អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​បដិសេធ​ទទួល​ខុសត្រូវ​ការ​សម្លាប់​មនុស្ស​និង​ចង់​រក​មុខ​អ្នក​ចោទ​ប្រកាន់​

អ្នកស្រី​ អ៊ឹម ចែម​ អាយុ៦៥ឆ្នាំ​ជាអតីត​ចៅហ្វាយ​ស្រុក​ព្រនេតព្រះ​នៅក្នុង​ខេត្តនៅ​ភាគ​ពាយ័ព្យ​ និងធ្លាប់​ជា​ប្រធានគុក​ភ្នំត្រយូង​ដែលមាន​មនុស្ស​យ៉ាងតិច​៤០.០០០​នាក់​​ស្លាប់​នៅក្នុង​ទសវត្សរ៍​១៩៧០។

នេះ​ជា​​បទ​សម្ភាសន៍​រវាង​លោក សុខ ខេមរា នៃ​វីអូអេ​ខ្មែរ ជាមួយ​​លោកស្រី អ៊ឹម ចែម ជនសង្ស័យ​ម្នាក់​ក្នុង​សំណុំរឿង​លេខ​០០៤​របស់​សាលាក្តី​ខ្មែរ​ក្រហម

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​គឺ​លោកស្រី អ៊ឹម ចែម ដែល​ជា​ជនសង្ស័យ​ម្នាក់​ក្នុង​សំណុំរឿង​លេខ​០០៤​ក្នុង​តុលាការ​ខ្មែរ​ក្រហម​បាន​បដិសេធ​ថា​លោក​ស្រី មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការសង្ស័យ​ទេ។ លោកស្រី​ក៏​សុំ​ស្វែង​រក​យុត្តិធម៌​ចំពោះ​ខ្លួន​គាត់​ដែល​លោកស្រី យល់​ថា​ជារឿង​នយោបាយ។

លោក សុខ​ ខេមរា​នៃ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​ជួប​សម្ភាស​ជាមួយ​នឹង​លោក​ស្រី អ៊ឹម​ ចែម​ក្នុង​គេហដ្ឋាន​របស់​គាត់​ក្នុង​តំបន់​ដាច់​ស្រយ៉ាល​មួយ។

តទៅ​នេះ​ជាបទ​សម្ភាសន៍​ទាំង​ស្រុង៖

ភាគ​ទី​១៖

ស៖​ ប៉ុន្តែ​នៅ​ក្នុង​រឿង​ហ្នឹង​ បើ​សិន​ជា​គេ​ ដូច​ថា​ចោទ​ប្រកាន់​អញ្ចឹង​ តើ​មាន​ប្រតិកម្ម​ទៅ​វិញ​យ៉ាង​ម៉េច​ជា​មួយ​នឹង​សហ​ព្រះ​រាជ​អាជ្ញា​ឬ​ក៏​អ្នក​ចោទ​អញ្ចឹង​ បាទ?

ឆ៖​ ខ្ញុំ​ ក្នុង​ចិត្ត​របស់​ខ្ញុំ​ ជាក់​ស្តែង​គឺ​ ខ្ញុំ​មិន​មាន​ប្រតិកម្ម​អី​ប៉ុន្មាន​ទេ​ ប៉ុន្តែ​សុំ​ឲ្យ​ព្រះ​រាជអាជ្ញា​ ហើយ​នឹង​អ្នក​យក​ព័ត៌មាន​ហ្នឹង​ សុំ​ឲ្យ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ ពីព្រោះ​ចោទ​អាយុ​ជីវិត​ខ្ញុំ​ទាំង​ស្រុង។​ ខ្ញុំ​មិន​បាន​ប្រព្រឹត្ត។​ អា​នេះ​ខ្ញុំ​គ្រាន់​តែ​បញ្ជាក់​ហេតុផល​ប៉ុណ្ណឹង។​ ឯ​ចិត្ត​ខ្ញុំ​ក៏​ខ្ញុំ​អត់​មាន​ដូច​ថា​កំហឹង​នេះ​ ប្រតិកម្ម​ឲ្យ​ដោះស្រាយ​ជា​បន្ទាន់​អី​ក៏​អត់​ដែរ​ ប៉ុន្តែ​ឲ្យ​រក​យុត្តិធម៌​ឲ្យ​ច្បាស់​លាស់។​ បើ​មិន​អញ្ចឹង​ទេ​ អ្នក​ចោទ​ខ្ញុំ​នេះ​ ខ្ញុំ​ត្រូវ​អស់​ជីវិត​ នែ៎។

