នៅក្នុងកិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ី (Asia Media Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអង្គការយូណេស្កូ (UNESCO) ដែលបានចូលរួមបង្កើតព្រឹត្តិការណ៍នេះ មិនបានលើកឡើងអំពីការធ្លាក់ចុះនៃសេរីភាពសារព័ត៌មាន និងការបង្រ្កាបទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជានោះទេ។
ខណៈសេរីភាពសារព័ត៌មាននៃប្រទេសកម្ពុជាកំពុងស្ថិតក្នុងការរឹតត្បិតនៅក្នុងកិច្ចប្រជុំកំពូលមួយនៅក្នុងខេត្តសៀមរាប ដែលមានភ្ញៀវជាតិ និងអន្តរជាតិប្រមាណ៦០០នាក់ មកពីជាង៤០ប្រទេសចូលរួម លោក ហ៊ុន សែន នៅថ្ងៃពុធ មិនបានថ្លែងទាក់ទងនឹងការរិះគន់អំពីការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយនោះទេ។ លោកគ្រាន់តែបានអំពាវនាវឲ្យមានការទប់ស្កាត់ព័ត៌មានក្លែងបន្លំ និងការផ្សព្វផ្សាយព័ត៌មាន ដែលលោកហៅថា«មានចរិកញុះញង់»។
លោក ហ៊ុន សែន បានថ្លែងថា៖
«បង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងទប់ស្កាត់ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដោយផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ»។
លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយជៀសវាង«ការផ្សាយព័ត៌មានក្លែងបន្លំ គំនុំគំកួន ការជេរប្រមាថ ការញុះញង់បញ្ឆេះកំហឹងដោយការស្អប់ខ្ពើម រើសអើង បង្កឲ្យមានអរិភាព បង្កជម្លោះជាតិសាសន៍ សាសនា ឬបំផ្លើសព័ត៌មានខុសពីការពិត»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានរិះគន់ថា បានបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា មុនការបោះឆ្នោតឆ្នាំ២០១៨ ដែលធ្វើឲ្យសេរីភាពសារព័ត៌មាននិងសេរីភាពនៃការបញ្ចេញមតិមានការធ្លាក់ចុះ។
កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្នុងនោះគេឃើញមានការបិទកាសែត The Cambodia Daily ការបិទការិយាល័យវិទ្យុអាស៊ីសេរីនៅភ្នំពេញ និងវិទ្យុរាប់សិបទៀត ដែលបានជួលម៉ោងផ្សាយដល់វិទ្យុឯករាជ្យ រួមមានវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ផងដែរ។
កិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ី (Asia Media Summit) ដែលធ្វើឡើងនៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា។ (ស៊ុន ណារិន/VOA Khmer)
អតីតអ្នកកាសែតអាស៊ីសេរី ២នាក់ក៏ត្រូវបានចាប់ខ្លួន ដោយរងការចោទប្រកាន់ថា ផ្តល់ព័ត៌មានដល់បរទេស។ ក្រោយមកពួកគេទាំងពីរនាក់ត្រូវបានដោះលែង តែបទចោទមិនទាន់ត្រូវបានទម្លាក់នៅឡើយទេ។
ប៉ុន្តែមួយសប្តាហ៍មុនកិច្ចប្រជុំកំពូលនេះ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសមួយ ដោយទទួលស្គាល់ការិយាល័យ VOA នៅភ្នំពេញ ជាផ្លូវការ ក្រោយមានការបង្រ្កាបទៅលើប្រព័ន្ធផ្សព្វផ្សាយ ពាក់ព័ន្ធនឹងការបង់ពន្ធ។
កិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ីលើកទី១៦នេះ ធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ហើយកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង ដោយមានការសហការជាមួយវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការផ្សព្វផ្សាយ (Asia-Pacific Institute for Broadcasting Development) ដែលជាដៃគូរបស់អង្គការយូណេស្កូក្នុងការបណ្តុះបណ្តាលនានាទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ។
មុនការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តំណាងរបស់អង្គការយូណេស្កូ ត្រូវបានអញ្ជើញឲ្យថ្លែងសុន្ទរកថាផងដែរ។
លោក Sarda Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅប្រទេសកម្ពុជាមិនបានលើកឡើងចំៗទាមទារឲ្យរដ្ឋាភិបាល ស្តារឡើងវិញនូវសេរីភាពសារព័ត៌មាននោះទេ។
ប៉ុន្តែលោកបានលើកឡើងអំពីការងាររបស់អង្គការយូណេស្កូ «ដែលបានធ្វើការជាមួយដៃគូផ្សេងៗ រួមមានអ្នកកាសែត អង្គការប្រព័ន្ធផ្សព្វផ្សាយ អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិលនិងអាជ្ញាធរជាតិ ដើម្បីជួយពង្រឹងសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសុវត្ថិភាពរបស់អ្នកកាសែតនៅក្នុងបរិយាកាសប្រព័ន្ធផ្សព្វផ្សាយមួយដែលមានលក្ខណៈចម្រុះ ឯករាជ្យនិងសេរី ហើយដែលមានភាពស្មើគ្នាដល់គ្រប់យេនឌ័រទាំងអស់»។
លោក Sarda Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ី (Asia Media Summit) ដែលធ្វើឡើងនៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា។ (ស៊ុន ណារិន/VOA Khmer)
ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏មិនបានលើកឡើងអំពីការធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជាដែរ។ លោកគ្រាន់តែលើកឡើងអំពីចំណុចដែលត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំនេះ។
លោក ណុប វី នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានថ្លែងប្រាប់ VOAនៅថ្ងៃពុធនេះថា សារព័ត៌មានឯករាជ្យនៅកម្ពុជា បានរងការបង្រ្កាប ហើយបានធ្វើឲ្យអ្នកកាសែតមានភាពភ័យខ្លាចក្នុងការរាយការណ៍ព័ត៌មាននិងអ្នកកាសែតមួយចំនួនទៀតបានបាត់បង់អាជីព។
លោក ណុប វី បានបន្តថាកិច្ចប្រជុំនេះមិនគួរផាត់ចោលចំណុចដែលនិយាយអំពីសេរីភាពសារព័ត៌មាននោះទេ។
លោកបានថ្លែងប្រាប់ VOAថា៖
«ការលើកឡើងនូវចំណុចនៃសេរីភាពសារព័ត៌មាន ក៏ដូចជាសេរីភាពបញ្ចេញមតិហ្នឹង គឺវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជានៅក្នុងជំនួបហ្នឹង ដោយសារប្រទេសកម្ពុជានៅក្នុងរយ:ពេល៣ឆ្នាំចុងក្រោយហ្នឹង ស្ថានភាពសេរីភាពហ្នឹង វាធ្លាក់ចុះខ្លាំងមែនទែន»។
លោកចាត់ទុកថា «វាជាការសោកស្តាយ» ដែលអ្នកចូលរួមមិនបានជជែកអំពីការប្តេជ្ញាចិត្ត ដើម្បីធ្វើឲ្យមានភាពល្អប្រសើរឡើងវិញនូវសេរីភាពសារព័ត៌មាននៅកម្ពុជា។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរិះគន់អង្គការយូណេស្កូ ក្នុងការមិនបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញនូវសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។
