លោក ហ៊ុន សែន បញ្ជាដកអាជ្ញាបណ្ណសារព័ត៌មានវីអូឌី បន្ទាប់ពីមានភាពចម្រូងចម្រាសរឿងការចុះផ្សាយ

រូបឯកសារ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ បាន​បញ្ជា​ឲ្យ​ក្រសួង​ព័ត៌មាន​ដក​អាជ្ញាបណ្ណ​សារព័ត៌មានវីអូឌី (VOD) ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស​លើ​ការ​ចុះ​ផ្សាយ​នា​សប្តាហ៍​នេះ ជុំវិញរឿង​រ៉ាវ​ដែល​មាន​ការ​លើក​ឡើង​ថា ​លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បាន​ចុះ​ហត្ថ​លេខា​លើ​លិខិត​មួយ​ច្បាប់​ ស្តីពី​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​តួកគី។

ការបញ្ជា​របស់​លោក ហ៊ុន សែន ឲ្យបិទ​ស្ថាប័ន ​VOD បានកើតឡើង ក្រោយ​ពេលលោក​មិន​ពេញ​ចិត្ត​នឹង​លិខិត​មួយ​ច្បាប់​ដែល VOD​ បាន​សរសេរ​ទៅ​លោក ហ៊ុន សែន នា​រសៀល​ថ្ងៃ​អាទិត្យ​នេះ ក្នុង​គោល​បំណងដើម្បី​បញ្ចប់​រឿង​រ៉ាវដែល​នាយករដ្ឋមន្ត្រីកម្ពុជាមាន​ប្រតិកម្ម។

លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រហ្វេស​ប៊ុក​របស់​លោក ដោយ​បានចោទ​ជា​សំណួ​រ​ថា៖ «តើ​ការ​ប្រើ​ពាក្យ​សោក​ស្តាយ​និងសូម​អធ្យាស្រ័យ​វា​ជំនួស​ឲ្យ​ពាក្យ​សុំទោស​បាន​ដែរ​ឬ​ទេ? សម្រាប់​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ឡើយ»។

លោក ហ៊ុន សែន បានសរសេរ​បន្ថែម​ថា៖ «តើ​ការ​បក​ស្រាយ​បំភ្លឺ​នៅ​ទីនេះ​មាន​ចេតនា​ទម្លាក់​កំហុស​ឲ្យ​មន្ត្រី​រាជ​រដ្ឋាភិ​បាល​មែន​ទេ? ទុក​ជូន​ឯក​ឧត្តម ផៃ ស៊ីផាន ពិនិត្យ​លទ្ធភាព​ប្តឹង​ទៅ​តុលា​ការ»។

លោក ហ៊ុន សែន បាន​ឲ្យ​ក្រសួង​ព័ត៌មាន «លុប​ចោល​អាជ្ញាបណ្ណ​វិទ្យុ​វីអូឌី​ (VOD) ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ និង​ត្រូវ​បញ្ចប់​ការផ្សាយ​នៅ​ត្រឹម​ម៉ោង​ ១០.០០ នាទី​ថ្ងៃ១៣ កុម្ភៈ ២០​២៣ ជា​កំហិត»។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែលបានដាក់​ទៅ​នាយករដ្ឋមន្រ្តី ស្ថាប័ន VOD​ បាន​ប្រើ​ពាក្យ «សម្តែង​ការ​សោក​ស្តាយ និង​អធ្យាស្រ័យ» ហើយបាន​ពន្យល់​ថា​ អត្ថបទ​របស់​ខ្លួន​យោង​ប្រភព គឺ​អ្នកនាំពាក្យ​រដ្ឋាភិបាល។

កាលពី​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ ឆ្នាំ​ ២០២៣ សារព័ត៌មាន​ VOD បាន​ផ្សព្វផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណង​ជើង​ថា​៖ «មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរ​តួនាទីជំនួស​ឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែន​ជារឿងខុសឆ្គង»។

អត្ថបទ​នេះ​បាន​ដក​ស្រង់​សម្តី​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថា៖ «អ្នកសារ​ព័ត៌មាន ហើយសមាសភាព​អង្គការមិនមែន​រដ្ឋាភិបាល គាត់ឆ្ងល់ ហើយគាត់វាយ​ប្រហារ​ទៅលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលដូចជាចុះហត្ថលេខា​តំណាង​សម្តេច​តេ​ជោ ក្នុង​ការផ្តល់ជំនួយហ្នឹង។ [តើគេឆ្ងល់ ឬវាយប្រហារថាយ៉ាងណាដែរ? គេថា] ហេតុ​ដូចម្តេច​បានជា​រដ្ឋាភិបាលមិនប្រើប្រាស់តួនាទីរបស់សម្តេច​អគ្គមហា​សេនា​បតីតេ​ជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី ក្នុងការផ្តល់​ជំនួយ​ហ្នឹង? ហេតុអី​បាន​ដាក់ឲ្យ​ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នក​ផ្តល់​ទៅ​វិញ? អាហ្នឹង គឺ​ដែល​គេ​មិនសប្បាយចិត្តហ្នឹង»។

