នៅ​សៀមរាប ​បំណុល​និង​កង្វះការងារ​រួតរឹត​អ្នករស់​នឹង​ទេសចរណ៍

រូបឯកសារ៖ អ្នកទេសចរដើរទស្សនាក្នុងបរិវេណប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។

សង្កាត់គោកចក ខេត្តសៀមរាប — វេលា​ខែ​នេះ​កាល​ពី​ឆ្នាំ​មុន​អ្នកស្រី​ សឿន សុភ័ណ ​កំពុង​សប្បាយ​នឹង​ជីវភាព​ជា​បុគ្គលិក​ក្រុមហ៊ុន HCC Group បម្រើ​ការងារ​សម្អាត​រក្សា​អនាម័យ​ជូន​អាកាសយានដ្ឋាន​អន្តរ​ជាតិ​សៀមរាប​ ដែល​មួយ​ថ្ងៃៗ អ្នកស្រី​ឃើញ​ដោយ​ផ្ទាល់ភ្នែក​ការ​មក​ដល់​នូវទេសចរ​ច្រើន​ឥត​ដាច់​ ដែល​ចូល​មក​កម្សាន្ត​ឱ្យ​ស្គាល់​សៀមរាប​អង្គរ ដែល​ជា​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បាញ​ល្បី។

អ្នកស្រី​ សុភ័ណ​ បាន​បម្រើការងារ​ជាអ្នក​សម្អាត​អាកាសយានដ្ឋាន​នេះ​ តាំង​ពី​ឆ្នាំ២០០៨​ បន្ទាប់​ពី​បោះ​បង់របរ​ប្រពៃណី​ដូនតា​ដេរវល្លិ​រពាក់​ត្បាញធ្វើ​ជាល ​និង​កន្ត្រក​ស្លាម្លូ​។ រីឯ​ស្វាមី​របស់​អ្នកស្រី​ ក៏​ចាប់​អាជីព​ជាអ្នក​ម៉ាស្សា​ផ្សែផ្សំ​ចំណូល​ទាំងគូ​ បាន​ប្រមាណ​ជិត​ ៣០០​ដុល្លារ ​ក្នុង​មួយ​ខែៗ។

គ្រានោះ​ការ​សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​របរ​របស់​អ្នកស្រី​ សុភ័ណ​ ស្រប​នឹង​និន្នាការ​សេដ្ឋកិច្ច​ខេត្ត​សៀមរាប​ ដែល​ទទួល​ភ្ញៀវទេសចរ​ច្រើនទៅៗ​ពី​គ្រប់ទិស​តំបន់​ជុំវិញ​ពិភព​លោក​បង្កើត​បាន​ជា​ការងារ​ដល់​ពល​រដ្ឋ​ដូច​អ្នកស្រី។

តែអ្វីបាន​ប្រែប្រួល​នៅ​ឆ្នាំ២០២០​ សម្រាប់​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ទាំង​មូល​និយាយ​ជា​រួម និង​សម្រាប់​អ្នកស្រី​ សុភ័ណ​ និយាយ​ដោយ​ឡែក។

វិបត្តិបង្ក​ដោយ​ជំងឺ​ឆ្លង​កូវីដ​១៩​ បាន​បង្ខំ​អ្នកស្រី​ឱ្យត្រឡប់មក​អង្គុយ​ដេរត្បាញ​វល្លិរពាក់​នេះវិញ​ នៅ​នឹង​គេហដ្ឋាន​ក្នុងសង្កាត់​គោក​ចក ចម្ងាយ​ប្រមាណ​ ៨​គីឡូម៉ែត្រ​ពី​ទីប្រជុំជនក្រុង​សៀមរាប។

«ពេលដែល​អត់​ពី​ការងារ​ធ្វើ បង​នៅ​ផ្ទះ​ មើល​កូន​ មានអី​ មានតែ​ការងារ​ចាក់​កន្ត្រក​ ហិប​ម្លូស្លា​ លក់​ឲ្យម៉ូយ​បន្តិច​បន្តួច​ហ្នឹង​ឯង»។

