អ្នកវិភាគ​អាមេរិកាំង៖ គោលនយោបាយ​លោកហ៊ុន សែន​នឹង​​បរាជ័យ​នៅ​មីយ៉ាន់ម៉ា​បើ​មិនប្តូរ​ទិស

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) អញ្ជើញ​ត្រួតពល​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា លោក Wunna Maung Lwin (ស្ដាំ) នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ណៃពិដោ ក្នុង​ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ (AP)

វ៉ាស៊ីនតោន ​- វិបត្តិ​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​គ្របដណ្តប់លើ​សមាគម​អាស៊ាន​ក្នុង​រយៈពេល​ជាង​១ឆ្នាំ​នេះ​ហើយ​វា​បាន​លេចចេញ​នូវ​ភាពចម្រូងចម្រាស​កាន់តែ​ខ្លាំង​នៅ​ពេល​កម្ពុជា​ចាប់​ផ្តើម​តួនាទី​ដឹកនាំសមាគម​ថ្នាក់​តំបន់​នេះ​និង​លូកដៃ​ជួយ​ដោះស្រាយ។

អ្នកស្រាវជ្រាវ​បស្ចិម​ប្រទេសមើលឃើញ​ថា​របៀប​ដោះស្រាយរបស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែល​ប្រើប្រាស់​វិធី​សាស្ត្រ​ទន់ភ្លន់​ដាក់​ក្រុមយោធា​ដោយ​ធ្វើដំណើរ​ទៅជួប​មេដឹកនាំ​យោធា​ហើយ​មិន​អើពើ​នឹង​ក្រុមប្រឆាំង​នឹង​ឈាន​ទៅបរាជ័យ​ក្នុង​កម្រិត​មួយ​មិន​អាច​ស្មាន​បាន។ ទន្ទឹម​នឹង​នេះ​វានឹង​ធ្វើ​ឲ្យសាមគ្គីភាព​ប្រទេស​ក្នុង​តំបន់​កាន់តែ​ចុះខ្សោយហើយ​ប៉ះពាល់​ដល់​កេរ្តិ៍​ដំណែល​ផ្ទាល់ខ្លួន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ផងដែរ។

នៅ​ក្នុង​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា​«តម្លៃ​នៃ​គោល​នយោបាយ​បរាជ័យ​របស់​លោកហ៊ុន សែន​ចំពោះ​មីយ៉ាន់ម៉ា»​ដែល​មជ្ឈមណ្ឌល​សិក្សា​កិច្ចការ​អន្តរជាតិនិង​យុទ្ធសាស្ត្រ (CSIS)បាន​ចេញផ្សាយ​កាលពី​ដើមខែ​កុម្ភៈ​ លោក​Charles Dunst ​អ្នកស្រាវជ្រាវ​មួយ​រូប​នៃ​មជ្ឈមណ្ឌល​នេះ​លើកឡើង​ថាសំណួរ​ដែល​គេ​ត្រូវ​សួរ​គឺ​មិនមែន​ថា​តើ​គោលនយោបាយ​មី​យ៉ាន់​ម៉ា​របស់​លោក ហ៊ុន សែន ​នឹង​ជោគជ័យ​ឬ​ទេ​ប៉ុន្តែ​តើ​វា​នឹង​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កម្រិត​ណា?

លោក Charles Dunst ​បាន​បន្ថែម​ថា៖

«ខណៈពេល​ដែល​ប្រទេស​អាស៊ាន​ដូចជា​ ឥណ្ឌូណេស៊ី ​និង​ម៉ាឡេស៊ី​ (រួមជាមួយ​បស្ចិម​ប្រទេស) ​ជំរុញ​ឱ្យ​មាន​ការស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ដើម្បី​ទទួលបាន​សន្តិភាព​នោះ​ លោក ហ៊ុន សែន ​បានចាត់វិធានការ​ផ្ទុយ​ពីនេះ។ លោក​ជឿ​ថា ​លោក​អាច​ដោះស្រាយ​ស្ថានការណ៍​ដោយ​ផ្ទាល់​ដោយ​ការ​ពង្រឹង​ការ​កាន់​អំណាច​របស់​របប​យោធា»។

វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ចាប់ផ្តើម​តាំងពី​ដើមខែ​កុម្ភៈ​ឆ្នាំ​មុន​បន្ទាប់​ពី​ក្រុមយោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ស្របច្បាប់​ហើយ​ចាប់​មេដឹកនាំ​ដាក់ពន្ធនាគារ​ដោយ​ប្រើប្រាស់​បទចោទ​ដែល​មាន​លក្ខណៈ​នយោបាយ​និង​មិនសមទំនង​ជាច្រើន​ក្នុងនោះ​មាន​ការធ្វើ​យុទ្ធនាការ​ល្មើស​នឹង​បំរាម​កូវីដ​និង​នាំចូល​និង​កាន់កាប់​វិទ្យុទាក់ទង​ចំនួន​៦​គ្រឿង​ដោយ​ខុស​ច្បាប់។ វិបត្តិ​នេះ​បាន​ឈាន​មកដល់​ជម្លោះ​ប្រដាប់​អាវុធ​និង​វិបត្តិ​មនុស្ស​ធម៌​ដោយ​មាន​ពលរដ្ឋ​ជាង​៤៤​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ចេញ​ពី​លំនៅដ្ឋាន​ដើម្បី​គេចចេញ​ពី​ការប្រយុទ្ធគ្នា​ប្រដាប់​អាវុធ។

អាស៊ាន​សម្រេច​បាន​កិច្ចព្រមព្រៀង​ចំនួន​៥​ចំណុច​ដែល​ស្នើ​ឲ្យ​បញ្ឈប់​ហិង្សា​ និង​បើកការចរចា​គ្រប់​ភាគី​ក៏​ដូចជា​សម្រួល​ដល់​សកម្មភាព​មនុស្សធម៌​ប៉ុន្តែ​ក្រុមយោធា​មិន​អនុវត្តបាន​តាម​ចំណុច​ណាមួយ​ឡើយ​។ នេះ​បើតាម​ការវាយតម្លៃ​របស់​អ្នកវិភាគ។ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​កាលពី​ដើម​ខែ​មករា​ដើម្បី​ទំលុះភាពទាល់ច្រក​ដោយ​បាន​ជួប​មេដឹកនាំ​រដ្ឋប្រហារ។ ប៉ុន្តែ​ដំណើរ​របស់​លោក​រងការរិះគន់​ជាច្រើន​ពី​អ្នកជំនាញ​អន្តរជាតិ​និង​សមាជិក​អាស៊ាន​ខ្លះ​ដូចជា​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី។

លោក​Charles Dunst យល់​ថា​កត្តា​មួយ​នៃ​ការចូល​លូកដៃ​របស់​លោកហ៊ុន សែន​ក្នុង​ការដោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ា​ត្រូវ​បាន​ជំរុញ​ដោយ​ការបញ្ចើច​បញ្ចើខ្លួន​ឯង​ដែល​មេដឹកនាំ​កម្ពុជា​ទទួលបាន​ក្នុង​ប្រទេស​ថា​ជា​«ស្ថាបនិក​សន្តិភាព»។ កត្តា​មួយ​ទៀត​គឺ​ ការមិនផ្តល់​តម្លៃ​លើ​ប្រជាធិបតេយ្យ​ ដោយ​យល់​ថា​ការមាន​ស្ថិរភាព​ប្រសើរជាង​មាន​លទ្ធិប្រជាធិបតេយ្យ​ហើយ​វា​គឺ​ជាអ្វី​ដែល​លោក​ហ៊ុន សែន​កំពុងអនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា។ បន្ថែម​លើ​នេះ​គឺលោកហ៊ុន សែន​មានប្រវត្តិ​ចាត់ទុក​«ប្រជាធិបតេយ្យ​ជា​ប្រភព​នៃ​ភាពចលាចល​គឺ​មិនមែន​ជា​វិធី​គេចពី​ភាពចលាចល​ទេ»​ហើយ​ទស្សនៈ​នេះ​ត្រូវ​បាន​ក្រុង​ប៉េកាំង​ដែល​ជា​មិត្ត​ដែកថែប​របស់​កម្ពុជាយល់ដូចគ្នា។

