គម្រប់​ខួប​កាន់​អំណាច​៣៦​ឆ្នាំ លោក ហ៊ុន សែន សំឡឹង«ជម្រើស​ច្រក​ចេញ»

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ក្នុងអំឡុងក្បួនព្យុហយាត្រាមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។

ភ្នំពេញ — នៅ​ពេល​លោក ចាន់ ស៊ី ដែល​កាល​នោះ​ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​នៃ​របប​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ស្លាប់​កាល​ពី​ចុង​ឆ្នាំ​១៩៨៤ លោក សាយ​ ភូថង សមាជិក​ការិយាល័យ​នយោបាយនៃ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ឧទ្ទេស​នាម​លោក ហ៊ុន សែន ទៅ​ស្នង​តំណែង។

នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ១៩៨៥ លោក ហ៊ុន សែន បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​វ័យ ​៣២ ​ឆ្នាំ។ តាំង​ពី​ពេល​នោះ​មក លោក​ស្ថិត​ក្នុង​តំណែង​ដឹកនាំ​ប្រទេស​កម្ពុជា​រហូត​មក​អស់​៣៦​ឆ្នាំ​មក​ហើយ។

បច្ចុប្បន្ន​នេះ​ជា​នាយករដ្ឋមន្ត្រី​ដែល​កាន់​អំណាច​យូរ​ជាង​គេ​លើ​ពិភព​លោក លោក ហ៊ុន សែន អាយុ​៦៨ឆ្នាំ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា​កំពុង​ពិចារណាលើ«ជម្រើសនៃច្រក​ចេញ»​ប្រកប​ដោយ​សុវត្ថិ​ភាព​សម្រាប់​ឥទ្ធិពល​និង​កេរ​ដំណែល​នយោបាយ​របស់​លោក។

លោក Harish Chandra Mehta ជា​អ្នក​និពន្ធសៀវភៅ​ដែល​មាន​ចំណង​ជើង​ថា«បុរសខ្លាំង​ហ៊ុនសែន៖ ឆាក​ជីវិត​ដ៏​អស្ចារ្យ​ពី​ជីវិត​ក្មេង​វត្ត​មក​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា» បាន​ជួប​លោក ហ៊ុន សែន ដំបូង​កាល​ពី​ឆ្នាំ១៩៩១។ លោកគិត​ថា​កលយុទ្ធ​ដឹក​នាំរបស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​ដដែល។

វិធីសាស្ត្រ​នៃ​ការ​កាន់​តំណែង​បាន​យូរ​របស់​លោក ហ៊ុន សែន គឺ​តាមការ​ដាក់​ពង្រាយ​បណ្ដាញ​ខ្សែ​រយៈ​អ្នក​ស្មោះស្ម័គ្រ​នឹង​លោក​តាម​ជួរ​បក្ស ជួរ​រាជការ និង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ។​នេះ​បើ​យោង​តាម​លោក Harish Chandra Mehta ដែល​ប្រាប់ ​VOA​ តាម​សារ​អ៊ីមែល។

«លោក [ហ៊ុន សែន] ថា​ធ្វើ​ដូច្នេះ នឹង​បង្កើត​ជា​ការ​លំបាក​ជា​ខ្លាំង​សម្រាប់​គូ​ប្រជែង​របស់​លោក​ក្នុង​ការ​ផាត់​លោក​ចេញ​ពី​អំណាច ពីព្រោះ​លោក​រៀប​ជើង​ព្រួល​ជា​ស្រេច​នៃ​ខ្សែ​បណ្ដាញ​ទាំង​នេះ»។

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមកិច្ចប្រជុំរបស់រដ្ឋសភាកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។

ប្រវត្តិវិទូ​រូប​នេះ​អះអាង​ថាក្នុង​រយៈ​ពេល​ ៣៦ ​ឆ្នាំ​នៃ​ការ​ស្ថិត​ក្នុង​អំណាច លោក ហ៊ុន សែន រក្សា​ឥទ្ធិ​ពល​និង​របៀប​ដឹកនាំ​ទាំង​ក្នុង​ជួរ​បក្ស និង​នៅ​ថ្នាក់​ជាតិ។

