កាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារដើមសប្ដាហ៍នេះ សហព្រះរាជអាជ្ញាជាតិ និងអន្ដរជាតិបានបង្ហាញជំហរខ្វែងគ្នាសាជាថ្មីចំពោះសំណុំរឿង០០៣។ សហព្រះរាជអាជ្ញាអន្ដរជាតិ លោក អ៊ែនឌ្រូ ខេលី (Andrew Caley) បានស្នើឲ្យសហចៅក្រមស៊ើបអង្កេតធ្វើការបន្ថែមទៀតលើសំណុំរឿងនេះ ហើយបានស្នើឲ្យបង្ហាញព័ត៌មានជាច្រើន ទៀតដែលមានសារៈសំខាន់សម្រាប់មហាជន ដែលព័ត៌មាននោះរួមបញ្ចូលទាំងអត្តសញ្ញណជនសង្ស័យទៀតផង។ ក៏ប៉ុន្ដែសហព្រះរាជអាជ្ញាជាតិលោកស្រី ជា លាង បានជំទាស់ថា ជនជាប់សង្ស័យដែលគេមិនទាន់ស្គាល់អត្តសញ្ញាណជាផ្លូវការនៅឡើយនោះថា ពួកគេមិនស្ថិតក្នុងយុត្តាធិការសម្រាប់នាំខ្លួនយកមកកាត់ទោសទេហើយការកាត់ទោសសំណុំរឿងចំនួនពីរ ដែលកំពង់តែដំណើរការនៅក្នុងពេលបច្ចុប្បន្ននេះគឺគ្រប់គ្រាន់ហើយ។
អ្នកសង្កេតដំណើរការសាលាក្ដីខ្មែរក្រហមបញ្ជាក់ថា ការជំទាស់របស់ភាគីកម្ពុជានៅពេលដែលសហចៅក្រមស៊ើបអង្កេតបានប្រកាសអំពីការបិទបញ្ចប់ការស៊ើបអង្កេតនៅក្នុងសំណុំរឿង០០៣នេះ គឺបង្ហាញឲ្យឃើញថា ភាគីជាតិនៅក្នុងសាលាក្ដីខ្មែរក្រហម ដើរតាមលំអាននយោបាយរដ្ឋាភិបាលកម្ពុជា។ ជំហរបែបនេះគឺជាឧបសគ្គមួយដែលធ្វើឲ្យសំណុំរឿង០០៣ និង០០៤ មានភាពមិនច្បាស់លាស់។
បណ្ឌិតឡៅ ម៉ុងហៃ មានប្រសាន៍នៅថ្ងៃសុក្រនេះថា ភាពចម្រូងចម្រាស់ដោយសារតែរដ្ឋា ភិបាលកម្ពុជាជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហម។ លោកបានបា្រប់វីអូអេខ្មែរថា៖
«ខ្ញុំថា រឿងនេះមានការពិបាកនឹងបដិសេធថា អត់មានការជ្រៀតជ្រែក ពីព្រោះជហររបស់រាជ រដ្ឋាភិបាលហើយនឹងជំហររបស់សហព្រះរាជអាជ្ញាកម្ពុជាដូចអត់ខុសគ្នា។ ដូចកន្លែងខ្លះខ្ញុំស្តាប់ទៅដូច សម្តីតែមួយ»។
ការលើកឡើងពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលកម្ពុជាក្នុងការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមមិនមែនជាលើកទី១ទេ។ ការចោទប្រកាន់បែបនេះបានក្លាយជាកង្វល់មួយសម្រាប់ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។ លោក ឡៅ ម៉ុងហៃ មើលឃើញថា ប្រសិនបើការជ្រៀតជ្រែកបែបនេះនៅតែបន្ដ វានឹងអាចធ្វើឲ្យប៉ះពាល់ដល់ការកាត់ទោសសំណុំរឿង០០៣ ហើយថាតើការកាត់ក្ដីក្នុងសំណុំរឿងនេះអាចនឹងកើតមានដែរឬទេ។
លោកហង្ស ឆាយ៉ា នាយកប្រតិបត្តិនៃវិទ្យាសា្ថនខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យយល់ឃើញថា ការជំទាស់របស់រដ្ឋាភិបាលកម្ពុជា និងភាគីកម្ពុជានៅក្នុងសាលាក្ដីខ្មែរក្រហមដោយសារតែការភ័យខ្លាចចំពោះផលប៉ះពាល់ដល់គោលនយោបាយផ្សះផ្សារជាតិ បន្ទាប់ពីរដ្ឋាភិបាលខ្មែរបានចុះកិច្ចសន្យាជាមួយពួកខ្មែរក្រហមដើម្បីបញ្ចប់សង្រ្គាមនៅឆ្នាំ១៩៩៨។ លោកបន្តថា៖
«ត្រូវប្រយ័ត្នដែរពីព្រោះផ្នែកខាងយោធាអតីតខ្មែរក្រហម គឺមាននៅក្នុងហ្នឹង ហើយគេមិនចង់ឲ្យមានការប៉ះពាល់អារម្មណ៍ ឬក៏អ្វីដោយសារការលើកឡើងក្នុងសំណុំរឿង០០៣ និង០០៤ ដោយប៉ះ ពាល់ និងអ្វីដែលរដ្ឋាភិបាលបានធ្វើតាំងពីឆ្នាំ១៩៩៨»។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បានថ្លែងប្រាប់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាន គីមួន ថា កម្ពុជាមិនត្រូវការកាត់ទោសជនសង្ស័យក្នុងសំណុំរឿង០០៣ និង០០៤ទេ។ រដ្ឋាភិបាលកម្ពុជា និងសហព្រះរាជអាជ្ញាជាតិធ្លាប់បានលើកឡើងថា ការចាត់ការសំណុំ រឿងទាំងនេះអាចនឹងបំផ្លាញសន្ដិសុខជាតិដ៏ផុយស្រួយ។