លោក​Charles Dunst ​បាន​បញ្ជាក់​ថា៖​

«វិធីសាស្រ្ត​របស់​លោកចំពោះ​ប្រទេស​មីយ៉ាន់ម៉ា​នឹង​មិននាំមក​នូវ​សន្តិភាព​ដល់​ប្រទេស​នោះ​ទេ។ ផ្ទុយ​ទៅវិញ ​វា​នឹង​ធ្វើឱ្យ​ស្ថានការណ៍​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាន់តែ​អាក្រក់​ឡើង ​បង្កើន​ភាពតានតឹង​ក្នុង​អាស៊ាន ​និង​ធ្វើឱ្យ​ខូច​ទំនាក់ទំនង​ជាក្រុម​ជាមួយ​សហរដ្ឋ​អាមេរិក​ ដែល​ទីបំផុត​ធ្វើឱ្យ​ការអះអាង​របស់​អាស៊ាន​ចំពោះ​មជ្ឈភាព​ក្នុង​តំបន់​ចុះខ្សោយ»។

រូបឯកសារ៖ ក្រុម​បាតុករ​ដើរ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់ ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។

មេដឹកនាំ​កម្ពុជា​បាន​ការពារ​វិធីសាស្ត្រ​របស់​លោក​ក្នុង​វេទិការ​សាធារណៈ​ជាច្រើន​ហើយ​បាន​ស្តីបន្ទោស​អ្នករិះគន់​លោក។ ក្នុង​វេទិការ​មួយ​កាលពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ​ លោកហ៊ុន សែន​បានថ្លែង​ថា​លោក​ត្រូវ​ធ្វើ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ដើម្បី​កុំ​ឲ្យ​រងការរិះគន់​ថា​ជា​ប្រធាន​មិន​បាន​ធ្វើ​អ្វី​ដោយ​លោក​អះអាង​ថា​ការធ្វើ​តាម​របៀប​កន្លងមក​គឺ​មិនចេញ​ទេ។

លោក​ហ៊ុន សែន​បាន​ថ្លែង​ថា៖

«ដំណើរ​ស្វែងរក​សន្តិភាព​មិន​មែន​ទៅ​ព្រឹក​មកវិញ​បាន​ផលល្ងាច​ទេ។ អត់ទេ។ ចាំមើល​ទៅ​ខ្ញុំ​វាយ​ក្រឡា​ទុក​ឲ្យ​ប្រាំ​ឆ្នាំ​ទៀត​។ បើសិនតែ​ធ្វើ​តែ​របៀប​ហ្នឹង​៥​ឆ្នាំ​ទៅ​១០​ឆ្នាំ​ឡើង​លើ»។

មេដឹកនាំ​កម្ពុជា​យល់​ថា​ដំណោះស្រាយ​ណាមួយ​ក៏ដោយ​គឺ​មិនអាច​ទាត់ចោល​ក្រុមយោធា​ដែល​កំពុង​កាន់អំណាច​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ។ លោកហ៊ុន សែន​បាន​លើក​ឡើង​ពី​ពេល​ដែល​លោក​រងទណ្ឌកម្ម​និង​ដាក់​ឲ្យ​នៅ​ឯកា​ក្នុង​ពេល​កន្លង​មក​ជាពិសេស​ក្រោយ​ពី​ប្រទេស​វៀតណាម​បាន​ដាក់​ឲ្យ​កាន់​អំណាច​ដែល​នៅ​ពេល​នោះ​មិន​សូវមាន​អ្នកដឹកនាំ​ប្រទេស​ណា​និយាយ​រកលោក​ទេ​ប៉ុន្តែ​ពួកគេ​ត្រូវ​តែ​បង្ខំចិត្ត​ធ្វើការ​ជាមួយ​នឹង​លោក​ដោយសារ​តែ​ក្រុម​របស់​លោក​នៅ​កាន់​អំណាច​ជាច្រើន​ក្នុង​ប្រទេស។

លោក​ហ៊ុន សែន​បាន​រំលឹក​ដល់​អ្នករិះគន់​មិន​ចង់​ឲ្យ​មាន​វត្តមាន​ក្រុម​យោធា​ថា​ជា​ការបំបាត់​ចោល​ភាគី​ដ៏​មាន​អំណាច​មួយ​ដែល​មិន​អាច​ធ្វើ​បាន។