«គណបក្ស​ប្រជាជន​រក្សា​បាន​វិន័យ​របៀប​រៀប​រយ ហើយ​បក្ស​បាន​ទទួល​យក​មគ្គុទេសក៍​ភាព​របស់​លោក ហ៊ុន សែន ឱ្យ​ដឹក​នាំ។ បើ​លោក ហ៊ុន សែន ដឹកនាំ​សេដ្ឋកិច្ច​មិន​បាន​ល្អ ក្រុម​ឆ្មាំ​ចាស់​នៅ​គណ​បក្ស​នឹង​ទម្លាក់​លោក តែ​បើ​លោក​ដឹកនាំ​សេដ្ឋកិច្ច​បាន​ល្អ ហេតុ​អ្វីត្រូវរំខាន​លោក?»។

លោក​សាស្ត្រាចារ្យ David P. Chandler ប្រវត្តិវិទូ​កម្ពុជា​បាន​កត់​សម្គាល់​យល់​ស្រប​ថា ​អំណាចលោក ហ៊ុន សែន នៅ​ខួប​ ៣៦ ​ឆ្នាំ​នៃ​ការ​កាន់​តំណែង​នេះ​ពិត​ជា​ពុំ​មាន​ការ​គំរាម​កំហែង​ពី​កម្លាំង​ខាង​ក្នុង​និង​កម្លាំង​ខាង​ក្រៅ​ណា​មួយ​ឡើយ។

ប្រវត្តិវិទូ​ជាតិ​អាមេរិកាំង​រូប​នេះ​បាន​ប្រាប់ ​VOA ​តាម​សារ​អេឡិចត្រូនិក​និង​ខ្សែ​ទូរស័ព្ទ​ថា៖ «ខ្ញុំ​នៅ​តែ​ឈ្វេង​យល់​ថា​តំណែង​នានា​ដែល​លោក ហ៊ុន សែន កាន់​កាប់​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​ទាប​បំផុត​សឹង​តែ​គ្មាន​គូ​ប្រជែង​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ... លោក​ទទួល​បាន​ភាព​ម្ចាស់​ការ​ក្ដោប​ក្ដាប់​ប្រទេស​បាន​ទាំង​ស្រុង»។

​លោក David P. Chandler បាន​បន្ត​ថា៖​ «ហើយ​ខ្ញុំ​គិត​ថា លោក ហ៊ុន សែន នឹង​បន្ត​កាន់​អំណាច​ទៅ​មុខ​ទៀត ដែល​ខ្ញុំ​មើល​មិន​ឃើញ​មូល​ហេតុ​ថា​ លោក​មិន​បន្ត​នោះ​ទេ ព្រោះ​ថា​បើ​កាន់​អំណាច​ទាំង​អារម្មណ៍​ល្អ​មក​ដល់​ដំណាក់​កាលនេះ​ហើយ មិន​មាន​មូលហេតុ​ណា​ដែល​ថា​លោក​ចុះ​ខ្សោយ ឬ​ក៏​អាច​ត្រូវ​បាន​ផ្ដួល​រំលំ​នោះ​ទេ។​រឿង​នោះ​មិន​អាច​កើត​ឡើង​ជា​ដាច់​ខាត»។

ប្រវត្តិវិទូ​ David P. Chandler បាន​បន្ត​ថា​គោល​បំណង​លោក ហ៊ុន សែន គឺ​គាប​សង្កត់​បក្ស​ជំទាស់​រហូត​ទាល់​តែ​លែង​មាន​បក្ស​ប្រឆាំង​តែ​ម្ដង។

ការ​លើក​ឡើង​នេះ​នៅ​ចំ​ខួប​ ៣៦ ឆ្នាំ​នៃ​ការ​កាន់អំណាច ដែល​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​រូបនេះដឹកនាំ​បក្ស​ទទួល​បាន​អាសនៈ​ទាំង​អស់​ ១២៥​ នៅ​រដ្ឋសភា ក្រោយ​តុលា​ការ​កំពូល ដែលដឹក​នាំ​ដោយ​លោក​ចៅក្រម ឌិត មុន្ទី សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​របស់​បក្ស​កាន់​អំណាច​បាន​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

​បណ្ដា​សមាជិក​និង​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ចង រត់​គេច​ទៅ​ក្រៅ​ប្រទេស រង​បម្រាម​ធ្វើ​សកម្មភាព​នយោបាយ ឬ​ត្រូវ​ចេញ​ទៅបង្កើត​បក្ស​នយោបាយ​តូចៗ។

