លោក​ ហ៊ុន សែន​និយាយ​ថា​កម្ពុជា​នឹង​មិន​យក​មេរៀន​តាម​ទុយនេស៊ី​ទេ

លោក​ ហ៊ុន សែន ​នាយករដ្ឋ​មន្រ្តីនៃ​ប្រទេស​កម្ពុជា​ បាន​កាន់​អំណាច​​​រយៈពេល​៣២​ឆ្នាំ​ហើយ។

លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន​ ​បាន​ប្រកាស​សាជាថ្មី​នៅ​ថ្ងៃពុធ​នេះ​ថា​ លោក​នឹង​មិន​ចុះចេញពី​តំណែង​ទេ ​បើ​ទោះជា​មាន​ការលើក​យក​មក​វិភាគ​មួយ​ចំនួន​ចំពោះ​ព្រឹត្តិការណ៍​បះបោរ​នៅក្នុង​បណ្ដា​ប្រទេស​អាហ្រ្វិក​និង​អារ៉ាប់​ក៏ដោយ។ មេដឹកនាំ​គណបក្ស​ជំទាស់​និង​មន្ដ្រី​សិទ្ធិមនុស្ស​ចាត់ទុក​ថា​ចលនា​តវ៉ា​របស់​ប្រជាពលរដ្ឋ​ក្នុង​បណ្ដា​ប្រទេស​ទាំងនោះ​ជា​មេរៀន​សម្រាប់​ប្រទេស​កម្ពុជា។

បន្ទាប់ពី​បានលើក​ពីការ​បកស្រាយ​របស់​អ្នកវិភាគ​ខ្មែរ​ម្នាក់​នៅ​ជុំវិញ​ស្ថានភាព​ងើប​បះបោរ​របស់ក្រុម​ប្រជាជាតិ​នៅ​ប្លុក​ប្រទេស​អារ៉ាប់​ដូច​ជា​ប្រទេស​ទុយនេស៊ី លោកនាយក​រដ្ឋមន្រ្ដី​ខ្មែរ​ ហ៊ុន សែន​ បាន​ប្រកាស​សា​ជាថ្មី​យ៉ាងដូច្នេះ​ថា៖

«អ្នកណា​ចុះចេញ​ពី​តំណែង ​អញ​មិនចុះ​ទេ»។

ការងើប​បះបោរ​ទាំងនេះ​បាន​ក្លាយ​ជា​កត្តា​ជំរុញ​ឱ្យ​មាន​ការងើប​ឡើង​ផ្ដួល​រំលំ​ក្រុម​មេដឹកនាំ​កាន់​អំណាច​ដ៏យូរ​នៅតាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​អាគារ​កុមារ​គ​ថ្លង់​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បញ្ជាក់​ថា លោក​នៅតែ​ជា​នាយក​រដ្ឋមន្ដ្រី​ ដរាប​ណា​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​របស់​លោកឈ្នះ​ឆ្នោត។

«ឥឡូវ​គណបក្ស​ប្រជាជន​ដាក់​បេក្ខភាព​(ខ្ញុំ)​ទៅ​ទៀត​សម្រាប់​ឆ្នាំ២០១៣។ ​បើ​ឈ្នះ ​(ខ្ញុំ) ធ្វើ​(នាយករដ្ឋមន្ដ្រី) ទៀត​ពីព្រោះ​យើង​ត្រូវ​គោរព ​(ការសម្រេចចិត្តរបស់ ) ​ប្រជាជន។ កុំ​មក​បន្ទោស​ថា​យូរ​ថា​ឆាប់។ អ្នក​ដែល​ចាំ​នោះ ​គឺយូរ​ណាស់​ ប៉ុន្ដែ​អ្នក​ដែល​មិន​ចាំ​គឺ​ឆាប់ពេក»។

លោក​ ហ៊ុន សែន ​បាន​កាន់​អំណាច​បាន​រយៈពេល​៣២​ឆ្នាំ​ហើយ។ ហើយ​នៅក្នុង​នេះ​លោក​នឹង​ធ្វើជា​នាយក​រដ្ឋមន្ដ្រី​បាន​២៨ឆ្នាំ​រហូតដល់​ចប់​អាណត្តិ​រដ្ឋាភិបាល​ឆ្នាំ​២០១៣​ខាងមុខ​នេះ។ លោក​គឺជា​មេដឹកនាំ​ប្រទេស ​ដែល​កាន់​អំណាច​យ៉ាងយូរ​ដែល​មាន​តិចតួច​បំផុត​ក្នុង​ពិភពលោក។

ចាប់តាំង​ពី​មាន​ចលនា​ងើបឡើង​បះបោរ​របស់​ក្រុម​ប្រជាជាតិ​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង ការដឹកនាំ​យ៉ាងយូរ​និង​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​និយម​រួមទាំង​អយុត្តិធម៌​សង្គម​និង​ភាព​អត់ការងារ​ធ្វើ​នៅទ្វីប​អាហ្វ្រិក​ប៉ែក​ខាងជើង​និង​នៅក្នុង​ពិភព​អារ៉ាប់​នៃ​តំបន់​មជ្ឈិម​បូព៌ា​ចាប់តាំង​ពីខែ​មករា រៀង​មក​លោក​នាយក​រដ្ឋមន្ដ្រី​ ​ហ៊ុន សែន ​បាន​ព្រមាន​ជាបន្ដបន្ទាប់​ចាប់តាំង​ពី​ថ្ងៃ២០​ខែមករា​មក​ដែរ​ក្នុងការ​ធ្វើការ​បង្រ្កាបការប៉ុនប៉ង​ផ្ដួល​រំលំ​រូប​លោក​តាម​រូបភាពរដ្ឋប្រហារ​ណា​មួយ។

