ឈឹម ស៊ីថរ៖ «ខ្ញុំ​ជាប់​គុក» នៅពេល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​សិទ្ធិ​កម្មករ​និង​សហជីព

រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ ថ្លែងក្នុងពេលកូដកម្ម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១។

ភ្នំពេញ — ស្រ្តី​មាឌ​តូច​ល្អិត អាយុ​ ៣៦ ឆ្នាំ​ ដែល​តែង​កាន់​មេក្រូ​ឈរ​ស្រែក​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទាមទារឲ្យ​ក្រុម​ហ៊ុន​គោរព​សិទ្ធិ​ការងារ គឺ​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​អាជ្ញាធរ​ជា​ច្រើននាក់​ព្រួត​គ្នា​ចាប់​ឃាត់​ខ្លួនកាល​ពីរសៀល​ ​ថ្ងៃ​ទី​ ៤ ខែ​មករា ឆ្នាំ​២ ០២២ នៅ​ខាង​មុខ​ស្ថាន​ទូត​អូស្ត្រាលី ជិត​រដ្ឋសភាជាតិ។

ស៊ីថរ គឺ​ជា​ប្រធានសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍។​ នាងត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខសង្គម» បន្ទាប់​ពី​នាង​បាន​ដឹកនាំ​ការ​ធ្វើ​កូដកម្ម​អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍ ទាមទារ​ឲ្យក្រុម​ហ៊ុន​នេះ​ទទួល​យកបុគ្គលិក​ជាច្រើន​រយ​នាក់​ដែល​ត្រូវ​បាន​បណ្តេញ​ចេញទាំង​បង្ខំ​ឲ្យ​ចូល​ធ្វើការ​វិញនិងផ្តល់​អត្ថ​ប្រយោជន៍​ផ្សេង​ទៀតដល់​បុគ្គលិក​។

​នេះ​មិនមែន​ជាលើកទី ​១ ទេ​ដែល​ ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ការ​ទាមទារ​សិទ្ធិ និង​អត្ថប្រយោជន៍ឲ្យ​បុគ្គលិក។ ជារឿយៗ នាង​តែង​ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ឈប់​ពី​ការងារ និង​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន ដោយសារ​ការ​ដឹកនាំ​ធ្វើ​កូដកម្ម។ នៅ​មុន​ពេល​មានការ​ចាប់​ខ្លួន ស៊ីថរ បាន​ថត​រូប​ដោយ​ដៃ​មាន​កាន់​ក្រដាស​មួយ​សន្លឹក​សរសេរ​ថា៖ «ខ្ញុំ​ជាប់គុក ដោយសារ​ទាមទារ​ឲ្យ​ណាហ្គា​គោរព​សិទ្ធិ​សហជីព»។

នៅផ្ទះរបស់ម្តាយកញ្ញា ឈឹម ស៊ីថរ ដែលជាផ្ទះថ្មជាន់ទី ១ ទំហំ៣ម៉ែត្រ គុណ ៨ ម៉ែត្រ ក្នុងរាជធានីភ្នំពេញ គេឃើញម្តាយរបស់កញ្ញាកំពុងអង្គុយលើប៉ៅអ៊ីមួយ ជាមួយទឹកមុខស្ងួត និងស្ងប់ស្ងាត់។ ម្តាយស៊ីថរ ដែលមានអាយុ ៦៧ ឆ្នាំ ទើបបានដឹងដំណឹងនៃការចាប់ខ្លួនកូនស្រីនៅល្ងាចថ្ងៃទី ៤ ខែមករា។

ប្អូនប្រុស​របស់​កញ្ញា ឈឹម ស៊ីថរ ឈ្មោះ ឈឹម ប្រុស ដែលមាន អាយុ​ ៣៤​ ឆ្នាំ រៀប​រាប់​អំពី​បងស្រី​របស់​ខ្លួន ប្រាប់ VOA​ ខណៈ​ម្តាយ​មិន​ទាន់​អាច​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​បានថា ស៊ី​ថរ គឺ​ជា​មនុស្ស​រៀន​ពូកែ និង​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ។ លោកថា ចាប់​តាំង​ពី​ពេល​ដែល​ស៊ីថរ ចូលរួម​សហជីព រហូតក្លាយ​ជា​ប្រធាន​សហជីព ស៊ី​ថរ មិនសូវ​មាន​ពេល​វេលា​សម្រាប់​គ្រួសារនោះទេ។​

កំពុង​អង្គុយនៅផ្ទាល់​លើការ៉ូ​ក្នុង​ផ្ទះ ដោយ​លើក​ទឹក​ផឹក​ម្តងម្កាល​ផង លោក ឈឹម ប្រុស​ បន្ថែមថា ក្រុម​គ្រួសារ​របស់​លោក​មិន​ដែល​គាំទ្រ​ការងារ​សហជីព​របស់​ ស៊ីថរ ​នោះទេ ដោយសារ​ការងារ​នោះ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត និង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន។ ប៉ុន្តែ​ ស៊ីថរ តែង​ពន្យល់​សមាជិក​គ្រួសារអំពីការងារដែល​កញ្ញាបាន​និង​កំពុង​ធ្វើ។​

