ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសកាលពីថ្ងៃច័ន្ទថា គ្មាននរណាម្នាក់ត្រូវបានទទួលកំហុស និងផ្តន្ទាទោសចំពោះឧបទ្ទវហេតុរត់ជាន់គ្នានៅលើកោះពេជ្រកាលពីយប់ថ្ងៃទី២២នោះទេ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានសារភាពថា ឧបទ្ទវហេតុរត់ជាន់គ្នានេះ បានកើតចេញពីការធ្វេសប្រហែស និងការវាយតម្លៃសភាពការណ៍ខុស ហើយសោកនាដកម្មនេះ គឺជាកំហុសរួម។ មន្ត្រីគណបក្សប្រឆាំងបាននិយាយថា អ្នកទទួលខុសត្រូវរៀបចំពិធីបុណ្យជាតិត្រូវលាលែងចេញពីតំណែង។
ឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានកោះពេជ្រកាលពីសប្តាហ៍មុន បានសម្លាប់មនុស្ស ៣៥១នាក់និងរងរបួស៣៩៥នាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារទីស្តីការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាថា កំហុសធំបំផុតរបស់យើងនោះ គឺការវាយតម្លៃសភាពការណ៍មិនបានគ្រប់ជ្រុងជ្រោយនឹកស្មានមិនដល់ និងមានការធ្វេសប្រហែស។
«គ្មាននរណាមួយត្រូវទទួលយកកំហុសនេះទេ។ នេះជាកំហុសរួមមួយដែលទាំងអស់គ្នាស្មានមិនដល់ ម៉ោងនេះមិនទាន់មានមន្រ្តីណាមួយត្រូវបានដកចេញពីតំណែងទេ។ ខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិថា គ្មាននរណាមួយត្រូវទទួលទណ្ឌកម្មនៅក្នុងហេតុការណ៍នេះទេ»។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងយ៉ាងដូច្នេះថា៖
«បើមានការធ្វេសប្រហែសឬក៏អសមត្ថភាពរបស់អ្នកដែលទទួលខុសត្រូវក្នុងការរៀបចំបុណ្យជាតិ គឺអ្នកទាំងអស់នោះត្រូវតែលាចេញពីតំណែងដើម្បីបង្កឱ្យមានទំនុកចិត្តពីប្រជាពលរដ្ឋទៅលើស្ថាប័នជាតិ។ បើមិនដូច្នេះទេវិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតទៅមិនអាចទៅកាន់សុគតិភពទេ»។
ខិត្តប័ណ្ណជាច្រើនសន្លឹកត្រូវបានបាចនៅក្នុងទីក្រុងប៉ោយប៉ែតដោយសរសេរថាឧបទ្ទវហេតុនេះជា ផែនការរបស់រដ្ឋាភិបាលដើម្បីសម្លាប់ប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបដិសេធការចោទប្រកាន់នេះដោយបញ្ជាក់ថាហេតុការណ៍កើត ឡើងទាក់ទងនឹងការទទួលខុសត្រូវរបស់រដ្ឋាភិបាលហេតុអ្វីបានចោទរដ្ឋាភិបាលថាមានផែនការគ្រោងទុកជាមុនក្នុងការសម្លាប់មនុស្ស។
អ្នករងរបួសពីឧបទ្ទវហេតុនេះកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាក្នុងទីក្រុងភ្នំពេញ។ លោកនាយក រដ្ឋ មន្ត្រី ហ៊ុន សែនបានថ្លែងថា បើអ្នករងរបួសណានៅតែមានអាការៈធ្ងន់ធ្ងរ យើងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យពូកែៗនៅប្រទេសវៀតណាម ដើម្បីជួយព្យាបាល ហើយរដ្ឋាភិបាលត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះការចំណាយទាំងអស់ ដើម្បីព្យាបាលពួកគេ។
«ការព្យាបាលដោយយកចិត្តទុកដាក់ រាប់ទាំងពិនិត្យលទ្ធភាពអ្នកមានអាការៈធ្ងន់ធ្ងរដូចជា អ្នកខ្លះទាក់ ទងនឹងក្រលៀន យើងអាចទាក់ទងទៅមន្ទីរពេទ្យពូកែៗរបស់ប្រទេសវៀតណាម ដើម្បីដឹកបញ្ជូនទៅ ព្យាបាលនៅទីនោះ។ នេះជាការទទួលខុសត្រូវរបស់យើងចំពោះជនរងគ្រោះ»។
ពិធីបុណ្យអុំទូកប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា បានបញ្ចប់ដោយសោកនាដកម្មកាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីអ្នកដើរកម្សាន្តច្រើនរាប់ពាន់នាក់ បានរត់ជាន់លើគ្នានៅលើស្ពានកោះពេជ្រដោយមានមនុស្សណែន ណាន់តាន់តាប់ដែលតភ្ជាប់ដីកោះជាមួយដីគោកនោះ។
អ្នកបានបាត់បង់ជីវិតភាគច្រើនជាស្ត្រីនិងមានសំណួរជាច្រើនត្រូវបានលើកឡើងថានរណាត្រូវបានស្តីបន្ទោសចំពោះសោកនាដកម្មនេះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា សោកនាដកម្មនេះបានចាប់ផ្តើមជាមួយនឹង ការវាយ តម្លៃសភាពការណ៍ខុសនិងបានចាត់ទុកឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានកោះពេជ្រថាជាមហាវិនាសកម្មនិងសោកនាដកម្មដ៏ធំមួយចាប់តាំងពីការកាប់សម្លាប់របស់របបប៉ុល ពត នៅក្នុងទសវត្សរ៍ ១៩៧០៕