វ៉ាស៊ីនតោន — ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ដែលបានឈានចូលដល់គម្រប់ ៧០ ឆ្នាំ នៅឆ្នាំ ២០២០ នេះ ហាក់មានភាពល្អប្រសើរជាងពេលមុន ជាពិសេសចាប់តាំងពីការចូលកាន់តំណែងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា កាលពីខែសីហា ឆ្នាំមុនមក។ នេះបើយោងតាមអ្នកវិភាគកិច្ចការការទូត និងនយោបាយមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងតំបន់អាស៊ី និងសហរដ្ឋអាមេរិក។
ក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២០ នេះ ស្ថានទូតសហរដ្ឋអាមេរិកក្នុងក្រុងភ្នំពេញ បានរៀបចំព្រឹត្តិការណ៍និងសកម្មភាពជាច្រើន ដែលក្នុងនោះ ឯកអគ្គរដ្ឋទូតបានចូលរួមដោយផ្ទាល់ រាប់តាំងពីនៅទីលានបាល់ទាត់ និងក្នុងបន្ទប់ផ្សាយព័ត៌មានរបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្នុងស្រុក រហូតដល់វេទិកាពិភាក្សាអំពីចំណងការទូត ៧០ ឆ្នាំ នៅស្ថាប័នសិក្សាកំពូលរបស់កម្ពុជា គឺរាជ្យបណ្ឌិតសភាកម្ពុជាជាដើម។
ប្រមុខការទូតអាមេរិកាំងប្រចាំកម្ពុជាបច្ចុប្បន្នក៏បានចូលរួមធ្វើជាអ្នកសម្របសម្រួល ក្នុងកិច្ចពិភាក្សាតាមបណ្តាញអ៊ីនធឺណិត ជាមួយអតីតឯកអគ្គរដ្ឋទូតអាមេរិកាំងប្រចាំកម្ពុជាមួយចំនួន និងជាមួយថ្នាក់ដឹកនាំសហគមន៍ខ្មែរ-អាមេរិកាំង ក្នុងទីក្រុងឡូវែល រដ្ឋម៉ាហ្សាឈូសិត ជាទីដែលមានពលរដ្ឋខ្មែររស់នៅច្រើនលំដាប់ទី ២ ក្នុងសហរដ្ឋអាមេរិកផងដែរ។
លោកបណ្ឌិត ប៉ា ចន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ដែលទើបបង្កើតឡើងក្នុងពេលថ្មីៗនេះ បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវីអូអេ កាលពីចុងខែកក្កដា ឆ្នាំ ២០២០ ថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ មានភាពល្អូកល្អឺនជាងមុន ដោយមានវត្តមានរបស់ឯកអគ្គរដ្ឋទូតថ្មីនេះ គឺលោក W. Patrick Murphy ។
«ខ្ញុំសង្កេតឃើញគាត់ធ្វើសកម្មភាពច្រើនទាំង Online ទាំងសកម្មភាពផ្ទាល់ ដែលបង្ហាញថា សហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍ មានចិត្តចង់ជួយហើយនៅតែបន្តជួយប្រជាជនកម្ពុជា ស្ទើរគ្រប់វិស័យតាមដែលអាមេរិកអាចធ្វើបានតាមកិច្ចព្រមព្រៀង ឬក៏ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិក»។
ចាប់ពីខែមករា ឆ្នាំ ២០២០ ដែលជាពេលចាប់ផ្តើមជាផ្លូវការនៃការប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់សហរដ្ឋអាមេរិកជាមួយកម្ពុជា ស្ថានទូតអាមេរិកក្នុងក្រុងភ្នំពេញបានផ្តោតទៅលើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដែលត្រូវបានកំណត់រួចជាស្រេចទៅតាមខែនីមួយៗរួមមាន កសិកម្ម យុវជន ការអប់រំ និងបច្ចេកវិទ្យា ស្ត្រីនិងសមភាពយេនឌ័រ បរិស្ថាន សុខភាពសាធារណៈ និងចំណងទាក់ទងរវាងប្រជាជននិងប្រជាជន។