«គាត់​ព្យាយាម​ពន្យល់​យើង​ថា គាត់​ធ្វើ​ហ្នឹងវា​ជារឿង​ត្រឹម​ត្រូវ វា​មិនមែន​ជា​រឿង​ខុស​អីទេ។ គាត់​ព្យាយាម​ពន្យល់​យើង​អ៊ីចឹង។ ការងារ​នៅ​ក្នុង​ហ្នឹង មូលហេតុ​អី​បាន​គាត់​ធ្វើ​អ៊ីចឹង គាត់​អាណិត​បុគ្គលិក​ក្នុង​ហ្នឹង គាត់​ស្រឡាញ់​បុគ្គលិក​ក្នុង​ហ្នឹង។ ហើយបើ​តាម​បើ​ខ្ញុំ​គិត បើ​និយាយ​ពី​សមត្ថភាព​គាត់​វិញ​ភាសា​គាត់​ចេះច្រើន ហើយ​គាត់​ខ្លាំង​ទៀត គាត់​អាច​មាន​ឱកាស​ឡើង​តំណែង​ខ្ពស់​ជា​ងហ្នឹង​ទៀត តែ​ដោយសារ​គាត់​ធ្វើការ​ក្នុង​សហជីព​ហ្នឹង​ហើយ​ក្រុម​ហ៊ុន​អត់​ធ្វើ​ការ​ឡើង​តំណែង Promote [តំឡើង​តំណែង​] គាត់អីចឹង»។

ប្អូន​ប្រុស​របស់​ស៊ីថរ លោក ឈឹម ប្រុស បាន​រៀបរាប់​ទៀត​ថា ជាច្រើន​ឆ្នាំ​មក​នេះ ស៊ីថរ មាន​ត្រឹម​តែ​ម៉ូតូនិង​ទូរស័ព្ទ​ដៃ​សេរ៊ី​ចាស់​មួយ​គ្រឿងប៉ុណ្ណោះ។ ចំណែក​ផ្ទះ​ដែល​ម្តាយ​កំពុង​រស់​នៅ​ជាមួយ​ប្អូន​ប្រុស ជាផ្ទះ​ដែល​ទើប​សង់ដោយ​កំពុងជំពាក់​លុយ​ធនាគារ បន្ទាប់​ពីផ្ទះចាស់​ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះកាល​ពី​ ៣ ​ឆ្នាំ​មុន។​

បើ​តាម​ប្អូន​ប្រុស​របស់ ស៊ីថរ កាល​ពី​ឆ្នាំ​ ២០១៩ ​ផ្ទះ​របស់​ ស៊ីថរ​ដែល​ធ្លាប់​រស់​នៅ​តាំង​ពី​វ័យ​ក្មេង​ជាមួយ​បងប្អូន ត្រូវ​បាន​ឆេះ​ដោយ​អគ្គិភ័យ​ដែល​រាល​ដាល​ពី​ផ្ទះ​របស់​អ្នក​ជិត​ខាង​បណ្តាល​ឲ្យ​អនុស្សាវរីយ៍​ជា​ច្រើន​ដែល​មាន​ទាំង​រូប​ថត​ពី​កុមារភាព​ផង​ត្រូវ​ឆេះ​ក្នុង​អគ្គិភ័យ​នោះ​ដោយ​សារ​មិនអាច​រើចេញ​ទាន់។

លោក ឈឹម ប្រុស​ ប្រាប់​ VOA ថា ការ​ធ្វើការ​របស់​បង​ស្រីខ្លួន គឺ​គ្រាន់តែ​ដើម្បី​ទាមទារ​សិទ្ធិ និង​អត្ថប្រយោជន៍​សម្រាប់​បុគ្គលិក​តែប៉ុណ្ណោះ ហើយ​ថា​ការ​ចោទ​ប្រកាន់​បង​ស្រី​លោក គឺ​ជា​រឿង​ដែល​ធ្ងន់ធ្ងរ និង​មិន​អាច​ទទួល​យក​បាន។

«ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ ឲ្យ​គាត់​ពិនិត្យ​ពិចារណា​ឲ្យ​មែន​ទែន​ក្នុងការ​ចោទ​ប្រកាន់​របស់​គាត់​គឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ព្រោះ​ការពិត​គឺ​វាមិនមែន​អ៊ីចឹង។ គាត់​ធ្វើ​ដើម្បី​ប្រជាជន ដើម្បី​បុគ្គលិក​ដែល​គាត់​មាន​សិទ្ធិធ្វើការក្នុង​ណាហ្គា​ហ្នឹង ឲ្យ​ក្រុម​ហ៊ុន​ហ្នឹង​គោរព​ច្បាប់ តែ​ប៉ុណ្ណឹង​ទេ វា​អត់​មានខុស​អីធ្ងន់ធ្ងរ​ដល់​ថ្នាក់​ពួកគាត់​ចោទ​ប្រកាន់​ធ្វើ​បដិវត្តន៍​ពណ៌ ឬ​ក៏​ប្រឆាំង​ការ​បោះឆ្នោត​អី​អ៊ីចឹង វា​អត់​មាន​លទ្ធភាពអី​ដែល​ពួកគាត់​ត្រូវ​ធ្វើ​ដល់​ថ្នាក់​ហ្នឹង។ គេ​ចោទ​ធ្ងន់ធ្ងរពេក»។

