អ្នកភូមិ​មួយ​នៃ​ខេត្តសៀមរាប​យក​ដូង​ធ្វើ​រូប​មេអំបៅ ចាប ទា ឃ្មុំ ដើម្បី​រក​ចំណូល​បន្ថែម

រូប​សត្វ​ឃ្មុំ មេអំបៅ​ និង​សត្វផ្សេង​ៗ ដែល​អ្នកស្រី​ ឆន​ ចំរើន ធ្វើឡើង​​ពី​ដូងស្តរ​ បាញ់ថ្នាំ​រួច​ ដាក់​តាំង​នៅ​មុខ​ផ្ទះ​ដើម្បី​លក់​​​ ​​នៅ​ភូមិ​​គោក​គ្រើល​ ឃុំ​លាង​ដៃ​ ស្រុកអង្គរ​ធំ​ ខេត្ត​សៀមរាប នៅ​ថ្ងៃទី ២២ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ខាន់​ សុគុំមនោ​/វីអូអេ)

នៅ​ភាគ​ខាង​ជើង​ក្រុង​សៀមរាប​ ប្រមាណ​២៥​គីឡូម៉ែត្រអ្នក​ស្រី​ ឆន ​ចំរើន​ ដែល​ជា​អ្នក​ភូមិ​គោក​គ្រើល​ ឃុំ​លាង​ដៃ​ ស្រុក​អង្គរ​ធំ​ ដើរ​ចូល​ក្នុង​តូប​ផាត់​មុខ​ និង​ធ្វើ​សក់​របស់​អ្នក​ស្រី។ ​អ្នក​ស្រី​លាប​ម្សៅ​នៅ​លើ​ផ្ទៃ​មុខ​រួច​លាប​ក្រែម​ពណ៌​ក្រហម​ព្រឿងៗ។​

ក្រោយ​មក​នៅ​មុខ​តូប​ដដែល​នេះ​អ្នកស្រី​ក្រាល​បាវ​ពណ៌លឿង​ និង​ពណ៌​ក្រហម។​ នៅ​លើ​បាវ​នោះ​ ​អ្នក​ស្រី​ដាក់​ស្បោង​ស​មួយ​ ដែល​នៅ​ក្នុង​នោះ​មាន​កូន​កាំបិត​ដង​ពណ៌​ទឹក​ក្រូច​ចំនួន​បី​ ​ ខ្សែ​ពណ៌​លឿង​សម្រាប់​ចង​ និង​ខ្សែ​ជ័រ​រិត​ខ្សែ​ភ្លើង​មួយ​កញ្ចប់។​ ក្រោយ​មក​អ្នក​ស្រី​រើស​ដូង​ស្តរ​មួយ​ចំនួន ​ពី​គំនរ​ដូង។​ បន្ទាប់​ពី​រើស​បាន​ដូង​ដែល​មាន​រាង​ និង​ទំហំ​ដែល​អ្នក​ស្រី​ចង់​បាន​ហើយ ​ អ្នកស្រី​អង្គុយ​ចុះ​នៅ​លើ​កៅអី​ទាប​មួយ។​

ដោយ​មាន​ដូង​មួយ​ចំនួន​នៅ​ពី​មុខដៃ​ខាង​ឆ្វេង​របស់​អ្នកស្រី​កាន់​កូន​កាំបិត​ ​ ហើយ​ដៃ​ខាង​ស្តាំ​ក៏​កាន់​កូន​កាំបិត​ដែរ។ អ្នក​ស្រី​ប្រើ​ជើង​ទាំង​ពីរ​របស់​អ្នក​ស្រី​ទប់​ដូង​ឲ្យ​នៅ​ហ្នឹង។​ អ្នក​ស្រី​ចាប់​ផ្តើម​ចោះ​ប្រហោង​មួយ​លើ​សំបក​ដូងស្តរ ​ដែល​ជា​ដូង​គ្មាន​ទឹក។​

អ្នកស្រី​ ឆន ចំរើន​ អង្គុយធ្វើរូបសត្វ​ពី​ផ្លែដូង​ស្តរ​។ រូប​សត្វ​មួយ​ អ្នកស្រី​អាច​លក់បាន​ក្នុងតម្លៃ​ប្រមាណ​ ១ម៉ឺន​រៀល​ ទៅ​១ម៉ឺន៥ពាន់​រៀល នៅ​ភូមិគោក​គ្រើល​ ឃុំ​លាង​ដៃ​ ស្រុកអង្គរ​ធំ​ ខេត្ត​សៀមរាប នៅ​ថ្ងៃទី ២២ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ខាន់​ សុគុំមនោ​/វីអូអេ)