ស៖​ អស់​ជីវិត​ហ្នឹង​យ៉ាង​ម៉េច​ដែរ​ បាទ?​ មាន​ន័យ​យ៉ាង​ម៉េច​ បាទ?

ឆ៖​ អស់​ជីវិត​ ដូច​ថា​ចោទ​ខ្ញុំ​ មាន​គុក​មាន​អី​ ហើយ​ខ្ញុំ​អត់​បាន​ដឹង​ផង​ បើ​អញ្ចឹង​ព្រះ​រាជ​អាជ្ញា​ហ្នឹង​គឺ​ថា​ ខ្ញុំ​នេះ​ប្រព្រឹត្ត​អំពើ​អាក្រក់​ យក​ទៅ​កាត់​ទោស​អី​អញ្ចឹង​ទៅ​នៅ​តុលាការ​ ខ្ញុំ​មិន​ត្រូវ​អស់​ជីវិត​ហើយ​ហ្នឹង?

ស៖​ អ្នក​ស្រី​គិត​ថា​ រឿង​នេះ​គេ​ប្រឌិត​ ឬ​ក៏​គេ​អាច​មាន​ការ​ពិត​ត្រង់​ណា​ មាន​ឯកសារ​ណា​ដំកល់​ទុក​អំពី​រឿង​ហ្នឹង​ទេ?

ឆ៖​ ខ្ញុំ​គិត​ថា​អ្នក​ដែល​រាយការណ៍​នេះ​គឺ​បង្កាច់​បង្ខូច​តែ​ម្តង។​ អា​ហ្នឹង​រាយការណ៍​អត់​ពិត។​ អញ្ចឹង​មនុស្ស​ហ្នឹង​មិន​មែន​មនុស្ស​ល្អ​ទេ​ យក​ជីវិត​គេ​យក​ទៅ​ របៀប​ថា ​ទៅ​លេង​សើច​ឬ​ជាន់​ឈ្លី។

ស៖​ នៅ​ក្នុង​រឿង​ហ្នឹង​ តើ​មើល​ទៅ​អាច​មាន​ការ​ប្តឹង​តវ៉ា​ឬ​ក៏​យ៉ាង​ណា​ដែរ​ បើ​សិន​ជា​មាន​ការ​កើត​ហេតុ​យ៉ាង​ដូច្នេះ?

ឆ៖​ ខ្ញុំ​មិន​សូវ​ចេះ​ធ្វើ​ពាក្យ​បណ្តឹង​អី​ទេ​ អញ្ចឹង​បាន​ខ្ញុំ​ពឹង​លើ​លោក​ក្មួយ​ទទួល​ការ​ស្រាវ​ជ្រាវ​ហ្នឹង​ ហើយ​នឹង​យក​ទៅ​ដោះស្រាយ​ជា​មួយ​ព្រះ​រាជអាជ្ញា​ឲ្យ​វា​ច្បាស់​លាស់​ ដើម្បី​ឲ្យ​ខ្ញុំ​អស់​ចិត្ត។​ បើ​មិន​អញ្ចឹង​ទេ​ ខ្ញុំ​ព្រួយ​បារម្ភ​ពី​ការ​ចោទ​ប្រកាន់​អ្នក​ដទៃ​និង​ខ្លួន​ខ្ញុំ​ផ្ទាល់។​ មិន​ដឹង​ឈ្មោះ​ណា​ ឬ​អ្នក​ណា​ដែល​មក​បង្កាច់​បង្ខូច​ខ្ញុំ​ហ្នឹង។

