លោក ហ៊ុន សែន ទទូច​ដល់​សហភាព​អឺរ៉ុប​ពិចារណា​រឿង​ដក​ប្រព័ន្ធអនុគ្រោះ​ពាណិជ្ជកម្ម​ EBA ពី​កម្ពុជា

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​​ ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ទៅ​ក្រុង​ប្រ៊ុចសែល​ប្រទេស​ប៊ែលហ្ស៊ិក​ ដើម្បី​​ចូល​រួម​កិច្ចប្រជុំអាស៊ី អឺរ៉ុប​ កាល​ពី​ពាក់​កណ្តាល​យប់ថ្ងៃទី​១៦ ​ឈាង​ចូល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨។ (រូបផ្តល់ឲ្យ)

«ប្រសិន​ជា​សហភាព​អឺរ៉ុប (EU) សម្រេច​ដក​ចេញ​ EBA គឺ​ហាក់បីដូចជា​ EU បោះ​បង់​ចោល​នូវ​អ្វីៗ​ដែល​ខ្លួន​បាន​ខិតខំ​ធ្វើ​កន្លង​មក​នៅ​កម្ពុជា។ ​ដូច្នេះ​សូម​អោយ​សហភាព​អឺរ៉ុប​មិន(មុន)សម្រេច​អ្វី គឺ​ត្រូវ​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​ ហើយ​ស្ដាប់​ចំពោះ​មតិ​យោបល់​ក្រុម​អ្នក​ធុរកិច្ច​នៅ​អឺរ៉ុប​ផង​ដែរ»។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​អះអាង​ថា​លោក​មិន​ចង់​ឃើញ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​កម្ពុជា​ទេ ក្នុង​ពេល​មេដឹកនាំ​កម្ពុជា​រូប​នេះ​ជួប​ក្រុម​ធុរកិច្ច​អាស៊ាន​អឺរ៉ុប​នៅមុន​ពេល​កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប​ក្នុង​ក្រុង​ប្រ៊ុចសែល​ ប្រទេស​ប៊ែលហ្ស៊ិក។

សហភាព​អឺរ៉ុបកំពុង​ពិចារណា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ Everything But Arms​ឬ​រាល់​មុខទំនិញ​លើកលែង​តែ​សព្វាវុធ​ ហៅ​កាត់​ថា ​EBA ដែល​សហភាព​អឺរ៉ុប​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សារអឺរ៉ុប​ ដែល​ជា​ទី​ផ្សារ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ ក្រោយពេល​មាន​ការ​ចោទ​ប្រកាន់​ ​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​ ​រួម​នឹង​ការ​រំលាយ​គណបក្ស​ជំទាស់​ជាដើម។

ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន វិញ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក បាន​ស្នើ​សុំ​ដល់​សហភាព​អឺរ៉ុប​គិតពិចារណា​ឡើងវិញ​ចំពោះ​អ្វី​ដែល​លោក​ ហ៊ុន សែន ​ចាត់ទុកថា​ជា​ការ​គំរាម​ដោយ​ឈរ​លើ​ហេតុផល​មួយ​ចំនួន​នោះ។

«ប្រសិន​ជា​សហភាព​អឺរ៉ុប (EU) សម្រេច​ដក​ចេញ​ EBA គឺ​ហាក់បីដូចជា​ EU បោះ​បង់​ចោល​នូវ​អ្វីៗ​ដែល​ខ្លួន​បាន​ខិតខំ​ធ្វើ​កន្លង​មក​នៅ​កម្ពុជា។ ​ដូច្នេះ​សូម​អោយ​សហភាព​អឺរ៉ុប​មិន(មុន)សម្រេច​អ្វី គឺ​ត្រូវ​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​ ហើយ​ស្ដាប់​ចំពោះ​មតិ​យោបល់​ក្រុម​អ្នក​ធុរកិច្ច​នៅ​អឺរ៉ុប​ផង​ដែរ»។​

ក្នុង​ជំនួប​ជាមួយ​ក្រុម​ធុរកិច្ច​អាស៊ាន​សហភាព​អឺរ៉ុប​ ដែល​រួម​មាន​ពាណិជ្ជករ​និង​ វិនិយោគិន​នោះ លោក​ ហ៊ុន សែន ​ប្រកាស​ធានា​ថា​ទោះបីជា​សហភាព​អឺរ៉ុប​មានបំណង​ដាក់ទណ្ឌកម្ម​ដោយ​ដក​ EBA ​ពី​កម្ពុជា​យ៉ាងណា​ក្ដី ក៏​កម្ពុជា​មិន​សងសឹក​ទៅលើ​ក្រុមហ៊ុន​មក​ពី​សហគមន៍​អឺរ៉ុប​ ឬ​មកពី​បណ្ដា​ប្រទេស​ដទៃទៀត​អោយ​មាន​ការ​ពិបាក​ ឬ​ទទួល​ការ​ខាត​បង់​ដោយសារ​ការ​សម្រេចចិត្ត​មិន​ត្រឹមត្រូវ​របស់​សហភាព​អឺរ៉ុប​ដែរ។

