កាលពីខែកុម្ភៈ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានចេញសេចក្ដីសម្រេចមួយស្តីពីការកែសម្រួល និងរៀបចំការចងក្រងសម័្ពន្ធមេត្រីភាពរវាងអង្គភាពកងទ័ពកងនគរបាលជាតិជាមួយស្ថាប័នអង្គភាពស៊ីវិល នៅក្នុងសេចក្ដីសម្រេច ដែលបានចេញផ្សាយលេខពិសេសមួយ។ យ៉ាងហោចណាស់ក៏មានអ្នកជំនួញ ប្រមាណ៣នាក់ដែលមានឈ្មោះក្នុងបញ្ជី Global Witnessនិងជាមន្រ្តីគណបក្សកាន់អំណាច បានសន្យាជួយ អង្គភាពកងទ័ពចំនួន៥ភូមិភាគ។ ក៏ប៉ុន្តែមានឧកញ៉ាជាច្រើននៅក្នុងប្រទេសកម្ពុជា បាននិយាយថា សេចក្តី សម្រេចនេះបានបង្ហាញពីទឹកចិត្តស្នេហាមាតុភូមិរបស់ពួកគេចំពោះប្រទេសកម្ពុជា។ ការព្រួយបារម្មណ៍នេះ បានកំពុងកើតឡើងថា យោធាទាំងអស់នោះមិនបានធ្វើការ ដើម្បីបម្រើឆន្ទៈរបស់ពលរដ្ឋទេ។
លោក ហេង រស្មី រាយការណ៍លម្អិតដូចតទៅ៖
ចាប់តាំងពីមានរឿងទំនាស់ដីធ្លី នៅក្នុងកំឡុងខែមិនា រវាងប្រជាពលរដ្ឋនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាមួយនិងលោកឧកញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលមួយរូប មកពីគណ បក្សគ្រប់គ្រងអំណាច ក្រុមប្រជាពលរដ្ឋបាននិយាយថា ការប្រកបរបបទទួលទាន ការធ្វើអាជីវកម្មចិញ្ចឹមជីវិត ការធ្វើកសិកម្ម និងដំណាំចម្ការ ពុំសូវមានការជាប់លាប់ដូចបណ្តាឆ្នាំមុនៗទេ។
ក្រុមអ្នកស្រុកទាំងនោះ បាននិយាយថា ផលលំបាកនេះដោយសារតែក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ បានយកកម្លាំងយោធារបស់វីរៈសេនាតូចលេខ៣១៣ ដើម្បីការពារ និងរុញច្រានប្រជាពលរដ្ឋ ចេញពីទីតាំងដីដែលមានទំនាស់។
"វាប៉ះពាល់តាំងពីព្រៃមើលគោ តាំងពីដីស្រែចម្ការ។ អ្នកខ្លះមួយចំនួនបានភ្ជួរ បានរាស់លុបរបស់គ្នា ទៅវាស់វែងដីហើយគ្នារកដាំអីៗ មានទាហានទៅដេញគ្នាអត់ឲ្យដាំ អត់ឲ្យអីទៀត"។
វីរៈសេនាតូចលេខ៣១៣ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធភូមិភាគទី៣ ដែលមានទីតាំងនៅ ក្នុងខេត្តកំពង់ស្ពឺ។ ក៏ប៉ុន្តែបានស្ថិតនៅក្រោមការជួយឧបត្ថម្ភរបស់លោកឧកញ៉ាលី យ៉ុងផាត់ ចំណែកឯវីរៈ សេនាតូចលេខ៧០៣ បានចងសម្ព័ន្ធមេត្រីភាពជាមួយនិងអាជ្ញាធរអគ្គិសនីកម្ពុជា។
លោកឧកញ៉ាលី យ៉ុងផាត់ បានបញ្ជាក់ប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទមកថា ការចងសម្ព័ន្ធមេត្រីភាពនេះ គឺធ្វើឡើងដោយស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំទេ។ ក៏ប៉ុន្តែមន្រ្តីសិទ្ធិមនុស្ស ក្នុងស្រុក និងអ្នកតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ បាននិយាយថា ការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាព កងទ័ព កងនគរបាលជាតិជាមួយនិងស្ថាប័នអង្គភាពស៊ីវិល បានធ្វើឲ្យមន្រ្តីយោធាប៉ះពាល់ដល់អភិបាល កិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ជីនៅកម្ពុជា។
