អ្នកស្រី មៀច សំណាង ជាអាជីវករលក់សាច់ជ្រូកនៅផ្សារលើក្រុងព្រះសីហនុខេត្តព្រះសីហនុ អស់រយៈពេល ២០ ឆ្នាំមកហើយ។ មុនពេលជំងឺកូវីដ១៩ រាតត្បាតប្រទេសកម្ពុជា អ្នកស្រីធ្លាប់កាប់ជ្រូកប្រមាណពី ៨ ទៅ ១២ក្បាលលក់ជាប្រចាំថ្ងៃ។ ក៏ប៉ុន្តែក្នុងរយៈពេលបីឆ្នាំមកនេះ ចាប់តាំងពីជំងឺកូវីដ១៩ផ្ទុះក្នុងខេត្តរហូតមកដល់ពេលបច្ចុប្បន្ន អាជីវករវ័យ ៤៣ ឆ្នាំ រូបនេះ បានឱ្យដឹងថា សាច់ជ្រូក ២ ក្បាលលក់ស្ទើរតែមិនអស់ផងក្នុងមួយថ្ងៃ។
ខណៈចំណូលរកមិនសូវបានដូចមុន ប្រជាពលរដ្ឋភាគច្រើនក្នុងក្រុងព្រះសីហនុដូចជាអ្នកស្រី មៀច សំណាង ព្រួយបារម្ភពីបញ្ហាជីវភាពររបស់ខ្លួន ច្រើនជាងការឆ្លងជំងឺកូវីដ១៩ ខណៈវត្តមានភ្ញៀវជនជាតិចិនបានចូលកម្សាន្ត និងវិនិយោគក្នុងខេត្តមួយនេះច្រើនជាងខេត្តផ្សេងៗ ស្របពេលប៉ុន្មានខែចុងក្រោយនេះប្រទេសចិនកំពុងរងការរីករាលនៃជំងឺកូវីដ១៩ ផងដែរ។
កាលពីចុងឆ្នាំ ២០២២ ប្រទេសចិនបានរុះរើគោលនយោបាយដ៏តឹងរ៉ឹងរបស់ខ្លួនពោលគឺ «សូន្យ-កូវីដ» រួមទាំងដកការធ្វើតេស្ត PCR ជាទៀងទាត់លើចំនួនប្រជាជនរបស់ខ្លួនផងដែរ។ ការណ៍នេះបានធ្វើឱ្យករណីឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ដែលត្រូវបានគេមើលឃើញថាកំពុងកើនឡើងយ៉ាងគំហុកនៅទូទាំងប្រទេសចិន នៅចុងឆ្នាំ ២០២២ និងក្នុងខែមករា ឆ្នាំ ២០២៣ នេះ។
ដោយឡែក ការផ្លាស់ប្តូរគោលនយោបាយគ្មានកូវីដរបស់រដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យពលរដ្ឋចិនធ្វើដំណើរចេញទៅក្រៅប្រទេស ដូចជាធ្វើការវិនិយោគ ឬទេសចរណ៍កម្សាន្ត ជាពិសេសនៅតាមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដូចជាកម្ពុជាជាដើម បើទោះបីជាការឆ្លងជំងឺកូវីដក្នុងចំណោមពលរដ្ឋចិននៅតែបន្តកើតមានឡើងជាបន្តបន្ទាប់ក្នុងកម្រិតថយចុះនាខែកុម្ភៈក្តី។
សម្រាប់អ្នកស្រី មៀច សំណាង អ្នកស្រីរីករាយជាខ្លាំង នៅពេលមានជនជាតិចិនចូលមកក្រុងព្រះសីហនុវិញ ទោះជាមកកម្សាន្ត ឬវិនិយោគក្តី ព្រោះវាផ្តល់ឱកាសរកប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ។