ម្តាយរបស់កញ្ញា ឈឹម ស៊ីថរ កំពុងឈរនៅខាងមុខផ្ទះ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

លោក ឈឹម ប្រុស ប្អូនប្រុសរបស់កញ្ញា ឈឹម ស៊ីថរ កំពុងអង្គុយក្នុងផ្ទះនៅរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែធ្នូ មករា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)


ពីបុគ្គលិកធម្មតាទៅជាតំណាងសំឡេងកម្មករនិងសហជីព


មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ស៊ីថរ ជា​កូន​ទី២ ក្នុងចំ​ណោម​បងប្អូន​ចំនួន​ ៥​ នាក់ និង​មាន​ម្តាយអាយុ​ ៦៧​ ឆ្នាំ​ម្នាក់រស់​នៅរាជធានី​ភ្នំពេញ។ ស៊ីថរ បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​អាហារូបករណ៍​ផ្នែក​សេដ្ឋកិច្ច​ព័ត៌មានវិទ្យា នៅ​សាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ហើយ​បាន​ចូលធ្វើ​ការ​ជាបុគ្គលិក​ធម្មតា​នៅ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ ក្នុងឆ្នាំ​ ២០០៧។

មុននឹង​ក្លាយ​ជា​ប្រធាន​សហជីព​នៅក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៏ ស៊ីថរ គឺជា​បុគ្គលិ​ក​សាមញ្ញ​ម្នាក់​ក្នុង​ក្រុមហ៊ុននេះ​តាំង​ពីឆ្នាំ ២០០៧។ រហូតមក​ដល់​ឆ្នាំ​ ២០០៩ នៅ​ពេល​មាន​ការបញ្ឈប់​បុគ្គលិក​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ទាំងអស់​ក្នុង​ក្រុមហ៊ុន​ណាហា្គវើលដ៏ ស៊ីថរ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ទាមទារ​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ​ជាមួយ​កម្មករ​ផ្សេងទៀត។

នៅ​ឆ្នាំ​ ២០១២ ដោយ​ភាព​សកម្ម​ក្នុងការ​តស៊ូមតិ​ហ៊ាន​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ និង​ជជែកអំ​ពី​បញ្ហាប្រឈម ក៏ដូចជា​ចូលរួម​ក្នុងការ​ធ្វើ​បាតុកម្ម​ជាដើម កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ជ្រើស​រើស​ជា​អនុ​ប្រធាន​សហជីព។ រហូត​ដល់​ឆ្នាំ​ ២០១៤ ស៊ីថរ​ត្រូវ​បាន​សមាជិក​សហជីព​ទាំង​អស់​ផ្តល់​ទំនុកចិត្ត​ហើយ​បោះឆ្នោត​ឲ្យ​ជាប់ជា​ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​រហូត​មក​ដល់ពេល​បច្ចុប្បន្ន។

កញ្ញា ឈឹម ស៊ីថរ តែងធ្វើការ​តស៊ូ​មតិ និង​ចរចា​ជាមួយ​ក្រុមហ៊ុន ដើម្បីឲ្យ​គោរព​ទៅ​តាម​លក្ខខណ្ឌការងារល្អប្រសើរ។ ក្នុងឆ្នាំ​ ២០១៩ មាន​ការ​ចងក្រង​បុគ្គលិក​ដែល​ជា​សមាជិក​ឡើង​វិញ​បាន​ចំនួន​៤,៤០០​ នាក់ ក្នុងចំ​ណោម​បុគ្គលិក ៨៦០០​ នាក់ ដែល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។ បុគ្គលិក​ជា​ស្ត្រីដែល​ត្រូវសម្រាល​កូន អាច​ទទួល​បាន​អត្ថប្រយោជន៍ ១០០% នៅ​ពេល​សម្រាក​មាតុភាព ដែល​អត្ថប្រយោជន៍​នេះ​លើស​ពី​ការ​កំណត់​ដោយ​ច្បាប់ ​៥០%។ បុគ្គលិក​ទាំងអស់​មាន​អាហារដ្ឋាន ២៤ ​ម៉ោង​សម្រាប់​ញ៉ាំ និង​មាន​បណ្ណ​ធានារ៉ាប់រង​ជម្ងឺ​ក្រៅ​ពី​បណ្ណ​របប​សន្តិសុខ​សង្គម។ ប្រាក់ខែ និង​អត្ថប្រយោជន៍​ផ្សេងៗ​ត្រូវបាន​ដំឡើង​ជា​ទៀងទាត់។

នៅឆ្នាំ​ ២០១៨ មាន​ការ​បញ្ឈប់​បុគ្គលិក ៣ នាក់ ដោយសារ​កំហុស​អចេតនា ស៊ីថរ ក៏​បាន​តស៊ូ​ទាមទារ​អត្ថប្រយោជន៍​ជូន​បុគ្គលិក​ទាំង ៣ នាក់​នោះ ដោយ​ទទួល​បាន​សំណង​ត្រឡប់​មក​វិញ​ថែម​ទៀត។ ក្រោយ​មក​បុគ្គលិកចំនួន ​៥ ​នាក់ទៀត​ ត្រូវបានព្យួរ​ការងារ ហើយ​កញ្ញា ឈឹម ស៊ីថរ បាន​ជួយ​សម្រប​សម្រួល​ឲ្យ​ពួកគេ​បាន​ចូល​ធ្វើ​ការងារវិញ។

