ចិន​ប្រើ​ការទូត​អវកាស​ក្នុង​ការប្រកួត​ប្រជែង​ខាង​អវកាស​ជាមួយ​អាមេរិក

  • Ralph Jennings

រូបឯកសារ៖ រ៉ុក្កែត Long March-2F Y13 ដែល​ដឹក​យាន​អវកាស Shenzhou-13 និង​អវកាសយានិក​បីនាក់​ក្នុង​បេសកកម្ម​​មាន​មនុស្ស​ទីពីរ​របស់​ប្រទេស​ចិន ដើម្បី​សាងសង់​ស្ថានីយអវកាស​ផ្ទាល់​ខ្លួន ត្រូវបាន​បាញ់​បង្ហោះ​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប នៅ​ខេត្ត Gansu កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

ពួកអ្នក​ជំនាញនិយាយ​ថា ប្រទេស​ចិន កំពុងពង្រីកកម្ម​វិធីអវកាស​របស់​ខ្លួន​ទៅ​កាន់ប្រទេស​ឯ​ទៀតៗ ដែល​នាំ​ឱ្យ​សហរដ្ឋអាមេរិក​ដែល​ជាគូប្រជែងពិបាកធ្វើដូច ហើយ​ថាវិធានការរបស់​ចិននេះ ​ក៏​ចង់​ធ្វើឱ្យស.រ.អ. នៅឯកោពី​គេ​នៅលើ​ផែនដី​ផង​ដែរ។

យានអវកាសដែលជំរុញផែនការ​អន្តរជាតិ​របស់​រដ្ឋាភិបាល​ចិនសម្រាប់​ការ​ទូតអវកាសនេះ មានឈ្មោះ Shenzhou-13 ដែលត្រូវបានបាញ់​បង្ហោះកាលពីខែតុលា​ដោយ​មាន​អវកាសយាននិកបី​នាក់ជិះ​ក្នុ​ងនោះ។​

យាន​អវកាស​នេះ ជា​ផ្នែកសំខាន់បំផុតនៃ​សា្ថនីយ៍​អវកាស​ចិន ​ហើយ​នឹងឋិត​ក្នុង​អវកាស ៦ខែ។ ទីភ្នាក់ងារ​ព័ត៌មាន Xinhua ​របស់រដ្ឋ​នៃប្រទេស​ចិន​បានឲ្យដឹងថា​ ​ការ​ធ្វើ​ដំណើរ​នេះ ជា​ការចាប់ផ្តើម​ការហោះ​ក្នុង​អវកាសរយៈពេល​យូរ​បំផុត​របស់​ចិន។ ក្រុម​អវកាសយានិក នឹង​ពិនិត្យ​មើល​ប្រព័ន្ធ​ទាំង​អស់​នៃស្ថានីយអវកាស​ ហើយ​ជួយស្ថាបនា​ស្ថានីយនេះឱ្យ​រូច​ស្រេច​បាច់ នៅ​ដំណាច់​ឆ្នាំ​ក្រោយ។

រូបថត ដែល​ថតពី​អេក្រង់​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​លំហ​អវកាស​ប៉េកាំង​នៅ​ទីក្រុង​ប៉េកាំង ប្រទេសចិន កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បង្ហាញពី​អវកាសយានិក​ចិន​បីនាក់ លើកដៃ​គ្រវី បន្ទាប់ពី​ចូលទៅ​ក្នុង​ម៉ូឌុលស្នូល​ស្ថានីយ​អវកាស Tianhe។

គេហទំព័រព័ត៌មាន​របស់កាសែត​ China Daily ដែលមាន​មូលដ្ឋាននៅ​ទីក្រុងប៉េកាំងបាននិយាយថា ​ស្ថានីយអវកាស​នេះ ​នឹង​ក្លាយ​ជា«​គម្រោងការ​មួយសម្រាប់កិច្ច​សហប្រតិបត្តិកា​រអន្តរជាតិខ្លាំង​ជាង​មុន» និង​«ស្វាគមន៍​»ក្រុម​អវកា​សយានិក​បរទេស​ផង​ដែរ។