អ្នកស្រីថ្លែងថា៖ «ជំងឺអត់ភ័យខ្លាចឆ្លងទេ ខ្លាចតែលក់ដូរអត់ដាច់ អត់លុយចិញ្ជឹមកូន។ តែបើកាលណាមានមនុស្សមកច្រើនចឹង យើងការពារ យើងពាក់ម៉ាស់ពាក់អីចឹងទៅយើងការពារខ្លួនឯងចឹង។ ពីមុនអត់ទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ ឥឡូវទូទាំងប្រទេសគឺមានវ៉ាក់សាំងទាំងអស់ ចឹងគាត់ក៏ការពារ យើងក៏ការពារដែរ។ ឧបមាថា ពីមុនឆ្លង ១០០ ភាគរយ បើយើងការពារទៅ ឆ្លងត្រឹម ៤០ ទៅ ៣០ [ភាគរយ] ទេ ហើយបើសិនជាគាត់បានចូលមកមានអី និយាយរួមប្រជាជនទូទាំងខេត្តនេះ មិនសូវយ៉ាប់ មិនសូវពិបាក»។
ខណៈករណីឆ្លងថ្មីប្រចាំថ្ងៃនៃជំងឺកូវីដ១៩ នៅកម្ពុជា ស្ទើរតែមិនកើតមានទាល់តែសោះ នៅក្នុងក្រុងព្រះសីហនុ គេឃើញថា ប្រជាពលរដ្ឋភាគច្រើននៅតាមផ្សារ ឬទីសាធារណៈនានា មិនសូវមានអ្នកពាក់ម៉ាស់ ឬរក្សាគម្លាត និងបាញ់ទឹកអាល់កុលសម្លាប់មេរោគ ឬលាងដៃ បន្ទាប់ពីប៉ះពាល់របស់របរផ្សេងៗនោះទេ។ ពួកគេធ្វើសកម្មភាពរស់នៅប្រចាំថ្ងៃហាក់ស្រដៀងទៅនឹងមុនពេលមានជំងឺកូវីដ១៩។
សម្រាប់លោក ពៅ គ្រី អ្នករត់ម៉ូតូកង់បី ដែលកំពុងរងចាំភ្ញៀវនៅម្តុំរង្វង់មូលត្រីដាវក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឱ្យដឹងថា កត្តាជីវភាពក៏សំខាន់ ការការពារខ្លួនពីជំងឺឆ្លងក៏សំខាន់ ទោះបីជាលោកត្រូវដោះស្រាយបញ្ហាជីវភាពប្រឈមការខ្វះខាតចំពោះមុខក៏ដោយ។
លោកថ្លែងថា៖ «យើងបារម្ភទាំងឆ្លង និងបារម្ភទាំងជីវភាព។ ២ ហ្នឹងបើបារម្ភ គឺបារម្ភជីវភាពជាងហើយ ពីព្រោះយើងខ្វះខាត វាចំពោះមុខ កាលណាយើងជំពាក់គេ គេមិនអាចលើកលែងឱ្យយើងទេ រឿងធនាគារគេមិនអាចលើកលែងឱ្យយើងទេ ចឹងយើងត្រូវតែ ហើយខំប្រឹងទប់ស្តាត់ខ្លួនឯងទៅ ការពារជំងឺខ្លួនឯងទៅ»។
សារពត៌មាន AP បានឱ្យដឹងថា ប្រជាជនចិនជាង ២០០ លាននាក់បានឆ្លងជំងឺ និងទទួលបានការព្យាបាលជំងឺកូវីដ១៩ ចាប់តាំងពីប្រទេសចិន បញ្ចប់ការអនុវត្តគោលនយោបាយគ្មានជំងឺកូវីដ១៩ នេះ។
ទន្ទឹមនឹងនោះដែរ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌា អ៊ីតាលី ជប៉ុន បារាំង តៃវ៉ាន់និងប្រទេសផ្សេងៗមួយចំនួនទៀតបានដាក់លក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរដែលធ្វើដំណើរមកពីប្រទេសចិនបង្ហាញតេស្តអវិជ្ជមានជំងឺកូវីដ១៩ ដើម្បីជាការឆ្លើយតបទៅនឹងការផ្ទុះឡើងជាថ្មីនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការស្តារសេដ្ឋកិច្ចឡើងវិញតាមរយៈការបើកចំហទទួលភ្ញៀវទេសចរនិងអ្នកវិនិយោគជនជាតិចិន គឺជាការល្អប្រសើរសម្រាប់ខេត្តព្រះសីហនុ។ លោកបានឱ្យដឹងបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ ការបើកទទួលភ្ញៀវទេសចរជនជាតិចិននេះ ធ្វើឡើងដោយប្រុងប្រយ័ត្ន ។