ទន្ទឹម​នឹង​ការងារ​ជា​សហជីព​ដែល​ស្វែង​រក​អត្ថប្រយោជន៍​ជូន​បុគ្គលិក កញ្ញា ឈឹម ស៊ីថរ ក៏បាន​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន​ផង​ដែរ។ ក្នុងឆ្នាំ​ ២០១៣ កញ្ញាបាន​រង​បណ្ដឹង​ពី​ខាង​ក្រុម​ហ៊ុន ថា​បាន​ធ្វើ​កូដកម្ម​ខុស​ច្បាប់ ដែល​ធ្វើឲ្យ​ខូចខាត​ដល់​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន។​ បណ្តឹង​នេះ​នៅតែ​បន្ត​រហូតមក​ដល់​សព្វថ្ងៃ ហើយ​ក្រុមហ៊ុន​បាន​ប្តឹង​ទាមទារ​សំណង​មួយ​លាន​ដុល្លារ​ពី​កញ្ញា។ នៅឆ្នាំ​ដដែល​នោះ​អាជ្ញាធរក៏​បាន​ចាប់ខ្លួន​កញ្ញា​ដាក់​នៅក្នុង​ឡាន រួច​បញ្ជូន​ទៅ​ស្នងការ​ក្រុង​ដើម្បី​សួរនាំ​ផងដែរ។ នៅក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៩ កញ្ញា​ក៏ត្រូវបាន​ក្រុមហ៊ុន​ព្យួរ​ការងារ ដោយ​មូលហេតុ​នៃ​ការ​ទាមទារ​ប្រាក់​ខែ​សមរម្យ​ជូន​បុគ្គលិក។​

ក្រោយ​មក អំឡុង​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ តាំង​ពី​ដើម​ឆ្នាំ​ ២០២០​ មក ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​បាន​ផ្អាក​ការងារ​និង​កាត់​បុគ្គលិកមួយ​ចំនួន ហើយ​នៅខែ​ឧសភា​ឆ្នាំ​ ២០២១ ក្រុម​ហ៊ុន​នេះ​បានបញ្ឈប់​បុគ្គលិក​ជាង​ ១ ពាន់​នាក់​ពី​ការ​ងារ ដោយ​បញ្ជាក់​ថា ក្រមហ៊ុនប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ។

មូលហេតុ​នេះ បាន​ធ្វើ​ឲ្យក្រុម​បុគ្គលិក និង​សហជីព ដែល​មានកញ្ញា ឈឹម ស៊ីថរ ជា​មេដឹកនាំ នាំ​គ្នា​ធ្វើ​កូដកម្មតាំង​ពី​ថ្ងៃ​ទី​ ១៨ ខែ​ធ្នូ ឆ្នាំ​ ២០២១ រហូត​ដល់​ពេល​ ស៊ីថរ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ក្នុង​អំឡុង​ការ​ធ្វើ​កូដកម្ម​ថ្ងៃ​ទី ​១៧ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​ ៤ ខែ​មករា ឆ្នាំ ​២០២១ រហូត​មក​ដល់​ពេល​នេះ។

បើទោះ​បី​ជា​ស៊ីថរ​ ត្រូវ​បាន​ចាប់​ខ្លួន​ក្តី ក៏​បុគ្គលិក ព្រម​ទាំង​សហជីព​ក្នុង​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ នៅ​តែ​បន្ត​កូដកម្ម​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​ជុំ​វិញ​ការ​បញ្ឈប់​បុគ្គលិក​ទាំងនោះ និង​ទាមទារ​ឲ្យ​មានការដោះ​លែងតំណាង​សហជីព​របស់​ពួកគេ។

រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

កញ្ញា អ៊ុក សុភ័ក្ត្រមល្លិការ បេឡាករនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានចូលរួមការធ្វើកូដកម្មតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១មក ផ្តល់បទសម្ភាសន៍ឲ្យ VOA នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

កញ្ញា អ៊ុក សុភ័ក្ត្រ​មល្លិការ បេឡាករ​នៅ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ដែល​បានចូល​រួម​ការ​ធ្វើ​កូដកម្ម​តាំង​ពី​ថ្ងៃ​ទី​ ១៨ ខែ​ធ្នូ​ ឆ្នាំ​ ២០២១​ មក ប្រាប់ VOA ថា កញ្ញា​ធ្វើការ​នៅ​ណាហ្គាវើសដ៍​ជាង​ ១០​ ឆ្នាំ​មក​ហើយ ប៉ុន្តែទើប​តែ​ស្គាល់​ស៊ីថរ​ នៅ​ពេល​ដែល​កញ្ញា​ចូល​ជា​សមាជិក​សហជីពក្នុង​ឆ្នាំ​ ២០១៨។ ​កញ្ញា​បញ្ជាក់​ថា​ស៊ីថរ គឺជា​មនុស្ស​ក្លាហាន​ស្មោះ​ត្រង់ និង​ហ៊ាន​លះបង់សិទ្ធិ​សេរីភាព​ខ្លួនឯង ដើម្បី​បុគ្គលិក​ និង​សមាជិក​សហជីព។