អ្នកស្រី​ សុភ័ណ ​ស្ថិត​ក្នុងចំណោមកម្មករ​សម្អាត​អាកាសយានដ្ឋាន​ចំនួន​ ១១៥នាក់​ ដែល​បានបាត់​បង់​ការងារ​ តាំង​ពី​ថ្ងៃទី​២៥ ខែ​មីនា​ ឆ្នាំ​២០២០។

អ្នកស្រីសឿន សុភ័ណ អង្គុយដេរកន្រ្តក និងហិបដាក់ស្លាម្លូ នៅផ្ទះអ្នកស្រីក្នុងសង្កាត់គោកចក ក្រុងសៀមរាប ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

រូបឯកសារ៖ សណ្ឋាគារមួយនៅខេត្តសៀមរាបមានបិទបដាជួលនិងលក់ ក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។

ដោយ​ក្រុមហ៊ុន HCC Group អះអាង​ថា​ គ្មាន​ចំណូល​សម្រាប់​បន្ត​សេវាកម្ម​របស់​ខ្លួន​ប្រតិបត្តិករ​នៃអាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​ បាន​ជួល​កម្មករ​ថ្មី​ចំនួន ៣០នាក់​ ឱ្យ​បន្ត​បោស​សម្អាត​រក្សា​អនាម័យ​ព្រលាន​យន្តហោះ​ខេត្ត ដែល​បច្ចុប្បន្នគ្មាន​អ្នកដំណើរ​ចេញ​ចូល។

វិស័យ​ទេសចរណ៍​នៅខេត្ត​សៀម​រាប​រងការ​វាយប្រហារ​យ៉ាងធ្ងន់​ធ្ងរ​ពីវិបត្តិជំងឺ​កូវីដ​១៩ ដែល​បិទ​ខ្ទប់​ការ​ធ្វើដំណើរ​ជា​អន្តរជាតិ​ និងការ​ចេញ​ចូល​ធ្វើ​ទេសចរណ៍​ស្ទើរ​តែ​ដល់​បាត​ដាល ​និង​ធ្វើឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​ខេត្ត​នេះ​ធ្លាក់​ចុះ​ជា​គំហុក។

អ្នក​សៀមរាប​ដែល​ធ្លាប់រស់​ពឹង​ដង្ហើម​សេដ្ឋកិច្ច​នៃវិស័យ​ទេសចរណ៍ ​ដូចជា​អ្នកស្រី​ សុភ័ណ ត្រូវ​រួត​រឹត​ដោយ​វិបត្តិ​បំណុល ​និង​កង្វះ​ការងារ​ដែល​ផ្ដល់​ចំណូល​សមរម្យ។​

មិនមែន​តែកម្មករ​នៅព្រលាន​យន្តហោះ​ខេត្ត​សៀម​រាប​ទេ ​ដែលត្រូវ​បាត់​បង់​ការងារ ​ក៏​ប៉ុន្តែ​បុគ្គលិកតាម​សណ្ឋាគារ​ ឬ​ផ្ទះសំណាក់​តូច​ធំ​របស់​ខេត្ត ដែល​ពេញពាស​ដោយ​ប្រាសាទ​បុរាណ​មួយនេះ​បាន​បាត់បង់​ការ​ងារ ​ឬ​នៅ​មាន​ការងារ​ហើយ​ការងារ​ខ្លះ​ត្រូវ​បាន​ម្ចាស់​សណា្ឋគារ​អនុញ្ញាតឲ្យធ្វើ​តែក្នុង​ម៉ោងពេល​ដែល​មាន​កម្រិត។

សម្រាប់​អ្នកស្រី សុភ័ណ ​ការត្រឡប់​ទៅ​សំកុក​នៅតែ​ផ្ទះ ដេរ​ត្បាញវល្លិ​រពាក់​វិញ​នេះ អាច​ឲ្យ​អ្នក​ស្រី​រក​ចំណូល​បាន​ប្រមាណតែ ២០ម៉ឺនរៀល​ ឬ១០ម៉ឺន​រៀល​ក្នុងមួយខែ ​ដែល​ពិបាក​ក្នុងការ​សង​ប្រាក់​ទៅ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ។