ស៖​ សម័យ​នោះ​ តើ​ភ្នំ​ត្រយ៉ូង​ យ៉ាង​ម៉េច​បាន​ជា​មាន​មនុស្ស​ស្លាប់​ច្រើន​ម្លេះ​ ហើយ​បាន​គេ​លើក​ឡើង​អំពី​ហេតុផល​យ៉ាង​ដូច្នេះ?

ឆ៖​ ខ្ញុំ​មិន​បាន​ដឹង​ដែរ​ ព្រោះ​ទៅ​ឮ​គេ​និយាយ​ប្រជាជន​អី​ថា​ ភ្នំ​ត្រយ៉ូង។​ គេ​ដាក់​អ្នក​មាន​វិបត្តិ​ ខុស​ឆ្គង​អី​អញ្ចឹង​ ខ្ញុំ​ដឹង​តែ​ប៉ុណ្ណឹង​ ឯ​អ្វី​ទៀត​ខ្ញុំ​អត់​ដឹង​ ហើយ​ក៏​ខ្ញុំ​មិន​ដែល​បាន​ទៅ​ឃើញ​មុខ​អ្នក​នៅ​ហ្នឹង​(ទីនោះ)​ សូម្បី​តែ​ម្តង​ក៏​អត់​ដែរ។

ស៖​ ចុះ​ផ្នែក​គុក​ផ្សេងៗ​ទៀត​នៅ​តំបន់​នោះ​ តើ​អ្នក​ស្រី​មាន​ការ​គ្រប់​គ្រង​ដែរ​ឬ​ក៏​យ៉ាង​ណា​ សម័យ​នោះ​ បាទ?

ឆ៖​ អត់​ទេ។​ ខ្ញុំ​អត់​បាន​គ្រប់​គ្រង​ អត់​បាន​ដឹង​ឮ​អី​ទេ​ ព្រោះ​ខ្ញុំ​ទៅ​វា​ថា​រយៈ​ចុង​ក្រោយ​មួយ​ភ្លែត​ហ្នឹង​ ក៏​បែក​បាក់​គ្នា​ទៅ។

ស៖​ នៅ​ពេល​ដែល​មាន​ការ​ធ្វើ​ជា​ អាង​ទំពាំង​ថ្ម​ ថា​មាន​ការ​បង្អត់​អាហារ​ឬ​ក៏​បង្ខំ​មនុស្ស​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​នៅ​សម័យ​នោះ​ តើ​អ្នក​ស្រី​មាន​ការ​បញ្ជា​ទៅ​លើ​កង​ទាហាន​ឬ​ក៏​កង​ឈ្លប​អី​ ដើម្បី​កុំ​ឲ្យ​ផ្តល់​អាហារ​ទៅ​ដល់​ប្រជាពលរដ្ឋ​អញ្ចឹង​ទេ​ ឬ​ក៏​បង្ខំ​ឲ្យ​ពួក​គេ​ធ្វើ​ការ​បាក់​កម្លាំង​រហូត​ដល់​ស្លាប់​អញ្ចឹង​ទេ​ឬ​ក៏​យ៉ាង​ម៉េច​ បាទ?