«គឺ​មិន​ត្រូវ​ដាក់​ការ​គាបសង្កត់​ណាមួយ​ ដែល​ប្រាសចាក​ការពិត​ប្រឆាំង​នឹង​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​កម្ពុជា និង​អ្នក​វិនិយោគិន​អឺរ៉ុប​ឡើយ ព្រោះ​លក្ខខ័ណ្ឌ​ការងារ ប្រាក់ខែ និង​ផលប្រយោជន៍​បុគ្គលិក​កម្មករ ​ជាពិសេស​កម្មការិនី​ក៏​កាន់តែ​ប្រសើរ​ឡើង»។

ក្រុម​ធុរកិច្ច​អាស៊ាន​អឺរ៉ុប ត្រូវ​បាន​ដក​ស្រង់​សំដី​មក​បញ្ជាក់​ថា ប្រសិន​ជា​មាន​ការ​ដក​ចេញ​នូវ​ពន្ធ​អនុគ្រោះ​ EBA ពី​កម្ពុជា​មែន​នោះ វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​បណ្ដា​ក្រុមហ៊ុន​ធុរកិច្ច​មក​ពី EU។ តាមរយៈ​របាយការណ៍​នេះ​ តំណាង​ធុរកិច្ច EU-Asean នឹង​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​តំណាង​ក្រុមប្រឹក្សា​អឺរ៉ុប​លើ​បញ្ហា​នេះ ព្រោះ​វា​នឹង​ធ្វើ​អោយ​ប៉ះពាល់​ខាតបង់​នូវ​ផលប្រយោជន៍​ក្រុមហ៊ុន​អឺរ៉ុប​ជាច្រើន​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា។

ទន្ទឹម​នឹង​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​តំណាង​ធុរកិច្ច​អាស៊ាន‍~សហភាព​អឺរ៉ុប​ ដែល​មាន​ក្រុមហ៊ុន​អឺរ៉ុប​ប្រមាណ​៤០០​ក្រុមហ៊ុន​នោះ​ បាន​អញ្ជើញ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន~សហភាព​អឺរ៉ុប​ទៅ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប (ASEM) ក្នុង​ឆ្នាំ​២០២០ ដែល​កម្ពុជា​គ្រោង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ​

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​នៅ​ថ្ងៃ​ទី ១៨ ដល់​ថ្ងៃ​ទី១៩ ខែ​តុលា នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស ប៊ែលស្ស៊ិក តាម​ការ​អញ្ជើញ​របស់ លោក​ ដូណាល់ ថាស​ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ដែល​ជា​ប្លុក​មាន​ភាព​តានតឹង​ផ្នែក​ការទូត​សម្រាប់​កម្ពុជា​ ទាក់ទង​នឹង​រឿង​ព្រមាន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជ​ដល់​កម្ពុជា។​

ក្រុម​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​សហភាព​អឺរ៉ុប​នេះ​ ហើយ​ដែល​គាំទ្រ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​កន្លែង​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ហើយ​បាន​អំពាវនាវ​ដល់​សហភាព​ កុំ​ឲ្យ​សហភាព​អឺរ៉ុប​ ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ EBA ​ពី​កម្ពុជា ។​

លោក ចាន់ ប៊ុនគង់​ ជិះ​នៅ​លើ​រទេះ​រុញ​ដោយ​ពិការ​ជើង ​គឺ​ជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក​តាំងពី​ឆ្នាំ​១៩៨០​ ហើយ​ជា​អតីត​សាស្ត្រាចារ្យ​ចិត្តសាស្ត្រ​គរុកោសល្យ បាន​មក​គាំទ្រ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​គោល​នយោបាយ​ដឹកនាំ​ប្រទេស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​លោក​អះអាង​ថាបាន​ធ្វើ​ឲ្យ​ប្រទេស​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​ ដោយ​ស្នើ​សុំ​ឲ្យ​សហភាព​អឺរ៉ុប​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា។​

«ខ្ញុំ​អំពាវនាវ​ទៅ​សហគមន៍​អឺរ៉ុប​ហ្នឹង​ ឲ្យ​គិត​មើល​មែនទែន​ ខាត​ឬ​ចំណេញ?​ តើ​ចំណេញ​នរណា? ចំណេញ​នរណា​ខាង​នយោបាយ​ហ្នឹង?»។​

លោក​ថា​លោក​មិន​ជឿ​ថា​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា​ទេ ​ដោយសារ​អឺរ៉ុប​មាន​ការពិចារណា​ដិតដល់​ ហើយ​មិន​ចេះ​តែ​ជឿ​ក្រុម​ជំទាស់​ទេ។​

