អ្នក​ភូមិ​ខេត្ត​កំពង់ធំ​បិទ​ផ្លូវ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​រឹបអូស​ដីធ្លី

ការ​តវ៉ា​របស់​អ្នក​ភូមិ​ក្នុង​រឿង​ទំនាស់​ដី​ធ្លី​ក្នុង​ពេល​កន្លង​មក។

ប្រជា​ពលរដ្ឋ​ប្រ​មាណ​ជា៣០០​នាក់​មក​ពី​ភូមិចំនួនបួន​ក្នុង​ស្រុក​កំពង់​ស្វាយ ​ខេត្ត​កំពង់​ធំ​ បាន​សម្រេច​ចិត្តបិទ​ផ្លូវ​ចរាចរដ៏សំខាន់​បំផុត​មួយ​របស់​ប្រទេសកម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះដើម្បី​ដាក់​សម្ពាធ​ដល់ក្រុមអាជ្ញា​ធរឲ្យ​ដោះ​លែងតំណាង​របស់​ពួក​ខ្លួន​មួយ​រូប ​និង​ដើម្បី​ជំរុញ​ឲ្យមានការដោះ​ស្រាយ​ការ​រំលោភបំពានទៅ​លើដី​ធ្លីរបស់ពួក​ខ្លួន។

ការ​បិទ​ផ្លូវ​ធ្វើ​ឡើង​ចាប់​តាំង​ពី​ព្រឹក​ម៉ោង​៨លើ​ផ្លូវ​ជាតិ​លេខ៦ ​នៅ​ចម្ងាយប្រ​មាណ​ជា​២៥​គ.ម.នៅ​ភាគ​ខាង​ជើង​ទីក្រុងកំពង់ធំ​ក្នុង​ទិសដៅ​ឆ្ពោះ​ទី​កាន់​ខេត្ត​សៀមរាប​ វាហើយ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ប្រាំពីរ​ម៉ោង។ ​កំណាត់​ផ្លូវ​ប្រមាណ​ជា​បី​គីឡូម៉ែត្រ​នៅ​ផ្នែក​សង​ខាង​នៃក្រុម​បាតុករបាន​កក​ស្ទះ។ ​ក៏​ប៉ុន្ដែ​ក្រុម​បាតុករ​បាន​បើក​ផ្លូវ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា៣​រសៀលបន្ទាប់​ពីមាន​ការ​សន្យា​ពី​អាជ្ញាធរ​ខេត្តថា ​លោក​នឹង​យក​ការ​ទាម​ទារ​របស់​ពួក​គេ​ទៅដោះស្រាយ​នៅសប្ដាហ៍​ក្រោយ​ ហើយ​ការ​ដោះ​លែងតំណាង​របស់​ពួក​គេ​នឹង​ធ្វើ​នៅ​ជំហាន​បន្ទាប់។

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មក​ពី​ភូមិ​សានគរ​ខ​ ភូមិ​ប្រាសាទ​អណ្ដែត​ ភូមិ​ស្លែង​ខ្ពស់ ​និង​ភូមិ​ជ័យ​ បាន​លើក​ឡើង​ថា សមាជិក​សកម្ម​នៅ​ក្នុង​ក្រុម​តវ៉ា​របស់​ពួក​ខ្លួន​ត្រូវ​ប៉ូលិស​ចាប់​អស់​រយៈ​ពេល​ជាង​មួយ​ខែ​មក​ហើយ​ដោយ​ពុំ​មាន​មូល​ហេតុជាក់លាក់​បន្ទាប់​ពី​ក្រុម​ប្រជាជន​មាន​ទំនាស់​តាន​តឹង​ជា​មួយ​និង​ក្រុមហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា ​ក្រុម​ហ៊ុន​ ដួង​ហេង​ សេង​ស៊ុនណា​ ​លើ​ដី​ទំ​ហំ៨២៣​ហិច​តា។

លោក​ខ្វៃ​ ឆាំ​ អាយុ​ ៤៣​ ឆ្នាំ​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ត​វ៉ា​មាន​ប្រ​សាសន៍​តាម​ទូរស័ព្ទ​ថា​ ការតវ៉ាដោយ​សារ​តែ​អជ្ញាធរ​ខេត្ត​មិន​បាន​ដោះ​ស្រាយ​សំណូមពរ​របស់​ក្រុម​ប្រជាជន។

«ដើម្បី​ទាមទារ​ដោះ​លែង​អ្នក​ទោសនិង​យក​ដី​៨២៣​ហិកតា។​ គេអះអាង​ថា​ដោះ​ឲ្យ​ប៉ុន្ដែ​មិន​ដែលឃើញ​ដោះ»។