ឆ៖​ អត់។​ អត់​ដឹង។​ ខ្ញុំ​អត់​បាន​ទៅ​បញ្ជា​កម្លាំង​ឲ្យ​ទៅ​ធ្វើ​នៅ​ទំនប់​ទំពាំង​ថ្ម​ហ្នឹង​ គឺ​អត់។​ អញ្ចឹង​ ការ​និយាយ​ទាំង​បី​ខ​នេះ​ គឺ​ទទេ​តែ​ម្តង​ និយាយ​ទទេ​តែ​ម្តង។​ ចោទ​ខ្ញុំ​នេះ​ គឺ​ចោទ​ធ្ងន់​មែន​ទែន​ ចោទ​ឲ្យ​ខ្ញុំ​ឡើង​តុលាការ។​ អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​ថា​ ខ្ញុំ​គ្មាន​រឿង​អី​ឡើង​តុលាការ​ទេ។​ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​អរគុណ​ហើយ​លោក​ក្មួយ​ លោក​ប្អូន​ខ្ញុំ​អរគុណ​ខ្លាំង​ណាស់​ដែល​ខ្ញុំ​បាន​ដឹង​រឿង​នេះ​ ដែល​រឿង​ចោទ​ប្រកាន់​ខ្ញុំ​ទទេ​ ទទេ​ នែ៎។​ អញ្ចឹង​ខ្ញុំ​សុំ​ថា​ឲ្យ​ជួយ​ដោះស្រាយ​ ហើយ​បញ្ចប់​(កុំ)​មក​សួរ​ខ្ញុំ​ត​ទៅ​ទៀត។​ សួរ​រឿង​អី​សួរ​បាន​ បើ​សួរ​រឿង​ហ្នឹង​ខ្ញុំ​អត់​ដឹង​ ខ្ញុំ​ឈប់​និយាយ​ ព្រោះ​ខ្ញុំ​អត់​ដឹង។

ស៖​ បាទ​ អ្នក​ស្រី​ នៅ​សម័យ​នោះ​មាន​អនុ​ប្រធាន​នៅ​ស្រុក​ព្រះ​នេត្រ​ព្រះ​នោះ​ត្រូវ​ចាប់​ខ្លួន​នៅ​ពេល​ពីរ​ថ្ងៃ​ក្រោយ​ពេល​ដែល​អ្នក​ស្រី​ទៅ​កាន់​កាប់​នៅ​ស្រុក​ព្រះ​នេត្រ​ព្រះ​នោះ​ តើ​រឿង​ហ្នឹង​យ៉ាង​ម៉េច​ដែរ​ បាទ?​ គាត់​ត្រូវ​គេ​ចាប់​យក​ទៅ​សម្លាប់​ឬ​ក៏​យ៉ាង​ណា​ ឈ្មោះ​ លោក​ អាត់​ សំ?

ឆ៖​ ខ្ញុំ​បាន​ជួប​មុខគាត់​តែ​ម្តង​ ហើយ​បាត់​ទៅ​ ខ្ញុំ​ក៏​មិន​បាន​ដេញ​ដោល​អី​ដែរ​ មិន​ដឹង​គេ​ចាប់​យក​ទៅ​ណា​ ឬ​ក៏​ម៉េច​បាត់​ខ្លួន​ទៅ។

ស៖​ អញ្ចឹង​ អ្នក​ស្រី​អត់​មាន​ជាប់​ពាក់​ព័ន្ធ​រឿង​ការ​បញ្ជា​ឲ្យ​មាន​ការ​ចាប់​មនុស្ស​យក​ទៅ​ឃុំ​នៅ​ឃុំ​ត្រយ៉ូង​ ឬ​ក៏​គុក​នៅ​ភ្នំត្រយ៉ូងឬ​ក៏​មាន​ពាក់​ព័ន្ធ​និង​រឿង​ឃាតកម្ម​អី​ហ្នឹង​ យ៉ាង​ម៉េច​ដែរ​ បាទ?