«ខ្ញុំ​មិនអាច​ធ្វើ​បាន​ដូចគាត់​ទេ ពីព្រោះថាគាត់​លះ​បង់ សូម្បី​តែខ្លួន​ឯង​ផ្ទាល់​ក៏​គាត់លះ​បង់ ដើម្បី​តែ​តស៊ូមតិ​ជាមួយនឹងក្រុម​ហ៊ុន​ណាហ្គាវើលដ៍ ដើម្បីឲ្យ​បងប្អូន​បុគ្គលិក​កម្មករ​ខ្មែរ​យើង​ទទួល​បាន​អត្ថប្រយោជន៍ គឺ​គាត់​ការពារ​អត្ថប្រយោជន៍​បុគ្គលិក​បង​ប្អូន​កម្មករ​ខ្មែរ​យើង។ ទោះគាត់​ដឹង​ខ្លួន​ថា​ត្រូវ​ប្រឈម​នឹង​រឿងធ្ងន់ធ្ងរ​កម្រិត​ណា​ក៏​គាត់​នៅ​តែ​មិន​ស្តាយ​ក្រោយ នៅ​តែ​ធ្វើរឿង​ហ្នឹង»។​

កំពុង​ឈរ​គាំទ្រ​កញ្ញា​ ឈឹម ស៊ីថរ នៅខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ៥ ខែមករា កញ្ញា អ៊ុក សុភ័ក្ត្រមល្លិការ បាន​រៀបរាប់​ថា កញ្ញា​សោកស្តាយ​ដែលតំណាង​សហជីព​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​បុគ្គលិក​មាន​វិវាទ​ជាមួយ​ក្រុម​ហ៊ុន​ឯកជន ហើយ​ក្រុម​ហ៊ុន​មិនព្រម​ដោះស្រាយ។

«ខ្ញុំ​ពិតជា​សោកស្តាយ​ដែល​គាត់​មិនបាន​ធ្វើ​អី​ខុស​សោះ គាត់​គ្រាន់តែ​តស៊ូ​មតិ​ឲ្យបងប្អូនបុគ្គលិក​កម្មករ​ខ្មែរ​យើង។ ហើយពួកយើង​រួបរួមគ្នា​ធ្វើ​កូដកម្មនេះ គឺពួកយើង​បាន​បោះឆ្នោត​សម្រេច​ថា​ធ្វើ​ទាំងអស់​គ្នា​ហើយ មិនមែន​ពួកគាត់ជាអ្នកថា​ត្រូវ​តែ​ធ្វើ​ទេ។ គឺ​ពួក​យើង​បាន​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក ឲ្យ​សមាជិក​ជា​អ្នក​សម្រេច​ដោយ​ខ្លួន​ឯង។ អ៊ីចឹង​បង​ប្អូន​បុគ្គលិក​កម្មករ​យើង​គឺ​គាត់បាន​សម្រេចចិត្ត​បែប​ហ្នឹង។​ដោយសារ​តែ​យើង​អត់​មាន​ដំណោះស្រាយ​ទេ»។

ក្រុម​បុគ្គលិក​ដែល​ធ្វើ​កូដកម្ម​បញ្ជាក់​ថា ក្រុមហ៊ុន​ណាហ្គាវើលដ៍​តែង​រំលោភ​សិទ្ធិ​បុគ្គលិក ដោយ​បញ្ឈប់​បុគ្គលិកតាម​ចិត្តមិន​មាន​ប្រាក់​អត្ថប្រយោជន៍​សម្រាប់​បុគ្គលិក​បុគ្គលិក​ធ្វើ​ការ​រហូត​ដល់​ពីរ​ទៅបី​ឆ្នាំ ដោយ​មិនយក​ធ្វើ​ជាបុគ្គលិក​ពេញ​សិទ្ធិ មិន​អនុញ្ញាត​ឲ្យបុគ្គលិក​ជាស្រ្តីដែល​ធ្វើ​ការ​តិចជាង​បី​ឆ្នាំ​មាន​ផ្ទៃពោះ​ជាដើម។​

បុគ្គលិក​ម្នាក់​ទៀត​ផ្នែក​គ្រប់គ្រង​ភេសជ្ជៈ អ្នកស្រី ណុប ទិត្យបូរ៉ាវី​ និយាយ​ថា ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ គឺ​ជាថ្នាក់​ដឹកនាំល្អ​និងតែង​សម្រេចចិត្តដោយ​យោង​លើ​មតិភាគ​ច្រើន​របស់​បុគ្គលិក។

«គាត់​ជាថ្នាក់​ដឹកនាំ​មួយ​ដ៏​ល្អ អ្វី​ក៏​ដោយ លុះ​ត្រា​តែមាន​ពួកយើង​ចូល​រួម​ជាមួយ។ ធម្មតា​មិនមែន​គាត់​ជា​ម្ចាស់​សហជីពទេ គឺ​ពួកខ្ញុំ​ទាំងអស់​គ្នា​ទេ។ ហើយ​គាត់​ធ្វើ​ការ​គឺ​ដូចធ្វើ​ការ​បម្រើ​ពួកខ្ញុំ​ទាំង​អស់។ អ្វី​ក៏​ដោយ​មិនមែន​ជា​ការ​សម្រេច​ចិត្តរបស់​គាត់​តែម្នាក់ទេ។​បើ​សិន​គ្មាន​ពួកខ្ញុំ​ចូលរួម បើ​គ្មាន​ពួកខ្ញុំ​ស្នើ​សុំ និង​សំណូមពរ តើ​គាត់​មាន​សិទ្ធិ​អី​សម្រេច?»