លោក Marco Cáceres ជានាយកផ្នែក​សិក្សាអវកាសនៃក្រុមហ៊ុនវិភាគ​ទីផ្សារ​ Teal Group។ លោកបាននិយាយ​ថា «ខ្ញុំ​យល់​ថា នេះ ​ជាទំនាក់ទំនង​សាធារណៈ​ល្អ​មួយ​សម្រាប់ប្រទេស​ចិន។ លោក​អ្នក​ឃើញ​ថា មានការប្រកួតប្រជែង​ខាង​អវកាស​ស្រេច​ហើយរវាងស.រ.អ. និងប្រទេស​ចិន»។

ប្រទេស​ចិន​ បាន​បង្ហោះផ្កាយ​រណប​ទី​មួយ​របស់​ខ្លួនកាល​ពី​ឆ្នាំ១៩៧០​ ហើយ​បានបញ្ជូន​អវកាសយានិក​ដំបូងរបស់​ខ្លួន​ទៅ​កាន់​អវកាស​កាលពី​ឆ្នាំ២០០៣​ ហើយ​ប្រទេស​នេះ​ បានក្លាយ​ទៅ​ជា​ប្រទេស​ទី​បី​ បន្ទាប់​ពី​រុស្សី ​និងអាមេរិក ​ដែល​បានធ្វើ​កិច្ចការនេះ។​ ក្រុម​មន្ត្រី​ស.រ.អ.​ ស្ថិត​ក្នុងចំណោមមនុស្សឯ​ទៀតៗដែលបារម្ភ​ថា​ ចិន ​កំពុងស្វះស្វែង​ប្រើ​ប្រាស់អវកាសសម្រាប់វិស័យ​យោធា ហើយ​គេ​ នឹង​ត្រូវការការ​យល់ព្រម​ពី​សភាដើម្បី​ឱ្យ​មាន​កិច្ចសហការក្នុងអវកាសរវាង​ចិន​ និង​អាមេរិក។

កិច្ចសហប្រតិបត្តិការ​អវកាសរវាងចិន​និងប្រទេស​ក្រៅ

ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ ការឈោង​ដៃ​របស់​ចិន​ទៅ​ប្រទេស​ឯ​ទៀតៗ​ មាន​លើស​ពី​ទំនាក់ទំនង​សាធារណៈ។ ចិន បាន​ស្ថាបនាផ្កាយ​រណប​សម្រាប់​ពួក​ប្រទេសកំពុងអភិវឌ្ឍ​ ​ហើយបាន​ចែកចាយទិន្នន័យផ្កាយ​វិទ្យាសាស្ត្រដើម្បី​ជួយដល់​ការងារ​ជួយសង្គ្រោះក្រោយ​មហន្តរាយធម្មជាតិ។

អ្នកស្រី ​Yun Sun សហនាយិកាកម្មវិធីអាស៊ី​ខាង​កើត​នៃ​មជ្ឈមណ្ឌល Stimson ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយ​ថា​ ក្នុង​ទសវត្សរ៍ឆ្នាំ១៩៩០​ ​ចិន និងប្រេស៊ីល បាន​អភិវឌ្ឍផ្កាយ​រណប​ចាប់សញ្ញាពីចម្ងាយ​រួម​គ្នា​ ​ពីព្រោះ​ប្រេស៊ីលចង់​ចែក​ចាយបច្ចេកវិទ្យា​របស់​ខ្លួនជាមួយចិន។

អង្គការ NASA បាន​និយាយ​ថា នៅឆ្នាំ ២០០៨​ ចិនបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហការអវកាស​ជា​មួយ​ប្រទេស​អាហ្សង់ទីន ប្រេស៊ីល កាណាដា បារាំង ម៉ាឡេស៊ី ប៉ាគីស្ថាន​ ​អ៊ុយ​ក្រែន និង​គណៈកម្មការ​អឺរ៉ុប។