កាលពី​ថ្ងៃ​ច័ន្ទ​ទី៤ ខែមេសា ​លោក ​ហ៊ុន សែន ​បាន​ប្រកាស​នៅក្នុង​ខេត្ត​កណ្ដាលថា ​លោក​នឹង​បន្ដ​កាន់​អំណាច​ដោយ​លោក​ថ្លែង​ដោយ​មិន​ចំ​ឈ្មោះ​សំដៅ​ប្រឆាំង​ទៅនឹង​ការចង់​ឲ្យ​មាន​ការផ្លាស់ប្ដូរ​មេដឹកនាំ​ ប្រទេស​កម្ពុជា។

លោកកឹម សុខា ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ដែល​ជា​គណបក្ស​ជំទាស់​មាន​បី​អាសនៈ​ក្នុង​រដ្ឋសភា​ចាត់ទុក​ថា​ការលើក​ឡើ​ងពី​ការចង់​ស្ថិត​ក្នុង​អំណាច​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​គឺ​ជា​ការបង្ហាញ​ជំហ​មួយ។

«ដោយ​ប្រជាពលរដ្ឋ​ឮ​ច្រើន​អំពី​ចរន្ដ​ការផ្លាស់ប្ដូរ​មេដឹកនាំ​ក្នុង​ពិភពលោក​ ជាពិសេស​នៅក្នុង​ប្លុកអា​រ៉ាប់​ច្រើន​ ដូច្នេះ​ហើយ​បាន​ជា​គាត់​លើកឡើង​បញ្ជាក់​សាជាថ្មី។ ប្រហែល​ជា​គាត់ថា ​ដឹកនាំ​យូរល្អ​សម្រាប់ គាត់​ ប៉ុន្ដែ​សម្រាប់​ទស្សនៈ​ប្រជាធិបតេយ្យ​ក្នុង​ពិភពលោក ​គេ​មិន​ចង់​ឲ្យ​មានអ្នក​ដឹកនាំណា​នៅ​ដឹកនាំ​យូរ​ទេ ​គឺ​ចង់ឲ្យ​មាន​ការផ្លាស់ប្ដូរ»។

លោក​ចាន់ សាវ៉េត ប្រធាន​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​ បាន​បញ្ជាក់​ថា​ តំណែង​របស់​លោក​ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​តទៅ​ទៀត​បាន​ឬ​យ៉ាង​ណា​អាស្រ័យ​លើ​ការសម្រេច​ចិត្ត​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ពេល​បោះឆ្នោត​ក៏ប៉ុន្ដែ​លោក​បាន​ចាត់ទុក​ថាស្ថានភាពបះបោរ​របស់​ប្រជាជាតិ​ក្នុង​ពិភពលោក​ គឺជា​អ្វីមួយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែយក​ចិត្តទុក​ដាក់។

«សព្វថ្ងៃ​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​ក៏គាត់​ទទួល​រង​សម្ពាធ​នៃ​ការរំលោភ​សិទ្ធិមួយ​ចំនួន​ដូចជា​រឿង​ដីធ្លី ការបំបិទ​សិទ្ធិ​សេរីភាព​ទាមទារ​តវ៉ា​នេះ​ជាដើម​ ដូច្នេះ​ខ្ញុំ​មើល​ឃើញ​សម្ដេច​ហ៊ុន សែន ​ក៏​គាត់ពិ​ចារណាដែរ​សម្រាប់​ឲ្យ​ឃើញថា ​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក ​កាលណា​មាន​ការរឹតត្បិត​ ការជិះ​ជាន់​ ការធ្វើ​បាប ការប៉ុនប៉ង​អ្វី​ផ្សេងៗ​នោះ ​ច្បាស់ជា​មាន​ការទាមទារ​និង​ធ្វើការ​តបត​ប្រឆាំង​ហើយ»។

ប្រទេស​ទុយ​នេស៊ី​ និង​ប្រទេស​អេហ្ស៊ីបស្ថិត​ក្នុង​ទ្វីប​អាហ្រិ្វក​ខាង​ជើងដូចគ្នា។ ហើយ​ការបះ​បោរ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ប្រទេស​ទាំងពីរ​នោះ​ បាន​ជំរុញ​ឲ្យ​មាន​ការងើប​ឡើង​តស៊ូ​របស់​ប្រជាជាតិ​នៅប្រទេស​លីប៊ី ​ដែល​ស្ថិត​នៅ​ចន្លោះ​ប្រទេស​អេហ្ស៊ីប​ និង​ប្រទេស​ទុយ​នេស៊ី​ និង​ជា​ប្រទេស​ធំ​ជាងគេ​ទី​១៦​ ក្នុង​ពិភពលោក។ បន្ថែម​ពី​នោះ​ចលនា​ប្រជាជាតិ​ក៏​បាន​ងើបឡើង​ទៀត​នៅ​សាធារណ​រដ្ឋ ​យេម៉េន និង​ប្រទេសស៊ីរី​ ក្នុង​ប្លុក​អារ៉ាប់​នៃតំបន់​មជ្ឈិម​បូព៌ា​ដូចគ្នា៕