ដូង​ទី១​ ដែល​អ្នកស្រី​ចោះ​ចំ​កណ្តាល​គឺ​ជា​ក្បាល។ ​ ដូង​ទីពីរ​ដែល ​អ្នកស្រី​ចោះ​ខាង​លើ​ និង​ខាង​ក្រោម ​គឺ​ជា​ដង​ខ្លួន។​ដូង​ទី​៣​ អ្នកស្រី​ចោះ​ផ្នែក​ខាង​លើ​ជា​កន្ទុយ។ ​ នៅ​ពេល​អ្នក​ស្រី​ដាក់​ផ្គុំ​ដូង​ទាំង​បី​តាម​លេខ​រៀង ​ ​ដូង​ទាំង​នោះ​ លេច​ចេញ​ជា​រូប​សត្វ​ឃ្មុំ។​នេះ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។​សម្រាប់​ដូង​ទី​១​ ​ អ្នកស្រី​ចោះ​ប្រហោង​ផ្នែក​ក្បាល​ចំនួន​ពីរ​បន្ថែម​ទៀត​ ដើម្បី​ដោត​ខ្សែ​ជ័រ​សម្រាប់​រឹត​ខ្សែ​ភ្លើង។​ ខ្សែ​ទាំង​នោះ​ចេញ​ជា​ប្រមោយ។ ​ នៅ​លើ​ផ្នែក​កណ្តាល​ ឬ​ផ្នែក​ដង​ខ្លួន​ ​ អ្នកស្រី​ចោះ​ប្រហោង​នៅ​ចំហៀង​ទាំង​សង​ខាង។ ​ ប្រហោង​នោះ​ ​បន្ទាប់​មក​ត្រូវ​បាន​បំពេញ​ដោយ​ស្ពរ​ដូង​ ដែល​មាន​រាង​ជា​ស្រទាប់​ស្តើង​វែង។ ​ ផ្នែក​នេះ​ជា​ស្លាប។​

នៅ​ផ្នែក​ខ្លួន​ដដែល ប៉ុន្តែ​នៅ​ផ្នែក​ខាង​ក្រោម​ ​ អ្នកស្រី​ចោះ​ប្រហោង​បួន​ផ្សេង​ទៀត ​ដើម្បី​ដោត​ខ្សែ​ជ័រ​សម្រាប់​រឹត​ខ្សែ​ភ្លើង។​ ប្រហោង​មួយ​មាន​ខ្សែ​មួយ។​ ខ្សែ​ទាំង​បួន​នេះ​ក្លាយ​ជា​ជើង។​ អ្នកស្រី​ញញឹម​រួច​និយាយ​ថា៖​ «នេះ​ហើយ​ហើយ»។​

បង្គំ​នៃ​ដូង​ និង​ខ្សែ​ជ័រ​ទាំង​នេះ​បាន​ក្លាយ​ទៅ​ជា​រូប​សត្វ​ឃ្មុំ។​ រូប​សត្វ​ដែល​ធ្វើ​ឡើង​ពី​ផ្លែ​ដូង​ទាំង​នេះ​អាច​ផ្តល់​កម្រៃ​ដល់​អ្នក​ស្រី​បាន​ ពី​១​ម៉ឺន​ទៅ​១​ម៉ឺន​៥០០០​រៀល។​

ពលរដ្ឋ​ជាង​១៥០​ គ្រួសារ​នៅ​ក្នុង​ភូមិ​នេះ​ភាគ​ច្រើន​ធ្វើការ​សំណង់​និង​វិស័យ​ទេសរណ៍។​ពួក​គេ​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ខ្លាំង​ដោយសារ​ជំងឺ​កូវីដ។​ ឥឡូវ​គ្រួសារ​មួយ​ចំនួន​ក្នុង​ភូមិ​នេះ​បាន​រក​ឃើញ​វិធី​ថ្មី​ក្នុង​ការ​រក​ប្រាក់​ចំណូល​បន្តិច​បន្តួច​ ​ដោយ​យក​ដូង​លក់​តាម​ផ្ទះ​មក​ធ្វើ​រូប​សត្វ។​