លោកសាស្ត្រាចារ្យ David P. Chandler ថា​ការ​បង្ក្រាប​បក្ស​ប្រឆាំង កុំ​ឲ្យ​រំខាន​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន គឺ​ដើម្បី​ធានា​នូវ​បរិយាកាស​អំណោយ​ផល​សម្រាប់​បក្ស​កាន់អំណាច​អាច​ធ្វើ​អន្តរ​កាល​ដឹក​នាំ ប្រគល់​ជា​បន្ត​បន្ទាប់​នូវ​តំណែង​ដល់​ក្រុម​សមាជិក​វ័យ​ក្មេង​ជំនាន់​ទី​ពីរ និង​ជា​វិធីសាស្ត្រ​របស់​លោក ហ៊ុន សែន ផង​ក្នុង​ការ​រក​ច្រក​ចេញ។

«លោក ហ៊ុន​ សែន ចង់​ឱ្យ​ប្រាកដ​ថា ក្រុម​គ្រួសារ​របស់​លោក​មាន​សុវត្ថិភាព​និង​នៅ​តែ​ប្រកប​ដោយវិបុលភាព។ មិន​មាន​អ្វី​ផ្សេង​ដែល​លោក​គិតគូរ​ជាង​នេះ​ទៀត​នោះ​ទេ»។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើយុទ្ធនាការឃោសនាបក្សសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប ឯកភាពថា​បក្ស​ត្រូវ​ការបរិយា​កាស​ប្រកប​ដោយ​ស្ថិរភាព​ដើម្បី​ផ្ទេរ​អំណាច​ឱ្យ​ជំនាន់​ក្រោយ​បន្ត​ដឹក​នាំ។

លោក​មាន​ប្រសាសន៍​ថា៖ «មិន​មែន​ត្រឹម​តែ​សុវត្ថិភាព​ក្នុង​ក្រុម​គ្រួសារ​សម្ដេច​ទេ ជា​អាទិភាព​សម្ដេច​ផ្ដល់​សុវត្ថិភាព​ទៅ​ដល់សុវត្ថិភាព​ប្រជាជាតិ​កម្ពុជា​ទាំង​មូល ... ខ្ញុំ​យល់​ថាជាគោល​បំណង​និង​ជា​ឧត្ដមគតិ​របស់​គណបក្ស​ប្រជាជនគឺ​ថា​អ្វីៗ​ផ្ដោត​លើ​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន ជា​រួម មិនសំដៅ​លើ​ក្រុម​គ្រួសារ​អ្នកណា​មួយ​ទេ។ តែ​បើ​ជាតិ​និង​ប្រជាជន​បាន​សេចក្ដី​សុខ​ទូទាំង​ប្រទេស​ហើយ ក្នុង​នោះ​ក៏​មាន​ក្រុម​គ្រួសារ​របស់ថ្នាក់​ដឹកនាំ​គណបក្ស​ដែរ»។

លោក សុខ ឥសាន បន្ត​ថា៖ «អត់​មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ក្រៅ​តែ​ពី​ការ​ដឹកនាំ​ដ៏​រឹងមាំ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ទេ ក្នុង​រយៈពេល​១០​ឆ្នាំ ២០​ឆ្នាំ និង​៣០​ឆ្នាំ ទៅ​មុខ មិន​មែន​ត្រឹម​តែ​១០​ឆ្នាំ​ទេ ព្រោះ​អត់​មាន​អ្នក​ណា​មួយមាន​លទ្ធភាព ឬ​មួយ​មាន​សមត្ថភាព​ក្នុង​ការ​បំផ្លាញ​សន្ដិភាព ស្ថិរភាព​នយោបាយ និង​សេចក្ដីសុខ​ក្សេមក្សាន្ត​របស់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ទេ»។

លោក ហ៊ុន សែន ថា​លោក​នឹង​លា​ឈប់​ពីតំណែង​នៅ​ឆ្នាំ​២០៣០ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​កាន់​អំណាច​រហូត​ដល់​១០០​ឆ្នាំ​ទៀត។ លោក​ក៏​បាន​លើក​ពី​បេក្ខ​ភាពកូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ថា​មានសក្ដានុពល​ក្នុង​ការ​ឡើង​ទៅ​ជំនួស​លោក។