ក្នុងមួយ​ខែ ​អ្នក​ស្រី​ត្រូវ​បង់ ១៥០ដុល្លារ​ សម្រាប់​ប្រាក់​កម្ចីចំនួនជាង ៣.០០០ដុល្លារ​ ដែល​អ្នកស្រី​យក​មក​ទិញគោ និង​ទិញ​របស់របរ​ប្រើប្រាស់​ផ្សេងៗ​។ អ្នកស្រី​ថា នៅ​សល់​ ១ឆ្នាំកន្លះទៀត​ ទើប​ត្រូវ​សង​អស់ប្រាក់​កម្ចីដែល​មាន​រយៈ​ពេល​បីឆ្នាំ។

រយៈពេល​នៃការ​គ្មាន​ការងារ​ធ្វើ​នេះ​អ្នក​ស្រី ​សុភ័ណ​ បាន​រង​ផលប៉ះពាល់​ខាងហិរញ្ញវត្ថុ​យ៉ាងខ្លាំង​ ហើយ​ស្វាមីអ្នកស្រី​ដែល​ធ្លាប់​ជាអ្នក​ម៉ាស្សា​ត្រូវបង្ខំចិត្ត​ទៅ​ធ្វើ​ជាកម្មករ​សំណង់។

«យើង​ប៉ះពាល់​ដែរ​តើ​អូន​ប៉ះពាល់​ច្រើន​ ដូច​ថា​ពីមុនមក​ យើង​អាច​ចំណូល​អី​មានលុយ​ខែ​អីមួយ​រយ​ជាង​ដល់​ពេល​សព្វថ្ងៃ​អត់​ទេ​បង​ទទេស្អាត»។

ផ្ទះ​អ្នកស្រី​ សឿន​ សុភ័ណ ​ស្ថិត​នៅចម្ងាយ​ប្រមាណ​ ៣គីឡូម៉ែត្រពីប្រាង្គ​ប្រាសាទអង្គរវត្ត​ និង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២គីឡូម៉ែត្រ​ពីព្រលាន​យន្តហោះ​ខេត្តសៀម​រាប។​

ប៉ុន្តែ​ក្រោយ​បាត់បង់​ងារ​នៅ​ព្រលាន​យន្តហោះ​ អ្នក​ស្រី​ត្រូវ​ធ្វើ​ដំណើរ​ដល់​ខេត្ត​កំពង់ធំ​ ដើម្បី​បេះ​ស្លឹក​ល្ពាក់​មកដេរ​ហិប​ ឬកន្ត្រក​សម្រាប់​ដាក់​ស្លា​ម្លូ រួចបញ្ជូន​ឲ្យ​ទៅ​អាជីវករ​នៅទី​ផ្សារ។

ជា​ម្តាយ​ដែលមាន​កូន​ស្រី​តូច​ម្នាក់​អ្នកស្រី ​សុភ័ណ​ មិន​ទាន់​ដឹង​ថា អ្នកស្រី​អាច​បាន​វិលត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ព្រលាន​យន្តហោះ​ខេត្តសៀមរាប​វិញ​នោះទេ។

មគ្គុទេ្ទសក៍ទេសចរណ៍ភាសាចិនលោក ថម ភិរិទ្ធ ឈរនៅផ្លូវឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

មគ្គុទេ្ទសក៍ទេសចរណ៍ភាសាអង់គ្លេសលោកសុខ សារុំ ឈរនៅផ្លូវឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

នៅឯ​មាត់​កសិណទឹក​មុខច្រក​ចូល​ប្រាសាទ​អង្គរវត្ត​ លោក ​ថម ភិរិទ្ធ​ កំពុង​ឈរ​ពពាយ​នាយ​ហៅ​ភ្ញៀវខ្មែរ​ដែលយូរៗ​គេ​ឃើញ​ដើរ​ម្នាក់ៗ លន់តួ​ឱ្យ​ពួកគេ​ទទួល​យក​សេវា​មគ្គុទេ្ទសក៍របស់​លោក។

បុរសវ័យ​ ៣៧​ឆ្នាំ រូបនេះ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសាចិន​ កំពុង​លំបាក​ទាំង​ការ​រក​លុយ​កាក់ផង និង​រកភ្ញៀវផង។ លោក​និយាយ​ថា ឥឡូវនេះ​វិបត្តិកូវីដ​បាន​បង្ខំឲ្យ​លោក​ត្រូវចេញ​ហៅភ្ញៀវ​ខ្មែរ​តាមផ្លូវ លែង​គិត​ពី​ភាពអៀនខ្មាស់។