កាល​ពី​ឆ្នាំ​ទៅមិញ ប៉ាគីស្ថានដែល​ជាសម្ព័ន្ធ​មិត្តរបស់ចិន​ បានក្លាយ​ជាដៃគូ​យោធាទី​មួយ​ដែលអាចប្រើផ្កាយ​រណប​ស្ទង់​ទិស​ និងទីតាំង​ BeiDou របស់​រដ្ឋាភិបាលក្រុង​ប៉េកាំង។

រូបឯកសារ៖ រ៉ុក្កែត Long March-3B ដឹក​ផ្កាយរណប Beidou-3 ដែល​ជា​ផ្កាយរណប​ចុងក្រោយ​នៃ​ប្រព័ន្ធ​ផ្កាយរណប Beidou Navigation Satellite របស់​ប្រទេស​ចិន ហោះ​ចេញពី​មជ្ឈមណ្ឌល​បង្ហោះ​ផ្កាយរណប Xichang ក្នុង​ខេត្ត Sichuan ប្រទេស​ចិន កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

អ្នកស្រី Yun Sun បាន​និយាយ​ថា ចិន​ក៏​បាន​ផ្តល់​ទិន្នន័យ​ពី​ផ្កាយ​រណប​ចាប់​សញ្ញា​ពីចម្ងាយ​ឱ្យ​ជប៉ុន ​ក្រោយពីមាន​មហា​រលក​សមុទ្រ Tsunami កាល​ពីឆ្នាំ ២០១១ ផងដែរ។ ​ចិន ក៏​បានផ្តល់​រូបភាព​នៃការខូ​ចខាតដោយសារភ្លើង​ឆេះព្រៃ​ឱ្យអួស្ត្រាលី​ដែរ។​ អ្នកស្រី Yun Sun បានបន្ថែមថា ផ្កាយរណប​ចិន បានផ្តល់រូបភាព​ផែនដីដោយមិនគិតថ្លៃ​ដល់ក្រុមប្រទេស​កំពុង​អភិវឌ្ឍផង​ដែរ។

អ្នកស្រី Sun បាន​ពោល​ថា «​ទិន្នន័យ​ប្រមូលដោយផ្កាយ​រណប​ទាំង​នេះ មាន​ការនិយមច្រើន ហើយជា​ទិន្នន័យ​ដែល​ប្រទេស​ជាច្រើន​ត្រូវការ។ ដូច្នេះ ​សម្រាប់​ពួក​ប្រទេស​កំពុង​អភិវឌ្ឍដែលគ្មាន​ផ្កាយរណប​ពាណិជ្ជកម្ម​ ​ឬ​ព័ត៌មានចែក​ចាយ​ដោយពួក​ប្រទេស​លោកខាង​លិច​ ចិន​ផ្តល់ជម្រើសដ៏មានប្រយោជន៍​មួយ»។

កាល​ពី​ខែ​កញ្ញា ​រុស្សី និង​ចិន​ បានយល់ស្របគ្នាបើក​មូលដ្ឋានស្រាវជ្រាវ​រួម​គ្នា​អំពីព្រះ​ច័ន្ទ ដែល​ធ្វើឱ្យ​ភាគី​ទាំង​ពីរ​នេះ​ មានឥទ្ធិពល​ជាងមុន។

រូបឯកសារ៖ ភូគព្ភវិទូ​លោក Li Xianhua ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​បេសកកម្ម Chang'e 5 Moon នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ចិន​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

លោក Richard Bitzinger ជាអ្នកស្រាវជ្រាវ​ជាន់​ខ្ពស់នៅ​មហាវិទ្យាល័យ​ S. Rajaratnam ខាង​ការសិក្សា​អន្តរជាតិ​នៅ​សិង្ហបុរីដែលបំពេញ​ទស្សនកិច្ច​នៅរដ្ឋធានីវ៉ាស៊ីនតោន។ លោក​បាននិយាយថា ​ចិន​បានលក់សេវា​បង្ហោះ​ផ្កាយរណប​ឱ្យ​ប្រទេសក្រៅ​ដែរ។ លោក​បានថ្លែងថា ​គេអាច​ជឿ​ទុកចិត្ត​ចិនបាន បើក​ចំហ​ចំពោះការ​ចែក​ចាយបច្ចេកវិទ្យា ហើយ«យកសោហ៊ុយ​តិចជាង​ពួក​គូប្រជែង»។