ដូច​អ្នក​ភូមិ​រាប់រយ​នាក់​ទៀត​ដែរ អ្នក​ស្រី​ ចំរើន​ធ្លាប់​ធ្វើ​ការ​ពីរ​បី​មុខ​ ដើម្បី​ជួយ​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ និង​សម្រាល​បន្ទុក​ប្តី​របស់​អ្នកស្រី​ដែល​មាន​របរ​ជា​អ្នក​នាំ​ភ្ញៀវ​ទេសចរ។ ​ ការងារ​មួយ​ក្នុង​ចំណោម​នោះ​គឺ​ជា​ការងារ​សំណង់។​

អ្នក​ស្រី​ ចំរើន​និយាយ​ថា​ បន្ទាប់​ពី​អ្នកស្រី​ចាប់​ផ្តើម​ធ្វើ​រូប​សត្វ​ទាំង​នេះ​ដាក់​លក់​ ​អ្នក​ស្រី​រក​បាន​ប្រាក់​កម្រៃ​ខ្លះ។​

«ទើប​ហ្នឹង​បាន​ជិត​ ១០​ម៉ឺន​[រៀល]។​យើង​ទើប​ហ្នឹង​ចាប់​ផ្តើម​លក់​ដែរ​តែ​មិន​សល់​[លុយ]​ទេ។​ទិញ​តែ​ថ្នាំ​ (បាញ់) ​ទៅ​វិញ ​និង​បាន​ចាយ​ទិញ​ម្ហូប​ទិញ​អី​តិច​តួច​ប៉ុណ្ណោះ​ឯង»។​

អ្នក​ស្រី​យក​ប្រាក់​នេះ​ចាយ​ទិញ​ម្ហូប​អាហារ​ផ្គត់ផ្គង់​គ្រួសារ​ខណៈ​ដែល​អាជីព​មួយ​ទៀត​របស់​អ្នក​ស្រី​ជា​អ្នក​ធ្វើ​សក់​ និង​ផាត់​មុខ​ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩។​

អ្នក​ស្រី​ ឆន​ ចំរើន​ទើប​តែ​មាន​អាជីព​ថ្មី​ ដែល​កែ​ ច្នៃ​ផ្លែ​ដូង​ស្តរ​ធ្វើ​រូប​សត្វ​ផ្សេងៗ​បាន​បួន​ថ្ងៃ​ប៉ុណ្ណោះ។ ​ អ្នកស្រី​និយាយ​ថា​ ​រូប​សត្វ​ទាំង​នេះ​អាច​ផ្តល់​កម្រៃ​ពី​១​ម៉ឺន​ ទៅ​១០​ម៉ឺន​រៀល។ ​ ប្រាក់​នេះ​ ជួយ​អ្នកស្រី​ក្នុង​ការ​សង​លុយ​ធនារគារ​ដែល​គ្រួសារ​អ្នក​ស្រី​ខ្ចី​ពី​ធនាគារ​អេស៊ីលីដា​ចំនួន​១​ម៉ឺន​ដុល្លារ​កាល​ពី​ខែ​មករា​កន្លង​ទៅ។​

អ្នក​ស្រី​យក​លុយ​នោះ​ទៅ​ទិញ​ឧបករណ៍​ធុង​បាស​ដើម្បី​ប្រកប​របរ​ជួល​ចាក់​ភ្លេង​នៅ​ក្នុង​ពិធី​មង្គល​ការ​ដោយ​សង្ឃឹម​ថា ​ ​ អ្នកស្រី​និង​ប្តី​អាច​រក​បាន​យ៉ាង​ហោច​ណាស់​១៥០​ដុល្លារ​ក្នុង​មួយ​ខែ​ពី​មុខ​របរ​ជួល​ធុងបាស​នេះ។​

អ្នកស្រី​និយាយ​ថា៖​ «ខ្ញុំ​ចង់​សម្រាក​ពី​អង្គការ​មួយ​រយៈ​ ​ប៉ុន្តែ​ដោយសារ​តែ​ប្តី​របស់​ខ្ញុំ​ស្រឡាញ់​ពេក​កាត់​ថា​ទាន់​មាន​ឱកាស​យើង​យក​ទៅ! ​ ហើយ​យើង​ដាច់​អង្គការ​ហើយ។​ ក៏​ចាប់​ផ្តើម​សារ​ជា​ថ្មី​ជាមួយ​អង្គការ​ក៏​វ័ណ្ឌ​ក​ទៅ!»​

អ្នកស្រី​បន្ថែម​ថា៖​«និយាយ​ទៅ​គឺ​ចំណាយ​មិន​មែន​តែ​អង្គការ​ទេ​គឺ​ចំណាយ​ច្រើន​ គឺ​អ្នក​ជុំវិញ​ដែល​យើង​ដោះ​គេ​រហូត​គឺ​យើង​ចំណាយ​ច្រើន​ដែរ»។​