«ពីមុន​មក​ គឺ​យើង​ជាមគ្គុទ្ទេសក៍​ទេសចរណ៍​ហ្នឹង​គេមាន Tour​ ប្រចាំ​ប្រចាំ​ក្រុមហ៊ុន​អីចឹង​ យើង​អត់​បាច់​មក​មុខ​អង្គរ​នេះ​ឃើញ​ភ្ញៀវ​ដើរ​មក ...បងយក​ guide ទេ​បងវាពិបាក​ចឹង​រាល់​ថ្ងៃ​នេះ​ សូម្បី​តែ​ខ្លួន​ឯង​ជា​មគ្គុទេ្ទសក៍​ហ្នឹង​ដែល​ខ្ញុំ​គិត​ថា​មាន​ក្រម​សីលធម៌​ហ្នឹង​ ក៏ពិបាក​នឹង​ហៅ​ភ្ញៀវ​ដែរ​ ពេល​ខ្លះ​អៀន​ភ្ញៀវ​ទៀត។ អៀន​ហើយ​ភ្ញៀវ​ខ្លះ​អត់​យក​ទៀត»។

លោក ​ថម ភិរិទ្ធ ​លើក​ឡើងថា ​បើសិនជា​កំណើន​ភ្ញៀវនៅតែ​មិនងើប​ឡើងវិញ​ក្នុងពេល​មួយ​ឆ្នាំ​ទៅ​មុខ​ទៀត ​លោកនឹង​បោះបង់​អាជីព​ជា​មគ្គុទេ្ទសក៍របស់​លោក​ ទៅរក​ការងារ​ផ្សេង​នៅខាង​ក្រៅ​ខេត្ត​សៀមរាប។

លោក ​ថម ភិរិទ្ធ​ មិន​ច្បាស់ទេ​ថា លោក​អាច​ស៊ូទ្រាំ​បាន​យ៉ាង​ដូចម្តេច ​បើ​ធ្លាប់​តែ​រក​បាន​ក្នុង​មួយ​ខែ​ដល់ទៅ​ ៨០០ដុល្លារ​អាមេរិក ​ឬ​ច្រើន​ជាង​ ១០០០ដុល្លារ​ មក​ដល់​ពេល​លោករកសឹង​តែ​មិនបានលុយនៅ​ក្នុង​មួយ​សប្តាហ៍ៗ។

«អី​ចឹងបើមួយអាទិត្យ​ អត់​មាន​ភ្ញៀវ​ក៏អត់​ ប៉ុន្តែ​បើ​និយាយ​ចំណូល​មួយអាទិត្យ​នេះ​ គឺ​អត់​សោះ​បាទ​ អាទិត្យ​មុន​ គឺ​អត់​សោះ​ ឥឡូវ​ដល់​អាទិត្យ​នេះ​ ឃើញ​អត់​សោះ​បានមិញ​បាន​មួយ​ជើង​ដែរ​ បាន​សល់​ដែរ​ បានមួយ​ ១០ដុល្លារ»។

ជា​មគ្គុទេ្ទសក៍ទេសចរណ៍​សម្រាប់​ភ្ញៀវ​ជនជាតិ​ចិន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ លោក ​ភិរិទ្ធ​ កំពុង​រង់​ចាំ​មើល​សន្ទុះ​ភ្ញៀវ​មក​លេងខេត្ត​សៀម​រាប​ មុន​ពេល​លោក​ប្តូរ​ចិត្ត​ទៅ​ធ្វើ​ការ​ក្រៅពី​វិស័យ​ទេសចរណ៍។

បំណុល​របស់​លោក​មានទៅ​ដល់​ ១៨.០០០​ដុល្លារ​អាមេរិក​ ដែល​លោក​ខ្ចីពី​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុមានរយៈ​ពេល​ ​ប្រាំ​ឆ្នាំ​ ដើម្បី​សង់​ផ្ទះ​នោះ​កំពុង​គាបសង្កត់​លោក​មិន​ឲ្យឈរ​នៅមុខ​ប្រាសាទ​អង្គរវត្ត​ផងដែរ។

