អ្នក​ជំនាញ៖ ទំនាក់ទំនង​កាន់​តែ​ស្និទ្ធ​មិន​មែន​ជា​សញ្ញា​ថា​វៀតណាម​​ចង​សម្ព័ន្ធ​ជាមួយ​អាមេរិក​នោះ​ទេ

រូបឯកសារ៖ លោក Joe Biden អនុប្រធានាធិបតីអាមេរិក និងអគ្គលេខាធិការនៃគណបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ក្នុងពិធីមួយ នៅក្រសួងការបរទេសសហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៥។

ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម — តាម​លំដាប់​ថ្នាក់​ទំនាក់ទំនង​ការ​ទូត​របស់​វៀតណាម «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ‍» ជា​ទំនាក់ទំនង​ការទូត​កម្រិត​ខ្ពស់​ជាង​គេ​ទី​២ បន្ទាប់​ពី​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត ដែល​នោះ​គឺ «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ‍​គ្រប់ជ្រុងជ្រោយ‍»។

សេតវិមាន​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ ទី​ ២៨ ខែ​សីហា ថា លោក​ប្រធានធិបតី Joe Biden នឹង​ធ្វើ​ដំណើរ​ទៅ​រដ្ឋធានី​ហាណូយ​របស់​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី​ ១០ ខែ​កញ្ញា ដើម្បី​ជួប​ជាមួយ​លោក Nguyen Phu Trong អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត​ ដែល​ជា​មេដឹកនាំ​កំពូល​របស់​ប្រទេស​នេះ ក៏​ដូច​ជា​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​វៀតណាម​ដទៃ​ទៀត ដើម្បី​ស្វែង​រក​មធ្យោបាយ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ។

ខណៈ​ដែល​អ្នក​ជំនាញ​ថា វា​ស្ទើរ​តែ​ប្រាកដ​ថា​នឹង​មាន​ការ​បង្កើន​កម្រិត​ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរ​ប្រសិន​បើ​លោក Biden នឹង​ទៅ​វៀតណាម​ដូច​ការ​គ្រោង​ទុក​មែន​នោះ ក៏​ពួក​គេ​ថា សម្រាប់​ថ្នាក់​ដឹកនាំ​វៀតណាម ការណ៍​នេះ​ជា​ការ​ពង្រីក​ទំនាក់ទំនង​ទូលំទូលាយ​ជាង​មុន​ជា​ទូទៅ​តែ​ប៉ុណ្ណោះ ដើម្បី​ទប់ទល់​នឹង​ភាព​គឃ្លើន​កាន់​តែ​ខ្លាំង​របស់​ចិន​នៅ​ក្នុង​តំបន់។​

លោក​ Gregory Poling នាយក​នៃ​កម្មវិធី​គំនិត​ផ្តួចផ្តើម​តម្លាភាព​លំហ​សមុទ្រ​អាស៊ីនៅស្ថាប័នវិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​ CSIS (Center for Strategic and International Studies) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ថ្លែង​ថា៖ «នេះ​មិនមែន​វៀតណាម​ងាក​ទៅរណប​អាមេរិក​ទេ។ នេះ​ជា​ការណ៍​ដែល​វៀតណាម​រក្សា​គន្លង​ដើរ​ឯករាជ្យ​របស់​ខ្លួន រក្សា​គម្លាត​របស់​ខ្លួន​ពី​ចិន‍»។​

លោក​បន្ថែម​ថា៖ «[អាមេរិក​និង​វៀតណាម] មាន​បញ្ហា​ជា​ច្រើន​ដែល​អាច​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​គ្នា​បានជាក់ស្តែង និង​ជាផលប្រយោជន៍​រួម​ ប៉ុន្តែ​វៀតណាម​នឹង​មិន​ងាក​មកចូល​ខាង​ក្រុម​យើង​ទេ‍»។

បណ្តាញ​នៃ​ភាព​ជាដៃគូ

ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ វៀតណាមមមាញឹកខាង​ការទូត ដោយ​ស្វះស្វែង​បង្កើន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់។

កាល​ពី​ខែ​ធ្នូ វៀតណាម​បាន​លើក​កម្ពស់​ទំនាក់ទំនង​ការ​ទូត​របស់​ខ្លួន​ជាមួយ​កូរ៉េ​ខាងត្បូង​ដល់​កម្រិត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ‍​គ្រប់​ជ្រុងជ្រោយ‍ ដែល​ជា​កម្រិតខ្ពស់​បំផុត​តាម​លំដាប់​ថ្នាក់​ទំនាក់ទំនង​ការ​ទូត​របស់​វៀតណាម។ វៀតណាម​ក៏​មាន​ទំនាក់ទំនង​ការ​ទូតកម្រិត​ខ្ពស់​បំផុត​នេះ​ជាមួយ​ចិន រុស្ស៊ី និង​ឥណ្ឌា​ដែរ។

