ជាច្រើនទសវត្សរ៍មកហើយដែលលោកប្រាជ្ញ ឈួនមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងអាជីពអ្នកច្រៀងចាប៉ី។ ទោះបីជាសព្វថ្ងៃលោកបានសម្រាកពីការច្រៀង ហើយសុខភាពរបស់លោកក៏ចុះទ្រុឌទ្រោម ប៉ុន្តែឈ្មោះរបស់លោកនៅតែនៅជាប់លើទំព័រប្រវត្តិសាស្រ្តសិល្បៈភ្លេងខ្មែរដដែល។ ក្នុងទឹកមុខញញឹមញញែម លោកប្រាជ្ញ ឈួន បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកយកព័ត៌មានវីអូអេ ដោយសំនៀងចាប៉ីអមនឹងការច្រៀងឥតព្រៀងទុក។
អង្គុយនៅលើគ្រែធ្វើពីឈើមួយនៅក្នុងភូមិត្រពាំងកក់ ខេត្តតាកែវ លោកប្រាជ្ញ ឈួនយកដៃដ៏ជ្រីវជ្រួញរបស់គាត់ខាងឆ្វេងចាប់ខ្ទង់ចាប៉ី និងដៃខាងស្តាំកេសខ្សែចាប៉ីដងវែងនិងច្រៀងយ៉ាងស្ទាត់ជំនាញ ដោយមានសំឡេងញ័របន្តិចៗ។
នេះគឺជាចម្រៀងដែលមិនបានគ្រោងទុក ក៏ប៉ុន្តែលោកប្រាជ្ញ ឈួនបានចាប់យកពាក្យមកតម្រៀបជាចុងជួនស្ទើរតែងាយស្រួលជាងលើកដុំឥដ្ឋតម្រៀបលើគ្នាទៅទៀត។ ទេពកោសល្យនេះបានចារឹកយ៉ាងច្បាស់ក្នុងអាជីពរបស់លោកជាអ្នកចម្រៀងចាប៉ីរយៈពេលជាង៥០ឆ្នាំ។
ក្នុងអាយុ៧៨ឆ្នាំ លោកប្រាជ្ញ ឈួនជ្រុះធ្មេញស្ទើរទាំងអស់ នៅសល់តែធ្មេញក្រោមពីរបីប៉ុណ្ណោះសម្រាប់ជួយទប់សំឡេង នៅពេលដែលគាត់ច្រៀងម្តងៗ។
គាត់អង្គុយនៅក្នុងខ្ទមស្លឹកហាក់ដូចជារម្ងាប់នូវភាពចាស់ជរារបស់គាត់។ លោកបង្ហាញនូវស្នាមញញឹមមិនឈប់ នៅពេលដេញចាប៉ី ហើយទឹកមុខលោកកាន់តែរីករាយ នៅពេលឮសូរសំឡេងទះដៃ បើទោះជាភ្នែកទាំងគូរបស់លោកមិនអាចមើលឃើញក៏ដោយ។
«ឥឡូវហ្នឹងវា ទារុណទារា គ្រាំគ្រា ចាស់ហើយ។ ច្រៀងបានប៉ិនហ្នឹងហៅថា គ្រាន់បន្តិច។ ប៉ុន្តែក្រៅពីហ្នឹង អ្នកណាជួលបី បួន ប្រាំអី ក៏មិនហ៊ានដែរ។ ព្រោះកាលពីមុនសំឡេងក៏ពិរោះដែរ ហើយច្រៀងក៏ជួនដែរ»។
លោកប្រាជ្ញ ឈួនចាប់កំណើតនៅខែតុលាឆ្នាំ១៩៣៦ ជាកូនពៅក្នុងគ្រួសារកសិករ ដែលមានកូនប្រាំមួយនាក់នៅភូមិត្រពាំងកក់ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ អ្នកចម្រៀងចាប៉ីវ័យជរានេះពិការភ្នែងទាំងសងខាងតាំងពីអាយុ៥ឆ្នាំដោយសាររោគកញ្ជ្រិល។ ថ្វីថាពិការភ្នែកមែន ប៉ុន្តែលោកនៅអាចបែងចែកពេលថ្ងៃនិងពេលយប់ និងអាចមើលឃើញព្រាលៗនូវវត្ថុដែលនៅជិតនឹងភ្នែកបាន។