សម្រាប់​បំណុល​ទាំង​នោះ​ក្នុង​មួយ​ខែៗ ​លោក​ ភិរិទ្ធ ត្រូវ​បង់​ចំនួន​ ៣៨០​ដុល្លារ​អាមេរិក​ ហើយ​មក​ទល់​ពេល​នេះ លោក​ទើប​តែ​បង់​បាន​រយៈពេលពីរឆ្នាំ​ប៉ុណ្ណោះ។

«បើ​សិន​បើ​នៅតែ​គេហៅ​ថា​អន្តរការ​បែប​ហ្នឹងទៀត​ នៅ​តែ​បន្ត​កូវីដ​១៩​ហ្នឹង​ទៀត​ ខ្ញុំមិន​អាច​ឈរ​នៅ​ទីនេះ​ទៀត​បាន​ទេ​។ អ៊ីចឹង​ខ្ញុំត្រូវតែ​ចាក​ឆ្ងាយពី​ពីស្រុក​កំណើត​ ទៅរក​ការងារ​ទៅ​ឆ្ងាយ​ អាហ្នឹង​វាតម្រូវ​ហ្មង។​ បើ​យើង​នៅតែ​រង់​ចាំ​មួយ​ឆ្នាំ​ទៀត​ គឺ​មិន​អាច​ទេ​ អត់​អាច​ទៅ​រួច​ទៀត​ទេ​អីចឹង​ ចង់​មិន​ចង់​គឺត្រូវ​តែ​ទៅ​ដែរ​ត្រូវ​តែ​ទៅ​រក​ការងារ​ធ្វើ»។

អ្នករួម​អាជីព​ជាមួយ​លោក​ ថម​ ភិរិទ្ធ​ គឺ​លោក ​សុខ សារុំ​ អាយុ​៤១​ឆ្នាំ​ មិនទាន់​សម្រេច​ចិត្ត​ថា​ នឹង​ចាក​ចេញ​ពីអាជីព​ជាមគ្គុទេ្ទសក៍ទេសចរណ៍ផ្នែក​ភាសា​អង់​គ្លេស ​ដែល​លោក​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​ ២០០៧​ មក​នោះទេ។

ដោយ​គ្មាន​ជំនាញ​អ្វីបន្ទាប់​បន្សំពី​មុខរបរ​នាំភ្ញៀវ​នេះ​លោក​ថា​ តំបន់​អង្គរ​នៅតែ​ជា​ឆ្នាំងបាយ​របស់​លោក​ បើទោះ​ពេល​នេះ​លោក​រកចំណូល​បានយ៉ាង​ត្រដាប​ត្រដួស​ពីភ្ញៀវ​ទេសចរ​ក្នុងស្រុក។ លោក​ថា ក្នុង​ថ្ងៃ​ចុង​សប្តាហ៍ខ្លះ​ ឬពេលមាន​ពិធី​បុណ្យ​ទាន​ធំៗ​ លោក​អាច​រក​បាន​ប្រមាណ​ ២០​ដុល្លារ​ តែប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។​

«នេះ​ជា​ឯក​ទេស​ ជា​ជំនាញ​អីចឹង ​វា​អត់​អាច​ចំណេះ​ដឹង​ហ្នឹង​អ ត់​អាច​ទៅធ្វើ​អី​ផ្សេង​ទៀត​ ទៅ​ធ្វើ​អី​ផ្សេង​ទៀត​ មាន​តែ​ទៅធ្វើ​សំណង់។ មគ្គុទេ្ទសក៍​មួយចំនួន​ហ្នឹង​ ទៅធ្វើ​សំណង់​ច្រើន​គ្នា​ ព្រោះ​អីអា​ជំនាញ​ឯក​ទេស​ហ្នឹង​ចេះ​តែ​អាហ្នឹង​ដល់​ពេល​ទៅធ្វើ​ឧទាហរណ៍ធនាគារ​ ឬក៏​អង្គការ​ ឬក្រុមហ៊ុន​ផ្សេង​វាអត់​ជំនាញ​ ធ្វើ​អត់​កើត​គេអត់​យកយើង​ ហើយ​ណាមួយ​ចាស់​ទៀត​ អាចឹង​ទ្រាំរស់​ប៉ុណ្ណឹង​សិន​ចាំមើល​សិន»។​