ដូង​ស្តរ​រាប់សិប​ ដែល​ត្រូវ​បាន​ដាក់​គរ​នៅ​ក្នុង​តូប​ផាត់មុខ​ និង​ធ្វើសក់​របស់​អ្នក​ស្រី​កំពុង​រង់ចាំ​វេន​អាច​ប្រែ​ខ្លួន​ជា​រូប​សត្វ​ឃ្មុំ​ សត្វ​មេ​អំបៅ​ ទា​ ចាប​ ទន្សាយ​ និង​សត្វ​ផ្សេងៗ​ទៀត។​

ប៉ុន្តែ​មិន​មែន​ដូង​ទាំង​អស់​ សុទ្ធ​តែមាន​សំណាង​នោះ​ទេ។​

ដូងស្តរ​ដែល​មិន​ត្រូវ​បាន​ជ្រើសរើស ​ត្រូវ​បាន​អ្នកស្រី​យក​ទៅ​ដុត​ជា​ភ្នក់​ភ្លើង​ដេញ​សត្វ​ល្អិត​នានា។​

អ្នកស្រី​និយាយ​ថា៖​ «អា​របៀប​ថាកណ្តៀរ​ស៊ីហើយ​អាណា​ធំ​ពេក​ក៏​អត់​យក​កើត​ដែរ។ វា​លើស​មាឌ​អត់​មាន​អាណា​ផ្គុំ​ជា​មួយ​វា​បាន»។​

ការងារ​នេះ​ក៏​ផ្តល់​ពេល​ឲ្យ​អ្នក​ស្រី​បាន​មើល​កូន​តូចៗ ​ប្រុស​ និង​ស្រី​ទាំង​ពីរ​នាក់​ផង​ដែរ។​

រូប​សត្វ​ឃ្មុំ ដែលធ្វើ​ពី​ដូងស្តរ​ បាញ់ថ្នាំ​រួច​ ដែល​អ្នកស្រី​ សំ​ សម្ផស្ស​ បាន​ធ្វើ​ដោយ​ប្រើពេល​ប្រហែល​ ១៥នាទី​ នៅ​ភូមិគោក​គ្រើល​ ឃុំ​លាង​ដៃ​ ស្រុកអង្គរ​ធំ​ ខេត្ត​សៀមរាប នៅ​ថ្ងៃទី ២២ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ខាន់​ សុគុំមនោ​/វីអូអេ)

បន្ទាប់​ពី​ធ្វើ​រូប​ឃ្មុំ​រួច​អ្នក​ស្រី​ចាប់​ផ្តើម​ធ្វើ​រូប​មេ​អំបៅ។​

សត្វ​មេអំ​បៅ ដែលធ្វើ​ពី​ដូងស្តរ​ មិន​ទាន់​បាញ់ថ្នាំ ដែល​អ្នកស្រី​ សំ​ សម្ផស្ស​ បាន​ធ្វើ​ដោយ​ប្រើពេល​ប្រហែល​ ១៥នាទី​ នៅ​ភូមិគោក​គ្រើល​ ឃុំ​លាង​ដៃ​ ស្រុកអង្គរ​ធំ​ ខេត្ត​សៀមរាប នៅ​ថ្ងៃទី ២២ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ខាន់​ សុគុំមនោ​/វីអូអេ)

ខណៈ​ដែល​អ្នក​ស្រី​កំពុង​ធ្វើ​រូប​មេ​អំបៅ​នោះ​ ​កូនស្រី​តូច​របស់​អ្នកស្រី​រត់​មក​អង្គុយ​ក្បែរ​ ដោយ​កាន់​តុក្កតា​ពណ៌​ប្រផេះ​មួយ។​អ្នកស្រី​ប្រាប់​កូន​ស្រី​ដែល​មាន​អាយុ​បី​ឆ្នាំ​ថា៖​«កូន​ឯង​ទៅ​លេង​ឯ​នោះ​ទៅ​ ថ្លង់​អ៊ុំ»។​