ចាប់ពីខែសីហានេះទៅ សកម្មភាពពេញមួយឆ្នាំរបស់ស្ថានទូតអាមេរិកាំងនេះ ក៏នឹងផ្តោតទៅលើវិស័យជំនួយមនុស្សធម៌ ពាណិជ្ជកម្មនិងការវិនិយោគ ការអនុវត្តច្បាប់ សហប្រតិបត្តិការតំបន់អាស៊ាន ហើយនិងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផងដែរ។ នេះបើយោងតាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតនេះ បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវីអូអេ កាលពីចុងខែកក្កដា ឆ្នាំ ២០២០ ថា ការរៀបចំសកម្មភាពពេញមួយឆ្នាំក្នុងការប្រារព្ធខួបទី ៧០ នៃចំណងការទូតរវាងប្រទេសទាំងពីរគឺ ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគីនេះតទៅទៀត។
«បេសកកម្មរបស់យើងក្នុងប្រទេសកម្ពុជានេះ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយ ជាពិសេសដោយមានវត្តមានលោកឯកអគ្គរដ្ឋទូត Murphy គឺដើម្បីជួយសម្រេចឲ្យបានកម្ពុជាមួយឯករាជ្យ ប្រជាធិបតេយ្យរុងរឿង និងប្រជាជនមានសុខភាពល្អ។ យើងបាននិងកំពុងព្យាយាមសម្រេចការណ៍នេះឲ្យបានទាំងតាមរយៈការប្រារព្ធខួបលើកទី ៧០ និងតាមរយៈទំនាក់ទំនងការទូតរបស់យើង នៅក្នុងប្រទេសនេះ»។
សហរដ្ឋអាមេរិក បានបង្កើតចំណងការទូតជាផ្លូវការលើកដំបូងជាមួយកម្ពុជា នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ១ ៩៥០ ដែលនៅពេលនោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដំបូងគេគឺលោក Donald Heath បានប្រគល់សារតាំងថ្វាយព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ។
ក្នុងអំឡុងទសវត្សរ៍ ១៩៥០ នោះ សហរដ្ឋអាមេរិក បានចាប់ផ្តើមផ្តល់ជំនួយដល់កម្ពុជា ដែលផ្តោតទៅលើវិស័យអប់រំនិងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការសាងសង់ផ្លូវល្បឿនលឿនមិត្តភាពខ្មែរ-អាមេរិកាំង (បច្ចុប្បន្នផ្លូវជាតិលេខ៤) ដែលតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដែលជាក្រុងកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជាផង។ មេដឹកនាំកម្ពុជានៅគ្រានោះ គឺអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ក៏បានបំពេញទស្សនកិច្ចក្នុងសហរដ្ឋអាមេរិកផងដែរ។
ក្នុងរយៈពេល ៧ ទសវត្សរ៍កន្លងមកនេះ ក្រោមវត្តមានរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាសរុបចំនួន ១៧ នាក់ ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងកម្ពុជា មានភាពបត់បែន និងឡើងចុះទៅតាមស្ថានភាពនយោបាយក្នុងសម័យកាលនីមួយៗ។
ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ចាប់ផ្តើមស្គាល់ភាពរកាំរកូស និងធ្លាក់ដុនដាបខ្លាំងរហូតដល់មានការផ្តាច់ចំណងការទូតនៅពាក់កណ្តាលទសវត្សរ៍ ១៩៦០ មុននឹងទំនាក់ទំនងនេះត្រូវបានស្តារឡើងវិញនៅចុងទសវត្សរ៍ដដែលនោះ ដោយមានការធ្វើទស្សនកិច្ចរបស់ស្ត្រីទី១របស់សហរដ្ឋអាមេរិកគឺ លោកស្រី Jacqueline Kennedy នៅព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនងទ្វេភាគីនេះ ត្រូវបានកាត់ផ្តាច់ម្តងទៀតចាប់ពីពាក់កណ្តាលទសវត្សរ៍ ១៩៧០ នៅពេលដែលក្រុមខ្មែរក្រហមបានឡើងកាន់អំណាច។
ទើបតែនៅដើមទសវត្សរ៍ ១៩៩០ ប៉ុណ្ណោះ ដែលសហរដ្ឋអាមេរិកចាប់ផ្តើមស្តារទំនាក់ទំនងការទូតហើយចាប់ផ្តើមផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាឡើងវិញ។
