ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុង Richmond រដ្ឋVirginia ក៏ដូចពលរដ្ឋអាមេរិកាំងទូទៅដែរមានទស្សនៈដោយឡែកពីគ្នា ខ្លះគាំទ្រគណបក្សប្រជាធិបតេយ្យ ខ្លះទៀតគាំទ្រគណបក្សសាធារណរដ្ឋ។ ពួកគាត់មូលមតិគ្នាដោយមោទនភាពថា គណបក្សទាំងពីរមានគោលនយោយដែលពួកគាត់ចាប់អារម្មណ៍ជាអាទិភាពដូចគ្នាគឺការពារអាយុជីវិតពលរដ្ឋអាមេរិកាំងទាំង ស៊ីវិលទាំងទាហានទោះជាគណបក្សណាកាន់រដ្ឋាភិបាលក៏ដោយ។
ទោះជាព័ត៌មានអំពីការចោទប្រកាន់លោកប្រធានាធិបតីDonald Trump កំពុងទាក់ទាញចំណាប់អារម្មណ៍របស់រដ្ឋខ្មែរអាមេរិកាំងនៅទីក្រុង Richmond រដ្ឋ Virginia ក៏ដោយ តែវាមិនមែនជាចលករសំខាន់នាំឲ្យពួកគាត់ប្តូរចិត្តក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាឆ្នាំ២០២០នេះទេ ព្រោះពួកគាត់ភាគច្រើនបានដាក់ចិត្តគាំទ្រគោលនយោបាយគណបក្សណាមួយរួចហើយ។
លោកសាន អឿនមកស.រ.អា.ឆ្នាំ១៩៨២ និងបានសញ្ជាតិនៅ១៩៩៨។លោកបានបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋ៥អាណត្តិមកហើយ។ លោកថា ការចោទប្រកាន់ប្រធានាធិបតីត្រាំនឹងមិនធ្វើឲ្យលោកកែប្រែការគាំទ្រគណបក្សសាធារណរដ្ឋទេ។
«បើលោកត្រាំមានសិទ្ធិឈរឈ្មោះមួយអាណត្តិទៀត ខ្ញុំនៅតែសម្រេចចិត្តបោះឆ្នោតឲ្យគាត់ជានិច្ចអីចឹងហ្មង ព្រោះដាច់ចិត្តត្រូវកាន់ខ្ជាប់នូវគណបក្សសាធារណរដ្ឋ»។
លោកសាន អឿនបន្តថា នឹងព្យាយាមឲ្យភរិយារបស់លោកទៅបោះឆ្នោតឲ្យលោកត្រាំដែរ ក្រោយពីអ្នកស្រីបានចូលសញ្ជាតិជាង២០ឆ្នាំមកហើយ តែមិនធ្លាប់បោះឆ្នោតសោះ។
ទោះជាយ៉ាងណា អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យហាក់មិនទាន់តាំងចិត្តដាច់ខាតដូចអ្នកគាំទ្រគណបក្សសាធារណរដ្ឋទេ។
អ្នកស្រីប៉ោ សាមឿនបានមកស.រ.អា.នៅដើមឆ្នាំ១៩៨២ និងបានចូលសញ្ជាតិឆ្នាំ១៩៩២ ប៉ុន្តែអត់ហ៊ានទៅបោះឆ្នោតទេ ដោយសារមិនសូវចេះភាសាមិនសូវយល់រឿងនយោបាយស.រ.អា.។ អ្នកស្រីបានបោះឆ្នោតបីដងឲ្យគណបក្សប្រជាធិបតេយ្យ។ប៉ុន្តែសម្រាប់ការបោះឆ្នោតឆ្នាំ២០២០នេះ អ្នកស្រីនិយាយថា៖
«ក្នុងឆ្នាំ២០០២នេះអាហ្នឹងស៊ីសង ពេលយើងមើលព័ត៌មានរាល់ថ្ងៃទៅ យើងដឹងថាយ៉ាងម៉េច អីយ៉ាងម៉េច ចាំយើងគិតមើលតាមហ្នឹង។ ខ្ញុំមិនទាន់ច្បាស់ក្នុងចិត្តទេ។ ខ្ញុំចាំមើលសិន!»