អ្នកស្រីបន្ថែម​ថា ប្រសិន​បើ​មិនមាន​សហជីព​ទេ​ នោះ​បុគ្គលិក​ក្នុង​ក្រុម​ហ៊ុន​នឹង​បាត់​បង់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ ហើយ​ក្រុមហ៊ុន​នឹង​អាចរំលោភ​សិទ្ធិ​របស់​បុគ្គលិក​តាម​ចិត្ត។

«បើគ្មាន​សហជីពទេ គឺ​ស្ថិរភាព និង​សុវត្ថិភាពការងារ​គឺ​ពួកយើង​គ្មាន​ទេ។ និយាយ​ទៅ​តាំង​ពី​ខ្ញុំ​ចូល​ធ្វើ​ការ​ ២០០៨​ មក ខ្ញុំ​អត់​ដែល​មាន​លុយ service charge ខ្ញុំ​អត់​ដែល​មាន​ទទួល​លុយ​អត្ថ​ប្រយោជន៍​ផ្សេងៗទេសូម្បី​ increase នៃ​ការ​តំឡើង​ប្រាក់​ខែ​ក៏​អត់មាន​ដែរ។ រហូត​ទាល់​តែមាន​សហជីព​បាន​គាត់​ទាមទារ​ឲ្យ​មាន​អត្ថប្រយោជន៍​ផ្សេងៗ មាន​តាំង​ពី service charge មាន​តាំងពី increase មាន​តាំង​ពី​ពេល​ដែល​យើង​ធ្វើការ​ថ្ងៃបុណ្យ​យើង​ត្រូវ​ទូទាត់​យ៉ាង​ម៉េច វេន​យប់យើង​ត្រូវ​ធ្វើយ៉ាង​ម៉េច។ បើសិនជា​គ្មាន​សហជីព​ទេ​អ្វីៗ​ក៏យើង​អត់​មាន​ដែរអត្ថ​ប្រយោជន៍​ផ្សេងៗ។​គឺ​គេ​ជិះជាន់​កិបកេង​យើង​តែម្តង»។

ស្រ្តី​វ័យ ​៣៩ ​ឆ្នាំ​រូបនេះរៀបរាប់​ទៀត​ថា ការ​ចាប់​ខ្លួន​តំណាង​សហជីព គឺជា​រឿង​អយុត្តិធម៌​ណាស់។ អ្នកស្រីស្នើ​ឲ្យ​មានការ​ដោះ​លែង​តំណាង​សហជីព​ទាំងអស់​ចេញ​មក​វិញ និង​ដោះ​ស្រាយ​រាល់​វិវាទ​ដែល​កំពុង​កើតមាន។​

កញ្ញា សួន ជីវ៉ា បុគ្គលិក​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ឈប់​ដែរ​នោះ និយាយ​ថា កញ្ញា​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ​ចំពោះ​ការ​ចាប់​តំណាង​សហជីព​ជាច្រើន​នាក់ ដែល​រួម​មាន​ទាំង​កញ្ញា ឈឹម ស៊ីថរ ផង។ កញ្ញា​បាន​ប្រាប់ VOA ថា ក្រុមហ៊ុន​ណាហ្គាវើលដ៍នៅ​តែ​ទទួល​បាន​លុយ​ចំណេញ​បើ​ទោះ​បី​កម្ពុជា​រង​នូវ​ការ​រាល​ដាល​ជំងឺ​កូវីដ​១៩​ក្តី។

«ក្រុមហ៊ុនណាហ្គាវើលដ៍​នេះ គឺ​នៅ​ចំណេញ​រាប់​លាន​នៅឡើយ គ្រាន់តែ​ថា​ចំណេញវាថយជាង​ឆ្នាំ​មុនៗ​ដែល​មិនមានវិបត្តិ​កូវីដតែ​ប៉ុណ្ណឹងឯង។ ព្រោះ​អី​ក្រុម​ហ៊ុន​យើង​នៅ​តែ​រីក​ចម្រើន​ដដែល​ទេ ហើយ​ក៏​កំពុង​តែ​សាងសង់​ណាហ្គា​ Three [បី] ទៀត​ដែរ។ អ៊ី​ចឹង​យើង​ឃើញ​ច្បាស់​ហើយ​ថា​ក្រុម​ហ៊ុនយើង​អត់មានក្ស័យ​ធន​ទេ ហើយ​មិនសម​នឹង​ក្រុម​ហ៊ុន​កាត់​បុគ្គលិក​ទេ។ ហើយ​ណាមួយ​ណាហ្គា​ ៣ ក៏​ប្រាកដ​ចា​រើស​បុគ្គលិកច្រើន​ទៀត។ ហេតុ​អ្វី​ត្រឹម​តែ​ ៣៦៥​ នាក់ ក្រុម​ហ៊ុន​មិន​ព្រម​ទទួលចូល​វិញ? នេះ​ហើយគឺ​ហេតុ​ផល​សំខាន់ គឺក្រុម​ហ៊ុន​មាន​ចេតនា​ចង់​រំលាយ​សហជីព​នេះ​ឯង»។