លោកថ្លែងថា៖ «ការអភិវឌ្ឍសេដ្ឋកិច្ចរបស់យើងនេះគឺវាត្រូវតែសំខាន់ណាស់ ក្រពះ ឆ្នាំងបាយនេះ ជាចំនុច១សំខាន់ជាងគេ ប៉ុន្តែមិនមែនយើងក៏ចេះតែធ្វើដោយមានប្រថុយប្រថាននោះទេ យើងបានឃើញអំពីកម្រិតភាពស៊ាំជាមួយវ៉ាក់សាំងដែលយើងបានចាក់ ក៏ប៉ុន្តែទន្ទឹមនឹងនោះយើងបានឃើញថាស្ថានភាពបើយើងនិយាយថាជំនាន់២ខែមុនទៅចុះនៅពេលចិនបើកទូលាយឱ្យប្រជាពលរដ្ឋចិន អ្នកទេសចរណ៍ចិន អ្នកវិនិយោគចិនចាប់ផ្តើមចេញទៅក្រៅ យើងឃើញមានការកើនឡើងពេលនោះតិចមែន ប៉ុន្តែមកដល់ម៉ោងនេះសូម្បីតែនៅប្រទេសចិនក៏ចាប់ផ្តើមថយចុះទៅវិញដែរ»។
កាលពីចុងខែមករា ឆ្នាំ ២០២៣ នេះ ខេត្តព្រះសីហនុបានទទួលស្វាគមន៍ភ្ញៀវទេសចរជនជាតិចិនប្រហែលជាង ១០០ នាក់ ជាលើកដំបូង បន្ទាប់ពីខកខានអស់រយៈពេលប្រមាណជា ៣ ឆ្នាំកន្លងនេះ ដោយសារជំងឺកូវីដ១៩។ ភ្ញៀវទេសចរទាំងនោះមិនមានតម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដ១៩ ឬលិខិតបញ្ជាក់ពីជំងឺកូវីដអ្វីទាំងអស់ ពោលគឺអាចធ្វើដំណើរកម្សាន្តបានដោយសេរីក្នុងខេត្តនេះ និងនៅទូទាំងប្រទេសកម្ពុជា។
លោក តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា នាខែមករា ឆ្នាំ ២០២៣ នេះ ខេត្តព្រះសីហនុមានភ្ញៀវទេសចរជនជាតិចិនជាមធ្យមចំនួន ១០០០ នាក់ក្នុងមួយសប្តាហ៍ ដែលឈរក្នុងលំដាប់ថ្នាក់លេខ ១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងអស់ ។
លោកបានមានប្រសាសន៍បន្ថែមថា អំឡុងពេលនេះ ជំងឺកូវីដ១៩ លែងជាឧបសគ្គរារាំងក្នុងការទទួលយកភ្ញៀវទេសចរចូលមកកំសាន្តទៀតឡើយ។ ក៏ប៉ុន្តែ កម្ពុជានៅតែប្រកាន់ភ្ជាប់នូវវិធាណការការពាររបស់ក្រសួងសុខាភិបាល។
លោកថ្លែងថា៖ «បងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នករកទទួលទាននៅក្នុងវិស័យទេសចរណ៍ហ្នឹង គាត់មិនបារម្ភពីរឿងទេសចរចិនទេ គាត់ចង់ឱ្យតែទេសចរចិនមក ពីព្រោះវាមានការចំណាយច្រើន កាលណាមានភ្ញៀវទេសចរចិនមក គឺវាមានចំណូល។ ចំពោះបារម្ភរឿងកូវីដអីហ្នឹង យើងខ្ញុំគិតថា វាមិនចោទជាបញ្ហាអីធំទេ ដោយសារតែ ទី ១ កម្ពុជារបស់យើងមានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសការចាក់វ៉ាក់សាំង មានភាពស៊ាំនៅក្នុងសហគមន៍រឹងមាំ»។