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមទាំងពីររូបគឺលោក ឌឹម សុវណ្ណារុំ និងលោក ឡាស អលសិន (Lars Olsen) មានប្រសាសន៍ថា ការចេញសេចក្ដីថ្លែងការណ៍ខ្វែងគ្នារវាងសហព្រះរាជអាជ្ញានៅក្នុងសាលាក្ដីខ្មែរក្រហមនៅពេលនេះ គឺគ្រាន់តែជាសេចក្ដីថ្លែងការណ៍ផ្ទាល់ខ្លួនរបស់ពួកគាត់ ហើយនឹងមិនអាចរារាំងការសម្រេចនៅពេលខាងមុខរបស់សហចៅក្រមស៊ើបអង្កេតនោះទេ។
លោក ឌឹម សុវណ្ណារុំ បញ្ជាក់ថា ទោះជាមានការសម្រេចយ៉ាងណារបស់សហចៅក្រមស៊ើបអង្កេតនៅពេលខាងមុខនេះ សហព្រះរាជអាជ្ញាដែលមិនពេញចិត្តអាចនឹងប្ដឹងឧទ្ធរណ៍បាន។ ឡោកបានបញ្ជាក់ថា៖
«នីតិវិធីបន្តគឺជាការងាររបស់ការិយាល័យសហចៅក្រមស៊ើបអង្កេត តើការិយាល័យសហចៅ ក្រមស៊ើបអង្គេត និងឆ្លើយទៅតាមការស្នើសុំនេះយ៉ាងដូចម្តេច វិជ្ជាមាន ឬក៏បដិសេធ។ សហព្រះរាជ អាជ្ញាអាចប្តឹងទៅសាលាឧទ្ឋរណ៍ អង្គបូរេជំនុំជម្រះ ហើយសូមជម្រាបថា អ្វីដែលបានប្រកាសកន្លងមកគ្រាន់តែជាសេចក្តីថ្លែងការណ៍របស់សហព្រះរាជអាជ្ញាជាតិ និងសហព្រះរាជអាជ្ញាអន្តរជាតិ»។
រហូតមកទល់ពេលនេះ ជនសង្ស័យក្នុងសំណុំរឿង០០៣ នៅតែមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយ។ ក៏ប៉ុន្ដែបើយោងតាមការបង្ហាញក្រៅផ្លូវការ ជនសង្ស័យអាចមានចំនួនពីរនាក់ដែលគេស្គាល់ថា ជាអតីតមេបញ្ជាការកងទព័ជើងទឹកខ្មែរក្រហមលោកមាស មុត និងលោក ស៊ូ ម៉េត អតីតមេបញ្ជាការកងទ័ពអាកាស។ លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការសម្រេចលើសំណុំរឿង ០០៣ យ៉ាងណានោះនឹងជះឥទ្ធិពលដល់ការដោះស្រាយសំណុំរឿង០០៤ ដែលស្ថិតក្នុងភាពចម្រូងចម្រាស់ដូចគ្នា។ ជនសង្ស័យក្នុងសំណុំរឿងចុងក្រោយនេះមានចំនួនបីនាក់។
លោកស្រី គ្លែរ ដាហ្វី (Clair Duffy) អ្នកសម្របសម្រួលរបស់អង្គការសង្គមយុត្តិធម៌សង្គមសេរី (OSJI) នៅកម្ពុជា និងដែលជាអ្នកឃ្លាំមើលដំណើរការសាលាក្ដីខ្មែរក្រហមមួយរូបមានប្រសាសន៍ប្រកបដោយការព្រួយបារម្ភថា សំណុំរឿង ០០៣ និង០០៤ នៅតែមានលទ្ធភាពត្រូវទាត់ចោលដោយសាលាក្ដីខ្មែរក្រហម។ ក៏ប៉ុន្ដែលោកស្រី គ្លែរ ដាហ្វ៊ី ទាមទារថា បើទោះជាហេតុផលបែបណាក៏ដោយ សាលាក្ដីខ្មែរក្រហមត្រូវតែបង្ហាញអំពីតម្លាភាពរបស់ខ្លួន។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលដែលកំពង់រង់ចាំការដោះស្រាយសំណុំរឿង០០៣ សាលាក្ដីខ្មែរក្រហមគ្រោងនឹងប្រកាសសាលដីកាលើការកំណត់ទោសឌុច ដែលជាអតីតប្រធានគុកទួលស្លែងជាចុងក្រោយនៅខែក្រោយនេះ។ ជាមួយគ្នានេះដែរ សវនាការបឋមក្នុងសំណុំរឿង០០២ ដែលមានជនជាប់ចោទចំនួនបួននាក់ ដែលសុទ្ធសឹងជាអតីតមេដឹកនាំកំពូលខ្ពស់បំផុតខ្មែរក្រហមនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៧រហូតទៅដល់ថ្ងៃទី៣០ខែក្រោយនេះដែរ។ បន្ទាប់មកការកាត់ទោសពេញអង្គនឹងអាចប្រព្រឹត្តិនៅខែសីហា ឬខែកញ្ញា ឆ្នាំ២០១១នេះ៕