អ្នកស្រី ណុប ទិត្យបូរ៉ាវី បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ មកគាំទ្រកញ្ញា ឈឹម ស៊ីថរ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

កញ្ញា សួន ជីវ៉ា បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ មកគាំទ្រកញ្ញា ឈឹម ស៊ីថរ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ដំណោះស្រាយចាំបាច់ត្រូវមានតម្លាភាព

ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ ដែលជា​សាខា​របស់​ក្រុមហ៊ុន​ NagaCorp​ និង​បាន​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​ទីក្រុង​ហុងកុង​ មាន​ប្រតិបត្តិការ​កាស៊ីណូ​និង​សណ្ឋាគារ​នៅ​ពីរ​ទីតាំង​ធំៗ នៅ​កណ្តាល​រាជធានីភ្នំពេញ​។បច្ចុប្បន្ន ក្រុម​ហ៊ុន​នេះ​កំពុង​សាងសង់កាស៊ីណូ និង​សណ្ឋាគារ​ដែល​ជា​ទីតាំង​ទី​បី​ ដែល​នៅ​ជិត​នឹង​ទីតាំង​ទីពីរ។

កំពុង​ឈរ​ធ្វើ​កូដកម្មទាំង​កណ្តាល​ថ្ងៃ​ជាមួយ​បុគ្គលិក​ប្រមាណជា​ជិត​ ១ពាន់​នាក់​ផ្សេងទៀតនៅ​ថ្ងៃ​ទី​ ៥ ខែ​មករា នេះ លោក លី ឡុងហ៊ាង បុគ្គលិក​ផ្នែក​ទូហ្គេម នៅ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ ប្រាប់ VOA ថា ការ​ចាប់​ខ្លួន​តំណាង​សហជីព​មិនមែន​ជា​ដំណោះស្រាយ​សម្រាប់​បុគ្គលិក​នោះទេ។​ លោក​បន្ត​ថា បុគ្គលិក​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ដែល​ជា​សហជីព​ចូលធ្វើ​ការ​វិញ ដោយសារ​បុគ្គលិក​ត្រូវការសហជីពការពារការ​កេង​ប្រវ័ញ្ច​ពី​ម្ចាស់​ក្រុម​ហ៊ុន។

បុគ្គលិក​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ឈប់​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​ ២០២១​ ជាមួយ​ក្រុម​បុគ្គលិក​ជាង​មួយ​ពាន់​នាក់​រូប​នេះ​បន្ថែមថា ក្រុម​បុគ្គលិក​នឹង​បន្ត​ធ្វើកូដកម្ម​ដល់​មានការ​ដោះ​លែង​តំណាង​សហជីព​របស់​ពួកគេ​និង​រហូត​ដល់​មានការ​ផ្តល់​ដំណោះ​ស្រាយ​សមរម្យ​ជូន​បុគ្គលិក​ទាំងអស់។​

«យើង​ត្រូវ​ការ​ដំណោះស្រាយ។ យើង​ធ្វើ​ [កូដកម្ម] នេះ​គឺ​យើងធ្វើ​រហូត​ទាល់តែមាន​ដំណោះ​ស្រាយ។​យើង​ធ្វើ​ចេញពី​ចិត្ត។អត់មាន​អ្នក​ដឹកនាំ អត់​មាន​អ្នក​ញុះញង់ អត់​មានការ​គំរាម​កំហែង»។

អង្គការ​សង្គម​ស៊ីវិល​ជាង​ ១០០ ​នៅសប្តាហ៍​នេះបាន​រួមគ្នា​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះលែង​ថ្នាក់​ដឹកនាំ​សកម្មជន​សហជីព​ និង​បុគ្គលិក​ចំនួន​ ៩​ នាក់ ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ​ញុះញង់​ក្រោយ​ការ​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​ដើម្បី​ទាមទារ​ការ​ដោះស្រាយ​វិវាទ​ការងារ។​

មន្រ្តី​សង្គម​ស៊ីវិល អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​និង​សហជីព​មួយចំនួន​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គមបង្ហាញ​ការ​មិនពេញ​ចិត្ត​ចំពោះ​ការ​ចាប់​ខ្លួន​សហជីព​ណាហ្គាវើលដ៍​។ ពួកគេ​មួយ​ចំនួន​បាន​ប្តូរ​ប្រូហ្វាល់ដាក់​រូប​កញ្ញា ឈឹម ស៊ីថរ ​និង​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​កញ្ញា និង​សហជីព​ផ្សេងទៀត​ដោយ​ឥត​លក្ខខណ្ឌ។​