ក្រោយ​ពី​បញ្ចប់​ដំណើរ​ការ​ធ្វើ​សត្វ​ទាំង​ពីរអ្នក​ស្រី​យក​ថង់​ប្លាស្ទិក​មួយ​ដែល​ព្យួរ​នៅ​នឹង​ជើង​សរសរ​ហាង​ រួច​ដាក់​ថង់​នោះ​ចុះ។​ នៅ​ក្នុង​ថង់​នោះ​មាន​កំប៉ុង​ប្រមាណ​ប្រាំ​ទៅ​ប្រាំ​ពីរ។​អ្នក​ស្រី​យក​កំប៉ុង​ថ្នាំ​ពណ៌​ខ្មៅ​បាញ់​ទៅ​លើ​ដូង​បី​ ដែល​ព្យួរ​ជាមួយ​នឹង​ខ្សែ​ពណ៌​លឿង។ ​ ដូង​ដែល​មាន​ពណ៌​ត្នោត​ទាំង​បី​បាន​ក្លាយ​ទៅ​ជា​ដូង​ពណ៌​ខ្មៅ។ ​ ហើយ​អ្នក​ស្រី​ទុក​ដូង​ទាំង​នោះ​ឲ្យ​ស្ងួត​បន្តិច។

ក្រោយ​មក​អ្នក​ស្រី​យក​កំប៉ុង​ថ្នាំ​ពណ៌​លឿង​បាញ់​ជា​រាង​ឆ្នូត​ធំៗ​បន្ថែម​ទៅ​លើ​ដូង​ទាំង​បី​ផង​ដែរ។​ចុង​ក្រោយ​អ្នកស្រី​យក​កំប៉ុង​ពណ៌​ស​មក​បាញ់​លើ​ចុង​ម្រាម​ចង្អុល​ដៃ​ខាង​ឆ្វេង​របស់​អ្នក​ស្រី។ ​ ​ភ្លាមៗ​នោះ​ អ្នកស្រី​យក​ម្រាម​ដៃ​នោះ​ទៅ​ផ្តិត​លើ​ដូង​ទី​មួយ​ចំនួន​ពីរ​កន្លែង។ ​ចំនុច​ពណ៌​ស​នោះ​បាន​ក្លាយ​ជា​ភ្នែក​របស់​រូប​សត្វ​ឃ្មុំ។​

ឥឡូវ​នេះ​អ្នកស្រី​មាន​ដូង​ដែល​ត្រូវ​បាន​ផ្គុំ​ជា​រូប​សត្វ​ឃ្មុំ​ និង​មាន​ពណ៌​ដូច​សត្វ​ឃ្មុំ។​

រូប​សត្វ​ដែល​អ្នកស្រី​បង្កើត​ពី​ដូង​ស្តរ​ទាំង​នេះ​ត្រូវ​បាន​អ្នកភូមិ ​និង​អ្នក​ដំណើរ​ជាវ​ដើម្បី​ធ្វើ​ជា​គ្រឿង​លម្អ។​

អ្នកស្រី​និយាយ​ថា៖​ «អ្នក​ខ្លះ​គេ​មាន​ភោជនីយដ្ឋាន​អី​ទៅ ​ [គេ​ដាក់]​អន្តេក​អន្តោង​អីទៅ ព្រោះ​វា​ប្លែក​ភ្នែក​ដែរ។ គេ​ឃើញ​យើង​ចេះ​ច្នៃ​ ​ចេះ​អី​ទៅ​ គេ​ ក៏​ចាប់​អារម្មណ៍​ដែរ»។​

អ្នកស្រី​ចេះ​ធ្វើ​រូប​សត្វ​ទាំង​នេះ​តាម​មិត្ត​ភក្តិ​របស់​អ្នកស្រី​ ដែល​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា។​

ចម្ងាយ​ប្រមាណ​ ៥០០​ម៉ែត្រ​ ពី​ផ្ទះ​របស់​អ្នកស្រី​ គឺ​ជា​ផ្ទះ​របស់​អ្នកស្រី​សំ សម្ផស្ស ​ដែល​មាន​វ័យ​២៩​ឆ្នាំ។​អ្នកស្រី​សម្ផស្ស​គឺ​ជា​មេ​ផ្ទះ។​ អ្នកស្រី​គឺ​ជា​អ្នក​បង្ហាញ​អ្នកស្រី​ឆន ចំរើន​ឲ្យ​ចេះ​ធ្វើរូប​សត្វ​ដោយ​ប្រើ​ផ្លែ​ដូង​ស្តរ។​