លោក Bitzinger បាន​ពោលថា​ ក្រុមប្រទេស​ដៃគូ អាចយល់ឃើញ​ថា ​ការរុក​រក​រួម​គ្នា​ក្នុងអវកាស អាចជា«ជំហាន​សមហេតុផលបន្ទាប់»។

លោក Bitzinger បាន​និយាយ​ថា «ខ្ញុំ​យល់​ថា​ អ្វី​ដែល​ចិន​ព្យាយាមនិយាយ គឺ​ថា «យើង ​ជា​អ្នក​ផ្តល់​សេវា​ក្នុងតម្លៃទាប់។ យើង ជាដៃគូដែលមិន​សាកសួរច្រើន​ទេ។ ហើយ​មិនដូចស.រ.អ.ទេ យើង រីករាយ​ក្នុងការចាត់ទុកលោកអ្នក​ស្មើនឹងខ្លួនយើង»។ សម្រាប់ប្រទេស​ជា​ច្រើន ទាំ​ងនេះ​មិនមែន​ជាផល​មិនល្អ​ខាងនយោបាយ​ ឬ​ខាង​យុទ្ធសាស្ត្រក្នុងការទាក់ទងជា​មួយ​ចិនក្នុង​វិស័​យ​ទាំង​នេះទេ»។

កាសែត China Daily បានផ្សាយ​កាលពី​ថ្ងៃទី១៦តុលា​ថា កិច្ច​សហការ​បានចាប់​ផ្តើម​ហើយ​រវាង​ចិន និង«ប្រទេស​ខ្លះទៀត»​សម្រាប់ជ្រើសរើស និង​ហ្វឹកហ្វឺន​ក្រុម​អវកាសយានិក។​ សារព័ត៌មាននេះ ​បាននិយាយ​ថា ទីភ្នាក់ងារ​អវកាស​ចិន ធ្វើការ​ជា​មួយ​ការិយាល័យអ.ស.ប.​ខាងកិច្ចការក្រៅ​អវកាស​ដើម្បី​អញ្ជើញ​សមាជិក​ខ្លះរបស់​អ.ស.ប.ឱ្យ​ធ្វើការពិសោធន៍វិទ្យាសាស្ត្រនៅ​ក្នុងស្ថានីយ៍​អវកាស Tianhe។

នៅក្នុង​រូបភាព​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​វិស្វកម្ម​អវកាស​ចិន Manned Space Engineering កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បង្ហាញ​ពី​អវកាស​យានិក​ជនជាតិ​ចិន​លោក Tang Hongbo នៃ​បេសកកម្ម Shenzhou-12 ធ្វើការ​នៅខាង​ក្នុង​ម៉ូឌុល​ស្នូល Tianhe នៃ​ស្ថានីយ​អវកាស​ចិន។

លោក Cáceres បាននិយាយ​ថា​ ស្ថានីយ៍​អវកាស​ចិន ​ទំនង​ជា​នឹងធ្វើ«ការ​ពិសោធន៍រាប់ពាន់»​ នៅដែនទំនាញផែនដីទាប ហើយនឹងអាចទទួល​បណ្តាប្រទេសដែល​មិន​អាចទៅដល់ស្ថានីយអវកាសអន្តរជាតិបាន។

លោក Alexander Vuving ជាសាស្ត្រាចារ្យ​នៅមជ្ឈមណ្ឌលអាស៊ី-ប៉ាស៊ីហ្វិក​ ​ Daniel K. Inouye ​ខាងការសិក្សា​អំពី​សន្តិសុខ​នៅ​រដ្ឋ Hawaii។ លោក​បាននិយាយ​ថា «នៅពេល​ចិន​ អញ្ជើញ​ប្រទេសឯ​ទៀតៗ​ឱ្យ​ទៅស្ថានីយ​អវកាស​ខ្លួន ចិននឹងក្លាយ​ជា​មេដឹកនាំ។ ដូច្នេះ ការណ៍​នេះបង្ហាញ​ថា​ ចិន​អាច​ប្រកួត​ប្រជែង​ជាមួយស.រ.អ. រុស្សី ​និង​សហភាពអឺរ៉ុប​បាន ​ដែលប្រទេស​ទាំង​នេះ ​សុទ្ធតែជា​ប្រទេស​មាន​ឧស្សាហកម្មជឿន​លឿនបំផុត»។

