​ទ្វេ​ភាគី​កម្ពុជា-អាមេរិក។

អ្នក​ជំនាញ​រូប​នេះ​បាន​ប្រាប់​វីអូអេ​ថា៖ «និយាយ​ដោយ​ស្មោះ​ទៅ​ គឺ​ខ្ញុំ​យល់​ព្រម​ បាន​ន័យ​ថា​ ខ្ញុំ​យល់​ស្រប​ជាមួយ​នឹង​ការ​លើក​ឡើង​ដែល​គេ​ថា ​អាមេរិក​ចាប់​ផ្ដើម​ផ្ដោត​លើ​កម្ពុជា​ គឺ​ដោយ​សារ​តែ​ចិន​ មិន​មែន​ដោយ​សារ​តែ​រឿង​ប្រជាធិបតេយ្យ​ ឬ​ក៏​មិន​មែន​ដោយ​សារ​តែ​កម្ពុជា​ខ្លួន​ឯង​ផ្ទាល់»។

លោក ស៊ុន គីម បាន​បន្ត​ថា៖ «ក្នុង​រយៈពេល​ទាំង​វែង​ទាំង​ខ្លី​ សម្រាប់​ខ្ញុំ ទំនាក់ទំនង​កម្ពុជា​និង​អាមេរិក​ នឹង​មិន​អាច​រក​ឃើញ​ភាព​ធូរ​ស្បើយ​ទេ នឹង​នៅ​តែ​ចុះ​ឡើងៗ ដោយសារ​តែ​អី? ដោយសារ​តែ​កម្ពុជា​នៅ​មាន​ភាព​មិន​ទុក​ចិត្ត​ជាមួយ​អាមេរិក ហើយ​អាមេរិក​នៅ​តែ​មិន​បន្ទន់​ជំហរ​ នៅតែ​ប្រើ​យុទ្ធសាស្ត្រ​ចាប់​បង្ខំ​លើ​កម្ពុជា​ ដែល​កម្ពុជា​យល់​ថា​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព​របស់​កម្ពុជា»។

បណ្ឌិត ផាត់ កុសល សាស្ត្រាចារ្យ​រង​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ក្រុង​ញូវយ៉ក CUNY បាន​ប្រាប់​វីអូអេ​ថា លោក​មិន​យល់​ស្រប​ថា​ «កត្តាចិន»​ជា​បញ្ហា​ «ស៊ីសង» កំណត់​ផ្លូវ​ដើរ​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​អាមេរិក​នោះ​ទេ។ លោកថា​ ការណ៍​ដែល​រដ្ឋបាល​លោក បៃដិន ជំរុញ​ឱ្យ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ទៅ​វិញ​ទេ ដែល​នាំ​ឱ្យ​មើល​មុខ​មិន​ចំ ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​បាន​ប្រាប់​វីអូអេ​ក្នុង​សារ​អ៊ី​មែល​ តាម​អត្ថន័យ​ដើម​ទាំង​ស្រុង​ថា៖ «ភាព​ខុស​គ្នា​លើ​ទិដ្ឋភាព​គុណ​តម្លៃ​នយោបាយ​និង​មនោគមវិជ្ជា​នឹង​បន្ត​ជា​រនាំង​រាំង​ស្កាត់​ការ​ឈាន​ទៅ​សម្រេច​បាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាង​នេះ រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច»។

បណ្ឌិត ផាត់ កុសល បាន​បន្ត​ទៀត​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ពេល​ថ្មីៗ​នេះ​ដោយ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បោះ​ដៃ​ទៅ​កសាង​ស្ថាបនា​ចំណង​វិនិយោគ​និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយ កូរ៉េ​ខាង​ត្បូង ជប៉ុន និង​ឥណ្ឌា​ជាដើម បង្ហាញ​ថា​ភ្នំពេញ​កំពុង​ព្យាយាម​ធ្វើ​ពិពិធកម្ម​បង្កើន​ដៃគូ​សេដ្ឋកិច្ច​និង​បន្ថយ​ការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ប្រឡង​ប្រជែង​រវាង​ចិន​និង​អាមេរិក។