លោក ហ៊ុន សែន​បាន​បន្ថែម​ថា៖​

«អ៊ីចឹង​តើ​នេះ​ជា​ចំណុច​បង្រួប​បង្រួម​ជាតិ​ឬ​ជា​ចំណុច​បំផ្លាញ​ចោល​នូវ​រចនា​សម្ព័ន្ធ​កងទ័ព​មីយ៉ាន់ម៉ា​ទាំងស្រុង។ តើ​គេសុខចិត្ត​ទេ? គេព្រមទេ? គេមាន​កាំភ្លើង​ណា»។

លោក ហ៊ុន សែន បាន​បញ្ជាក់​ពី​គោល​បំណង​រួម​របស់​លោក​ថា​លោក​ទៅ​ដាំ​ដើមឈើ មិន​មែន​កាប់​ឈើ​ទេ។ ចំណែក​ឯ​ប្រទេស​ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី ​និង​ប្រទេស​ដទៃទៀត​ស្វែងរក​ការដកចេញ ​ឬ ​“កាត់បន្ថយ”។ ប៉ុន្តែ​លោក​Charles Dunst ​វាយតម្លៃ​ថាការស្រោចស្រព​របស់​មេដឹកនាំ​កម្ពុជា​គឺ​មានទំនោរ​ទៅរក​ឫសគល់​របស់​កងទ័ព ​ដោយជឿថា​សភាពការណ៍​គឺ​ដូចជា​នៅ​កម្ពុជា​ដែរ​ ដែល​របប​ផ្តាច់ការគឺជា​ឱកាស​ដ៏ល្អ​បំផុត​ដើម្បី​ស្ថិរភាព​និង​សន្តិភាព​ជាតិ។

លោក Charles Dunst យល់​ថា​ករណីមីយ៉ាន់ម៉ា​គឺ​មិនមែន​ជា​ប្រទេស​កម្ពុជា​ទេ ​ហើយ​ឆ្នាំ​២០២០ ​មិនមែនជា​ឆ្នាំ១៩៩០ ​ទេ​ពីព្រោះ​ពលរដ្ឋ​មីយ៉ាន់ម៉ា​បាន​ភ្ជាប់នឹង​ពិភពលោក​តាម​បណ្តាញ​អ៊ីនធឺណិត​ជាង​អ្វី​ដែល​ក្រុមយោធា​ដឹង​បន្ទាប់​ពី​ការបើកចំហរ​ក្នុង​រយៈពេល​ជិត​១ទសវត្សរ៍​មកនេះ​ហើយ​ពួកគេ​មិន​ព្រម​រស់​នៅ​ក្រោមការដឹកនាំ​នៃ​របប​យោធា​ផ្តាច់ការ​ជាថ្មី​ទេ។ ក្រុមប្រឆាំង​ក៏​មិន​សុខចិត្ត​ធ្វើសម្បទាន​ដល់​អ្នកឆក់ប្លន់​អំណាច​ដែរ។

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួបជាមួយ​នឹង​ប្រមុខ​រដ្ឋ​មីយ៉ាន់ម៉ា លោក​ឧត្តមសេនីយ៍ Min Aung Hlaing (ឆ្វេង) ក្នុង​អំឡុងពេល​នៃ​ជំនួប​មួយ​នៅ​ទីក្រុង​ណៃពិដោរ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។

កម្ពុជា​បាន​ខិតខំ​ជួយ​សម្របសម្រួល​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​នៃ​របប​យោធា​មីយ៉ាន់ម៉ា​បាន​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​ដែល​រៀបចំ​នៅ​ចុងខែ​មករា​ប៉ុន្តែ​ត្រូវបាន​រដ្ឋមន្ត្រី​អាស៊ាន​មួយ​ចំនួន​បដិសេធ​មិន​ចូលរួម​ជាមួយ។ ទៅទីបំផុត​កិច្ច​ប្រជុំ​នោះ​អាច​រៀបចំ​បាន​នៅ​ក្នុង​រយៈពេល​១​ខែ​ក្រោយ​បន្ទាប់​ពី​កម្ពុជា​យល់ព្រម​មិន​អញ្ជើញ​តំណាង​នយោបាយ​របស់​មីយ៉ាន់ម៉ា​ចូលរួម។