លោក Phil Robertson នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានសរសេរនៅក្នុងសារអេឡិចត្រូនិកថា អង្គការយូណេស្កូមានភាពកម្សោយខ្លាំងក្នុងការការពារសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖«វាគួរឲ្យខឹងសម្បារណាស់ដែលក្រុមមន្រ្តីរបស់អង្គការយូណេស្កូ មានភាពទន់ជ្រាយចំពោះផ្នែកដ៏សំខាន់មួយនេះនៃតួនាទីរបស់អង្គការយូណេស្កូ ខណ:ផ្តល់កិត្តិយសឲ្យលោក ហ៊ុន សែន ដែលជាជនផ្តាច់ការក្នុងការបំផ្លាញស្ទើរទាំងអស់នូវប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា ដើម្បីលោកអាចបើកសន្និសីទនេះ»។
លោកបញ្ជាក់បន្ថែមថា៖ «យ៉ាងហោចណាស់ អង្គការយូណេស្កូគួរអំពាវនាវជាសាធារណ:ថា រដ្ឋាភិបាលកម្ពុជាបានបរាជ័យក្នុងការការពារសេរីភាពសារព័ត៌មាន ប៉ុន្តែពួកគេមិនមានសេចក្តីក្លាហានខ្លាំងក្លាក្នុងការធ្វើដូច្នេះទេ។ ដោយមានអ្នកការពារបែបនេះ [យូណេស្កូ] យើងមិនមានចម្ងល់នោះទេ ថាហើយអ្វីបានជាសេរីភាពសារព័ត៌មាននៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដើរថយក្រោយយ៉ាងខ្លាំងនោះ»។
VOA មិនអាចសុំការឆ្លើយតបពីមន្រ្តីអង្គការយូណេស្កូប្រចាំនៅកម្ពុជាបាននៅឡើយទេ។
អ្នកនាំពាក្យរបស់ក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានថ្លែងថា ការស្នើសុំកម្ពុជាធ្វើជាម្ចាស់ផ្ទះពីសំណាក់វិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការផ្សព្វផ្សាយ គឺដោយគេមើលឃើញអំពី «ស្ថានភាពសន្តិភាព ស្ថិរភាពនយោបាយ របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាន»។
អ្នកនាំពាក្យក្រសួងព័ត៌មានបានច្រានចោលការលើកឡើងថា ប្រទេសកម្ពុជាពុំមានសេរីភាពសារព័ត៌មាន។ លោកបានថ្លែងប្រាប់ VOA ថា៖ «ខ្ញុំយល់ថាទស្សនៈហ្នឹង គឺជាទស្សនៈដែលមានភាពមិនយុត្តិធម៌នៅក្នុងការវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា»។
នៅក្នុងសៀវភៅដែលចែកដល់អ្នកចូលរួមក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បញ្ជាក់ថា ខ្លឹមសារដែលប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ មានការកើនឡើង ហើយហិង្សា និងការយាយីប្រឆាំងអ្នកកាសែត រួមមានស្រ្តី ក៏មានការកើនឡើងដែរ»។
លោកបញ្ជាក់នៅក្នុងសារទៅកាន់អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះថា៖ «យើងត្រូវតែចូលរួមចំណែកទាំងអស់គ្នាក្នុងការផ្លាស់ប្តូរនូវទំនោរដែលគួរឲ្យបារម្ភនេះ ប្រឆាំងនឹងការប្រើសម្តីឲ្យមានការស្អប់ខ្ពើម និងការផ្សព្វផ្សាយខុស និងការពារសិទ្ធិរបស់ប្រព័ន្ធផ្សព្វផ្សាយ។ សារព័ត៌មានសេរីមានសារៈសំខាន់សម្រាប់សន្តិភាព យុត្តិធម៌ ការអភិវឌ្ឍប្រកបដោយចីរភាព និងសិទ្ធិមនុស្ស»។
សន្ទស្សន៍ស្ដីពីសេរីភាពសារព័ត៌មានលើពិភពលោកឆ្នាំ២០១៩ របស់អ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០១៨ អាក្រក់ជាងឆ្នាំ២០១៧ មួយកម្រិត ដោយសារគណបក្សកាន់អំណាចព្យាយាមកម្ចាត់ប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់ខ្លួន។
របាយការណ៍ដដែលក៏បានបង្ហាញថា ការរឹតត្បិតសេរីភាពសារព័ត៌មានត្រូវបានពង្រីកនៅកម្ពុជា ដោយសាររងឥទ្ធិពលពីប្រទេសចិនផងដែរ ហើយកម្ពុជាទំនងជាធ្លាក់ទៅក្នុងផ្លូវដូចប្រទេសចិនយ៉ាងគ្រោះថ្នាក់ បន្ទាប់ពីបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