លោក​បាន​បន្ត​ថា៖ «ជំនួប​កំពូល​នា​ពេល​ខាង​មុខ​អាច​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​នាម​ជាប្រធាន​អាស៊ាន​ ដើម្បី​ចាប់​ផ្ដើម​ឡើង​វិញ​នូវ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក​ ដោយ​ផ្ដោត​លើ​ទិដ្ឋភាព​នានា​ជា​ប្រយោជន៍​រួម​ ដូចជា​ ការ​បញ្ជាក់​ពង្រឹង​ឡើង​វិញ​នៃ​សណ្ដាប់​ធ្នាប់​អន្តរ​ជាតិ​ដែល​ពឹង​ផ្អែក​លើ​ច្បាប់​ទម្លាប់ មជ្ឈភាព​អាស៊ាន​ក្នុង​រក​ដំណោះ​ស្រាយ​សន្ដិវិធី​លើ​ជម្លោះ​ក្នុង​តំបន់ ពាណិជ្ជកម្ម-ការ​វិនិយោគ​ និង​ទិដ្ឋភាព​មិន​សូវ​ប៉ះពាល់​នយោបាយ​ផ្សេង​ទៀត​ ដូច​ជា​ការ​អប់​រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា»។

លោក Derek Grossman អ្នក​វិភាគ​ជាន់​ខ្ពស់​ផ្នែក​សន្ដិសុខ​ នៅ​សាជីវកម្ម​ស្រាវ​ជ្រាវ RAND បាន​លើក​ឡើង​ថា ដើម្បី​ប្រកួត​នឹង​ប្រទេស​ចិន​នៅ​ក្នុង​តំបន់ សហរដ្ឋអាមេរិក​គួរ​ពិនិត្យ​ពិច្ច័យ​ឡើង​វិញ​លើ​គោល​នយោបាយ​ផ្អែក​គុណ​តម្លៃ​ដែល​ខ្លួន​កំពុង​អនុវត្ត​ជាមួយ​កម្ពុជា ដោយ​យក​គំរូ​នៃ​ការ​ទាក់​ទង​របស់​ខ្លួន​ជាមួយ​វៀតណាម​កុម្មុយនិស្ដ​ជា​លំអាន​ស្រាប់។

លោក​ប្រាប់​វីអូអេថា រដ្ឋបាល​លោក បៃដិន ទំនង​ជា​បាន​គិត​និង​សន្និដ្ឋាន​ថា​ កម្ពុជា​បាន​ជាប់​ខ្លួនក្នុង​គន្លង​គោចរ​យុទ្ធសាស្ត្រ​ចិន​ ហើយ​មិន​អាច​ប្រកួត​យក​បាន​មក​វិញ​នោះទេ។ តែ​លោក​យល់​ស្រប​ថា ​អាមេរិក​ត្រូវ​ចាប់​ផ្ដើម​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​ ទោះ​ជា​ខ្លួន​ពិបាក​ធ្វើ​ការ​ជាមួយ​លោក ហ៊ុន សែន ក៏​ដោយ។ បើតាម​លោក Grossman ឱកាស​ស្ដារ​ទំនាក់​ទំនង​អាច​មាន​លទ្ធភាព​ ពេល​លោក ហ៊ុន សែន ចាក​ចេញ​ពី​តំណែង​ ហើយ​កូន​ប្រុស​របស់​លោក ចូល​កាន់​អំណាច​បន្ត។

លោក បោង ច័ន្ទសម្បតិ្ត យល់​ថា ទោះ​ជា​អាមេរិក​ចង់​ធ្វើ​ការ​របៀប​ណា​ជាមួយ​កម្ពុជា​ក៏​ដោយ​ ក៏​ប្រការ​សំខាន់​នោះ ​គឺ​នៅ​ខាង​កម្ពុជា​ឯ​នេះ​ គណបក្ស​គ្រប់​គ្រង​ប្រទេស​ នឹង​បន្ត​កាន់​អំណាច​ត​ទៅ​ថ្ងៃ​អនាគត។

«ថា​តើ​អាមេរិកអាច​ទទួល​យក​ស្ថាន​ភាព​កំណត់​នៃ​នយោបាយ​បច្ចុប្បន្ន​ក្នុង​ប្រទេស​កម្ពុជា​ឬ​អត់​នោះ វា​អាស្រ័យ​ទៅ​លើ​អ្នក​តាក់​តែង​គោល​នយោបាយ​អាមេរិក​ខ្លួន​ឯង​ក្នុង​ការ​គូស​វាស​សម្រេច។ អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ត្រង់​នេះ​គឺថា គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​ជា​កម្លាំង​នយោបាយ​ដែល​មាន​ការ​រៀប​ចំ​រឹង​មាំ​និង​ឥទ្ធិពល​លើសលប់​បំផុត​នៅ​កម្ពុជា ហើយ​បក្ស​នេះ​នឹង​បន្ត​ស្ថានភាព​បែប​នេះ​នៅ​ពេល​ច្រើន​ឆ្នាំ​ឬ​ច្រើន​ទសវត្សរ៍​ទៅ​ខាង​មុខ​ទៀត។ ដូច្នេះ​បើ​ចង់​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​កម្ពុជា អាមេរិក​ត្រូវ​ធ្វើ​ការ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា»៕