កម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំទី២នឹងវិលត្រឡប់មកវិញក្នុងខែកញ្ញាខាងមុខ ជាមួយនឹងការរៀបចំនៅតាមទីតាំងល្បីល្បាញនានាក្នុងទីរួមខេត្តបាត់ដំបង ក្រោយទទួលបានជោគជ័យកាលពីឆ្នាំទៅ ដែលប្រារព្ធឡើងនៅខេត្តសៀមរាប។
កម្មវិធីឆ្នាំនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា ហើយរួមមានសកម្មភាពជាច្រើនដែលនឹងមានការចូលរួមពីសំណាក់ កវី អ្នកនិពន្ធ និងមិត្តអ្នកនិយមតាមដានអក្សរសិល្ប៍ខ្មែរ ដើម្បីពិភាក្សា និងលើកកម្ពស់ការនិពន្ធអត្ថបទអក្សរសិល្ប៍ខ្មែរ និងកំណាព្យ។ នេះបើយោងតាមសម្តីរបស់អ្នករៀបចំកម្មវិធីនេះ។
អ្នកនិពន្ធម្នាក់ឈ្មោះសូ ភីណា ដែលជាសមាជិកស្ថាបនិកនៃកម្មវិធីមហោស្រពអក្សរសាស្ត្រខ្មែរ បាននិយាយថា សកម្មភាពទាំងអស់នឹងត្រូវធ្វើឡើងក្នុងរូបភាពចម្រុះ ទាំងសកម្មភាពពិភាក្សាគ្នាក្នុងសាលប្រជុំ និងសកម្មភាពរស់រវើកនៅទីវាល តាមទីស្ថានល្បីនានាក្នុងទីរួមខេត្តបាត់ដំបងតែម្ដង។
នៅក្នុងបន្ទប់សហសិក្សាដែលមានអមសងខាងដោយទូសៀវភៅរាប់រយក្បាល ដែលនិយាយអំពីសិល្បៈ និងអក្សរសិល្ប៍ ក្នុងការិយាល័យផ្ទាល់ខ្លួនក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ អ្នកស្រីសូ ភីណាបានប្រាប់ VOA យ៉ាងដូច្នេះថា៖
«ព្រោះយើងដឹងហើយថា ខេត្តបាត់ដំបងវាមានភាពសំបូរបែបខាងផ្នែកប្រវត្តិសាស្ត្រ ខាងផ្នែកវប្បធម៌ ហើយនិងធនធានមនុស្ស។ ចឹងយើងគិតថា វាជា សក្តានុពលមួយដែលធំ ដែលយើងធ្វើនៅខេត្តដែលមានសក្តានុពលស្រាប់ហើយ វាធ្វើឲ្យមហោស្រពយើងកាន់តែមានប្រសិទ្ធភាព»។
អ្នកស្រីសូ ភីណាក៏បានបន្ថែមថា កម្មវិធីនៅបាត់ដំបងនេះនឹងមានបូករួមបញ្ចូលការប្រកួត កង់ឌុប និងកំណាព្យ ជុំវិញប្រធានបទនានាដែលទាក់ទងនឹងខេត្តបាត់ដំបង ឬអំពីបទពិសោធន៍សញ្ចេតនាកម្រិតបុគ្គលរបស់បេក្ខជនផ្ទាល់ដែលជាប់ជំពាក់វាក់វិននឹងខេត្តមួយនេះ។
«ដោយសារយើងចង់ឲ្យវាមានការកម្សាន្តដែលមិនមែនគ្រាន់តែទៅគឺដើម្បីតែអក្សរសិល្ប៍ៗពេកទេ អីចឹង យើងចង់ឲ្យវាផ្សំគ្នាជាមួយកម្មវិធីសប្បាយហ្នឹងទៅ។ យើងមានអ្នកចូលរួម ហើយយើងលើកកម្ពស់គុណតម្លៃនៃកំណាព្យទៀត»។
អ្នកនិពន្ធរូបនេះបានបន្តយ៉ាងដូច្នេះទៀតថា៖
«ហើយកម្មវិធីមួយទៀតគឺទាក់ទងទៅនឹងឆ្នាំមុន។ យើងអត់មានការប្រកួតប្រឡងប្រជែងស្នាដៃអក្សរសិល្ប៍ទេ តែឆ្នាំនេះ យើងមានអីចឹង។ យើងមានប្រភេទរឿងខ្លី និងកំណាព្យ។ ហើយមួយទៀត បងគិតថា អ្វីដែលពិសេសនោះគឺយើងបញ្ចូលកម្មវិធីសិល្បៈច្រើនជាងមុន។ ឆ្នាំនេះយើងមានកង់ [កង់ឌុប និងកំណាព្យ] ផង សិល្បៈចម្រុះ មានរបាំ មានតន្ត្រី មានល្ខោននិយាយ មានគែន និងសែដៀវទៀត»។
កម្មវិធីឆ្នាំមុន ដែលជាឆ្នាំដំបូងនៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទីមួយ តាំងទីរៀបចំឡើងនៅក្នុងមជ្ឈមណ្ឌលខេមរសិក្សា(CKS) ដែលស្ថិតនៅក្នុងបរិវេណវត្តដំណាក់ ខេត្តសៀមរាប និងដែលមានការចូលរួមពីសំណាក់អ្នកនិពន្ធ និងអ្នកអានប្រមាណ៥០០នាក់។