លោកស្រី Eleanor Nichol អ្នកស្រាវជ្រាវរបស់អង្គការឃ្លាំមើលការរំលោភបរិដ្ឋានអន្តរជាតិមួយ ដែលមានឈ្មោះថា Global Witness បាននិយាយថា សេចក្តីសម្រេចរបស់រដ្ឋាភិបាល អំពីការចងសម្ព័ន្ធមេត្រីភាពនេះ បានធ្វើឲ្យមន្រ្តីយោធាកម្ពុជា មិនបានបម្រើផលប្រយោជន៍ជូនប្រជាជនទេ។
លោកស្រីបានលើកឡើងទៀតថា នេះគឺជាភាពខ្សោយនៃនីតិរដ្ឋ និងអភិបាលកិច្ចល្អ។
"គោលនយោបាយរបស់រដ្ឋាភិបាល ប្រមូលផ្តុំដោយការការពារពីសំណាក់យោធា និងក្រុមអ្នកជំនាញហើយពួកគេ និងបានត្រឡប់មកវិញនូវការគាំទ្រផ្នែកថវិកានេះ មានន័យថា ក្រុមយោធាមិនបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅនោះទេ។ ប៉ុន្តែពួកគេបានបម្រើផលប្រយោជន៍ក្រុមពាណិជ្ជករ ហើយនៅទីបំផុត វាបានបង្ហាញឲ្យឃើញថា ប្រព័ន្ធច្បាប់ អភិបាលកិច្ច និងគោលនយោបាយនៅប្រទេសកម្ពុជានឹងត្រូវអន្តរាយ"។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្រ ដែលនាំឲ្យមានគំនិតផ្តួចផ្តើមនេះ បាននិយាយថា ការចងសម្ព័ន្ធមេត្រីភាពនេះ មានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងពេលដែលប្រទេសកម្ពុជា និងប្រទេសថៃ កំពុងតែប្រឈមមុខគ្នាដោយប្រដាប់អាវុធ នៅតំបន់ប្រាសាទព្រះវិហារ។
លោកឧកញ៉ាម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយនិង បញ្ជាការដ្ឋានបញ្ជូនសារ និងវីរៈសេនាតូចលេខ៨២៧ របស់យោធភូមិភាគទី៣ បាននិយាយថា យើងជា ប្រជាពលរដ្ឋខ្មែរត្រូវតែជួយកងទ័ព បើមិនដូច្នេះទេ ពួកគេនឹងជួបការលំបាក។
"មានអ្នកណាបង្ខំយើង។ មានអីឲ្យហ្នឹងទៅ។ ដូចនៅលើភ្នំកោះកុង ដែលគ្នានៅលើភ្នំហ្នឹង អត់មាន ជម្រកអត់មានអី។ ខ្ញុំទៅទិញសង្កសី ហើយដាក់សូឡាឲ្យគ្នាបានភ្លឺអញ្ចឹងទៅ"។
ចំណែកលោកឧកញ៉ាឡាវ ម៉េងឃីន និងលោកឧកញ៉ា គង់ទ្រីវ ដែលមានឈ្មោះនៅក្នុងបញ្ជីចង សម្ព័ន្ធមេត្រីភាពជាមួយនឹងកងពលតូចលេខ៦ បាននិយាយដូចៗគ្នាថា នៅពេលដែលប្រទេសកម្ពុជាមាន បញ្ហាព្រំដែន យើងត្រូវតែជួយកងទ័ព។ នេះគឺជាកាតព្វកិច្ចស្នេហាជាតិ។
"ប្រជាជននៅស្រុកខ្មែរហ្នឹង គឺគេស្នេហាជាតិ។ ប្រទេសខ្មែរនៅព្រំដែនមានបញ្ហាច្បាំងគ្នា ប្រជាជន គេត្រូវជូនរង្វាន់ជូនអីទៅឲ្យ។ អានេះជាធម្មតាទេ"។
នៅក្នុងសេចក្តីសម្រេចរបស់រដ្ឋាភិបាល ជាសាធារណៈ ដែលបានឧបត្ថម្ភដល់កងទ័ពនៅតាមតំបន់ព្រំដែន ចាប់ពីយោធភូមិភាគទី១រហូតដល់យោធភូមិភាគទី៥ និងយោធភូមិភាគពិសេស បានបង្កឲ្យមាន បញ្ហាខ្លះដល់ប្រជាពលរដ្ឋ ដូចជាវីរៈសេនាតូចលេខ៣១៣ ដែលកំពុងឈរជើងការពារដីរបស់ក្រុមហ៊ុន កំពង់ស្ពឺSUGAR។