ឆ៖​ អាហ្នឹង​ ខ្ញុំ​អត់។​ ខ្ញុំ​អត់​ទទួល​ដឹង​ ព្រោះ​ខ្ញុំ​អត់​បាន​ធ្វើ​តែ​ម្តង។​ ខ្ញុំ​អត់​បាន​(ទេ)។

ស៖​ តើ​ពិបាក​នឹង​ឲ្យ​គេ​ជឿ​យ៉ាង​ម៉េច​ទៅ​ នៅ​ពេល​ដែល​យើង​អ្នក​គ្រប់​គ្រង​នៅ​តំបន់​នោះ​ ហើយ​មាន​មនុស្ស​ស្លាប់​ច្រើន​អញ្ចឹង​ ហើយ​ដល់​ពេល​យើង​ថា​អត់​ដឹង​អញ្ចឹង​ តើ​មាន​មូល​ហេតុ​យ៉ាង​ម៉េច​ដែរ?

ឆ៖​ មូលហេតុ​ដែល​ខ្ញុំ​ថា​ខ្ញុំ​អត់​ដឹង​គឺ​អត់​ដឹង​មែន​ តែ​អ្នក​ដែល​ទទួល​មុន​ខ្ញុំ​ គេ​ប្រព្រឹត្ត​ក៏​ខ្ញុំ​អត់​ដឹង​ ព្រោះ​ខ្ញុំ​ទៅ​ពី​ឆ្ងាយ​ទៅ​ហើយ​ខ្ញុំ​គិត​តែ​ទៅ​ដើម្បី​បំផុស​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជាជន​ខំ​ដាំ​ដុះ​ ខំ​ធ្វើ​ ខំ​ដក​ខំ​ស្ទូង​ដើម្បី​ នែ៎​ ចិញ្ចឹម​ជីវិត​កូន​ចៅ​តែ​ប៉ុណ្ណឹង។​ ភារកិច្ច​ខ្ញុំ​មាន​តែ​ដឹក​នាំ​ប្រជាជន​ធ្វើ​ស្រែ​ធ្វើ​ចំការ​ ដើម្បី​ចិញ្ចឹម​ជីវិត​តែ​ប៉ុណ្ណឹង​ទេ​ ឯ​រឿង​អី​ទៀត​ហ្នឹង​ គេ​ធ្វើ​មុន​មក​ ខ្ញុំ​អត់​ដឹង៕

ភាគ​ទី​២៖

ស៖​ ចុះ​បញ្ជី​ឈ្មោះ​នៃ​មនុស្ស​ចំនួន​១០​ម៉ឺន​នាក់​នៅ​ក្នុង​តំបន់​នោះ​ យ៉ាង​ម៉េច​ អ្នក​ណា​អ្នក​ធ្វើ​ ហើយ​បាន​ស្រាវ​ជ្រាវ​យ៉ាង​ម៉េច?​ ហេតុ​អី​បាន​ជា​មាន​បញ្ជី​ឈ្មោះ​យ៉ាង​ដូច្នេះ?

ឆ៖​ បញ្ជី​ឈ្មោះ​ហ្នឹង​ ខ្ញុំ​ទៅ​ដល់​គេ​យក​មក​ឲ្យ។

ស៖​ មាន​គ្រប់​ចំនួន​ទាំង​ ១០​ម៉ឺន​នាក់​នោះ​ដែរ​ ឬ​ក៏​មាន​ខ្វះ​ខ្លះ​ដែរ​ ឬ​ក៏​យ៉ាង​ម៉េច?​ ហេតុ​អី​បាន​ជា​គេ​យក​បញ្ជី​ឈ្មោះ​ហ្នឹង​មក​ឲ្យ​ ហើយ​មាន​ប៉ុន្មាន​នាក់​ដែល​អ្នក​ស្រី​ទទួល​កាល​សម័យ​នោះ?

