សារមន្ទីរន័រតុនសាយមុន (Norton Simon Museum) ក្នុងរដ្ឋកាលីហ្វញ៉ាមានដាក់តាំងបង្ហាញរូបចម្លាក់បុរាណខ្មែរដែលបន្សល់ទុកពីសម័យកាលផ្សេងៗក្នុងប្រទេសកម្ពុជា។ នាបច្ចុប្បន្ននេះសារមន្ទីរនេះសហការជាមួយ សារមន្ទីរ ហ្គេទី (Getty Museum) ដើម្បីអបអរការដាក់តាំងពិព័រណ៌រូបចម្លាក់សំរិទ្ធមកពីប្រទេសកម្ពុជាដែលមានឈ្មោះថាអាទិទេពនៃអង្គរ។
សារមន្ទីរ ន័រតុនសាយមុននេះមានទ្រង់ទ្រាយធំ និងអគារដែលមើលទៅមានលក្ខណៈបែបសម័យថ្មីស្ថិតនៅទីក្រុងប៉ាសាដេណា (Pasadena) រដ្ឋកាលីហ្វ័រញ៉ា បើមើលពីខាងក្រៅយើងប្រហែលជាមិនជឿថាសារមន្ទីរនេះមានតាំងបង្ហាញរូបចម្លាក់ខ្មែរដែលសល់ពីបុរាណកាលនោះទេ។ ប៉ុន្តែនៅពេលដែលឈានជើងចូលដល់ខាងក្នុងអ្នកទស្សនានឹងបានឃើញរូបចម្លាក់បុរាណរបស់ប្រទេសអាស៊ី មួយចំនួនដែលក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ។ បើក្រឡេកមើលទៅខាងស្តាំអ្នកនឹងបានឃើញរូបចម្លាក់ដ៏ធំស្កឹមស្កៃ ដែលឈរ អមដំណើរ អ្នកទស្សនាទៅកាន់ជាន់ខាងក្រោមនៃសារមន្ទីរ ដែលជាកន្លែងដាក់តាំងបង្ហាញនូវរូបចម្លាក់ខ្មែរ។
ស្របពេលដែលសារមន្ទីរ ហ្គេទី នៅទីក្រុង ឡូស អាន់ជឺឡេស (Los Angeles) កំពុងបង្ហាញពិព័រណ៌«អាទិទេពនៃអង្គរ» លោកស្រីបណ្ឌិត មេឡូឌី រូដអារី (Melody Rod-ari) ជាអ្នកអភិរក្សរងសិល្បៈអាស៊ី និងជាអ្នកអភិរក្សរូបចម្លាក់ខ្មែរបុរាណនៃសារមន្ទីរន័រតុនសាយមុន ក៏រៀបចំការតាំងពិព័រណ៌ ដែលមានឈ្មោះថា «នៅពេលសិល្បៈជួបជាមួយវិទ្យាសាស្រ្ត» រួមគ្នាដើម្បីបង្ហាញនូវរូបចម្លាក់ដ៏ពិសិទ្ធរបស់ប្រទេសកម្ពុជា នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។
នៅឯសារមន្ទីរ ន័រតុនសាយមុន លោកស្រីបណ្ឌិត មេឡូឌី រូដអារី នឹងនាំអារម្មណ៍លោកអ្នកស្តាប់ទាំងអស់គ្នា នៅកាន់បន្ទប់តាំងរូបចម្លាក់បុរាណខ្មែរ ដើម្បីបង្ហាញនូវរូបចម្លាក់ល្បីៗ។
វីអូអេ៖ តើរូបចម្លាក់មួយណាដែលមេឡូឌីចាប់អារម្មណ៍ច្រើនជាងគេ?