ប្រទេស​វៀតណាម​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ជាមួយ​អូស្ត្រាលី​នៅ​ក្នុង​ឆ្នាំ​នេះ ដែល​ត្រូវ​បាន​ប្រកាស​ក្រោយ​ពី​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Bui Thanh Son ជាមួយ​សមភាគី​លោក គឺ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​លោកស្រី Penny Wong ​នៅ​ក្នុង​ទី​ក្រុង​ហាណូយ​ កាល​ពី​ថ្ងៃ​ទី​ ២២ ខែ​សីហា។ នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lee Hsien Loong ក៏​បានធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ដែរ​កាល​ពី​ថ្ងៃ​ទី​ ២៧ ខែ​សីហា។ នៅ​ទី​នោះ​លោក​បាន​ជួប​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Pham Minh Chinh ហើយ​អ្នក​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការ​ចាប់​ផ្តើម​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ។

លោក Alexander Vuving សាស្ត្រាចារ្យ​នៅ​មជ្ឈមណ្ឌល​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ការ​សិក្សា​អំពី​សន្តិសុខ​នៅ​ទី​ក្រុង Honolulu កោះ​ហាវ៉ៃ​ និយាយ​ថា កិច្ចប្រឹងប្រែង​ព្រមៗ​គ្នា​នេះ​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ គឺ​ក្នុង​បំណង​បង្កើត​ជា​របាំង​ទប់ទល់​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Vuving ថ្លែង​ថា វៀតណាម​«ត្រូវ​តែ​លើក​តម្កើង​កម្រិត​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​ទាំង​នេះ ដែល​អាច​ជួយ​វៀតណាម​ក្នុង​គ្រា​មាន​អាសន្ន និង​សូម្បី​តែ​ជួយ​បង្កើត​ភាព​រឹងប៉ឹង​របស់​វៀតណាម​ទប់ទល់​នឹង​ការ​ទន្ទ្រាន​របស់​ចិន‍»។ លោក​បន្ថែម​ថា៖ «បើ​អ្នក​ពិនិត្យ​មើល​បណ្តាញ​នៃ​ភាព​ជា​ដៃគូជាមួយ​ប្រទេស​មាន​អំណាច​ក្នុង​តំបន់​ទាំង​នេះ អ្នក​អាច​មាន​អារម្មណ៍​សុវត្ថិភាព​ជាង​មុន។ នេះ​ជា​យុទ្ធសាស្ត្រ​ជា​រួមរបស់​វៀតណាម គឺ​ភូមិសាស្ត្រ​នយោបាយ​មិន​រើស​មុខ‍»។​

ការ​គំរាមកំហែង​ចំពោះ​អធិបតេយ្យភាព​ទឹកដី​វៀតណាម​ ជា​ញឹកញាប់​ស្តែង​ឡើង​នៅ​ក្នុង​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង ដែល​វៀតណាម​ហៅ​ថា សមុទ្រ​ខាង​កើត។ តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​វៀតណាម​លាត​សន្ធឹងដល់​ចម្ងាយ​ ២០០​ម៉ៃល៍​សមុទ្រ​ពី​ឆ្នេរ​សមុទ្រ​វៀតណាម។ ប្រទេស​ចិន​ទាមទារ​ដែន​សមុទ្រ​ស្ទើរ​តែ​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​រង្វង់​ខែ្ស​បន្ទាត់​៩​ចំណុច ឬ nine-dash line ដែល​ជា​ផែនទី​មាន​វិវាទ​មួយ ប្រើប្រាស់​ដោយ​ចិន​ដើម្បី​កំណត់​ដែន​ទាមទាររបស់​ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Vuving ថ្លែង​ថា ចិន​«មាន​នាវា​ឆ្នាំ​សមុទ្រ​និង​កង​នាវា​ជីវពល ដែល​មក​រក​រឿង​និង​រំខាន​ដល់​ការ​ស្រាវជ្រាវ​រុករក​ប្រេង​កាតរបស់​វៀតណាម​ជា​រៀង​រាល់​ថ្ងៃ‍។ ពួកគេ​កំពុង​រុញ​អ្នក​នេសាទ​វៀតណាម​ចេញ​ពី​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ពួកគេ​ផ្ទាល់»។

លោក Ray Powell​ ដែល​ដឹកនាំ​កម្មវិធី Myoushu អំពី​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​សាកលវិទ្យាល័យ Standford នៅ​សហរដ្ឋ​អាមេរិក និយាយ​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឥត​ឈប់ឈរ​របស់​ចិន​ចំពោះ​ប្រតិបត្តិការ​របស់វៀតណាមនៅ​សមុទ្រ​នេះ ជា​មូលហេតុ​ចម្បង​ដែល​វៀតណាម​បង្កើន​ទំនាក់ទំនង​ការ​ទូត​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក​និង​ដៃគូ​ដទៃ​ទៀត។