ប៉ុន្តែ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរក្នុងអំឡុងពេលប្រមាណ ៣០ ឆ្នាំកន្លងមកនេះ ភាគច្រើនតែងមានភាពរកាំរកូស និងតានតឹង ជាពិសេសក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ក្រោយពីមានការធ្វើឲ្យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ រួមទាំងការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំនៅកម្ពុជា មុនការបោះឆ្នោតជាតិឆ្នាំ ២០១៨ និងការចាប់ខ្លួនមេបក្សនេះគឺលោក កឹម សុខា ដាក់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយផង។
លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរដែលហាក់មានលក្ខណៈល្អប្រសើរជាងពេលមុន តែក្នុងរយៈកាលប៉ុន្មានខែចុងក្រោយនេះ គឺដោយសារតែការប្រកាន់យកឥរិយាបទ «ទន់ភ្លន់តែម៉ឺងម៉ាត់» របស់ប្រមុខការទូតអាមេរិកាំងប្រចាំកម្ពុជាបច្ចុប្បន្ន។
«វិធីដែលលោកឯកអគ្គរដ្ឋទូតប្រើកន្លងមកនេះ ហាក់ដូចជាមានភាពការទូត មានភាពទន់ភ្លន់ មានភាពស្និទ្ធស្នាលជាងមុន ដែលឆ្លុះបញ្ចាំងថា សហរដ្ឋអាមេរិកនៅតែប្រកាន់គោលការណ៍របស់ខ្លួនថា ខ្លួនហ្នឹងធ្វើកិច្ចការជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងសម្រាប់ប្រទេសកម្ពុជាទាំងមូល»។
ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយវីអូអេ កាលពីខែធ្នូ ឆ្នាំ ២០១៩ ពោលគឺ ៣ ខែក្រោយពីការមកដល់របស់លោក ក្នុងនាមជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានមានប្រសាសន៍ថា ក្តីសង្ឃឹមរបស់លោក គឺបញ្ជៀសជម្លោះនិងពង្រឹងទំនាក់ទំនងតាមរបៀបដែលអាចផ្តល់ប្រយោជន៍ទៅវិញទៅមកដល់ប្រទេសទាំងពីរ។
«យើងមកក្នុងប្រទេសកម្ពុជាមិនមែនដើម្បីជ្រៀតជ្រែក ឬធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ។ យើងគោរពឯករាជ្យនិងអធិបតេយ្យរបស់ប្រទេសនេះ។ យើងចង់ធ្វើជាមិត្តល្អនិងជាដៃគូដ៏ល្អមួយ»
លោកឯកអគ្គរដ្ឋទូតបន្តទៀតថា សហរដ្ឋអាមេរិក មិនកាន់ជើងភាគីណាមួយទេ តែលោកបន្ថែមថា៖
«យើងសង្ឃឹមថាអាចមានកិច្ចប្រឹងប្រែងរួមគ្នា ដោយមានការព្រមព្រៀងគ្នាក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ឲ្យបានពេញលេញ»។
ក្នុងបទវិចារណកថាមួយរបស់លោក ដែលចុះផ្សាយដោយសារព័ត៌មានក្នុងស្រុក កាលពីខែកក្កដា ឆ្នាំ ២០២០ លោកឯកអគ្គរដ្ឋទូតរូបនេះ អះអាងបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តបន្តជួយកម្ពុជា ស្តារសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ និងមានលក្ខណៈធនជាងនេះទៀតនៅពេលអនាគត ទោះបីជាមានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះក៏ដោយ។
ប៉ុន្តែ លោកបណ្ឌិត រ៉ូ វណ្ណៈ សហស្ថាបនិកនៃវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថា ភាពល្អូកល្អឺនក្នុងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ក្នុងពេលថ្មីៗនេះ គឺដោយសារអាមេរិកមិនចង់រុញកម្ពុជាឲ្យធ្លាក់ចូលកាន់តែជ្រៅទៅក្នុងកណ្តាប់ដៃចិនតែប៉ុណ្ណោះ។
«ក្នុងរូបភាពទូតថ្មីនេះ វាបង្ហាញជារូបភាពមួយដើម្បីកុំរុញច្រានកម្ពុជាទៅស្អិតល្មួតជាមួយចិនកាន់តែខ្លាំងពេកតែប៉ុណ្ណោះទេ។ បើសិនបើទូតអាមេរិកចាប់ផ្តើមដាក់សម្ពាធខ្លាំងពេក ក្នុងការរិះគន់ផ្ទាល់ៗចំពោះរដ្ឋាភិបាលកម្ពុជា នឹងធ្វើឲ្យរដ្ឋាភិបាលកម្ពុជាកាន់តែងាកទៅជិតស្និទ្ធជាមួយនឹងចិន ដែលជាអ្វីមួយទីក្រុងវ៉ាស៊ីនតោនមិនចង់ឲ្យរឿងនេះកើតឡើងនោះទេ»។