តួលេខ​រដ្ឋាភិបាល​បាន​បង្ហាញថា​ សេដ្ឋកិច្ច​កម្ពុជា​បាន​ធ្លាក់ចុះ​ក្នុង​អត្រា ១,៩% ​ក្នុងឆ្នាំ​២០២០​ ដោយ​សារ​កូវីដ១៩។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឱ្យដឹង​កាល​ពី​ថ្ងៃចន្ទ​កន្លង​ទៅ​នេះថា ​សសរ​ស្តម្ភ​ចម្បង​ៗ​ដែល​គាំ​ទ្រ​កំណើន​សេដ្ឋកិច្ច​ រួមមាន​វិស័យ​ទេសចរណ៍​ជាដើម ដែល​មានការ​ពឹង​ផ្អែក​ខ្លាំង​ពី​តម្រូវការ​ខាង​ក្រៅ​ បាន​ទទួល​រងការ​ប៉ះទង្គិច​ធ្ងន់​ធ្ងរ​ពីឥទ្ធិពល​នៃការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩។

រូបឯកសារ៖ អ្នកទេសចរដោយមានពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ដើរកាត់តំបន់ផ្សាររាត្រីនៅទីក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។

របាយ​ការណ៍​ធនាគារ​កណ្ដាល​របស់​ប្រទេស​បាន​បង្ហាញ​ថា ​វិស័យ​ទេសចរណ៍​និង​វិស័យសំខាន់​ផ្សេងពីរទៀត​ គឺវិស័យ​កម្មន្តសាល​ និង​សំណង់​កន្លងមក​ បាន​រួម​ចំណែក​ប្រមាណ​បីភាគបួន​នៃ​កំណើន​សេដ្ឋកិច្ច។​ របាយការណ៍​ពណ៌នា​ថា ​វិស័យ​ទេសចរណ៍​បាន​ទទួល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ​ដោយ​ត្រូវបាន​ប៉ាន់​ស្មាន​ថា​ធ្លាក់​ចុះ ៩,៧​ ភាគរយ។

នៅ​ឆ្នាំ​២០២០​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូលមក​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​អត្រា​ដក​ ៨០,៣​ភាគរយ​ ដោយ​ទទួល​បាន​ភ្ញៀវទេសចរ​តែ ​១លាន ៣សែន​នាក់​តែ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ស្ថិតិ​ក្រសួង​ទេសចរណ៍។

មក​ទល់​ពេល​នេះ​ លោកស្រី ​ឆាយ ស៊ីវលីន ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ មើល​មិន​ទាន់​ឃើញ​តម្រុយ​នៃ​ការរើប​ឡើង​វិញ​នៃវិស័យ​ទេសចរណ៍​នៅ​ឡើយ​ទេ ហើយ​ដែល​ដំណំ​ជាង​គេ​គឺ​ខេត្តសៀមរាប​នេះ​តែ​ម្ដង។

«ខេត្តសៀមរាប​ហ្នឹង គឺ​ទទួលធ្ងន់​ជាង​គេ រង​នូវ​ផល​ប៉ះពាល់​ហ្នឹង ខេត្ត​ផ្សេងៗ ​គាត់​អាច​ដូច​ថា​ សេវា​កម្ម គាត់​តិច​ដែរ​កន្លង​មក​ហ្នឹង»។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​រូបនេះ​បន្ថែម​ថា ខុស​ពី​ខេត្ត​ផ្សេងៗ​ដែល​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក នៅ​តាមតំបន់​ទេសចរណ៍​ធម្មជាតិ​នានា​ខេត្ត​សៀមរាប​មាន​លក្ខណៈ​ពិសេស​ដោយ​ពឹងអាស្រ័យ​ខ្លាំង​លើ​ភ្ញៀវ​បរទេស​នា​ពេល​កន្លង​មក។

