ក្នុងការឈានចូលដល់ថ្ងៃទី២ នៃការជំនុំជម្រះជាប្រវត្តិសាស្ត្រ នៅក្នុងតុលាការខេត្តបន្ទាយមានជ័យ លោក មឹក ដារ៉ា អតីតអគ្គលេខាធិការអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងលោក ជា ឡេង អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានប្រឈមនឹងការចោទប្រកាន់ចំនួន ៣៨ករណី សម្រាប់អំពើពុករលួយ និងអំពើជួញដូរគ្រឿងញៀន នៅក្នុងឆ្នាំ២០០៧ និងឆ្នាំ២០១១ ដែលនឹងអាច ជាប់ពន្ធនាគារអស់មួយជីវិត។
លោក វ៉ាន់ កុសល មន្ត្រីប្រឆាំងគ្រឿងញៀន និងជាសាក្សី បានថ្លែងប្រាប់សវនាការថាលោក មឹក ដារ៉ា បានធ្វើការកែប្រែរបាយការណ៍ស្តីពីការចាប់គ្រឿងញៀនខុសពីការពិត បន្ទាប់ពីលោកបានរាយការណ៍អំពីកំណត់ហេតុជាក់ស្តែងពីជនល្មើសជួញដូរគ្រឿង ញៀនជូនលោក មឹក ដារ៉ា។
លោក វ៉ាន់ កុសល បានបញ្ជាក់ថាលោក មឹក ដារ៉ា បានប្រឌិតរបាយការណ៍ស្តីពីការចាប់គ្រឿងញៀនដោយកែពីការយកគ្រឿងញៀនប្រមាណមួយគីឡូក្រាម ចេញពីមន្ទីរប្រឆាំងគ្រឿងញៀន ទៅជាការយកគ្រឿងញៀននេះ ចេញពីបន្ទប់ទឹក នៃស្ថានីយចាក់ប្រេងសាំងនៅក្បែរនោះវិញ។
អតីតឧត្តមសេនីយឯក លោក មឹក ដារ៉ា បានទទួលស្គាល់អំពីការប្រឌិតរបាយការណ៍បែបនេះមែន ដោយបញ្ជាក់ប្រាប់តុលាការថាលោកធ្វើបែបនេះ ដើម្បីការពារសេចក្តីថ្លៃថ្នូរ និងកិត្តិយស នៃមន្ទីរប្រឆាំងគ្រឿងញៀនរបស់លោក។
លោក កា សាវុធ មេធាវីការពារក្តីរបស់ជនត្រូវចោទ មឹក ដារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖
«គាត់កែប្រែតែមួយចំណុចទេ ដោយសារគាត់ខ្លាចខូចឈ្មោះអង្គភាព។ ហេតុអ្វីបានជាគាត់សារភាព គាត់និយាយថា វាជាបទល្មើសដែលត្រូវជាប់គុក នៅតែជាប់គុកដដែល គ្រាន់តែខុសទីតាំង»។
លោក ស៊ុំ ចាន់គារ មន្ត្រីសម្របសម្រួល នៃសមាគមសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានថ្លែងថាលោក មឹក ដារ៉ា បានបង្ហាញនូវសេចក្តីក្លាហ៊ានក្នុងការឆ្លើយសារភាពអំពីទោសកំហុសរបស់លោក ពាក់ព័ន្ធនឹងការប្រឌិតរបាយការណ៍ពាក់ព័ន្ធជាមួយគ្រឿងញៀន នៅចំពោះមុខតុលាការ ដោយមានសាក្សីបញ្ជាក់ភស្តុតាងច្បាស់លាស់។
«ទាក់ទងអំពីសវនាការនេះ យើងឃើញថាលោក មឹក ដារ៉ា បាននិយាយសារភាពថា គាត់បានកែនូវសំណុំរឿង ប៉ុន្តែក្នុងគោលបំណងរបស់គាត់គឺមិនឱ្យពាក់ព័ន្ធ ទៅលើកន្លែងអង្គភាពរបស់គាត់។ បើសិនជាទុកឱ្យមានបញ្ហានៅកន្លែងរបស់គាត់អញ្ចឹង វាធ្វើឱ្យខូចឈ្មោះនូវអង្គភាពរបស់គាត់។ អញ្ចឹង គាត់កែសំណុំរឿង ដើម្បីឱ្យអង្គភាពរបស់គាត់បានល្អ»។
ទណ្ឌិត ឌៀប សុផាត អតីតមន្ត្រីប្រឆាំងគ្រឿងញៀន និងជាសាក្សី បានថ្លែងប្រាប់សវនាការថា លោកបានទទួលបញ្ជាពីលោក ជា ឡេង អតីតអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនឱ្យយកគ្រឿងញៀនហេរ៉ូអ៊ីនប្រមាណ១គីឡូក្រាម ទៅឱ្យបណ្តាញអ្នកលក់គ្រឿងញៀននៅក្នុងឆ្នាំ២០០៧។
ជនត្រូវចោទ ជា ឡេង បានបដិសេធថាលោកមិនបានប្រគល់គ្រឿងញៀនហេរ៉ូអ៊ីន ទៅឱ្យលោក ឌៀប សុផាត ដូចការចោទប្រកាន់នេះទេ។
មេធាវីរបស់លោក ជា ឡេង បានថ្លែងថាលោកមិនអាចទទួលយកចម្លើយរបស់សាក្សីនេះបានទេ។
ជនត្រូវចោទ មឹក ដារ៉ា និង ជា ឡេង ត្រូវបានចាប់ខ្លួននៅក្នុងខែមករា។ ការជំនុំជម្រះនេះមានសាក្សីច្រើនជាង១០០នាក់ រួមមាននគរបាល និងទណ្ឌិត ហើយគ្រោងនឹងចំណាយពេល ៧៥ថ្ងៃ៕