ជុំវិញបញ្ហាទាំងអស់ វីអូអេសំឡេងសហរដ្ឋអាមេរិក មិនអាចទាក់ទងលោកស្រី ឱ វណ្ណឌីន ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដើម្បីសុំការអត្ថាធិប្បាយបាននោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ឱ្យដឹងដែរថា រដ្ឋបាលខេត្តបានត្រៀមលក្ខណៈរួចរាល់ជាស្រេច ជាមួយវិធានការការពារនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នេះ។
«យើងមិនប្រថុយប្រថាន ក៏ប៉ុន្តែការរៀបចំបម្រុងទុក និងវិធាណការផ្សេងៗទៀតក្នុងការទប់ស្តាត់ គឺយើងបានត្រៀមគ្រប់លក្ខណៈទាំងអស់។ ចឹងពេលនេះ គឺជាពេលដែលយើងការពារផង ក៏ប៉ុន្តែទន្ទឹមនឹងនោះ យើងក៏ត្រូវចាប់ផ្តើមត្រៀមខ្លួន ត្រៀមលក្ខណៈសម្បត្តិទាំងអស់ ដើម្បីឆក់យកនូវឱកាសដែលអ្នកទេសចរអ្នកវិនិយោគមក ដើម្បីយើងអភិវឌ្ឍស្រុកយើងឱ្យបានលក្ខណៈល្អប្រសើរឡើងវិញ។ ខ្ញុំគិតថាជាឱកាសដែលយើងត្រូវតែត្រងយកនូវចំណុចល្អៗ ហើយយើងមានវិធាណការទប់ស្តាត់នូវចំណុចអវិជ្ជមានវិញ»។
ការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីមានការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានៅតែមានលក្ខណៈល្អប្រសើរ។ ចំណែកឯការចាក់វ៉ាក់សាំងកូវីដ១៩ វិញ ប្រជាពលរដ្ឋកម្ពុជាទទួលបានជាង ៩៥ ភាគរយ បើធៀបទៅនឹងចំនួនប្រជាពលរដ្ឋជាង ១៦ លាននាក់។
សម្រាប់លោក ពៅ ឌឿន អាជីវករលក់គ្រឿងទេសនិងគ្រឿងភេសជ្ជៈគ្រប់មុខនៅផ្ទះក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ បានឱ្យដឹងថា ជំងឺកូវីដ១៩ អាចការពារបាន តែការខ្វះខាតលុយកាក់ដើម្បីចិញ្ចឹមជីវិតមិនអាចការពារបានទេ។
អាជីវករវ័យ ៣៥ឆ្នាំ រូបនេះថ្លែងថា៖ «ពេលដែលលឺថាភ្ញៀងទេសចរណ៍ចិនធ្លាក់មកច្រើនចឹង មានអារម្មណ៍ថាសប្បាយ ពីព្រោះអីកាលពីមុនចិនមកច្រើន ចឹងយើងសប្បាយរកស៊ីជាមួយចិន។ កូវីដយើងអត់ខ្លាច សំខាន់អត់លុយយើងខ្លាចជាង ពីព្រោះដោយសារពេលដែលយើងអត់លុយ គឺយើងពិបាកជាងកូវីដ។ កូវីដយើងអាចការពារ តែបើលុយ យើងអត់អាចការពារបានទេ»៕