លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រាប់ឯកអគ្គរដ្ឋទូតនានាក្នុងទីក្រុងភ្នំពេញពីការធ្វើការកែទម្រង់ស៊ីជម្រៅមួយលើឡូតិ៍នេសាទនៅក្នុងបឹងទន្លេសាប បន្ទាប់ពីមានការរិះគន់ពីការហិនហោចធនធានត្រីជាច្រើនឆ្នាំកន្លងមក។
ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខមួយក្នុងខេត្តកណ្ដាលនៅថ្ងៃអង្គារនេះលោកប្រមុខរដ្ឋាភិបាលខ្មែរបានប្រាប់ឯកអគ្គរដ្ឋទូតមកពីប្រាំពីរប្រទេសភាគច្រើនក្នុងទ្វីបអាស៊ី ថាលោកបានដាក់បញ្ជាឲ្យព្យួរអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនឡូតិ៍នេសាទក្នុងខេត្តចំនួនប្រាំគឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។ ហើយការព្យួរអាជ្ញាប័ណ្ណនេះនឹងបន្ដរហូតដល់ឆ្នាំ២០១៤។
លោក ហ៊ុន សែន បញ្ជាក់ថា វិធានការនេះគឺដើម្បីស្ដារធនធានត្រីនៅក្នុងសមុទ្រទឹកសាបរបស់កម្ពុជានេះ។
«មិត្តទូតនានាដែលអញ្ជើញមកថ្ងៃនេះដឹងហើយថាខ្ញុំយកវិធានការនេះខ្លាំងណាស់។ មានទូតជប៉ុន ចិន ភូមា អេស្ប៉ាញ វៀតណាម ថៃ ម៉ាឡេស៊ី ដូច្នេះកំណែទម្រង់ឡូតិ៍នេសាទ នៅក្នុងទន្លេសាបដំណើរការពេញលេញតែម្ដង»។
លោកប្រមុខរដ្ឋាភិបាលខ្មែរចាត់ទុកថា ប្រសិនបើមិនមានវិធានការនេះធនធានត្រីកម្ពុជានឹងទទួលរងការបង្ហិនបង្ហោចដែលមិនអាចស្ដារឡើងវិញបាន។
យោងតាមរបាយការណ៍របស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មបានបង្ហាញថា ជារៀងរាល់ឆ្នាំបឹងទន្លេសាបផ្ដល់នូវផលត្រីចំនួន ២៣០.០០០ តោន ហើយផលត្រីនេះអាចចិញ្ចឹមប្រជាពលរដ្ឋកម្ពុជាបានចំនួនបីលាននាក់។ ទោះជាយ៉ាងណាក្រុមប្រជាសហគមន៍នេសាទតែងតែលើកឡើងមិនចេះដាច់ពីការបន្ដវិនាសពូជត្រីក្នុងបឹងទន្លេសាបដែលជាជង្រុកត្រីយ៉ាងសំខាន់របស់ប្រទេសកម្ពុជា ក៏ប៉ុន្ដែមន្ដ្រីផ្លូវការរបស់រដ្ឋបាលជលផលតែងតែពន្យល់ថា ការសង្កេតពីការថយចុះនូវផលត្រីរបស់ប្រជានេសាទដោយសារតែចំនួនអ្នកនេសាទមានការកើនឡើង។ ការពន្យល់នេះហាក់ដូចជាមានការបញ្ច្រាសគ្នាអំពីការវាយតម្លៃរបស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែននៅថ្ងៃនេះ។ លោកហ៊ុន សែនបានស្ដីបន្ទោសដល់ក្រុមហ៊ុនឡូតិ៍នេសាទដែលបានបង្កឲ្យមានការខូចប៉ះពាល់ដល់ផលត្រីក្នុងបឹងទន្លេសាប។
លោក យឹម រឿន តំណាងសហគមន៍នេសាទត្រពាំងធំ ក្នុងខេត្តសៀមរាបបានអបអរសាទរបទបញ្ជារបស់លោកហ៊ុន សែន។
«យើងឃើញថាវាល្អប្រសើរហើយ។ ពីមុនយើងរាយមង១០០ម៉ែត្រ ធ្លាប់បានបួន ដប់គីឡូតិ៍ ដល់ពេលក្រុមហ៊ុនធំៗចូលមក យើងរាយ១០០ម៉ែត្រ បានបី បួន គីឡូតិ៍។ ជួបការលំបាកដូច្នោះឯង។ ក្រុមហ៊ុនធំៗរក(ត្រី) សឹងតែឲ្យផុតពូជ»។
ក៏ប៉ុន្ដែលោក យឹម សុវណ្ណ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យឲ្យគណបក្សសម រង្ស៊ី បានហៅបទបញ្ជានោះថា គឺជាការធ្វើប្រជាភិថុតដើម្បីការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ឆ្នាំក្រោយនេះរបស់គណបក្សប្រជាជនកម្ពុជា។
«ការប្រកាសបែបហ្នឹងគ្រាន់តែធ្វើឡើងមុនការបោះឆ្នោតឃុំពីព្រោះគាត់ដឹងថា ការណ៍ដែលផ្ដល់សិទ្ធិឡូតិ៍នេសាទហ្នឹងចំណេញតែក្រុមហ៊ុនឯកជនមួយក្ដាប់តូចជាមួយនឹងមន្ដ្រីពុករលួយ។ ដូច្នេះកុំឲ្យចាញ់បោកមេដឹកនាំមួយចំនួនដែលគ្រាន់តែធ្វើដើម្បីបន្លប់ប្រជាពលរដ្ឋមួយរយៈតូច»។
កាលពីថ្ងៃទី១ ខែកក្កដា លោក ហ៊ុន សែន បានបញ្ជាឲ្យមានការដកតំណែងមន្ដ្រីជលផលក្នុងខេត្តជុំវិញបឹងទន្លេសាបចំនួនប្រាំដោយស្ដីបន្ទោសថា មន្ដ្រីទាំងនោះខកខានក្នុងការបង្រ្កាបបទល្មើសនេសាទ៕