សហមេធាវីរបស់អៀង សារី បានទទូចសារជាថ្មីនៅថ្ងៃពុធនេះ ឲ្យសាលាក្ដីខ្មែរក្រហមដោះលែងកូនក្ដីរបស់ខ្លួនជាបន្ទាន់ដោយអះអាងថា ការឃុំខ្លួនកូនក្ដីរបស់ខ្លួនជាបណ្ដោះអាសន្នខុសច្បាប់រហូតមកទល់ពេលនេះ។
ក្រុមមេធាវីការពារក្ដីបានថ្លែងនៅក្នុងសវនាការលើកទី១លើរឿងក្តីរបស់អតីតរដ្ឋមន្ដ្រីក្រសួងការបរទេសខ្មែរក្រហមថា វិធានរបស់សាលាក្ដីខ្មែរក្រហមអនុញ្ញាតឲ្យបន្ដការឃុំឃាំងបណ្ដោះអាសន្នចំពោះជនជាប់ចោទត្រឹមតែបីឆ្នាំតែប៉ុណ្ណោះ ហើយអាចបន្ដការឃុំខ្លួនបន្ថែមទៀតសម្រាប់រយៈពេលបួនខែមុននឹងមានការជម្រះក្ដី។ ក៏ប៉ុន្ដែក្រោយពីសហចៅក្រមស៊ើបអង្កេតបញ្ជូនដីការដំណោះស្រាយ ឬដីការបញ្ជូនរឿងទៅជំនុំជម្រះនៅកាន់សាលាក្ដីអង្គជំនុំជម្រះសាលាដំបូងកាលពីខែកញ្ញា ឆ្នាំ២០១០ រហូតមកទល់ពេលនេះអៀង សារី ត្រូវបានឃុំខ្លួនលើសរយៈពេលកំណត់ជាងបីខែទៅហើយ។
លោក អាង ឧត្តម សហមេធាវីកម្ពុជារបស់អៀង សារី បានទាមទារថា ការឃុំខ្លួនកូនក្ដីរបស់លោកជាបណ្ដោះអាសន្ន គួរតែត្រូវចាត់ទុកជាមោឃៈ ហើយលើកឡើងថា ការដោះលែងលោកអៀង សារី គឺជាដំណោះស្រាយយ៉ាងសក្ដិសមបំផុត ហើយត្រូវដាក់លោកអៀង សារី ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការជាបន្ទាន់។
អតីតបងធំទី៣រូបនេះមានអាយុប្រហែល៨៥ឆ្នាំហើយ។ គាត់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្កាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ជាមួយនឹងប្រពន្ធរបស់គាត់គឺអៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងកិច្ចការនារីសម័យខ្មែរក្រហម ជាមួយនួន ជា អតីតប្រធានសភាខ្មែរក្រហម និងខៀវ សំផន អតីតប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ បទចោទទាំងនេះទាក់ទងទៅនឹងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជា ជិត២លាននាក់ ក្នុងអំឡុងពេលដែលពួកគេកាន់កាប់អំណាចចន្លោះពីឆ្នាំ ១៩៧៥-៧៩។
កាលពីចុងខែមករា អង្គជំនុំជម្រះសាលាដំបូងបានសម្រេចមិនដោះលែងជនជាប់សង្ស័យអៀង ធីរិទ្ធ នួន ជា និងខៀវ សំផន ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននោះទេ ដោយសំអាងហេតុផលដែលអាចបង្កឲ្យមានការប៉ះពាល់ដល់សន្ដិសុខសង្គម ការរត់គេចខ្លួន និងការគំរាមកំហែងដល់សក្សីជាដើម។ សហមេធាវីបរទេសរបស់អៀង សារី លោក ម៉ៃឃ័ល កាណាវ៉ាស (Michael Karnavas) មានប្រសាសន៍ថា ការឃុំខ្លួនអៀង សារី នៅផ្ទះក្រោមការត្រួតពិនិត្យរបស់តុលាការនឹងធានាដល់វត្តមានរបស់គាត់នៅពេលដែលមានសវនាការ។ ហើយជនជាប់ចោទនឹងមិនរត់គេចខ្លួននោះទេ។
ទោះជាយ៉ាងនេះក្ដីសហព្រះរាជអជ្ញាបរទេស លោក ដេល លីសាក់ (Dale Lysak) បានលើកឡើងថា វានឹងមានហានិភ័យខ្ពស់ដល់ការរត់គេចខ្លួនរបស់អៀង សារី ប្រសិនបើគាត់ត្រូវឃុំឃាំងនៅផ្ទះរបស់គាត់នោះ។ សហព្រះរាជអាជ្ញាបរទេសដដែលបានផ្ដល់ហេតុផលថា ជនជាប់ចោទមានធនធាន ហើយជនជាប់ចោទកាន់លិខិតឆ្លងដែនកម្ពុជា និងធ្លាប់កាន់លិខិតឆ្លងដែនចិនផងដែរ៕