«ដោយឡែក​នៅខេត្តសៀមរាប​ គឺ​មិន​អាចទេ​ព្រោះ​ថា​សេវាកម្ម​ដែល​ធ្លាប់​បម្រើ គឺ​មិន​មែន​បម្រើ​តែ​ក្នុង​ស្រុក​ទេ គឺ​បម្រើភ្ញៀវ​ក្រៅ​ប្រទេស។ ចឹងភ្ញៀវ​ក្រៅ​ប្រទេស​មួយឆ្នាំៗ​រាប់លាន​នាក់​ឯណោះ​ តើ​យើង​ម៉េច​នឹង​អាច​ជំរុញ​ទេសចរ​ក្នុងស្រុក​ទៅ​លេង​កើត​បើ​ទេសចរ​ក្នុង​ស្រុក​យើង​ ទីផ្សារ​យើង​វា​តូច​ដែរ។ អីចឹង​ពួកគាត់​គឺ​ទទួល​រង​ខ្លាំង​ក្លា​ជាង​គេ»។​

លោក​ គង់ សុភារក្ស​ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ក្រសួង​ទេស​ចរណ៍ បាន​លើក​ឡើងថា ​វិស័យ​ទេស​ចរណ៍​អាច​ត្រូវ​ការ​ពេល​ប្រាំឆ្នាំ​ ដើម្បី​ស្ដារដើម​ត្រឡប់​ទៅ​ស្ថានភាព​មុន​កើត​វិបត្តិ​កូវីដ១៩ ​វិញ។

ភូមិវប្បធម៌​កម្ពុជា​ដែលជា​គោលដៅ​ទេសចរណ៍​ដ៏ទាក់ទាញ​មួយ​ក្នុង​ខេត្ត​សៀមរាប ក៏​គេច​មិន​ផុត​ពី​ឥទ្ធិពល​នៃ​ជំងឺកូវីដ​នោះ​ដែរ។ មិនខុស​ពីសណ្ឋាគារ​ជាច្រើន​ដែល​បាន​បិទទ្វារ​នោះ​កន្លែង​កម្សាន្ត​វប្បធម៌​ដ៏ធំ​មួយ​នេះ បាន​ប្រកាស​បិទ​ទ្វារ​ជា​ស្ថាពរ​ កាល​ពីខែវិច្ឆិកា​ឆ្នាំ២០២០​ កន្លងទៅ។

លោកគង់ ប៊ុនថា អតីតបុគ្គលិកនៅភូមិវប្បធម៌កម្ពុជា ផ្តល់បទសម្ភាសន៍ជាមួយវីអូអេក្នុងក្រុងសៀមរាប ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

លោកស៊ាង វណ្ណា កំពុងប្រឈមវិបត្តិបំណុល ដោយសារការធ្លាក់ភ្ញៀវខ្លាំងក្នុងក្រុងសៀមរាប។ (ហ៊ុល រស្មី/វីអូអេ)

លោក​ គង់ ប៊ុនថា ​ដែលជា​អតីត​បុគ្គលិក​ផ្នែក​របាំ​នៅ​ភូមិវប្បធម៌ ​មិន​ធ្លាប់​គិត​ទេ​ថា​ កន្លែង​ការងារ​របស់​លោក​ត្រូវ​ដួល​រលំ​នោះ​ទេ។

នៅ​ពេល​ផ្តល់​បទ​សម្ភាសន៍​ដល់​ពេល​វីអូអេ​ កាល​ពីថ្ងៃទី១៦​ ខែមករា​ នៅក្នុង​ក្រុង​សៀមរាប​ លោក​ ប៊ុន​ថា​ ឥឡូវ​នេះ​សង្ឃឹម​តែ​លើ​ការ​រត់ម៉ូតូ​កង់បី និង​អាជីវកម្ម​តូចតាច​មួយ​ចំនួន​ទៀត​ដូចជា​លក់​ចាប់​ហួយ និង​បោកអ៊ុត​សម្លៀក​បំពាក់​រក​ចំណូល​ប្រចាំថ្ងៃ​បាន​យ៉ាង​ច្រើន​ ២ម៉ឺន​រៀល ឬ​ថ្ងៃខ្លះ​តិច​ជាង​១ម៉ឺន​រៀល​ផង​ក៏​មាន។