លោក Harish Chandra Mehta អ្នក​និពន្ធ​ប្រវត្តិ​រូប​លោក ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា​ប្រការសំខាន់​នោះ នៅ​ត្រង់«​ត្រកូល ហ៊ុន»ទុក​ចិត្ត​លោក អូន ព័ន្ធមុនីរ័ត្ន ប៉ុនណា ក្នុង​ការ​ចាត់​តាំង​លោកដឹក​នាំ​ប្រទេស​នៅ​ចន្លោះ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត។

លោក​មាន​ប្រសាសន៍​ថា៖ «ក្នុង​ប្រការ​ដែល​ល្អ​បំផុត​នោះ គឺ​លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក ហ៊ុន ម៉ាណែត ត្រូវ​ធ្វើ​ការ​ឱ្យ​ស៊ីសង្វាក់​គ្នា បើ​ពុំ​ដូច្នោះ​ទេ វិញ្ញាសា​ទាំង​មូល​នឹង​មិន​ទទួល​បាន​លទ្ធផល​គួរ​ជាទី​គាប់​ចិត្ត​ឡើយ»។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​លោក អូន ព័ន្ធ​មុនីរ័ត្ន ជា​ជំនួយ​ការ​របស់​លោក ដែល​លោក​បាន​បណ្តុះ​បណ្តាល​យូរ​មក​ហើយ។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណ​បក្ស បាន​ឱ្យដឹង​ថា​បេក្ខភាព​ទាំង​ពីរ​មាន«សមត្ថភាព»​ដូចគ្នា​តែ​ពួក​គេ​ត្រូវ​ឆ្លង​កាត់​ការ​សម្រេច​ជ្រើស​តាំង​ពី​មហា​សន្និបាត​បក្ស​ជា​ផ្លូវ​ការ​សិន។

រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីប្រគល់និងទទួលរថយន្តជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​លើក​ឡើងទៀត​ថា​លោក ស ខេង អនុ​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ មិន​អាច​ជា​អ្នក​ទទួល​តំណែង​នាយករដ្ឋមន្ត្រី​ជំនួស​លោក​នោះ​ទេ ប្រសិន​បើ​លោក​នៅ​កាន់​អំណាច​ប្រមាណ​១០​ឆ្នាំ​ទៀត ដែល​លោក​លើក​ហេតុ​ផល​ថា​អ្នក​ទាំង​ពីរ​នឹង​មាន​អាយុ​ច្រើន​រួច​ទៅ​ហើយ។

ប៉ុន្តែ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ក្នុង​រយៈ​ពេល​ ៣៦ ​ឆ្នាំ​មក​នេះ ក្រុម​អ្នក​តាម​ដាន​បាន​ទិតៀន​ការ​ខូច​ខាត​នៃ​ស្ថាប័ន​ប្រជាធិប​តេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា ដែល​ត្រូវ​បង់​តម្លៃ​ក្នុង​ដំណាក់​កាល​អន្តរកាល​នេះ។

លោក Phil Robertson នាយករង​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human​Rights Watch បាន​បរិយាយ​អំពី​ការ«បំផ្លិច​បំផ្លាញ​ចប់​សព្វ​គ្រប់​ជ្រុង​ជ្រោយ»នៃ​ស្ថាប័ន​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា និង​ការ​គោរព​សិទ្ធិ​មនុស្ស​របស់​ប្រទេស​នេះ នា​ពេល​បច្ចុប្បន្ន។

ក្នុង​សិក្ខាសាលា​អនឡាញ​មួយ​កាលពី​ថ្ងៃ​ពុធ លោក Phil Robertson បាន​លើក​ឡើង​ថា៖

«លទ្ធភាព​ដែល​ថា​ស្ថានភាព​អាច​នឹង​ល្អ​ប្រសើរ​នៅ​កម្ពុជា ពិត​ជា​អាស្រ័យ​ទៅ​លើ​ថា​តើ​អ្វី​ដែល​សហគមន៍​អន្តរជាតិ​នឹង​ធ្វើ​បន្ទាប់ ...​សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវ​បង្ហាញ​សាច់​ដុំ​ធ្វើ​សកម្មភាពឆ្លើយ​តប​ទៅ​នឹង​ទង្វើ​រដ្ឋាភិបាល​កម្ពុជា»។