ឆ៖​ ខ្ញុំ​យក​ គេ​ប្រគល់​បញ្ជី​ឲ្យ​ហ្នឹង​ ខ្ញុំ​ឃើញ​មាន​ ១០​ម៉ឺន​មែន​ ប៉ុន្តែ​ដល់តែ​ខ្ញុំ​ដើរ​ពិនិត្យ​ទៅ​ វា​បញ្ជី​ហ្នឹង​ក៏​ធ្វើ​ខុស​ដែរ​ ខុស​ត្រង់​ថា​វា​អត់​គ្រប់​ចំនួន​ ដែល​ខ្ញុំ​គិត​តាម​ភូមិ​និមួយៗ​ សរុប​ទៅ​បាន​តែ​ ៩​ម៉ឺន​ទេ​ អា​បញ្ជី​ ១០​ម៉ឺន​វា​បាត់​មួយ​ម៉ឺន​ ចា៎។

ស៖​ ប៉ុន្តែ​សម័យ​នោះ​ដូច​ជា​បញ្ជី​ហ្នឹង​គេ​ធ្វើ​គ្រាន់​តែ​គ្រប់​គ្រង​ចំនួន​មនុស្ស​ឬ​ក៏​គេ​ធ្វើ​ដើម្បី​អ្វី?

ឆ៖​ គេ​ធ្វើ​ មិន​ដឹង​ជា​ផែនការ​គេ​ពី​មុន​យ៉ាង​ម៉េច​ ប៉ុន្តែ​ដែល​គេ​យក​ប្រគល់​ យក​បញ្ជី​ហ្នឹង​មក​ប្រគល់​ឲ្យ​ខ្ញុំ​ គឺ​ខ្ញុំ​គ្រប់​គ្រង​ចំនួន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្នុង​ស្រុក​ហ្នឹង​មែន​ ចា៎។

ស៖​ នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​ (អញ្ចឹង) ​អត់​មាន​ខាង​តុលាការ​ខ្មែរ​ក្រហម​អី​មក​សួរ​នាំ​អំពី​រឿង​អតីតកាល​អី​ អត់​មាន​ការ​ហៅ​សាក​សួរ​អីពី​រឿង​អតីតកាល​នោះ​ទេ?​ រឿង​ភ្នំ​ទ្រយោង​អី​នោះ​ទេ?

ឆ៖​ អត់​ (តែ)​មាន​លោក​ស្រី​សួរ​មក​ពី​ភ្នំពេញ​ថា​គាត់​ទៅ​ជួប​នារី​បី​នាក់​នៅ​ទំនប់​ត្រពាំង​ថ្ម​ហ្នឹង​ ស្រុក​ព្រះ​នេត្រ​ព្រះ​ ប៉ុន្តែ​ខ្ញុំ​ថា​ខ្ញុំ​អត់​បាន​ធ្វើ​ គេ​ថា​ខ្ញុំ​ធ្វើ​ទំនប់​ទឹក​ហ្នឹង​ណា៎។​ ខ្ញុំ​អត់​បាន​ធ្វើ​ទេ​ទំនប់​ត្រពាំង​ថ្ម។​ អញ្ចឹង​ការ​ចោទ​មក​លើ​ខ្ញុំ​ទាំង​អស់​នេះ​សុទ្ធ​តែ​រឿង​អត់​ពិត​ ហើយ​អត់​ជាក់​ស្តែង​ អត់​មាន​ឯកសារ​ច្បាស់​លាស់។​ ហេតុ​ម៉េច​បាន​ជា​ទៅ​ដល់​ព្រះ​រាជ​អាជ្ញា​ច្បាស់​ម្ល៉េះ?​ ខ្ញុំ​នៅ​សង្ស័យ​អាហ្នឹង​ នែ៎។

ស៖​ ការ​សង្ស័យ​នោះ​មើល​ទៅ​មិន​ដឹង​ថា​មក​ពី​មូលហេតុ​អី​ ឬ​ក៏​អាច​មាន​ការ​រាយការណ៍​យ៉ាង​ម៉េច​ពី​អ្នក​ណា​ឬ​ក៏​អី​ តាម​អ្នក​ស្រី​គិត​មើល​ឃើញ​នោះ?