អ្នកស្រី ​តូ បូរី រស់នៅ​តំបន់​មួយ​ក្នុង​ប្រទេស​បារាំង​ ជាប់​ព្រំដែន​ប៊ែលហ្ស៊ិក​ បាន​បន្ទរ​អំពី​រឿង​សន្តិភាព​ និង​ការ​រំដោះ​ជាតិ​ ថ្ងៃ៧មករា ​ឆ្នាំ​១៩៧៩​ ដោយ​ហៅ​ថ្ងៃ​នេះ​ថា​ជា​ការ​បញ្ចប់​សង្គ្រាម​ និង​ការ​បង្រួប​បង្រួម​ជាតិ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ​

អ្នកស្រី​មាន​ប្រសាសន៍​ថា​បើ​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA នេះ​មែន​ នោះ​គឺជា​ការ​ដែល​សោកស្ដាយ។​

«ការ​សោកស្ដាយ​ចេះ​តែ​មាន​ហើយ។ តែ​ខ្ញុំ​សង្ឃឹម​ថា​អឺរ៉ុប​គាត់​មាន​ខួរក្បាល​របស់​គាត់​ដែរ ​គាត់​មិន​អាច​មើល​ឃើញ​ថា​សម្ដេច​ធ្វើការ​អត់​ល្អ​ទេ។ គាត់​មាន​កន្លែង​ល្អ​របស់​គាត់»។​

អ្នកស្រី​ ក៏​បាន​អះអាង​ដែរ​ថា​ការ​មក​ចូលរួម​គាំទ្រ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​នេះ​គ្មាន​ការ​បង្ខិត​បង្ខំ​ទេ​ តែ​វា​គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត ដោយ​អ្នក​ស្រី​បាន​ចំណាយ​ថ្លៃ​សំបុត្រ​យន្តហោះ​ដោយ​ខ្លួន​ឯង មិន​ដូច​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ទេ។​

លោក ​តុប សេដ្ឋា តំណាង​ពលរដ្ឋ​ខ្មែរ​មក​ពី​តំបន់​មួយ​ក្នុងប្រទេស ​អាល្លឺម៉ង់​ បាន​អះអាង​ថា លោក​ជិះ​យន្តហោះ​មក​គាំទ្រ​គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ​ដែល​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​នេះ​គឺ​ដើម្បី​គាំទ្រ​ លោក​នាយករដ្ឋមន្ត្រី។

លោក​បន្ថែម​ថា លោក​នាយករដ្ឋមន្ត្រី​មក​ប្រជុំ​ក្នុង​នាម​រាជរដ្ឋាភិបាល​ថ្មី​ផង និង​មក​ធ្វើ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​អឺរ៉ុប​ដើម្បី​នាំ​យក​អ្នក​វិនិយោគ​ទៅ​កម្ពុជា​ដើម្បី​វិនិយោគ និង​អភិវឌ្ឍន៍​ប្រទេស​ផង។

លោក សេដ្ឋា ​ក៏​សុំ​ឲ្យ​សហភាព​អឺរ៉ុប​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្មី ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​ថ្ងៃ​ទី២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨ និង​ស្នើ​សុំ​កុំ​ឲ្យ​ព្យួរ​ប្រពន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ផង​ដែរ។​

«បើ​អឺរ៉ុប​ដាក់​គំនាប​លើ​កម្ពុជា មិនមែន​ជា​គំនាប​មក​លើ​ថ្នាក់ដឹកនាំ​កម្ពុជា​ទាំងស្រុង​ទេ គឺ​ជា​គំនាប​លើ​ប្រជាជន​កម្ពុជា»។

ពលករ​ជិត​ ១លាន​នាក់​ ពឹងផ្អែក​លើ​វិស័យ​វាយនភណ្ឌ ​និង​ផលិតផល​ផ្សេង​ទៀត ដែល​រក​ចំណូល​ជាង​៥ពាន់​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ ដោយសារ​តែ​ការ​នាំ​ចេញ​ផលិតផល​ទៅ​ទីផ្សារ​អឺរ៉ុប។ ​វិស័យ​ឧស្សាហកម្ម​នេះ​ គឺជា​វិស័យ​សំខាន់​មួយ​ក្នុងចំណោម​វិស័យ​ចំនួន​៤​ ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា ​បន្ទាប់​ពី​វិស័យ​កសិកម្ម​ សំណង់​ និង​ ទេសចរណ៍។​

មេដឹកនាំ​កម្ពុជា ​បាន​បន្ថែម​ថា​លោក​មិន​ចង់​ឃើញ​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ប្រព្រឹត្ត​កំហុស​លើក​ទី៣​ទេ​ ដោយសារ​ថា​ពលរដ្ឋ​កម្ពុជា​នឹង​ទទួល​រងគ្រោះ។​

លោក​ថា ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​បាន​ប្រព្រឹត្ត​កំហុស​ចំនួន​២​លើក​ហើយ​ គឺ​គាំទ្រ​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ឆ្នាំ​១៩៧០ ​ដែល​បង្ក​ឲ្យ​មាន​វិនាសកម្ម​នៅ​កម្ពុជា ហើយ​នឹង​គាំទ្រ​របប​ខ្មែរ​ក្រហម​ជាង​១ទសវត្សរ៍​ ដែល​របប​នេះ​បាន​កាប់សម្លាប់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ច្រើន៕