ប្រជាពល​រដ្ឋ​ទាំង​បួន​ភូមិ​សរុប​ចំនួន​២៥០​គ្រួសារ ​មាន​ទំនាស់​ជា​មួយ​ក្រុម​ហ៊ុន​ដួង​ហេង ​សេង​ស៊ុន​ លើ​ដី​ធ្លី ​៨២៣​ ហិច​តា​នេះ ​ចាប់តាំង​ពី​ឆ្នាំ​ ២០០៥ ​មក​ម្ល៉េះ។ ការ​តវ៉ា​បាន​កើត​ឡើង​ចាប់​តាំង​ពីពេលនោះ​មក​ ក៏​ប៉ុន្ដែ​ពុំ​មាន​ការ​ដោះ​ស្រាយ​ណា​មួយ​ដែល​ក្រុម​ប្រជា​ពល​រដ្ឋ​អះ​អាង​ថា ធ្វើ​ឲ្យ​ខ្លួន​ពេញ​ចិត្តនោះទេ។ លុះ​ដល់​ខែ​ឧសភា ​ឆ្នាំ​ ២០១១ ​នេះ​សាលា​ខេត្ត​កំពង់​ធំបាន​ជូន​ដំណឹង​ថា ​ខ្លួន​សម្រេច​ចែកដីចំនួន ​៨៧ ​ហិចតា ​លើ​ចំនួន​ដែលក្រុម​ប្រជា​ជនទាម​ទារ​ចំនួន​៨២៣​ ហិចតា។ ដី​ដែល​ក្រុម​ប្រជា​ជនអះ​អាង​ថា​ ពួក​ខ្លួន​បាន​កាន់​កាប់​ចាប់​តាំង​ពី​ឆ្នាំ ​១៩៧៩​ មក​ម៉្លេះ។

តំណាង​ប្រជា​ពល​រដ្ឋ​គឺ​លោក​ ឃាង​ សឿន​ ត្រូវ​ក្រុម​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៣​ មិថុនា ​កន្លង​ទៅ​ ក្រោម​បទ​ចោទ​ប្រកាន់​ពី​ការ​គម្រាម​កំហែង ​និង​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ​បន្ទាប់​ក្រុម​ប្រជាពលរដ្ឋ​បាន​ព្យាយាម​រារាំង​ភាគី​ក្រុម​ហ៊ុន​ មិន​ឲ្យ​ធ្វើ​ការ​ឈូស​ឆាយ​ដី​ទំនាស់។

យ៉ាង​ណា​ក៏​ដោយ​ លោក​អភិ​បាល​ខេត្ត​កំពង់​ធំ ​ឈ័ន​ ឈុន​មាន​ប្រសាសន៍​ថា​ ប្រជា​ពល​រដ្ឋ​ទាម​ទារចំណែក​ដី​ច្រើន​ក្នុង​ជម្លោះ​នេះ​ ក៏​ប៉ុន្ដែ​ពួក​គាត់​ភាគ​ច្រើន​មិន​មាន​បណ្ណ​កាន់​កាប់​ដី​ធ្លី​ទាំង​នោះ​ទេ។​ ប៉ុន្ដែការ​ចរ​ចានៅ​ថ្ងៃ​នេះ​បាន​នាំ​ឲ្យ​ភាគី​ទំនាស់​ងាក​ទៅ​រក​ភាព​ស្រុះ​ស្រួល​គ្នា​មួយ​ជំហាន។

“ឥឡូវ​ហ្នឹង​បាន​សម្រប​សម្រួល​គ្នា ​បាន​ខិត​ចូល​ជិត​គ្នា​បន្ដិច​ហើយ"។

ក្រុមហ៊ុន​ដួង​ហេង​ សេង​ស៊ុន​ណា​ត្រូវ​គេ​រាយ​ការណ៍​ថា​ បាន​ទទួល​សិទ្ធិ​សម្បទាន​សម្រាប់​ធ្វើ​ការ​ អភិវឌ្ឈន៍​ផ្នែក​កសិកម្ម​នៅទីនោះ​ ប៉ុន្តែលោកយី ​សុខ​សាន្ដ​ អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្សអាដហុក ​ដែល​បាន​ឃ្លាំ​មើល​ហេតុ​ការណ៍​បិទ​ផ្លូវ​កាល​ពី​ព្រឹក​មិញ​នេះ​ បាន​បញ្ជាក់​ថា​ ក្រុម​ហ៊ុន​នេះ​មិន​ទាន់​មានសកម្ម​ភាព​អ្វី​មួយ​នៅ​ឡើយ។

“គ្រាន់​តែ​ឮ​ថា​ អភិវឌ្ឈន៍​តែ​អត់​ដឹង​ថា​ ធ្វើ​អី​ទេ"។

វីអូអេ​បាន​ព្យាយាម​ស្វែង​រក​ការ​អធិប្បាយ​ពី​តំណាង​ក្រុម​ហ៊ុន​ដួង​ហេង​ សេង​ស៊ុន​ណា តែ​មិន​បាន​សម្រេច​ទេ​ នៅ​ថ្ងៃ​នេះ។

ទំនាស់​ដី​ធ្លី​បាន​និង​នៅ​តែ​បន្ដ​រីករាល​ដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ប្រជា​ពលរដ្ឋ​តូច​តាច​ត្រូវ​គេដឹង​ថា​ ​គឺ​ជា​ជន​រង​គ្រោះ​ក្នុង​ទំនាស់​នេះ៕