លោកប្រាជ្ញ ឈួនមានអាជីពខុសពីបងប្រុសទាំង៤នាក់ដែលធ្វើជាទាហាន និងបងស្រីម្នាក់ទៀតដែលជួយការងារស្រែចម្ការ។
លោកចាប់ផ្តើមរៀនចាប៉ីនៅអាយុ៩ឆ្នាំពីឪពុកមារខាងឪពុកម្នាក់ឈ្មោះប៉ែត ឌុប ហៅចង្កូមប្រាំបី។
«តាមារជីដូនមួយគាត់ថា ឯងពិការភ្នែកអញ្ចឹង រៀនចាប៉ីឲ្យចេះទៅ ក្រែងលោគ្រាន់បើ។ គាត់ថា អញ្ចឹង។ ដល់រៀនៗទៅ ចេះមែន»។
រីឯខាងវប្បធម៌អក្សរសាស្រ្តវិញ លោកជាកូនសិស្សរបស់លោកសង្ឃព្រះនាមអេតសែនក្នុងវត្តប្រមរ។ ព្រះសង្ឃបានបង្ហាត់បង្រៀនបាលី ចម្រៀង កំណាព្យ និងរឿងនិទានអក្សរសិល្ប៍ផ្សេងៗដល់រូបលោកដែលជាហេតុធ្វើឲ្យលោកសម្បូរវោហារ និងចេះដឹងផ្នែកអក្សរសាស្ដ្របានច្រើន។
ក្រោយពីរៀនចេះវិជ្ជាដេញចាប៉ីដងវែងហើយ ទស្សនិកជនដំបូងរបស់លោកគឺអ្នករួមស្រុកទាំងឡាយ។
លោកប្រាជ្ញ ឈួនគឺជាអ្នកចម្រៀងចាប៉ីដែលមានសំឡេងធំមូលក្រអួនប្រកបដោយទឹកដមនិងភាពប៉ិនប្រសព្វ។
ក្រោយមកនៅឆ្នាំ១៩៦២ លោកបានចូលរួម«ការប្រឡងប្រជែងដើម្បីជ្រើសរើសអ្នកចេះដឹងផ្នែកចាប៉ីដងវែង»របស់វិទ្យុជាតិ ហើយក៏បានឈ្នះការប្រកួតដោយទទួលបានចំណាត់ថ្នាក់លេខ១ក្នុងចំណោមអ្នកចូលរួមទាំង២០នាក់។
ចាប់តាំងពីពេលនោះមក លោកតាក៏ចាប់ផ្តើមច្រៀងដាក់វិទ្យុជាតិនៅឯភ្នំពេញ។ ខ្លឹមសារនៃចម្រៀងគឺត្រូវបានកំណត់ដោយចាងហ្វាងវិទ្យុ ដែលក្នុងនោះច្រើនតែទាក់ទងនឹងប្រវត្តិសាស្រ្ត នយោបាយ និងអ្នកល្បីៗជាច្រើននៅក្នុងសហប្រជាជាតិ។
លោកបានមានប្រសាសន៍ថា ការច្រៀងចាប៉ីតម្រូវឲ្យអ្នកច្រៀងចេះកំណាព្យ ពាក្យកាព្យ និងពាក្យជួនឲ្យបានច្រើន ហើយចំពោះការដេញចាប៉ីវិញ គឺត្រូវចេះដេញឲ្យស្ទាត់នូវទំនុកចម្រៀងទាំង៧របស់ចាប៉ីដងវែង។
ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាដទៃទៀតដែរ លោកប្រាជ្ញ ឈួនត្រូវពួកខ្មែរក្រហមជម្លៀសចេញពីភ្នំពេញទៅកាន់ទីជនបទនៅឆ្នាំ១៩៧៥។ ក្រោយមក លោកបានត្រឡប់មកកាន់ស្រុកកំណើតនៅឯខេត្តតាកែវ។ នៅទីនោះ លោកត្រូវធ្វើស្រែរាល់ថ្ងៃ។ លោកទទួលរងការគំរាមសម្លាប់ចោល ប៉ុន្តែសំណាងល្អលោកបានរួចខ្លួនវិញ។
«គេចង់កកេរកករហៅទៅសម្លាប់ដែរ ប៉ុន្តែគេថា អ្នកធំៗគេថា អេ! អាហ្នឹងវាមានចេះបាញ់ឯណាវា! ច្រៀងតែចាប៉ីហ្នឹង! សម្លាប់វានាំតែចង្រៃបដិវត្តយើង! អញ្ចឹងទុកវាទៅ! គង់តែវាងាប់ខ្លួនវាក៏បាន។ គេថាអញ្ចឹង»។
ក្រោយពីកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមបានដួលរលំទៅនៅថ្ងៃទី៧មករាឆ្នាំ១៩៧៩ លោកប្រាជ្ញ ឈួនបានចាប់ផ្តើមអាជីពជាអ្នកច្រៀងចាប៉ីឡើងវិញ។ លោកបានត្រឡប់មកភ្នំពេញនិងបានច្រៀងនៅកម្មវិធីវិទ្យុជាតិកម្ពុជា។ក្រៅពីនោះ លោកក៏បានទទួលការអញ្ជើញឲ្យទៅច្រៀងក្នុងកម្មវិធីផ្សេងៗទៀតដែរ។
បច្ចុប្បន្នលោកប្រាជ្ញ ឈួនមានកូនចំនួន៥នាក់ ក្នុងនោះមាន៣នាក់ដែលរស់នៅជាមួយគាត់។
មួយជីវិតរបស់លោកកាន់ដងចាប៉ីជាប្រចាំ។ ហើយដោយសារភាពល្បីល្បាញរបស់លោក លោកត្រូវបានគេអញ្ជើញទៅច្រៀងនៅតាមខេត្តនិងរាជធានីមួយចំនួនដូចជាខេត្តរតនគីរី មណ្ឌលគីរី ឧត្តរមានជ័យ និងរាជធានីភ្នំពេញជាដើម។
លើសពីនេះទៅទៀត លោកតាក៏ធ្លាប់ទៅបញ្ចេញសំនៀងនៅឯបរទេសផងដែរ ដូចជានៅសហរដ្ឋអាមេរិក២ដង ប្រទេសបារាំងបាន៣ដង និងទៅប្រទេសសឹង្ហបុរីបានម្តង។
ចម្រៀងរបស់លោកមានជាកំប្លែងខ្លះ ហើយភាគច្រើនគឺផ្តល់ជាការអប់រំ។ លោកចូលចិត្តច្រៀងរៀបរាប់ច្បាប់ស្រី ហើយលោកតាចេះច្រៀងច្បាប់ក្រមង៉ុយដល់ទៅ៤ច្បាប់។ មិនតែប៉ុណ្ណោះ លោកនៅចេះតែងបទចម្រៀងភ្លាមៗស្របពេលនឹងកំពុងច្រៀងទៀតផង ហើយឃ្លាឃ្លោងក៏ជួនគ្នាបានល្អទៀត។
ប៉ុន្តែគួរឲ្យសោកស្តាយដែលកូនៗទាំងប្រាំរបស់លោកប្រាជ្ញ ឈួន មិនបានរៀនចាប៉ីបន្តតំណែងរបស់លោកទេ។
«ខ្ញុំច្រៀងពិបាកពេក មិនចង់ឲ្យកូនៗចេះ ចុះថ្នាក់ច្រៀង៥ម៉ោងអី នរណាដែលច្រៀង ហើយឈប់តែបន្តិចៗទេ។ ច្រៀងឥតព្រៀងអញ្ចឹងពិបាកណាស់»។