មន្រ្តីយោធារបស់វរៈសេនាតូចលេខ៣១៣ មួយរូប ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានបដិសេធពុំធ្វើអត្ថាធិប្បាយទេ។
"បាទ អត់បានទេ ព្រោះបើចង់ឲ្យមានបទសម្ភាសន៍ជាមួយទាល់តែមានបទបញ្ជាពីមេបញ្ជាការភូមិភាគ"។
លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា លោកពុំ ទាន់ទទួលសេចក្តីរាយការណ៍ណាមួយនៅឡើយទេ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកនឹងធ្វើការ ស្រាវជ្រាវចំពោះការចោទប្រកាន់នេះ។
"ចាំមើលខ្ញុំពិនិត្យឲ្យប្អូនណាស់ ព្រោះឥឡូវខ្ញុំអត់ទាន់បានដំណឹងជាផ្លូវការនៅឡើយទេ ព្រោះពិនិត្យទៅតាមកងពល ឬអង្គភាពខាងក្រោមមើល ខ្ញុំមិនទាន់ដឹងច្បាស់ទេ។ និយាយរួមអត់ទាន់បានទទួលដំណឹង របាយការណ៍ជាផ្លូវការនៅឡើយទេប្អូន"។
ក្រុមហ៊ុនកំពង់ស្ពឺSUGAR របស់លោកឧកញ៉ាលី យ៉ុងផាត់ នេះ បានដាក់កម្លាំងយោធាដើម្បីការពារ ដីរបស់ក្រុមហ៊ុននេះតាំងពីដើមខែមេសាមកម្ល៉េះ។
ក្រុមមន្រ្តីសិទ្ធិមនុស្សក្នុងស្រុកមួយចំនួន ដែលរួមមានអង្គការសិទ្ធិមនុស្ស LICADHO សមាគមសិទ្ធិមនុស្សADHOC និងក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បាននិយាយដូចៗគ្នាថា ការដាក់កម្លាំងយោធានេះ គឺជាការរំលោភទៅលើសន្តិសុខជាតិ។
លោកសុខ សំអឿន នាយកក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បាននិយាយថា តាមផ្លូវច្បាប់យោធា គ្មានសិទ្ធិអំណាចការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនឯកជនទេ។
"គិតជាផ្លូវច្បាប់ គាត់អត់មានសិទ្ធិអំណាចអីទេ។ ហើយក្នុងចំណុចហ្នឹង ខ្ញុំគិតថា ខាងកងទ័ព គាត់គួរ តែមានគោលជំហររបស់ខ្លួនច្បាស់លាស់ដែរ គឺថា រឿងកងទ័ព កងទ័ព។ រឿងឯកជនឯកជន មិនអាចយកកងទ័ពទៅបម្រើឯកជនបានទេ"។
ក៏ប៉ុន្តែបើតាមការបញ្ជាក់របស់លោកឧកញ៉ាលី យ៉ុងផាត់ វិញ បាននិយាយថា ការដាក់ពង្រាយ កម្លាំងយោធាការពារក្រុមហ៊ុនរបស់លោកនេះ គឺដើម្បីការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ មិនដាក់ ដើម្បីបង្រ្កាបប្រជាពលរដ្ឋនោះទេ។
"តំបន់យើង កន្លែងហ្នឹង។ វាកន្លងមកប្រជាជនមកលេង មកដុតផ្ទះ ដុតសម្បែងរបស់ក្រុមហ៊ុនណា៎។ យើងសុំកម្លាំងខ្លះមកជួយការពារតំបន់យើងប៉ុណ្ណឹងទេ។ តំបន់ការពារគ្រឿងចក្រក៏ដោយ កន្លែងក្រុមហ៊ុនក៏ដោយអញ្ចឹងណា៎។ កុំឲ្យវរៗប្រជាជន វាគិតអីខុស មកអីទៅ។ វាមកលេងដុតទៀត។ កុំឲ្យមានការកើតឡើងទៀត"។
លោកអំ សំអាត មន្រ្តីផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សLICADHO បានមានប្រសាសន៍ថា ការយកកម្លាំងមកប្រើប្រាស់ ដើម្បីផលប្រយោជន៍ឯកជន បានបង្ហាញឲ្យឃើញថា កងទ័ពកម្ពុជាពុំឯករាជ្យទៅតាមប្រទេសដែលប្រកាន់នីតិរដ្ឋនោះទេ៕
ពីទីក្រុងភ្នំពេញ ខ្ញុំ ហេង រស្មី VOA សំឡេងសហរដ្ឋអាមេរិក៕