អ្នកស្រី​ សំ សម្ផស្ស​ អង្គុយធ្វើរូបសត្វ​ពី​ផ្លែដូង​ស្តរ​។ រូប​សត្វ​មួយ​ អ្នកស្រី​អាច​លក់បាន​ក្នុងតម្លៃ​ប្រមាណ​ ១ម៉ឺន​រៀល​ ទៅ​១ម៉ឺន៥ពាន់​រៀល នៅ​ភូមិគោក​គ្រើល​ ឃុំ​លាង​ដៃ​ ស្រុកអង្គរ​ធំ​ ខេត្ត​សៀមរាប នៅ​ថ្ងៃទី ២២ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ផន​ បុប្ផា/វីអូអេ)

ប៉ុន្តែ​ខុស​ពី​មិត្ត​របស់​អ្នក​ស្រី​ ​ អ្នកស្រី​សម្ជស្ស​ប្រើ​ពេល​ប្រហែល​ ១៥​នាទី​ប៉ុណ្ណោះ​ក្នុង​ការ​បង្កើត​រូប​សត្វ​នីមួយៗ​ ​ ខណៈ​ អ្នកស្រី​ឆន ចំរើន​ប្រើ​ពេល​ពីរ​ដង​ច្រើន​ជាង​អ្នកស្រី។​

ភាព​ខុស​គ្នា​នេះ​គឺ​ដោយសារ​តែ​អ្នកស្រី​សំ សម្ផស្ស​ចាប់​ផ្តើម​ធ្វើរូប​ទាំង​នេះ ​បី​ខែ​មុន​អ្នក​ស្រី​ចំរើន។​

«ពីរ​បីខែ​នេះ​ឯង!​ [កូន]​ក៏​ទារ​ ក៏​ធ្វើ​ឲ្យ​កូន​លេង ធ្វើ​ឲ្យ​កូន​លេង​ ហើយ​គេ​សុំ​រៀន​ត​ ទៅ​ [ខ្ញុំ]​ក៏​បង្គាប់​គេ​ផង»។​

លោក​ នួន​ សង​ ស្វាមី​របស់​អ្នកស្រី​ សំ​ សម្ផស្ស​ ដែល​ចេះ​ធ្វើ​រូបសត្វ​ពី​ដូងស្តរ​ ដោយ​ការចង​ចាំ​របស់​លោក​ កាលពី​ឃើញ​ទំរង់​រូបសត្វ​ដែល​គេធ្វើដាក់តាំងលេង​នៅ​ប្រទេសថៃនៅ​ភូមិគោក​គ្រើល​ ឃុំ​លាង​ដៃ​ ស្រុកអង្គរ​ធំ​ ខេត្ត​សៀមរាប នៅ​ថ្ងៃទី ២២ ខែ​កក្កដា​ ឆ្នាំ​២០២០។ (ខាន់​ សុគុំមនោ​/វីអូអេ)

លោក​ នួន សង ​វ័យ ​២៨​ឆ្នាំ​ដែល​ធ្លាប់​ធ្វើ​ជាជាង​សំណង់​នៅ​ប្រទេស​ថៃ​រយៈ​ពេល​ ៦​ខែ​កាលពី​ឆ្នាំ ​២០១៣​ គឺ​ជា​ប្តី​របស់​ អ្នកស្រី​ សំ សម្ផស្ស។​ លោក​គឺ​ជា​អ្នក​បង្រៀន​អ្នកស្រី​ឲ្យ​ចេះ​ធ្វើ​រូប​សត្វ​ទាំង​នេះ។​

លោក​យក​ដូង​ច្នៃ​ធ្វើ​ជា​រូប​សត្វ​ បន្ទាប់​ពី​កូន​ប្រុស​របស់​លោក​ទារ​របស់​លេង​ជា​លើក​ទី​មួយ​កាល​ពី​ជាង​ប្រាំ​មួយ​ឆ្នាំ​មុន។ ​ ដោយ​ចង​ចាំ​ពី​ទំរង់​សត្វ​ដែល​លោក​បាន​ឃើញ​លោក​ក៏​បាន​ធ្វើ​សត្វ​នេះ​ឲ្យ​កូន​លោក។​

«ទៅ​ថៃ​ទៅ​ឃើញ​ថៃ​គេ...​ទៅ​ធ្វើការ​ទៅ​មាន​ឃើញ។​ ខ្ញុំ​មក​ផ្ទះ​វិញ​ឃើញ​មាន​ដូង​ស្តរ​ដែរ​ ​ខ្ញុំ​ធ្វើ​សាក​មើល។ ធ្វើ​សាក​មើល​ខ្ញុំ​ផ្គុំ​ទៅ​កើត​[រូប​ជា​សត្វ]។ ​លើក​មុន​ខ្ញុំ​អត់​មាន​ដាក់​ជើង​កៅស៊ូ​ហ្នឹង​ទេ»។