អ្នកស្រីបន្ថែមថា កន្លងមកអ្នកស្រីបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យដែលមានគោលនយោបាយល្អអំពីប្រាក់ចូលនិវត្តន៍ ព្រោះ៖
«នឹកឃើញថា គណបក្សប្រជាធិបតេយ្យជួយយើង ពេលយើងចាស់ទៅ...នឹកឃើញអ៊ីចឹងទេ»។
លោកឈាង ស៊ីដែលស្អប់ពាក្យ«ប្រជាធិបតេយ្យ»ដោយសាររបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល ពតក៏មិនទាន់សម្រេចថា បោះឆ្នោតឲ្យគណបក្សណាដែរ។
«រឿងនេះនិយាយទៅដូចថា ឆាប់ឲ្យពិន្ទុពេក។បើខ្ញុំឆ្លើយថាបោះឲ្យអ្នកណា ហាក់ដូចជាខ្ញុំដាក់ទោសអ្នកណាមួយមុនការកាត់សេចក្តី»។
លោកឈាង ស៊ីបានបោះឆ្នោតឲ្យលោកបារ៉ាក់អូបាម៉ានិងលោកស្រីហ៊ីលឡារីគ្លីតុន ក្រោយពីបានចូលសញ្ជាតិនៅឆ្នាំ២០០០ ។ ទោះជាយ៉ាងណាលោកបង្ហាញជំហរគាំទ្រគោលនយោបាយរបស់គណបក្សសាធារណរដ្ឋ ដែលលោកថា «គោលនយោបាយសាច់ការ»ឧទាហរណ៍លោកត្រាំយកចិត្តទឹកដាក់រឿងឥទ្ធិពលចិននៅអាស៊ី ជាពិសេសសកម្មភាពយោធាចិននៅប្រទេសកម្ពុជា ដោយបានសរសេរលិខិតទៅលោកហ៊ុន សែន។
«សួរចំៗ! នេះបានន័យថា ដៃដល់ហើយណា៎។មិនមែនប្រើស្នេហ៍លួងលោមបបោសអង្អែលអីទេ»។
លោកប៉ោ ស៊ាជាស្វាមីអ្នកស្រីប៉ោ សាមឿននិងជាអតីតទាហានសាធារណរដ្ឋខ្មែរដែលគាំទ្រដោយស.រ.អា.ក្នុងទសវត្សរ៍១៩៧០ក៏យល់ស្របដែរ។
«នយោបាយសាធារណរដ្ឋ ខ្ញុំយល់ឃើញថា កងទ័ពកម្លាំងខ្លាំង។គណបក្សសាធារណរដ្ឋគាំទ្រខាងយោធា»។
ពលរដ្ឋខ្មែរអាមេរិកាំងនៅនៅទីក្រុង Richmond រដ្ឋ Virginia ទោះជាគាំទ្រគណបក្សផ្សេងគ្នាក៏ដោយ ក៏ពួកគាត់មានមោទនភាពរួមគ្នាថា រដ្ឋាភិបាលស.រ.អា.ទោះជាគណបក្សណាកាន់រដ្ឋាភិបាលក៏ដោយ មានគោលនយោយជាអាទិភាពដូចគ្នាគឺការពារអាយុជីវិតពលរដ្ឋអាមេរិកាំងទាំង ស៊ីវិល ទាំងទាហាន។
ក្រោយពីធ្វើការងារស្ម័គ្រចិត្តនៅវត្តខ្មែរសាមគ្គីនៅទីក្រុង Richmond រដ្ឋ Virginia កាលពីថ្ងៃអាទិត្យ លោកអ៊ុង ឃួតប្រាប់វីអូអេថា៖