មេឡូឌី៖«រូបចម្លាក់ដែលមានវ័យចំណាស់ជាងគេនៅទីនេះគឺជារូបចម្លាក់មុនសម័យអង្គរ គឺជាសម័យមុនឆ្នាំ៨០២ នៅពេលដែលព្រះបាទជ័យវរ្ម័នទី២ ឡើងគ្រងរាជ្យ និង អភិសេកទៅជាព្រះមហាក្សត្រនៃអាណាចក្រអង្គរ។ នេះគឺជារូបចម្លាក់ របស់ព្រះហរិហរៈ។ ព្រះហរិហរៈ គឺជា រូបផ្គុំទេវៈ រូបផ្គុំទេវៈមានន័យថា រូបរបស់គាត់គឺមួយចំហៀងជារូបរបស់ ព្រះវិស្ណុ និងមួយចំហៀងទៀតជារូប របស់ព្រះសិវៈ។
លោកស្រីបានបញ្ជាក់បន្ថែមទៀតថា៖
«រូបចម្លាក់មួយនេះបើអ្នកមើលឱ្យជិត អ្នកនឹងឃើញថា មួយកំណាត់ចំហៀងខាងស្តាំគឺតំណាងឱ្យព្រះវិស្ណុ ដែលយើងអាចដឹងបានតាមរយៈវត្ថុដែលដៃស្តាំរបស់គាត់កាន់មានដូចជា កងចក្រ ខ្យងសង្ខ ភ្នំព្រះសុមេរុ ដែលបញ្ជាក់ថារូបនេះជារចនាបទរបស់ខ្មែរ ព្រោះបើតាមរចនាបថរបស់ឥណ្ឌា គាត់មិនកាន់ភ្នំព្រះសុមេរុទេ គឺគាត់កាន់ផ្កាឈូកនិងដំបងជាអាវុធ។ ចំណែកឯចំហៀងខាងឆ្វេងគឺព្រះសិវៈ។ ជាធម្មតារូបរបស់ព្រះសិវៈគឺមានភ្នែកទី៣នៅលើថ្ងាសរបស់គាត់។ដូច្នេះនៅលើថ្ងាសរបស់ហរិហរៈនេះគឺមានភ្នែកទីបីពាក់កណ្តាលនៅលើថ្ងាសរបស់គាត់។
ជាមួយគ្នានេះផងដែរគាត់មានផ្នួងសក់ដាញ់បួងឡើងទៅលើ ហើយគេជឿថាគាត់មានសក់ដាញ់ហ្នឹងគឺដោយសារតែគាត់មិនចូលចិត្តងូតទឹក។ រូបចម្លាក់ព្រះហរិហរៈនេះមិនមានទំហំធំប៉ុន្មានទេ គឺប្រហែលជា ២៦អ៊ីញ ប៉ុន្តែបើគិតពីគុណភាពវិញគឺវាមានភាពឥតខ្ចោះ»។
វីអូអេ៖ អញ្ចឹងតើមានរូបអ្វីផ្សេងទៀតដែល មេឡូឌី ចូលចិត្តដែរ?
មេឡូឌី៖ «រូបបន្តទៅទៀតនេះគឺជារូបរបស់ព្រះវិស្ណុ។ រូបចម្លាក់មួយនេះគឺមានលក្ខណៈ ធំមែនទែន គាត់មានរូបរាងធំជាងមនុស្សធម្មតាដែលអ្នកធ្លាប់ជួប រូបបែបនេះពីដើមច្រើនតែមាននៅក្នុងប្រាសាទ។ ផ្ទៃខាងលើរបស់រូបចម្លាក់នេះមានលក្ខណៈភ្លឺចាំង ពីព្រោះវិចិត្រករព្យាយាមធ្វើឱ្យរូបនេះមានលក្ខណៈល្អប្រណិត។ ពីព្រោះយើងត្រូវចាំថានេះមិនមែនគ្រាន់តែជារូបចម្លាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺតំណាងឱ្យព្រះវិស្ណុពិតៗ ព្រះវិស្ណុគឺស្ថិតនៅក្នុងរូបនេះផ្ទាល់តែម្តង។ ព្រះវិស្ណុរូបនេះមានដៃ៣ ហើយកាន់ភ្នំព្រះសុមេរុ ដូច្នេះហើយទើបយើងដឹងថានេះគឺជារចនាបថរបស់ខ្មែរយ៉ាងប្រាកដគឺយើងនឹងមិនឃើញរូបរបៀបនេះនៅកន្លែងណាផ្សេងទេ។ បើមើលទៅទងត្រចៀករបស់គាត់ យើងឃើញគាត់មានចោះត្រចៀក។ នេះសបញ្ជាក់ថាគាត់ប្រហែលជាពាក់ក្រវិល មែនទែន ដែលធ្វើពីមាសនិងប្រាក់ពិតប្រាកដ ហើយក៏ប្រហែលជាមានពាក់នូវគ្រឿងអលង្ការពិតៗផ្សេងៗទៀតដូចជា ខ្សែក ខ្សែដៃ ចិញ្ជៀន កងដៃ និងគ្រឿងសម្លៀកបំពាក់ក្បិន សំពត់និងខ្សែឈៀងជាដើម»។
គួរបញ្ជាក់ផងដែរថា លោកស្រីបណ្ឌិត មេឡូឌី រួមជាមួយ សារមន្ទីរហ្គេទី បានបើកសិក្ខាសាលា ឈ្មោះថា «ភាពរុងរឿងនៃអង្គរ»ដែលស្តីពីប្រវត្តិសាស្រ្ត នឹងបង្ហាញឱ្យយល់ដឹងពី រូបចម្លាក់បុរាណខ្មែរផងដែរទាំងរូបចម្លាក់ដែលមាននៅសារមន្ទីរ ន័រតុនសាយមុននិងរូបចម្លាក់សំរិទ្ធ មកពីប្រទេសកម្ពុជានៅសារមន្ទីរហ្គេទី។ សិក្ខាសាលានេះរៀបចំឡើងជាពីរថ្ងៃ។ ថ្ងៃទីមួយបានធ្វើឡើងនៅថ្ងៃសៅរ៍ទី ២៣ ខែកក្កដានៅឯសារមន្ទីរ ន័រតុនសាយមុន ហើយ លើកទីពីរនឹងធ្វើឡើងនៅថ្ងៃសៅរ៍ទី៣០ ខែកក្កដានៅឯសារមន្ទីរហ្គេទី។
លោកស្រីបណ្ឌិត មេឡូឌី បានឱ្យដឹងបន្ថែមថា៖«សិក្ខាសាលាវគ្គទីមួយនៅសារមន្ទីរ ន័រតុនសាយមុននឹងបង្រៀនអំពី ប្រវត្តិនៃព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ហើយតើសាសនាទាំងពីរនេះហូរចូលមកប្រទេសកម្ពុជាតាមវិធីណា ក៏ដូចជាបង្ហាញឱ្យដឹងថារបស់និងរូបចម្លាក់សម័យបុរាណទាំងអស់នេះមិនមែនគ្រាន់តែជារូបចម្លាក់តែសំបកទេ គឺមនុស្សសម័យនោះគេមើលថែវត្ថុទាំងអស់នេះដូចជាអាទិទេពពិតៗរបស់ពួកគេ។ ហើយចំណែកឯថ្ងៃទីពីរនៅសារមន្ទីរហ្គេទី យើងនឹងបង្រៀនពីប្រាសាទអង្គរវត្ត និងប្រវតិ្តសម័យអង្គរផងដែរ»។
«អាទិទេពនៃអង្គរ» ជាពិព័រណ៌ដែលបង្ហាញពីរូបចម្លាក់សំរិទ្ធដ៏ប្រណិតពីសម័យអង្គរនៅសតវត្សរ៍ទី ៩ដល់ទី១៥។រូបចម្លាក់សំរិទ្ធទាំងអស់នេះគឺបានមកពីសារមន្ទីរជាតិកម្ពុជា ហើយត្រូវបានដាក់តាំងពិព័រណ៌ម្តងរួចហើយនៅរដ្ឋធានី វ៉ាស៊ីនតោន ហើយឥឡូវនេះកំពុងដាក់បង្ហាញនៅ សារមន្ទីរហ្គីទី ទីក្រុង ឡូសអាន់ជឺឡេស រដ្ឋកាលីហ្វ័រញ៉ា។
ពិព័រណ៌«អាទិទេពនៃអង្គរ»នឹងបញ្ចប់នៅខែក្រោយ ប៉ុន្តែអ្នកដែលស្រឡាញ់ចូលចិត្តសិល្បៈខ្មែរនៅតែអាចមកមើលរូបចម្លាក់បុរាណនៅសារមន្ទីរន័រតុនសាយមុន៕