ទោះ​ជាយ៉ាងណា លោក ហ៊ុន ម៉ាណែត បាន​បដិសេធ​ថា លោក​មិន​បាន​ចុះហត្ថ​លេខាជំនួស​លោក ហ៊ុន សែន លើ​លិខិត​ណា​ឡើយ ពាក់ព័ន្ធ​នឹង​ជំនួយ​ជាថវិកា​ ចំនួន ១០ ម៉ឺន​ដុល្លារ ​ដល់​រដ្ឋាភិបាល​តួកគី។

លោក ហ៊ុន ម៉ាណែត បានសរសេរ​សារ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​លោក ដោយ​ទាមទារ​ឲ្យ​វីអូឌី​បង្ហាញ​ឯកសារ និង​សុំទោស​រូប​លោក។

លោក​បានបង្ហោះសារ​កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «ខ្ញុំសុំអោយវិទ្យុ VOD បង្ហាញឯកសារដែល​បញ្ជាក់ថា ​ខ្ញុំបានចុះហត្ថ​លេខាជំនួស​សម្តេចតេជោ​ប្រមុខរាជរដ្ឋាភិបាល ក្នុងការ​ផ្តល់​ជំនួយ​ថវិកាទៅ​ឲ្យ​ប្រទេសតួកគី​ ដែល​កំពុង​រងគ្រោះរញ្ជួយ​ដីផង ព្រោះខ្ញុំ​មិន​បាន​ដឹង​រឿងនេះ ហើយ​ខ្ញុំក៏​មិន​មាន​សិទ្ធិ​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​របស់រាជ​រដ្ឋាភិបាល​ដែរ។ បើ​ VOD​ មិន​មាន​ឯកសារ ហើយ​ចុះផ្សាយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ សូម​ធ្វើការ​សុំ​ទោស ព្រម​ទាំង​ធ្វើការកែ​សម្រួល​ព័ត៌មាននិង​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ជា​បន្ទាន់ ដើម្បីកុំអោយសាធារណៈមតិមាន​ការយល់ច្រឡំក្នុង​រឿង​នេះ​។ ខ្ញុំមិន​ចង់​បានអ្វីក្រៅ​តែ​ពី​ការពារភាពត្រឹមត្រូវ​និងច្បាស់លាស់​ទេ»។

រឿង​រ៉ាវ​នេះ​បាន​ឮ​ទៅ​ដល់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន រហូត​ដល់​មាន​ប្រតិកម្ម​ពី​រូប​លោក ដោយលោកបានប្រកាស​កំណត់​ពេល​វេលាឲ្យ​ VOD សុំទោស​ជាសាធារណៈ។

អ្នកនាំពាក្យ​របស់​សមាគម​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​វីអូអេ​ថា​ ការ​បញ្ជាឲ្យ​ដកអាជ្ញាបណ្ណ​សារព័ត៌មាន​ VOD ប៉ះពាល់​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​យ៉ាងធ្ងន់​ធ្ងរ ដោយ​សារ​ប្រជា​ពលរដ្ឋ​ជឿ​ទុក​ចិត្ត និង​ពេញ​ចិត្ត​ស្ថាប័ន​សារព័ត៌មានមួយនេះ។

លោក​បញ្ជាក់​ថា៖ «ការ​បាត់​បង់​ VOD គឺ​ជា​ផ្នែក​មួយ​ដ៏សំខាន់​ដែល​ធ្វើ​ឲ្យ​បាត់​បង់​នូវ​សំឡេង​ប្រជាធិបតេយ្យ ដែល​ជា​សេរីភាព​សារព័ត៌មាន។ អ៊ីចឹង យើង​មាន​ការ​សោកស្តាយ​មែន​ទែន»។ លោក​សង្ឃឹម​ថា ​រដ្ឋាភិបាល​នឹង​មាន​ការ​ពិចារណា​ឡើង​វិញ ដើម្បី​ឲ្យ​ VOD នៅ​បន្ត​ដំណើរ​ការ​បាន។

វីអូអេមិនអាចសុំការអត្ថាធិប្បាយពីស្ថាប័នវីអូឌីភ្លាមៗបាននៅឡើយទេ៕