នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានថ្លែងរិះគន់ខ្លាំងៗ ចំពោះសកម្មភាពឃោសនារបស់ក្រុមអ្នកនយោបាយជំទាស់ ដែលបានសន្យាអំពីការបង្កើនកញ្ចប់ថវិកាឲ្យដល់៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍឃុំ-សង្កាត់ និងលុបចោលក្រសួងអភិវឌ្ឍន៍ជនបទ។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា មានតែគណបក្សប្រជាជនកម្ពុជារបស់លោកមួយតែប៉ុណ្ណោះ ដែលអាចធានាបានសន្តិភាព និងការអភិវឌ្ឍ។
ថ្លែងទៅកាន់អ្នកគោរពប្រតិបត្តិសាសនាគ្រិស្តរាប់ពាន់នាក់នៅក្នុងពិធីជួបជុំមួយ ធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានថ្លែងថា៖
«ខ្លះគេលើកថា ៥០ដុល្លារ ៥០ម៉ឺនដុល្លារ អភិវឌ្ឍឃុំ តើឃុំជារដ្ឋមួយឬអី? តើឃុំជារដ្ឋមួយឬអី? ហេដ្ឋារចនាសម្ព័ន្ធដែលរដ្ឋបានវិនិយោគក្នុងមួយឆ្នាំ ក្នុងរង្វង់ ៧០០ ដល់ ១.០០០លានដុល្លារ នោះហើយវាជាសមិទ្ធិផលលើសលប់។ ខ្ញុំលើកឧទាហរណ៍ ស្ពានឆ្លងទន្លេ មិនមែនឃុំមួយ យកមកធ្វើបានទេ អ្នកដែលឈ្នះជាប់ឃុំនៅហ្នឹង យក៥០ម៉ឺន យកទៅធ្វើបានទេ នេះឃោសនាឲ្យតែពីរួច»។
ក្នុងថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រាប់ក្រុមអ្នកគាំទ្រគណបក្សថា គណបក្សប្រឆាំងមានគោលនយោបាយផ្តល់កញ្ចប់ថវិកាចំនួន ៥០ម៉ឺនដុល្លារទៅតាមឃុំនីមួយៗក្នុងមួយឆ្នាំ ហើយថវិកានេះនឹងត្រូវដំឡើងឲ្យដល់១លានដុល្លារ ប្រសិនគណបក្សសង្គ្រោះជាតិត្រូវបានជ្រើសតាំងឱ្យកាន់អំណាច។
មេបក្សប្រឆាំងរូបនេះថ្លែងថា ការផ្តល់កញ្ចប់ថវិកាចំនួន៥០ម៉ឺនដុល្លារ ទៅតាមឃុំនីមួយៗក្នុងមួយឆ្នាំនេះ នឹងធ្វើឲ្យឃុំ-សង្កាត់នីមួយៗមានលទ្ធភាពអភិវឌ្ឍភូមិឃុំដោយខ្លួនឯង ដោយមិនចាំបាច់មានក្រសួងអភិវឌ្ឍន៍ជនបទនោះទេ។
នៅថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ បានឆ្លើយតបនឹងគម្រោងរបស់មេបក្សជំទាស់នេះថា ការប្រកាសលុបចោលក្រសួងអភិវឌ្ឍន៍ជនបទ ជាតម្រុយនៃការឈានទៅដល់ការផ្ទុះសង្គ្រាម។ លោកអះអាងថា ដើម្បីការពារសន្តិភាពបានប្រជាពលរដ្ឋខ្មែរត្រូវបោះឆ្នោតឲ្យគណបក្សលោកឈ្នះឆ្នោតគ្រប់ដំណាក់កាល។
លោក ហ៊ុន សែន បានព្រមានថា៖
«ដើម្បីធានាសន្តិសុខបន្តសម្រាប់ការអភិវឌ្ឍ វិធីតែមួយគត់ គឺគណបក្សប្រជាជនត្រូវឈ្នះឆ្នោតគ្រប់ដំណាក់កាលទាំងអស់។ ពាក្យគេថា ចាបមួយក្នុងដៃប្រសើរជាងចាបមួយរយ ឬចាប ១០នៅលើមេឃ នេះមិនមែនជាទ្រឹស្ដីរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំចាត់ទុកថា វាជាទ្រឹស្ដីពិតប្រាកដហើយ»។
គណបក្សនយោបាយចំនួន១២ ដែលបានដាក់បេក្ខជនឲ្យឈរឈ្មោះនៅតាមឃុំ-សង្កាត់ បានបើកយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃសៅរ៍។ គណបក្សនយោបាយនីមួយៗ មានពេល១៤ថ្ងៃសម្រាប់ការធ្វើយុទ្ធនាការបោះឆ្នោត មុនការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងរៀបចំឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនឹងពិចារណាលើសារនយោបាយរបស់លោក ហ៊ុន សែន។ លោកថា គណបក្សប្រឆាំងមិនត្រូវការឆ្លើយឆ្លងចំពោះសារនយោបាយនានាជាមួយលោកនាយករដ្ឋមន្ត្រី ខណៈដែលការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកំពុងតែដំណើរការ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះបញ្ជាក់ថា៖