ទីតាំងដែលត្រូវទទួលរៀបចំកម្មវិធីនានារបស់មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ រួមមាន អង្គការហ្វារពន្លឺសិល្បៈ ដើមដូងទី១០មុខវត្តពោធិ៍វាល វត្តកណ្ដាល វត្តដំរីស សាលាខេត្តចាស់ និងស្ពានថ្មចាស់ជាដើម។
អ្នកស្រីសូ ភីណាបានប្រាប់ថា៖
«ទីតាំងដែលយើងរើសច្រើនកន្លែងហ្នឹង ពីព្រោះដោយសារតែយើងចង់ឲ្យ អ្នកចូលរួមរបស់យើងស្គាល់អំពីហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ ដែលមានស្រាប់នៅខេត្តបាត់ដំបង។ ហើយយើងអាចទាក់ទាញការចាប់អារម្មណ៍ឡើងវិញអំពីគុណតម្លៃនៃកន្លែងៗទាំងអស់ហ្នឹង ព្រោះដោយសារកន្លែងមួយៗវាមានប្រវត្តិរបស់វា វាមានឈ្មោះ អត្ថន័យអីចឹង»។
ដោយឡែក កញ្ញាថុន ថាវរី ដែលជាអ្នកនិពន្ធសៀវភៅ«នារីប្រពៃរ៍»បាននិយាយថា ក្នុងកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី២នេះ នាងរំពឹងថា នឹងទទួលបានអ្វីដែលថ្មីច្រើន លើសពីកម្មវិធីឆ្នាំមុននៅខេត្តសៀមរាបទៅទៀត។
«និយាយរួមទៅខ្ញុំមានអារម្មណ៍សប្បាយរីករាយ ដោយសារបានជួបជុំអ្នកនិពន្ធចាស់ៗ និងអ្នកនិពន្ធផ្សេងៗជាច្រើនមកផ្តុំគ្នា»។
កញ្ញាថាវរីបាននិយាយបន្ថែមប្រាប់ VOAយ៉ាងដូច្នេះថា៖
«ដោយសារខ្ញុំជាអ្នកនិពន្ធដែរ ហើយខ្ញុំចង់ចូលរួមចំណែកក្នុងការលើកស្ទួយអក្សរសិល្ប៍ខ្មែរនៅក្នុងប្រទេសកម្ពុជា។ អីចឹងយើងអាចលើកកម្ពស់ឡើងបាន ក្នុងនាមជាអ្នកនិពន្ធ ទាល់តែយើងទៅចូលរួម ទៅជួយផ្សព្វផ្សាយ ទៅចែករំលែកពីបទពិសោធន៍ ក្នុងនាមជាអ្នកនិពន្ធ ហើយទៅរៀនពីរៀមច្បងផ្សេងៗ ក្នុងកំឡុង២ទៅ៣ថ្ងៃហ្នឹងដែរ»។
កញ្ញាសែត ហត្ថា ដែលជាម្ចាស់និពន្ធសៀវភៅ«វិញ្ញាសាជីវិត»បានសម្ដែងមតិលើកឡើង ដូចការលើកឡើងរបស់អ្នកនិពន្ធថុន ថាវរីដែរ ដោយគាត់យល់ឃើញថា ការចូលរួមមហោស្រពអក្សរសិល្ប៍ខ្មែរកាលពីឆ្នាំមុនគឺល្អខ្លាំងមែនទែន។
កញ្ញាហត្ថា ដែលគេស្គាល់តាមរយៈនាមស្លាបប៉ាកាថាជា«កូនចាបមាស»នោះបានប្រាប់ VOA ថា៖
«ពីព្រោះពេលដែលខ្ញុំចាប់ផ្តើមសរសេរសៀវភៅហ្នឹងភ្លាម ក៏គេបង្កើតកម្មវិធីហ្នឹង ក្រោមប្រធានបទថា ការបង្ហាញនូវស្នាដៃថ្មី ដែលរៀបនឹងចេញផ្សាយហើយវាគឺជាផលល្អមួយដែរ ដោយសារតែ យើងចូលរួមក្នុងកម្មវិធីហ្នឹងទៅ យើងបាននិយាយអំពីស្នាដៃរបស់យើងរៀបចំនឹងចេញផ្សាយហ្នឹង ហើយអីចឹងក៏ធ្វើឱ្យមានអ្នកកាន់តែស្គាល់ច្រើន ជាពិសេសគឺអ្នកនិពន្ធដែលខ្ញុំអត់ធ្លាប់បានស្គាល់ពីមុន ឬក៏អ្នកខ្លះគឺយើងស្គាល់ឈ្មោះ តែអត់ដែលបានជួប ក៏បានទៅជួបគ្នានៅទីនោះ»។
សម្រាប់កម្មវិធីឆ្នាំទី២នៃមហោស្រពអក្សរសិល្ប៍ខ្មែរ ដែលរៀបចំឡើងនៅខេត្តបាត់ដំបងនេះ អ្នករៀបចំរំពឹងថា មានអ្នកចូលរួមប្រមាណ១ពាន់នាក់ ពោលគឺកើនឡើងមួយគុណនឹងពីរ បើធៀបនឹងកម្មវិធីឆ្នាំមុន នៅខេត្តសៀមរាប៕