ឆ៖​ ចា៎​ ខ្ញុំ​ ការ​សង្ស័យ​របស់​ខ្ញុំ​ ខ្ញុំ​ថា​មិន​ច្បាស់​លាស់​ដែរ​ ប៉ុន្តែ​ឲ្យ​ខ្ញុំ​កំណត់​ថា​ ឥឡូវពី​អ្នក​នេះ​ក៏​ខ្ញុំ​មិន​ដឹង​ ព្រោះ​មិន​ដែល​ដឹង​ថា​ឈ្មោះ​ណា​រាយការណ៍​ពី​ខ្ញុំ​ហ្នឹង​ណា៎។​ អញ្ចឹង​ហើយ​បាន​ខ្ញុំ​ផ្តាំ​ផ្ញើ​ទៅ​តាម​រយៈ​ប្អូន​ឯង​ ហើយ​នឹង​ព្រះ​រាជអាជ្ញា​ហ្នឹង​ ដែល​រក​យុត្តិធម៌​ហ្នឹង​ ឲ្យ​វា​ពិត​ប្រាកដ​ច្បាស់​លាស់​ កុំ​ចេះ​តែ​ចោទ​គេ​អញ្ចឹង។​ អា​អ្នក​រាយការណ៍​ហ្នឹង​ វា​មិន​ពិត​ទេ​ វា​ចេះ​តែ​បង្កាច់​បង្ខូច​គេ​ នែ៎។​ អា​ហ្នឹង​ ខ្ញុំ​មិន​អស់​ចិត្ត​ត្រង់​ហ្នឹង។

ស៖​ បាទ​ នឹង​មាន​ការ​ខ្វល់​ខ្វាយ​យ៉ាង​ម៉េច​នៅ​ពេល​ដែល​គេ​ចោទ​ប្រកាន់​យ៉ាង​ដូច្នេះ​ បាទ​ ទោះ​បី​ជា​រឿង​ហ្នឹង​មិន​កើត​មាន​ទៅ​ដល់​តុលាការ​ចាប់​ខ្លួន​ឬ​ក៏​អី​ហ្នឹង​ ក៏​ប៉ុន្តែ​មាន​ការ​គិត​ខ្វល់​ខ្វាយ​អី​ទេ?

ឆ៖​ ខ្ញុំ​ងាក​មក​ខ្វល់​ខ្វាយ​ពី​រឿង​អ្នក​ដែល​រាយការណ៍​ចោទ​ខ្ញុំ​វិញ។​ មិន​ដឹង​ជា​ឈ្មោះ​ណា​មួយ​ដែល​ចោទ​ប្រកាន់​ខ្ញុំ​ហ្នឹង​ ចោទ​ខ្ញុំ​ហ្នឹង?​ រឿង​សុទ្ធ​តែ​រឿង​ដល់​អាយុ​ជីវិត​ ហើយ​ពាក់​ព័ន្ធ​ខាង​នយោបាយ​ ចា៎។​ ហើយ​ខុស​នឹង​ការ​អនុវត្ត​ ការ​ប្រព្រឹត្តិ​របស់​ខ្ញុំ​ ផ្ទុយ​គ្នា​ស្រឡះ​ដូច​មេឃ​និង​ដី។

ស៖​ បាទ​ ចុះ​បើ​ខាង​ព្រះ​រាជអាជ្ញា​គេ​ផ្អែក​ទៅ​លើ​ការ​រាយការណ៍​ហ្នឹង​ ហើយ​គេ​សុំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​អ្នក​ស្រី​ ហើយ​និង​អ្នក​ដទៃ​ទៀត​អញ្ចឹង​ តើ​រឿង​ហ្នឹង​វា​ទៅ​ជា​យ៉ាង​ម៉េច​ទៅ​ដែរ?