កាលពី​បីខែ​មុន​ប្រពន្ធ​របស់​លោក​ចាប់​ផ្តើម​ធ្វើ​រូប​សត្វ ​ដោយ​យក​ផ្លែដូង​ទាំង​នេះ​មក​ច្នៃ​ម្តង​ទៀត ​បន្ទាប់​ពី​កូន​ប្រុស​របស់​លោកទារ​ចង់​ឲ្យ​ធ្វើ​រូប​សត្វ​ដដែល។​

«ប្រពន្ធ​របស់​ខ្ញុំ​នឹក​ឃើញ​ធ្វើ​ម្តង​ទៀត​….​ ធ្វើ​ម្តង​ទៀត​ទៅ [...]​ធ្វើច្រើន​ទៅ​គេ​សុំ​ទិញ»។ ​

ចាប់​ពី​ពេល​នោះ​មក​ ប្រពន្ធ​របស់​លោក​គឺ​អ្នកស្រី​សំ សម្ផស្ស​ក៏ចាប់​ផ្តើម​ធ្វើ​រូប​សត្វ​ទាំង​នោះ​ដាក់​ព្យួរ​លក់​មុខ​ផ្ទះ។​

បើ​ទោះ​បី​ជា​ប្តី​របស់​អ្នក​ស្រី​គឺ​ជា​អ្នក​ចាប់​ផ្តើម​យក​ផ្លែ​ដូង​ច្នៃ​ធ្វើ​ជា​រូប​សត្វ​ទាំង​នេះ​ក៏​ដោយ អ្នកស្រី​ សម្ផស្ស​ គឺ​ជា​អ្នក​បន្ថែម​សម្រស់​ទៅ​រូប​សត្វ​ទាំង​នោះ​ដោយ​បាញ់​ថ្នាំ​ពណ៌។​

អ្នកស្រី​និយាយ​ថា៖ ​«មុន​ដំបូង​អត់​បាញ់​ទេ។​ដល់​នឹក​ឃើញ​ថា​ អ៊ឹម​...​ ដោយសារ​គេ​រក​ ​ យើង​លក់​ទៅ​ ហើយ​ក៏​បាញ់​សាក​មើល​ទៅ​ណា៎។ ដល់​បាញ់​ទៅ​ លក់​ដាច់​ដែរ។ ​ ដល់​នេះ​រួច​ ក៏​បាញ់​បាញ់ ​[ថ្នាំ]​ទាំងអស់​គ្នា​ ស្អាតៗ​ទៅ​….​បែក​គំនិត​នាំ​គ្នា​ដាក់​លក់»។​

អ្នកស្រី​ក៏​ផ្ទុះ​សំណើច។ ​

អ្នកស្រី​និយាយ​ទៀត​ថា​អ្នកស្រី​ត្រេក​អរ​ ដែល​ការ​យក​ដូង​ស្តរ​ធ្វើ​ជា​រូបសត្វ​នេះ​អាច​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នកស្រី​បាន​ប្រាក់​កម្រៃ​មួយ​ចំនួន​ពី​ការ​លក់​រូប​សត្វ​ទាំង​នេះ។​

«ធ្វើ​ឲ្យ​កូន​លេង​ ប៉ុន្តែ​គេ​មក​ឃើញ​វា​ស្អាត​ គេ​ធ្វើ​ត​ទៅ​ ធ្វើ​ដាក់​លក់​ទាំង​អស់​គ្នា​ទៅ»។​

អ្នកស្រី​ សំ​ សម្ផស្ស​ (កណ្តាល) អ្នកស្រី ឆន​ ចំរើន​ (ស្តាំ​) និង​បងស្រី​របស់​អ្នកស្រី​ សំ សម្ផស្ស​ កំពុង​អង្គុយ​មើល​អ្នកស្រី​ សម្ផស្ស​ ធ្វើ​រូប​សត្វ​ពី​ដូង​ស្តរ​ នៅ​ភូមិគោក​គ្រើល​ ឃុំ​លាង​ដៃ​ ស្រុកអង្គរ​ធំ​ ខេត្ត​សៀមរាប នៅ​ថ្ងៃទី ២២ ខែ​កក្កដា​ ឆ្នាំ២០២០។ (ខាន់​ សុគុំមនោ​/វីអូអេ)

