លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធ បានព្រមានជាថ្មីចាប់ខ្លួនអ្នកដែលហ៊ានចេញមុខតវ៉ានៅក្នុងការប្រមូលផ្តុំជាមួយគណបក្សភ្លើងទៀន ប្រឆាំងនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលសម្រេចមិនឱ្យគណបក្សជំទាស់មួយនេះចូលរួមការបោះឆ្នោត ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ រាជធានីភ្នំពេញ លោក ហ៊ុន សែន ថ្លែងថា៖ «ហើយថាបើទោះមហាផ្ទៃមិនឱ្យធ្វើក៏នៅតែធ្វើ។ ខ្ញុំគ្រាន់តែបញ្ជាក់ថា គុកស្វាគមន៍។ គុកនឹងស្វាគមន៍។ អាហ្នឹងនិយាយគ្នាឱ្យច្បាស់»។
លោកនាយករដ្ឋមន្រ្តីក៏ព្រមានដោយមិនបញ្ចេញឈ្មោះ ដែលសំដៅលើលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ដែលធ្លាប់ជាប់ពន្ធនាគារ ដោយថា នឹងចាប់ខ្លួនសាជាថ្មី បើហ៊ានចេញមុខតវ៉ា។
លោក ហ៊ុន សែន បន្ថែមថា៖ «ហើយបងប្អូននានា កុំទៅចាញ់បោក មកងាប់ ឬក៏មកជាប់គុកជាមួយគេនោះ ដោយសារតែអារឿងកំហុស អ្នកឯងធ្វើខ្លួនឯង»។
កាលពីថ្ងៃចន្ទ លោក រ៉ុង ឈុន បានប្រកាសថា ខ្លួនគ្រោងជួបជុំសមាជិក និងអ្នកគាំទ្រប្រមាណមួយម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យ នាចុងសប្តាហ៍នេះ ដើម្បីតស៊ូមតិទាមទារឱ្យស្ថាប័នពាក់ព័ន្ធអនុញ្ញាតឱ្យគណបក្សនេះបានចូលរួមការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខនេះ។
គណបក្សភ្លើងទៀនបានអះអាងថា ខ្លួនបានព្យាយាមស្វែងរកដំណោះស្រាយដោយស្នើសុំសេចក្តីចម្លងដែលមានបញ្ជាក់នីត្យានុកូលកម្មនៃប្រកាសលេខ១៩៣ពីក្រសួងមហាផ្ទៃ ប៉ុន្តែមិនទទួលបានតាមការស្នើសុំ។ គណបក្សភ្លើងទៀនដែលទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង១លាន៦សែននាក់ កាលពីពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ នៅតែរក្សាជំហរ និងបង្ហាញថា ខ្លួនពិតជាចង់ចូលរួមការបោះឆ្នោតថ្នាក់ជាតិ និងមិនមានឧបាយកលឱ្យបរទេសគាបសង្កត់រដ្ឋាភិបាលកម្ពុជាអ្វីនោះទេ។
ព័ត៌មានទាក់ទង៖ គណបក្សភ្លើងទៀនថា ខ្លួនព្យាយាមអស់លទ្ធភាពហើយដើម្បីចូលរួមការបោះឆ្នោត ប៉ុន្តែមិនទទួលបានជោគជ័យលោក រ៉ុង ឈុន ប្រាប់វីអូអេនៅថ្ងៃពុធថា មកដល់ពេលនេះ លោកមិនទាន់បានដាក់លិខិតទៅក្រសួងមហាផ្ទៃនៅឡើយ ដើម្បីសុំការប្រមូលផ្តុំតស៊ូមតិ។ លោកបន្ថែមថា លោកនឹងធ្វើទៅតាមនីតិវិធី ហើយក្នុងករណីស្ថាប័នពាក់ព័ន្ធបដិសេធមិនឱ្យជួបជុំ លោកនឹងពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបន្តទៀត។
លោកថ្លែងថា៖ «ការពិត យើងធ្វើទៅតាមនីតិវិធីផ្លូវច្បាប់។ យើងនឹងដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញ។ យើងមិនធ្វើទៅតាមអ្វីដែលចេះតែធ្វើ ហើយមិនបានជូនដំណឹងនោះទេ។
អ៊ីចឹងយើងធ្វើតែតាមនីតិវិធីផ្លូវច្បាប់ ហើយបើសិនជាសាលារាជធានីភ្នំពេញបដិសេធមិនឱ្យធ្វើការប្រមូលផ្តុំ យើងនឹងដកឃ្លា យកមកជជែក[ជាមួយ]ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនថា តើយើងធ្វើយ៉ាងណា ដើម្បីធ្វើម៉េច រកច្រកចេញ ដើម្បីឲ្យបានគណបក្សភ្លើងទៀនចូលរួមបោះឆ្នោតថ្ងៃ២៣ កក្កដាខាងមុខនេះ»។
លោក រ៉ុង ឈុន បន្ថែមថា លោកមិនបានលើកឡើងថា នៅតែបន្តតវ៉ា បើទោះស្ថាប័នពាក់ព័ន្ធមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំតាមការស្នើសុំនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថាការខ្វះឯកសាររបស់គណបក្សភ្លើងទៀនគឺជា«ឧបាយកល»និងជាគោលដៅរបស់គណបក្សប្រឆាំងដោយផ្ទាល់ ដែលមិនចង់ចូលរួមការបោះឆ្នោត និងថា ការណ៍នេះជាចេតនាចង់យកបរទេសមកគាបសង្កត់រដ្ឋាភិបាលកម្ពុជា៕