ឆ៖​ ខ្ញុំ​ គ្រាន់​តែ​មក​ជួប​បាន។​ បើ​ឲ្យ​ខ្ញុំ​ទៅ​ឡើង​ទៅ​តុលាការ​ ខ្ញុំ​អត់​ទៅ​ទេ។​ បើ​យក​អ្នក​ហ្នឹង​ទៅ​បញ្ជាក់​អី​យ៉ាង​ម៉េច​ទៀត​ អាហ្នឹង​យក​ទៅ​ ខ្ញុំ​មិន​ដឹង​ទេ។​ ប៉ុន្តែ​បើ​ថា​ចំពោះ​ខ្លួន​ខ្ញុំ​ បើ​មក​បញ្ជាក់​ខ្ញុំ​នៅ​ផ្ទះ​ទៀត​ ខ្ញុំ​និយាយ​មាន​តែ​ប៉ុណ្ណឹង​ និយាយ​ដូច​ខ្ញុំ​មាន​យោបល់​ម៉ិញ​អញ្ចឹង​ និង​ប៉ុណ្ណឹង។​ ឲ្យ​ខ្ញុំ​ដឹង​រឿង​ ឬ​ក៏​និយាយ​ហួស​ហ្នឹង​ គឺ​អត់​មាន។​ អញ្ចឹង​អ្នក​ដែល​ប្តឹង​ឬ​ក៏​រាយការណ៍​ហ្នឹង​ អាហ្នឹង​វា​យ៉ាង​ម៉េច​ទៅ​វិញ?​ ចេញ​ពី​ច្រក​ណា​ដែល​រាយការណ៍​ទទេ​ហ្នឹង?

ស៖​ នៅ​ក្នុង​ពេល​ដែល​ព្រះ​រាជ​អាជ្ញា​ចេញ​អញ្ចឹង​មក​ មាន​ការ​ដូច​ថា​ច្របូក​ច្របល់​គ្នា​ត្រង់​ សហ​ព្រះ​រាជអាជ្ញា​បរទេស​ចង់​ធ្វើ​ការ​ចោទ​ប្រកាន់​ ចាប់​ខ្លួន​អី​អញ្ចឹង​ ហើយ​ខាង​សហ​ព្រះ​រាជអាជ្ញា​ជាតិ​មិន​ចង់ធ្វើ​អញ្ចឹង​ តើ​អ្នក​ស្រី​បាន​ដឹង​អំពី​រឿង​នេះ​ទេ​ បាទ​ កន្លង​មក?

ឆ៖​ អត់​ ខ្ញុំ​អត់​ដឹង​ទាល់​តែ​សោះ​ ហើយ​រឿង​របស់​ខ្ញុំ​ ខ្ញុំ​អត់​បាន​ដឹង​ពាក់​ព័ន្ធ​ដល់​ព្រះ​រាជអាជ្ញា​ទៀត។​ ខ្ញុំ​អត់​ដឹង​ទាល់​តែ​សោះ។​ អញ្ចឹង​ ខ្ញុំ​អរគុណ​ប្អូន​ឯង​ ដែល​បាន​ឲ្យ​ខ្ញុំ​ដឹង​ថ្ងៃ​នេះ​ គឺ​ខ្ញុំ​អរគុណ​ច្រើន​ណាស់​ ហើយ​ជូន​ពរ​ទៀត​ ព្រោះ​អី​(គឺ)​ផ្តល់​ដំណឹង​ឲ្យ​ខ្ញុំ​ដូច​ជា​ភ្ញាក់​ ភ្ញាក់​ពី​ដេក​អញ្ចឹង​ ដឹង​ខ្លួន​ ហៅ​ថា​ឲ្យ​ខ្ញុំ​ដឹង​ខ្លួន​ថា​គេ​ចោទ​ខ្ញុំ​ទទេៗ​ ចា៎។

ស៖​ បាទ​ សូម​អរគុណ​ច្រើន​ដែល​បាន​ឲ្យ​កិច្ច​សម្ភាសន៍​ជា​មួយ​វីអូអេ​សម្លង​សហរដ្ឋ​អាមេរិក។​ សូម​ជម្រាប​លា។

ឆ៖​ ចា៎​ ខ្ញុំ​អរគុណ​ណាស់៕