«អ្វីដែលសំខាន់គឺប្រជាពលរដ្ឋ។ សំខាន់សារនយោបាយ គោលនយោបាយរបស់យើង គឺយើងផ្តល់ជូនទៅកាន់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ក្នុងការធ្វើសេចក្ដីសម្រេចចិត្តហ្នឹង។ វាអត់មានរឿងអ្នកនយោបាយទេ ប្រជាជនម្នាក់ ប្រជាពលរដ្ឋម្នាក់ គឺសន្លឹកឆ្នោតមួយសន្លឹក នាយករដ្ឋមន្ត្រីទោះបុណ្យសក្ដិប៉ុណ្ណាក៏ដោយ គឺសន្លឹកឆ្នោតមួយសន្លឹក អញ្ចឹងសារនយោបាយរបស់យើង គឺយើងមិនសំដៅទៅលើគណបក្សកាន់អំណាចទេ យើងសំដៅទៅលើប្រជាពលរដ្ឋ បើប្រជាពលរដ្ឋលោកមានជំនឿ លោកទុកចិត្ត លោកបោះឆ្នោតឲ្យហើយ»។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍន៍សង្គម ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា សារគំរាមកំហែងខាងនយោបាយរបស់មេដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន មិនផ្តល់ផលចំណេញដល់គណបក្សកាន់អំណាចទេ ហើយអ្នកបោះឆ្នោតក៏មិនបារម្ភចំពោះការព្រមានច្រំដែលអំពីការផ្ទុះសង្គ្រាមផងដែរ។ លោកថា ក្នុងសង្គមអនុវត្តលទ្ធិប្រជាធិបតេយ្យ មិនអាចមានតែគណបក្សមួយដឹកនាំប្រទេសរហូតនោះទេ ដូច្នេះការផ្លាស់ប្តូរគឺជៀសមិនរួចនោះឡើយ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍន៍សង្គមថ្លែងប្រាប់ VOA យ៉ាងដូច្នេះថា៖
«នៅក្នុងលទ្ធិប្រជាធិបតេយ្យ តែកាលណាពលរដ្ឋឈប់គាំទ្រហើយ អាហ្នឹងវាត្រូវតែមានដំណោះស្រាយផ្សេងហើយ ហើយនៅក្នុងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យមិនអាចមានគណបក្សណាមួយហ្នឹងនៅកាន់ក្នុងតំណែងមួយជីវិតរហូតទេ វាតែងតែមានដូរចេញដូរចូល ទោះបីគណបក្សនៅប្រទេសដទៃខ្លះ ជាប់ក្នុងតំណែង២០ឆ្នាំ តែដល់ពេលមួយនោះធ្លោយ ក៏ត្រូវធ្លាក់ទៅដោយសារគោលនយោបាយរបស់ខ្លួនហ្នឹងលែងសមស្របជាមួយនឹងសង្គមរស់នៅរបស់មនុស្ស»។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដ៏មានអំណាចនៅបន្តផ្ញើសារគំរាមបន្ថែមថា មានតែអ្នកនយោបាយរបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលនឹងអាចឡើងកាន់អំណាចជំនួសលោកបាន ហើយគ្មានគណបក្សនយោបាយណាមួយមកជំនួសបានទេ។ លោកថា គណបក្សនយោបាយផ្សេងមិនមានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីកាន់ការងាររដ្ឋ និងគ្រប់គ្រងកងទ័ពនោះទេ។
លោក ហ៊ុន សែន ក៏ព្រមានមិនឲ្យមានចលនាបដិវត្តន៍ ឬយោធាណាមួយងើបមកប្រឆាំងលោកដែរ។ លោកថា ពួកគេនឹងមានជោគវាសនាដូចកងទ័ពរបស់គណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ដែលត្រូវបានកម្លាំងទ័ពលោកវាយឲ្យខ្ចាត់ខ្ចាយកាលពីឆ្នាំ១៩៩៧។
«សុំកុំជ្រួលជ្រើមនឹងសង្គ្រាម កំដរបាន សម្តេចក្រុមព្រះលោករាងចាលហើយ»។
ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានតែគណបក្សធំៗពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបានដាក់បេក្ខជនឲ្យឈរឈ្មោះនៅឃុំ-សង្កាត់ចំនួន ១.៦៤៦ ក្នុងទូទាំងប្រទេស។ ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១៧ នេះ ត្រូវមើលឃើញថា មានការប្រកួតប្រជែងខ្លាំងរវាងបក្សកាន់អំណាច និងបក្សប្រឆាំង ដោយសារតែបក្សទាំងពីរនេះមានកម្លាំងគាំទ្រប្រហាក់ប្រហែលគ្នា។
នៅមុនការឃោសនាចាប់ផ្តើម ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាធានាឲ្យបានបរិយាកាសសេរីក្នុងការអនុវត្តសិទ្ធិនយោបាយ និងការបញ្ចេញមតិ ដោយមិនមានការគំរាមកំហែង៕