មុខរបរ​ដែល​បង្កើន​ចំណូល​បាន​តិចតួច​ស្តួចស្តើង​នេះ​កំពុង​ក្លាយ​ជា​ការ​ប្រឈម​មួយ​នឹង​ការ​បាត់បង់​ដីឡូតិ៍​ចំនួនពីរ​កន្លែង​ ដែល​លោក​ ប៊ុនថា ​បាន​ទិញ​តាំង​ពី​ឆ្នាំ២០១៩​ ទុក​បម្រុង​នឹង​សង់​ផ្ទះ។ លោក​ត្រូវ​បង់​ប្រមាណ​ ៣០០ដុល្លារ​អាមេរិក​ ក្នុងមួយខែ​ សម្រាប់​រយៈពេល២ឆ្នាំ​ទៅ​មុខ​ទៀត​ ដើម្បី​បានជា​ម្ចាស់​កម្មសិទ្ធិ​ពេញ​ច្បាប់លើ​ដី​ទាំងពីរ​កន្លែង​នោះ។

«ខ្ញុំ​មាន​បញ្ហា​ប្រឈម​ដែរ​ កំពុង​តែ​អង្គុយ​គិត​ នឹក​ឃើញ​ថា ​មិន​ដឹង​មុខរបរ​របស់​ខ្ញុំ​ យើង​អាច​ដើរ​បាន​ទៅ​មុខ​រស់​ឬ​យ៉ាង​ម៉េច»។

ក្នុងវ័យ​ ៦០ឆ្នាំ​ លោក​ ស៊ាង វណ្ណា​ ជា​អ្នករត់​ម៉ូតូ​កង់បីម្នាក់ក្នុង​ក្រុង​សៀមរាប។ លោក​ មិន​ធ្លាប់​ឃើញ​សភាព​ស្ងប់​ស្ងាត់​ក្នុង​ខេត្ត​សៀមរាប​ដូច​កាលៈទេសៈ​មាន​វិបត្តិ​ជំងឺឆ្លង​កូវីដ១៩​ នេះ​នោះ​ទេ។

ក្រោយ​កូនស្រី​របស់​លោក​បាន​បាត់បង់​ការងារ​ក្នុង​សណ្ឋាគារ​មួយ​អស់​ជិតមួយ​ឆ្នាំ​កន្លង​មក​នេះ បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសា​រត្រូវ​ធ្លាក់​មក​លើ​រូប​លោក​ ដើម្បី​ទិញ​ស្បៀង​អាហារ។​ ក្នុង​មួយ​ថ្ងៃ​លោក​រក​ចំណូល​បាន​ ២ម៉ឺន​រៀល។

«២ម៉ឺនហ្នឹង​យក​ឲ្យ​តែ​បាន​ឲ្យ​ម្ហូប ប្រពន្ធ​ទិញ​តែ​ម្ហូប ហូប​ហ្នឹង ត្រង់​ស្អីៗ​ទៀត អត់​មាន​សល់​ទេ អូន​ឃើញ​ទេ ២ម៉ឺន​យក​ទៅ​ទិញ​ស្អី​សព្វ​ថ្ងៃ ស្អី​ក៏ថ្លៃ​ទាំង​អស់»។

ត្រឡប់​ទៅ​គេហដ្ឋាន​អ្នកស្រី​ សឿន សុភ័ណ​ នៅ​សង្កាត់​គោកចក​វិញ ភាព​មមាញឹក​ញាប់​ដៃ​ដេរ​ត្បាញ​វល្លិ​រពាក់​នៅ​តែ​បន្ត​ ខណៈ​ក្នុងចិត្ត​របស់​អ្នកស្រី​នៅតែ​ច្របូក​ច្របល់​ ដោយ​អ្នកស្រី​ប្រាប់​ថា ​អ្នកស្រី​កំពុង​សំឡឹង​គិត​រកវិធី​បន្តជីវភាព​សេដ្ឋកិច្ចទៅ​ថ្ងៃ​អនាគត ​ដែល​រកភាព​ច្បាស់​លាស់​មិន​ទាន់​ឃើញ ដូច​ពលរដ្ឋ​ខេត្ត​សៀមរាប​ដទៃ​ទៀត​ដែរ​ ដែល​ធ្លាប់​រស់​ពឹង​ដង្ហើម​ទេសចរណ៍៕