លោក Powell ថ្លែង​ថា៖ «ការ​ដាក់​សម្ពាធ​របស់​ចិន​លើ​វៀតណាម ពី​គ្រប់​ទិសទី បាន​ជំរុញ​ឱ្យ​វៀតណាម ប្រាថ្នា​ចង់​បន្ត​បង្កើន​កម្រិត​ភាព​ជា​ដៃគូ​ទាំង​នេះ‍។ បើ​មើល​ឱ្យ​ចំ​ទៅ គឺ​[សកម្មភាព​របស់​វៀតណាម]​នេះ​ជា​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​អំណាច​ជាមួយ​ចិន ច្រើន​ជាង​ដើម្បី​ចង​សម្ព័ន្ធ​ជាមួយ​អាមេរិក‍»។‍

សកម្មភាព​ប្រយ័ត្នប្រយែង

ឆ្នាំ​នេះ​គ្រប់​រយៈ​ពេល​ ១០ ​ឆ្នាំ ចាប់​តំាង​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​ហាណូយ បាន​បង្កើត​ភាព​ជា​ដៃគូ​គ្រប់ជ្រុងជ្រោយ។ ទោះ​បី​អ្នក​ជំនាញ​ថា លោក​ប្រធានាធិបតី Biden ចង់​លើក​ផ្លោះ​ទំនាក់ទំនងជាមួយ​វៀតណាម​ម្តង​ឱ្យ​បាន​ពីរ​កម្រិត ក៏​ថ្នាក់ដឹកនាំ​វៀតណាម​ត្រូវ​ប្រុងប្រយ័ត្ន​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ចិន​ខឹង​សម្បា ខណៈ​ដែល​វៀតណាម​ព្យាយាម​ទប់​ទល់​នឹង​អំណាច​កាន់​តែ​ខ្លាំង​របស់​ចិន​ក៏​ដោយ។

វៀតណាម​និង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ប្រក្រតីភាព​ទំនាក់ទំនង​របស់​ពួក​គេ​ឡើង​វិញ​ នៅ​ឆ្នាំ​ ១៩៩៥ និង​លើក​តម្កើង​ទំនាក់ទំនង​នេះ​ដល់​កម្រិត​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ នៅ​ឆ្នាំ ​២០១៣។ ភាព​ជា​ដៃគូ​នេះ​ជា​ការ​ចាត់​ថ្នាក់​ផ្លូវការ​ខាង​គោល​នយោបាយ​ការ​បរទេស​របស់​វៀតណាម ​ដែល​ដាក់​ទំនាក់ទំនង​បច្ចុប្បន្ន​របស់​អាមេរិក​ក្នុង​កម្រិត​ទី ​៣ ក្នុង​ចំណោមប្រទេស​ជា​ដៃគូ​ការ​ទូត​នានា​របស់​វៀតណាម។​

លោក Nguyen Khac Giang អ្នកស្រាវជ្រាវ​គោចរ​នៅ​វិទ្យាស្ថាន ISEAS-Yusof Ishak Institute ក្នុង​ប្រទេស​សិង្ហបុរី​ ថ្លែង​ថា ការ​បង្កើន​ទំនាក់ទំនង​ដល់​កម្រិតភាព​ជា​ដៃគូ​យុទ្ធសាស្ត្រទំនង​ជា​លទ្ធផល​ដែលនឹង​កើត​ចេញ​ពី​ទស្សនកិច្ច​របស់​លោក​ Biden ខណៈ​រដ្ឋាភិបាល​ក្រុង​ហាណូយ ត្រូវ​ដើរ​ដោយ​ប្រយ័ត្នប្រយែង​ដើម្បី​រក្សា​សន្តិភាពជាមួយ​ចិន។

លោក​ថ្លែង​ថា៖ «វៀតណាម​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​រក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​មហាអំណាច​ទាំង​ពីរ​នេះ‍»។

យ៉ាង​នេះ​ក្តី លោក​ថា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ​នឹង​ជា​ជំហាន​សំខាន់​មួយ​សម្រាប់​វៀតណាម ដើម្បី​«ពង្រឹង‍»​សមត្ថភាព​នៅ​ដែនសមុទ្រ​របស់​ខ្លួន​ បង្កើត​លទ្ធភាព​ទិញ​អាវុធ និង​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Giang ថ្លែង​ថា៖ «នេះ​ជាសារ​ដ៏​ខ្លាំង​មួយ ដែល​នឹង​ឆ្លើយ​តប​ទៅការ​ដាក់​សម្ពាធ​ពី​ចិន ថា​បើ​អ្នក​រុញ​ខ្ញុំ​ទៅ​ឆ្ងាយ​ពេក ខ្ញុំ​នឹង​ទៅបង្កើត​ភាព​ជា​ដៃគូ​ជាមួយអាមេរិក យ៉ាង​ហោច​ណាស់​ដើម្បី​ជួយ​ការពារ​ប្រយោជន៍​ជាតិ​របស់​ខ្ញុំ‍»៕

ប្រែ​សម្រួល​ដោយ សឹង សុផាត