ការប្រឈម​មួយ​ទៀត​គឺ​ការពង្រឹង​ទំនាក់​ទំនង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នៅ​ពេល​ដែល​ក្រុម​មេដឹកនាំ​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក​និង​អាស៊ាននៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ពីថ្ងៃទី២៨​ដល់​២៩​ខែមីនា​ដោយ​នឹង​មិនមាន​វត្តមាន​មេដឹកនាំ​នៃ​របប​យោធា។ លោក​Charles Dunst ​បាន​ថ្លែង​ថា​លោក​Joe Biden ​នឹង​មិន​ផ្លាស់ប្តូរ​គំនិត​របស់លោក​នៅពេល​ខាងមុខ​នោះ​ទេ ​ដោយយោង​តាម​គំរូ​ដែល​បានកំណត់​ដោយ​ប្រធានាធិបតី ​George W. Bush ដែល​បានប្រឆាំង​នឹង​របប​យោធា​មុន​ដោយ​បដិសេធ​មិន​អង្គុយ​នៅ​តុ​តែមួយ​ជាមួយ​មេដឹកនាំ​នៃ​របប​នោះនិង​បញ្ជូន​មន្ត្រី​ថ្នាក់​ក្រោម​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន។

មន្ត្រី​សហរដ្ឋ​អាមេរិក​ថ្លែង​ថាអាមេរិក​គាំទ្រ​សេចក្តី​សម្រេច​ខែតុលា​ឆ្នាំ​២០២១​ របស់​អាស៊ាន​ក្នុង​ការរឹតបន្តឹង​ការចូលរួម​របស់​មីយ៉ាន់ម៉ានៅក្នុង​កិច្ចប្រជុំ​អាស៊ាន​កម្រិត​ខ្ពស់​ដោយ​អនុញ្ញាត​តែ​តំណាង​ដែល​មិន​នយោបាយ​ប៉ុណ្ណោះ។

មន្ត្រី​សេតវិមាន​មួយ​រូប​បាន​ថ្លែង​បន្ថែម​ប្រាប់​វីអូអេ​នៅថ្ងៃចន្ទ​ទី​២៨​ខែ​កុម្ភៈ​ក្នុង​លក្ខខណ្ឌមិន​បញ្ចេញ​ឈ្មោះ​ថា​របប​យោធា​មីយ៉ាន់ម៉ា​បានបរាជ័យ​ក្នុង​ការធ្វើ​ឱ្យ​មានការវិវឌ្ឍន៍​ដ៏​មាន​អត្ថន័យ​លើ​កិច្ច ព្រមព្រៀង​ប្រាំចំណុចរបស់​អាស៊ាន​ ហើយ​អាមេរិក​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​ការធ្វើ​ឱ្យ​របប​នេះ​ទទួល​ខុសត្រូវ។

មន្ត្រី​សេតវិមាន​រូបនោះ​បាន​បន្ថែម​ថា៖​

«សម្រាប់​យើង ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​ដើម្បី​បង្កើន​សម្ពាធ​លើ​របប​យោធា ​រហូត​ដល់​ផ្លាស់ប្តូរ​ទិស​ និង​អនុញ្ញាត​ឱ្យ​មាន​ការស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ»។

លោកCharles Dunst ​យល់​ថា​វិធីដោះស្រាយ​ល្អ​គឺ​កម្ពុជា​ត្រូវ​ធ្វើការ​ជាមួយ​នឹង​បណ្តា​សមាជិក​អាស៊ាន​ដទៃទៀត​និង​សហរដ្ឋ​អាមេរិក​ដើម្បី​ជំរុញ​ឲ្យ​មាន​ការជួបពិភាក្សា​គ្នា​និង​ជំរុញ​ក្រុម​យោធា​ឲ្យ​គោរព​តាម​កិច្ចព្រមព្រៀង​ទាំង៥​ចំណុច​ឲ្យ​បាន​ជា​អតិបរិមា។