នៅពីដើមខែវិច្ឆិកាឆ្នាំមុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានផ្ញើសារតាមរយៈលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានសរសេរថា៖
«វាមានសារៈសំខាន់សម្រាប់អនាគនៃទំនាក់ទំនងទ្វេភាគីរបស់យើង ក្នុងការធ្វើឲ្យប្រទេសកម្ពុជាវិលត្រឡប់ទៅលើមាគ៌ាអភិបាលកិច្ចប្រជាធិបតេយ្យវិញ»។
ប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៥ រូបនេះ ក៏បានបញ្ជាក់ក្នុងលិខិតរបស់លោកដែរថា សហរដ្ឋអាមេរិកមិនបានស្វះស្វែងរកការផ្លាស់ប្តូររបបក្នុងប្រទេសកម្ពុជានោះទេ។
លោកបណ្ឌិត ឈាង វណ្ណរិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី មានប្រសាសន៍ប្រាប់វីអូអេពីប្រទេសសិង្ហបុរីថា សាររបស់លោក ត្រាំ នោះ បានចាប់ផ្តើមនាំឲ្យមានភាពវិជ្ជមានខ្លះៗឡើងវិញដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
«អាហ្នឹង គឺជាប័ណ្ណធានារាប់រងផ្នែកនយោបាយ និងយុទ្ធសាស្ត្រមួយរបស់អាមេរិកមកកម្ពុជាដែរ ដើម្បីឲ្យរបបនៅកម្ពុជាហ្នឹង កុំឲ្យមានការភ័យបារម្ភទាក់ទងនឹងការពង្រឹងទំនាក់ទំនងជាមួយអាមេរិក»។
លោក ហ៊ុន សែន បានឆ្លើយតបជាលិខិតទៅកាន់លោក ត្រាំ វិញនៅចុង ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយលើកឡើងថា កម្ពុជាយល់ព្រមធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យល្អប្រសើរទំនាក់ទំនងទ្វេភាគីឡើងវិញ។
នៅខែកុម្ភៈ ឆ្នាំ ២០២០ លោក ហ៊ុន សែន ក៏បានសម្រេចអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam របស់ក្រុមហ៊ុនអាមេរិកមួយ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ក្រោយពីនាវានោះ ត្រូវបានបដិសេធដោយប្រទេសជាច្រើន ដោយសារការបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថា ការស្តារនិងពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក គឺអាស្រ័យទៅលើភាគីអាមេរិកច្រើនជាង។
«វាអាស្រ័យទៅលើអាមេរិកខ្លួនឯងទេ។ ប្រសិនបើអាមេរិកនៅតែច្រានកម្ពុជាឲ្យនៅឆ្ងាយ អាហ្នឹងវាទៅអញ្ចឹងហើយ»។
ប៉ុន្តែ លោកបន្ថែមថា ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញ ក្រោមការដឹកនាំរបស់ឯកអគ្គរដ្ឋទូតថ្មី ហាក់បានធ្វើឲ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរល្អប្រសើរជាងពេលមុន ទាំងក្នុងកម្រិតប្រជាជន ទាំងកម្រិតនយោបាយ។
លោកបណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យខាងកិច្ចការទូតនិងអន្តរជាតិនៃសកលវិទ្យាល័យ Occidental College ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានប្រសាសន៍ថា ទោះបីជាឯកអគ្គរដ្ឋទូតថ្មី ហាក់ដូចជាចាប់ផ្តើមឡើងវិញនូវទំនាក់ទំនងទ្វេភាគីនេះ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះក៏ដោយ ក៏ភាពផ្អែមល្អែមនេះ ប្រហែលនៅមិនបានយូរប៉ុន្មានទៀតទេ។
«រាត្រីទឹកឃ្មុំនៃទំនាក់ទំនងនេះ ប្រសិនបើមានមែននោះ អាចនឹងចប់ក្នុងពេលឆាប់ៗនេះ»៕