អ្នកស្រី​ សំ សម្ផស្ស​ក៏​បាន​បង្រៀន ​បងស្រី​របស់​អ្នកស្រី​ មិត្ត​របស់​អ្នកស្រី​ និង​អ្នកភូមិ​ផ្សេងៗ​ទៀត​ដែល​ចង់​ចេះ​ធ្វើ​សត្វ​ទាំង​នេះ។​

អ្នកស្រី​ងាក​ទៅ​រក​អ្នកស្រី​ចំរើន​ជាមិត្ត​ភក្តិ​ រួច​និយាយ​ថា៖​

«ដូច​ថា​ គេ​ចង់​រៀន។​ គេ​ឯ​ហ្នេះ​ចង់​រៀន​ទៅ​ ក៏​បង្គាប់​គេ​ផង​ទៅ​… ​ក៏​ធ្វើ​ផង​ លក់​ផង​ទៅ។​ សំខាន់​ឲ្យ​តែ​គេ​រក​បាន​លក់​ដាច់​ ក៏​បង្រៀន​ ព្រោះ​[អ្នក]​ស្រុក​គ្នា​ឯង»។

បច្ចុប្បន្ន​ការ​ធ្វើ​រូប​សត្វ​នេះ​បាន​ជួយ​ជីវភាព​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​នេះ។​

អ្នកស្រី​សំ សម្ផស្ស​និយាយ​ថា៖​

«អាច​នឹង​រក​ចំណូល​បាន​ខ្លះៗ​ដែរ​ព្រោះ​ជាប់​កូន​ យើង​នៅ​ផ្ទះ​ ទៅ​រក​អី​មិន​រួច​….បាន​ចំណូល​ចូល​ បាន​មួយ​ហូប​ដែរ»។

លោក​ ឃៀម ឈៀង​ ជា​មេ​ភូមិ​គោក​គ្រើល​នេះ។​ មេភូមិ​ដែល​មាន​វ័យ ៥៦​រូប​នេះ​បាន​ប្រាប់​វីអូអេ​ថា​អ្នក​ភូមិ​លោក​ជា ច្រើន​ដែល​បម្រើ​ការ​ក្នុង​វិស័យ​ទេសចរណ៍​ និង​សំណង់​ នៅ​ក្រុង​សៀមរាប​បាន​បាត់បង់​ការងារ​ធ្វើ។

លោក​និយាយ​ថា៖​

«ក្នុង​ភូមិ​នេះ​ខ្លះ​ការងារ​សំណង់​ ខ្លះ​ការងារ​អូតែល ​ ប៉ុន្តែ​ការងារ​អូតែល​គេ​បិទ​ទៅ​ សម័យ​កូវីដ​អ៊ីចឹង​ទៅ​ មិន​ដឹង​ធ្វើ​អី»។​

លោក​បន្ត​ថា​អ្នក​ភូមិ​ប្រឹង​រក​របរ​ផ្សេងៗ​ដើម្បី​ចិញ្ចឹម​ជីវិត​ និង​សង​បំណុល​គេ។​ឥឡូវ​នៅ​ភូមិ​នេះ​មាន​ប្រជាជន​ ៦​ គ្រួសារ​ដែល​យក​ដូង​ស្តរ​ធ្វើ​រូប​សត្វ​លក់។​

«មុន​ដំបូង​តែ​មួយ​គ្រួសារ​ទេ​ដល់​ទៅ​ឃើញ​គ្នា​លក់​ដាច់​ ចេះ​តែ​ធ្វើៗ​បន្ត។ ​….​ខ្ញុំ​អត់​ចេះ​ធ្វើ​ទេ។ ខ្ញុំ​អត់​លទ្ធភាព​ធ្វើ​កើត។​ អ្នក​ភូមិ​នេះ​គេ​ចេះ​តែ​ច្នៃ​ធ្វើ។​ខ្ញុំ​ឆ្ងល់​គេ​ដែរ!ហើយ​កូន​ស្រី​ទៀត​ណា៎ ​ មិន​មែន​កូន​ប្រុស​ឯ​ណា!»​

គ្រួសារ​ដទៃ​ទៀត​ទៅ​រក​អង្រ្កង​ធ្វើ​ជា​ម្ហូប​លក់​ជា​ក្រឡៗ។​

«សប្បាយ​នោះ​ឯង​ ឃើញ​គេ​ធ្វើ​អ៊ីចឹង។​ វា​ដើរ​រក​អី​មិន​បាន​ផង!​ ហ្នឹង​គ្រាន់​បាន​ទិញ​ម្ហូប។​ សប្បាយ​ចិត្ត​ដែរ»៕​