ឱកាស​ចិនក្នុង​ការ​ឈ្នះ​សហរដ្ឋអាមេរិក

លោក Cáceres បាននិយាយ​ថា កម្មវិធី​អវកាសស.រ.អ. «មិន​សូវសកម្ម»​ដូចចិន​ទេ​ក្នុងការ​ជួយ​ក្រុម​ប្រទេសក្រីក្រ ហើយ​អសកម្មភាព​របស់អាមេរិក អាច​«នាំ​ឱ្យ​មាន​ផលមិន​ល្អ»​ ពីព្រោះ​ចិន​ ប្រើប្រាស់​តំបន់​ក្រៅ​អវកាស​ជា​មួយរដ្ឋាភិបាល​ឯទៀតៗ។

លោក Bitzinger បាននិយាយ​ថា ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ ចង់ឱ្យ​មានការបង្ហោះក្នុងតម្លៃ​ថោក​បំផុត។ ទោះជាប្រទេស​ទាំង​នោះ​ ចូលចិត្ត​ផលិតផល​អាមេរិកាំង​ក៏​ដោយ​ ក៏​ពួក​គេ​ទំនងមានប្រាក់កាសសម្រាប់ទិញ​តែ​ផលិតផលចិនប៉ុណ្ណោះ។​ នេះមាន​ន័យ​ថា ស.រ.អ. អាច«ចាញ់​ប្រៀប»។

ច្បាប់ស.រ.អ.មួយ​កាល​ពី​ឆ្នាំ២០១១ រារាំង​អង្គការ NASA មិនឱ្យ​ប្រើ​ថវិកា​ខ្លួន​សម្រាប់​ទាក់ទង​ជា​មួយ​រដ្ឋាភិបាល​ចិន​ និង​អង្គការ​ពាក់ព័ន្ធរដ្ឋាភិបាលចិន​ទេ ​បើគ្មានការយល់​ព្រមពី​សភា និង​ការិយាល័យ​ FBI។ លោក​ Cáceres បានពោល​ថា រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោនមានជំនឿ​ថា​ រដ្ឋាភិបាលក្រុង​ប៉េកាំង«គឃ្លើន​ណាស់ក្នុង​អវកាស»។

មុខនាទីរបស់​រដ្ឋាភិបាលអាមេរិកក្នុងស្ថានីយ៍អវកាស​អន្តរជាតិ បាន​ដាក់កម្មវិធី​អវកាស​ខ្លួន​ដែលមាន​អាយុ៦០ឆ្នាំមក​ហើយ ​ឱ្យ​មានទំនាក់ទំនង​ជា​មួយបណ្តាទីភ្នាក់ងាររុស្សី​ អឺរ៉ុប ជប៉ុន និង​កាណាដា។ នៅ​ឆ្នាំ២០១៣ ​រដ្ឋាភិបាល​អាមេរិក បានដកបច្ចេកវិទ្យា​ផ្កាយ​រណបចេញ​ពី​បញ្ជី​នៃបណ្តាវត្ថុ​គ្រប់គ្រងការ​ដឹកជញ្ជូន​ ដើម្បី​ជួយក្រុម​អ្នក​ផលិតឱ្យ​ប្រកួត​ប្រជែងនៅ​ក្រៅប្រទេស។ លោក Vuving បាននិយាយ​ថា នៅ​ពេល​នេះ ស.រ.អ.​ ផ្តល់អាទិភាពដល់ការប្រកួត​ប្រជែង​ក្នុង​អវកាស​តិច​ជាង​កាល​ពី​សម័យ​សង្គ្រាម​ត្រជាក់។​

អង្គការ NASA មិនបានឆ្លើយនឹងសំណើ​សុំអត្ថាធិប្បាយ​ទេ៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