លោកCharles Dunst បាន​បញ្ជាក់​ប្រាប់​វីអូអេថា៖

«ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ការចរចា​គឺជា​មធ្យោបាយ​តែមួយ​គត់​ដែល​យើង​អាច​ដោះស្រាយ​ស្ថានការណ៍​មីយ៉ាន់ម៉ា​ដោយ​សន្តិវិធី។ ខ្ញុំ​មិន​គិត​ថា​ការចរចា​ទាំងនោះ​នឹង​កើតឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​គិត​ថា​អ្នក​ត្រូវ​រៀបចំ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការចរចា​ទាំងនោះ​ ដោយ​ជំរុញ​ឱ្យ​កងទ័ព​អនុវត្ត​ការព្រមព្រៀង​ប្រាំ​ចំណុច​ឲ្យ​បាន​កម្រិត​អប្បបរមា»។

លោកCharles Dunst ក៏​ស្នើ​ឲ្យ​ទទួលស្គាល់​ក្រុម​ប្រឆាំង​ជាជាង​ពួក​យោធា​និង​ថា​ត្រូវតែ​បង្ខំ​ពួក​យោធាលើ​ផ្នែក​សេដ្ឋកិច្ច​ដើម្បី​ឲ្យ​ពួកគេ​ធ្វើសម្បទាន៖

«នៅពេលដែល​ពួក​យោធា​មាន​អារម្មណ៍​ថា​ពួកគេ​ អស់​ធនធាន​ នោះ​ជា​ពេល​ដែល​ពួកគេ​អាច​ចាប់ផ្តើម​ធ្វើការ​ផ្លាស់ប្តូរ។ អ៊ីចឹង​ទាល់តែ ​លោក​ហ៊ុន សែន ​ចង់​ប្តូរ​អាកប្បកិរិយា​ពី​មិត្តភាព​ទៅ​ជា​គឃ្លើន​ជាង​នេះ​បើមិនអ៊ីចឹង​ទេ​ខ្ញុំ​មិន​គិតថា ​កម្ពុជា​នឹង​ទទួលបាន​ជោគជ័យ​ច្រើនជាង​ព្រុយណេ​ពីមុន​ទេ​»​។

អ្នកស្រី ហ៊ីម​ សុធារ័ត្ន​ សាស្រ្តាចារ្យ​ដេប៉ាតឺម៉ង់​សិក្សាអន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​យល់​ថា​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ធ្វើ​កន្លង​មក​គឺ​បាន​ល្អ​ជាង​ប្រធាន​អាស៊ាន​មុន។ អ្នកស្រី​យល់​ថាដំណើរ​ទស្សនកិច្ច​របស់​លោកហ៊ុន សែន​ទៅ​មីយ៉ាន់ម៉ាគឺ​ជា​ការស្វែងយល់​ឲ្យ​កាន់តែ​ច្បាស់​ពី​តម្រូវ​ការ​របស់​មេដឹកនាំ​រដ្ឋប្រហារ​និង​ផ្តល់​យោបល់​ដែល​អាច​ទទួល​យក​បាន​លើ​គ្រប់​ភាគី។ ​

អ្នកស្រី​ហ៊ីម សុធារ័ត្ន​បាន​បន្ថែម​ថា៖

«បើប្រៀប​នឹង​ប្រទេស​ដទៃ​គឺ​កម្ពុជា​អាច​ផ្តល់​លក្ខខណ្ឌ​ល្អ​ចំពោះ​មីយ៉ាន់ម៉ា​ផងដែរ​ពីព្រោះ​ថា​កម្ពុជា​បាន​យល់​និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ផ្តល់​ជា​បទពិសោធ​និង​មេរៀន​របស់​ខ្លួន​ដែល​ធ្លាប់​ឆ្លង​កាត់​កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន​ពាក់​ព័ន្ធ​ជាមួយ​នឹង​វិធីសាស្រ្ត​នៃ​ការដោះស្រាយ​ជម្លោះ​ផ្ទៃក្នុង​និង​ការផ្សះផ្សារ​ជាតិ»។

លោកប្រាក់ សុខុន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​និង​ជា​បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន​បាន​ថ្លែង​ថា​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ខែមីនា​នេះ​ប៉ុន្តែ​មកដល់​ត្រឹម​ថ្ងៃ​ចន្ទ​ទី​៧​ខែ​មីនា​នេះ​ នៅ​មិនទាន់​មាន​ការប្រកាស​ពី​ដំណើរ​នេះ​ជា​សាធារណៈ​នៅ​ឡើយ​ទេ៕