«ព្រោះគេស្រឡាញ់ប្រជាពលរដ្ឋគេណាស់ !មិនដូចប្រទេសនានាទេ! ប្រទេសខ្លះ គេអត់ស្រឡាញ់ប្រជាពលរដ្ឋទេ ។ គេគិតតែរឿងអំណាចរបស់គេការពារតែរដ្ឋាភិបាលរបស់គេ។ គេអត់មានការពារប្រជាពលរដ្ឋទេ។ ប៉ុន្តែស.រ.អា.ខុសពីប្រទេសដទៃ»។
លោកថ្លែងដូច្នេះគឺយោងដល់ការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ លើមូលដ្ឋានអាមេរិកនៅអ៊ីរ៉ាក់និងការបាញ់យន្តហោះស៊ីវិលអ៊ុយក្រែននៅប្រទេសអ៊ីរ៉ង់។ លោកថា បើមានពលរដ្ឋអាមេរិកាំងស្លាប់ក្នុងព្រឹត្តិការណ៍ពីរនេះនោះរដ្ឋាភិបាលអ៊ីរ៉ង់មិនអាចនៅសុខឡើយ។ លោកគាំទ្រគណបក្សសាធារណរដ្ឋ ព្រោះគណបក្សនេះមានជំហរច្បាស់លាស់ជាងគណបក្សប្រជាធិបតេយ្យក្នុងការការពារអាយុជីវិតពលរដ្ឋ។
លោកសាន អឿនគាំទ្រគោលនយោបាយសន្តិសុខរបស់លោកត្រាំដែលបានកម្ចាត់មេភេរវកម្មយ៉ាងតិច៣នាក់ក្នុងអាណត្តិជិត៤ឆ្នាំដែលលោកសាន អឿនហៅថាគោលនយោបាយ«ការពារខ្លួន»។
«ហើយពេលថ្មីនេះទៀត ឃើញស្រាប់ហើយ បានបាញ់ខ្មាំងមួយដ៏មហាអស្ចារ្យដែលល្បីខាងបាតដៃប្រឡាក់ឈាម ដែលពូកែសម្លាប់»។
លោក ផាក់ វាសនាចូលសញ្ជាតិនៅឆ្នាំ១៩៩៣ តែមិនដែលបានបោះឆ្នោតទេ ទោះជា មិត្តភក្តិបានបបួលលោកទៅបោះឆ្នោតជាច្រើនដងហើយក៏ដោយ។ លោកតាំងចិត្តថា នឹងទៅបោះឆ្នោតនៅឆ្នាំ២០២០នេះ។
«ខ្ញុំគិតទាំងពីរ បញ្ហាសេដ្ឋកិច្ចក៏គិត បញ្ហានយោបាយការបរទេសក៏គិតដែរបាទ។ទីមួយបាទ ខាងសេដ្ឋកិច្ចក្នុងស.រ.អា.គួរសមដែរបាទ។ ពាណិជ្ជកម្មរវាងអាមេរិកនិងចិនបានត្រូវគ្នាហើយបាទ»។
ទស្សនៈខុសគ្នារវាងគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋមិនមែនមានត្រឹមនៅរដ្ឋសភានិងព្រឹទ្ធសភាទេ គឺមានរហូតដល់គ្រួសារពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងRichmondរដ្ឋVirginiaផងដែរ។
លោកប៉ោ ស៊ាជាស្វាមីអ្នកស្រីប៉ោ សាមឿននិងជាអតីតទាហានរបបសាធារណរដ្ឋខ្មែរគាំទ្រដោយស.រ.អា.នៅទសវត្សរ៍១៩៧០ឲ្យដឹងថា កូនរបស់លោកក៏គាំទ្រគណបក្សផ្សេងគ្នាដូចលោកនិងភរិយាដែរគឺពីរនាក់ដែលធ្វើទាហានគាំទ្រគណបក្សសាធារណរដ្ឋ រីឯពីរនាក់ទៀតគាំទ្រគណបក្សប្រជាធិបតេយ្យ៕