ប៉ុន្តែម្យ៉ាងវិញទៀតភាពមិនសូវទាក់ទាញនៃវិជ្ជាច្រៀងចាប៉ីទំនងដោយសារការរកកម្រៃមិនសូវកាក់កប។
យ៉ាងណាក៏ដោយ លោកប្រាជ្ញ ឈួនក៏ឆ្លៀតបង្ហាត់បង្រៀនកូនសិស្សបានមួយចំនួនដែរ។ ប៉ុន្តែពួកគេមិនមានថ្វីដៃល្អដូចលោកទេ។
សព្វថ្ងៃ អ្នកចម្រៀងចាប៉ីល្បីល្បាញរូបនេះរស់នៅជាមួយនឹងក្រុមគ្រួសារនិងកូនទាំង៤នាក់របស់គាត់។ ដោយសារវ័យជរា លោកករុំព័ទ្ធដោយរោគាជាច្រើនដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ លោកហាក់ដូចជាទទួលស្គាល់នូវដំណាក់កាលចុងក្រោយនៃជីវិតរបស់ខ្លួន។
«អាយុវែងពេក មិនចូលចិត្តនៅទេ! បើមច្ចុរាជយកទៅក៏អរដែរ ព្រោះនៅធ្វើការឲ្យគេមិនកើតដដែល»។
ពេញមួយជីវិតនៃអាជីពជាអ្នករស់ដោយប្រើសំឡេង លោកប្រាជ្ញ ឈួនបានបន្សល់ទុកនូវកេរដំណែលជាមរតកសំនៀងជាច្រើន។
«កេរតំណែលថតសាយ័នណារា។ គេថតឲ្យហ្នឹង មានច្បាប់ក្រមង៉ុយ៥ច្បាប់ អាចារ្យចុង១ច្បាប់ ហើយសុវណ្ណសាម១ច្បាប់ ពុទ្ធប្រវត្ត១ច្បាប់ រាមកេរ្តិ៍១ច្បាប់។ បើអញ្ចឹងមានតែប៉ុណ្ណឹងទេដែលសេសសល់។ ឥឡូវយូរៗឮសូរអ្នកស្រុកគេចាក់ម្តងដែរ ហើយឥឡូវរ៉ាដ្យូ (វិទ្យុ)គោកធ្លកនោះចាប់ថ្ងៃអាទិត្យ ថ្ងៃសៅរ៍ ថ្ងៃសុក្រ គេចាក់កន្លះៗម៉ោង។ នៅសល់តែប៉ុណ្ណឹងទេ។ តាគ្មានអីនៅសល់ទេ»។
បើទោះជាភាពល្បីរន្ទឺនៃកេរ្តិ៍ឈ្មោះរបស់លោកយ៉ាងនេះក្តី ក៏ភាពល្បីល្បាញនេះមិនបានផ្តល់ឱកាសឲ្យលោកប្រាជ្ញ ឈួនឋិតក្នុងជីវិតចុងក្រោយក្នុងភាពជាអ្នកមានបានដូចសិល្បករ សិល្បការិនីបែបបុរាណជាច្រើនទៀតទេ។
ថ្វីបើបែបនេះក្តី ក្តីស្រឡាញ់វិស័យសិល្បៈបានចាក់គ្រឹះយ៉ាងរឹងមាំក្នុងបេះដូងរបស់អ្នកចម្រៀងចាប៉ីជើងចាស់រូបនេះ។
ស្ថិតក្នុងជីវិតចុងក្រោយ លោកប្រាជ្ញ ឈួននៅតែបារម្ភចំពោះអនាគតសិល្បៈចាប៉ីមួយនេះ។
«របស់នេះជារបស់ខ្មែរយើង បើសិនណាជាចៅឯងចេះថែរក្សាទុកអញ្ចឹង កុំឲ្យបាត់បង់ ព្រោះយើងស្តាយរបស់ខ្មែរ។ ហើយក្រៅពីហ្នឹង ល្ខោនបាសាក់ ភ្លេងសម័យអី មិនខ្វះគេគាំទ្រទេ។ ប៉ុន្តែចាប៉ីនេះមិនងាយទេ»។