មជ្ឈមណ្ឌលខ្យល់ព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក បាននិយាយកាលពីព្រឹកថ្ងៃសុក្រថា គេរំពឹងថាខ្យល់ព្យុះសង្ឃរា Ian នឹងបណ្តាលឱ្យមានខ្យល់ព្យុះគួចទឹកគំរាមកំហែងជីវិតមនុស្ស នឹងបោកបក់តាមបណ្តោយឆ្នេរសមុទ្ររដ្ឋ Carolina នៅពេលបន្ទាប់មកក្នុងថ្ងៃសុក្រ ហើយនឹងនាំឱ្យមានភ្លៀងមានទឹកជំនន់នៅក្នុងរដ្ឋ Carolinas ទាំងពីរនិងនៅប៉ែកនិរតីរដ្ឋ Virginia ផងដែរ។
បើតាមមជ្ឈមណ្ឌលខ្យល់ព្យុះសង្ឃរាថា ការព្រមានអំពីខ្យល់ព្យុះគួចទឹកមានន័យថា«មានគ្រោះថ្នាក់ដល់ជីវិតដោយសារទឹកជំនន់បណ្តាលមកពីទឹកឡើងពីឆ្នេរសមុទ្រទៅកាន់តំបន់ផ្ទៃក្នុង»។ ទីភ្នាក់ងារនេះបានសុំឱ្យប្រជារាស្ត្រធ្វើតាមបទបញ្ជាជម្លៀសនិងការណែនាំឯទៀតៗពីអាជ្ញាធរមូលដ្ឋាន។
បើតាមមជ្ឈមណ្ឌលខ្យល់ព្យុះសង្ឃរាថា ការព្រមានឱ្យជម្លៀសមានន័យថា«ការប្រុងប្រៀបដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិគួរធ្វើឆាប់រហ័សឱ្យបានចប់សព្វគ្រប់»។
នៅព្រឹកថ្ងៃសុក្រ ខ្យល់ព្យុះសង្ឃរា Ian មានខ្យល់បោកបក់ល្បឿនអតិបរិមា ៨៥គ.ម.ក្នុងមួយម៉ោងដោយមានខ្យល់បក់ខ្លាំងជាកំសួល។
ខ្យល់ព្យុះសង្ឃរា Ian បានបំផ្លាញរដ្ឋ Florida តាមគន្លងបោកបក់របស់វា ហើយកាលពីថ្ងៃព្រហស្បតិ៍លោកប្រធានាធិបតី Joe Biden បានសន្យាថា រដ្ឋាភិបាលសហព័ន្ធនឹងធ្វើអ្វីទាំងអស់ដែលត្រូវធ្វើដើម្បីជួយកសាងរដ្ឋ Florida ជាថ្មី។
ថ្លែងពីទីស្នាក់ការធំរបស់ទីភ្នាក់ងារសហព័ន្ធចាត់ចែងវិធានការគ្រាមានគ្រោះអាសន្ន FEMA នៅរដ្ឋធានីវ៉ាស៊ីនតោន លោក Biden មានប្រសាសន៍ថា លោកបាននិយាយជាមួយលោក Ron DeSantis អភិបាលរដ្ឋ Florida ហើយបានយល់ព្រមតាមសំណើរបស់លោកឱ្យមានការចាត់ទុកខ្យល់ព្យុះសង្ឃរានេះថា ជាមហន្តរាយឱ្យបានឆាប់រហ័ស។
លោកបានមានប្រសាសន៍ថា ការណ៍នេះមានន័យថា រដ្ឋាភិបាលសហព័ន្ធនឹងបង់សោហ៊ុយនៃការយកកម្ទិចកម្ទីចេញទាំងអស់និងការកសាងអគារសាធារណៈជាថ្មីឡើងវិញ។
រដ្ឋាភិបាលសហព័ន្ធក៏នឹងផ្តល់ប្រាក់ជួយចេញសោហ៊ុយនៃការកសាងជាថ្មីនូវផ្ទះសម្បែងនិងរកមកវិញទ្រព្យសម្បត្តិសម្រាប់ក្រុមជនទាំងឡាយណាដែលគ្មានការធានារ៉ាប់រងគ្រប់គ្រាន់។
លោក Biden បានមានប្រសាសន៍ថា ខ្យល់ព្យុះសង្ឃរា Ian អាចជាខ្យល់ព្យុះនាំឱ្យមានមនុស្សស្លាប់ច្រើនដែលបោកបក់លើរដ្ឋ Florida នៅពេលគេកំណត់ផលប៉ះពាល់របស់វានៅទីបញ្ចប់។
នៅក្នុងសន្និសីតកាសែតមួយកាលពីព្រឹកថ្ងៃសុក្រ លោក DeSantis បាននិយាយថា ចំនួនមនុស្សស្លាប់និងត្រូវរបួសមិនទាន់ច្បាស់លាស់ទេ ពីព្រោះក្រុមអ្នកជួយសង្គ្រោះទើបតែចាប់ផ្តើមឆ្លើយនឹងការហៅទូរសព្ទ ក្រោយពីមិនអាចចេញទៅក្រៅបាននៅពេលមានស្ថានភាពមិនល្អ។ ក្រុមអ្នកជួយសង្គ្រោះធ្វើការនៅលើដី ក្នុងសមុទ្រនិងតាមអាកាសដើម្បីឱ្យបានទៅដល់អ្នកស្រុកដែលជាប់គាំងក្នុងតំបន់មានមហន្តរាយ៕
ព័ត៌មានខ្លះនៃសេចក្តីរាយកាណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press, Reuters និង AFP។
ប្រែសម្រួលដោយលោក ឈឹម សុមេធ