លោក Phil Robertson បន្ត​ថា៖ «វា​ចាំបាច់​ត្រូវ​មាន​គណនេយ្យ​ភាព​ឥឡូវ​នេះ។ តែ​យើង​ពុំទាន់​ឃើញ​ទេ ហើយ​កម្ពុជា​បាន​ក្រាប​ខ្លួនរួច​ផុត​ពី​កម្រិត​នៃ​ការ​ចាប់​ថ្នាក់​ជា​ចំណាប់​អារម្មណ៍​របស់​សហគមន៍​អន្តរជាតិ សម្ងំ​ធ្វើ​ការ​បង្ក្រាបនេះ ដែល​នេះ​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ទេ»។

សមាជិក​បក្ស​ជំទាស់​យល់​ឃើញ​ថា ការ​ព្យាយាម​ធ្វើ​ឱ្យ​បក្ស​ជំទាស់​ខ្សោយ​នឹង​បែកខ្ញែក​ក៏​ជា​យុទ្ធ​សាស្ត្រ​មួយ​ក្នុង​ការ​បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ ឱ្យ​ទទួល​យក​អំណាច​មិន​អាច​ប្រកែក​បានរបស់​លោក ហ៊ុន សែន បង្ក​លក្ខណៈ​ឱ្យ​លោក​ធ្វើ​អន្តរ​កាល​ផ្ទេរ​អំណាច​ឱ្យ​ជំនាន់​ក្រោយ​នៃ​បក្ស។

កញ្ញា កឹម មនោវិទ្យា កូនស្រី​លោក កឹម សុខា មេដឹកនាំ​បក្ស​ជំទាស់ និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ក្នុង​បណ្ដាញសង្គម Twitter ថា​ពី​ពេល​នេះ​ត​ទៅ បក្ស​កាន់​អំណាច​ចង់​ឱ្យ​សមាជិក​បក្ស​ជំទាស់​អស់​ជំនឿ​នឹងថ្នាក់​ដឹកនាំ​បក្ស​ហើយ​ងាក​ទៅ​បង្កើត​បក្សថ្មី​ដែល​តូច​និង​ខ្សោយ ពុំ​អាច​ប្រជែង​នឹង​ខ្លួន​បាន។

កញ្ញាលើក​ឡើងថា«ឆាកល្ខោន​ពហុ​បក្ស» នឹង​បន្ត​ជាមួយ​នឹង​ជំនឿ​ថា សមាជិក​នៃ​សហគមន៍​អន្តរជាតិ​ម្ដង​មួ​យៗ នឹង​ចាប់​ផ្ដើម​ទទួល​យក ដូចជា​ថ្មីៗ​នេះ​មាន​ប្រទេស​អង់គ្លេស​ជាដើម​ដែល​សម្រេច​ផ្ដល់​ការ​អនុ​គ្រោះ​ពន្ធ​ពេញ​លេញ​ដល់​កម្ពុជា ពេល​ខ្លួន​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ដែល​បាន​ដាក់​ទណ្ឌកម្ម​កម្ពុជា​លើ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ក្រោយ​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ និង​ការ​ធ្លាក់​ចុះ​ធ្ងន់​ធ្ងរ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

យ៉ាងណា​ក៏ដោយ បើសិន​ជា​បក្ស​ជំទាស់​ខ្លួន​ឯង និង​សហគមន៍​អន្តរជាតិ នៅ​បន្ត​មាន​ការ​តាំងចិត្ត​ខ្ពស់​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​កម្ពុជា នោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​បក្ស​កាន់អំណាច​អាច​នឹង​មិន​ទទួល​ជោគជ័យ​ទេ។ នេះ​ជា​ការលើក​ឡើង​បន្ត​របស់​កញ្ញា មនោវិទ្យា។

លោក Harish Chandra Mehta បាន​លើក​ឡើង​ថា អ្វីៗ​ក៏​ដោយ​មាន​ការ​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​លោក ហ៊ុន សែន ចង់​ឱ្យ​ប្រវត្តិសាស្ត្រ​ចង​ចាំ​លោក ខណៈ«កេរ​ដំណែល​របស់​លោក​មានលក្ខណៈ​ស្មុគស្មាញ» ហើយ​លោក​ចង់​ក្លាយ​ជា​«មេដឹកនាំ​ដែល​ឈរ​នៅ​ខាង​ត្រូវ​នៃ​ប្រវត្តិ​សាស្ត្រ»៕