មន្ត្រី​កម្ម​វិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់ ​លោក ​ឃុន ថារ៉ូ លើក​ឡើង​ថា វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ត្រូវ​បន្ត​អូសបន្លាយ គឺ​ដោយ​សារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មិន​ចង់​ឲ្យ​មាន​សហជីព។ លោក​បន្ថែមថា ការ​ចាប់​ខ្លួន​សហ​ជីព​ណាហ្គាវើលដ៍ ហើយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​គឺ​ជារឿង​ដែល​អយុត្តិធម៌ និង​មិន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​។​

«ទៅញុះញង់​របៀប​ម៉េច​បើ​បងប្អូនកម្មករ​និយោជិត​គាត់​មាន​ការ​ឯកភាព​ជា​ឯកច្ឆ័ន្ទនៅ​ក្នុង​ការ​បោះ​ឆ្នោត​ជា​សម្ងាត់​បាន​អនុវត្ត​តាម​នីតិវិធី​ការជូន​ដំណឹងទៅ​អាជ្ញាធរ ជូន​ដំណឹងទៅ​និយោជក​ទៅ​ភាគី​ពាក់​ព័ន្ធ​បន្ទាប់​ពី​នីតិវិធី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល។ អ៊ីចឹង​ពួកគាត់​បាន​អនុវត្ត​នីតិវិធី​ហ្នឹង​ត្រឹម​ត្រូវ​អស់​ហើយ។ ហើយ​តុលាការ ឬ​ក៏​រាជអាជ្ញាហ្នឹងគួរ​តែ​ត្រឡប់​ទៅ​មើល​វិញ​នូវ​ដើម​ហេតុ​នៃ​វិវាទការងារ​ហ្នឹង​»។

លោក ឃុន ថារ៉ូ ​បន្ថែម​ថា កញ្ញា ឈឹម ស៊ីថរ ​តែង​ជា​គោលដៅ​នៃការ​បញ្ឈប់​ពី​ការងារ និង​ចាប់ខ្លួន ដោយ​សារ​ស៊ីថរ ជា​តំណាង​សហជីព​ដែល​តែងតស៊ូ​មតិ​យ៉ាង​ស្វិត​ស្វាញ​ក្នុងការ​ទាមទារលក្ខខណ្ឌការងារ​ល្អ​សម្រាប់បុគ្គលិក​ក្នុង​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍។​

បើតាម​លោក ថារ៉ូ ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​មិនមែន​ជា​ដំណោះស្រាយ​ក្នុង​វិវាទការងារ​មួយ​នេះ​ទេ។ លោក​ថា ការ​តវ៉ា​របស់​បុគ្គលិក​គួរ​តែ​ត្រូវ​បាន​ដោះស្រាយតាមច្បាប់​ការងារ​ដោយត្រឹម​ត្រូវ។​

«ការ​ចាប់​ថ្នាក់​ដឹកនាំ​សហជីព​គ្រាន់​តែប្រើប្រាស់​សិទ្ធិ​ជាមូលដ្ឋាន​ក្នុងការ​ដាក់​សម្ពាធឲ្យ​និយោជកចូល​តុ​ចរចា​ដោយ​សន្តិវិធី វា​មិនមែន​ជា​ដំណោះស្រាយ​ទេ។ ខ្ញុំ​គិត​ថា​ អាជ្ញាធរ​គួរ​តែ​ព្យាយាម​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​ឲ្យ​បាន​ប្រសិទ្ធភាព។ ហើយ​ខ្ញុំគិត​ថា​ បើសិនជា​យើង​ចង់​ឲ្យ​មានដំ​ណោះស្រាយ​មួយដែល​អាច​ទទួល​យក​ភាគី​ទាំង​សង​ខាងរក​អ្នកណា​ដែល​ករាជ្យ​មកហើយ​ស្ថាប័ន​ដែល​ឯករាជ្យ ដែល​មាន​បទ​ពិសោធន៍ក្នុងការ​ដោះ​ស្រាយ​វិវាទ​ការងារ យើង​អាច​ពិចារណា​ជ្រើ​សរើស​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​មក»។

បើទោះបីជា​ ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន ដូច​ដែល​គ្រួសារ​តែង​បារម្ភ​ប៉ុន្តែ​ប្អូន​ប្រុស​ទី ​៣​ គឺ​លោក ឈឹម ប្រុស បាន​និយាយ​ថា ខ្លួន​មាន​មោទនភាព​ដោយសារ​មាន​បង​ស្រី​ជា​មនុស្ស​ក្លាហាន និង​គិត​ពី​ប្រយោជន៍​បុគ្គលិក​និង​សមាជិក។

«យើង​ទទួល​ស្គាល់អ្វី​ដែល​ការងារ​គាត់​ដែល​គាត់​ធ្វើ​រាល់​ថ្ងៃ គឺដើម្បី​បុគ្គលិក​ពួកគាត់។ ពេល​ខ្លះ​ក៏​មានអារម្មណ៍​សោក​ស្តាយ អត់​ចង់​ឲ្យ​គាត់​ធ្វើអីអ៊ីចឹង​ទេ នៅ​ក្នុង​ចិត្ត​គ្រួសារ​ពួកខ្ញុំ។ ប៉ុន្តែ​មួយ​ទៀត​យើង​ក៏​មាន​មោទនភាព​លើ​គាត់​ដែរ»៕