លោក គង់ ចំរើន មន្ត្រីទទួលពាក្យបណ្តឹងរបស់ខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានស្តីបន្ទាសខ្លាំងៗ ទៅលើក្រុមគ្រួសាររបស់សកម្មជនបរិស្ថានបីនាក់ ថាបានធ្វើឲ្យខូចដល់សណ្តាប់ធ្នាប់សាធារណៈ បន្ទាប់ពីពួកគេបានព្យាយាមដើរដោយថ្មើរជើងពីវត្តភ្នំពេញដូនពេញ ឆ្ពោះទៅកាន់ផ្ទះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅក្បែរវិមានឯករាជ្យ។
ការស្តីបន្ទោសនេះ កើតមាន នៅក្រោយពេល ក្រុមអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងរាជធានី ភ្នំពេញ បានហាមឃាត់មិនឲ្យក្រុមគ្រួសាររបស់សកម្មជនបរិស្ថានបីនាក់នៃចលនាមាតាធម្មជាតិនោះ ទៅជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រុមគ្រួសាររបស់សកម្មជនទាំងបីនាក់នេះ មានបំណងសុំឲ្យលោក នាយករដ្ឋមន្ត្រី ជួយដោះលែងសកម្មជនទាំងបីនាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកោះកុង ក្នុងសំណុំរឿងទប់ស្កាត់សកម្មភាពបូមខ្សាច់។ សកម្មជនទាំងបីនាក់នោះ រួមមានឈ្មោះសាន់ ម៉ាឡា ស៊ីម សំណាង និងទ្រី សុវិគា។
នៅពេលដែល អាជ្ញាធរមានសមត្ថកិច្ចនាំផ្លូវ ក្រុមគ្រួសារនោះ ទៅដល់ទីកន្លែងទទួលញត្តិនៃខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី លោកគង់ ចំរើន បានបន្ទោសធ្ងន់ៗ ទៅលើ ក្រុមគ្រួសារដែលមានគ្នាបួននាក់ ក្នុងនោះមានក្មេងម្នាក់នោះថា សកម្មបរិស្ថានទាំងបីនាក់ដែលកំពុងត្រូវបានតុលាការឃុំខ្លួន បានធ្វើសកម្មភាពខុសច្បាប់។ មន្ត្រីអ្នកទទួលពាក្យបណ្តឹងរូបនេះ ក៏បានបន្ទាសថា ការដើរតវ៉ាតាមដងផ្លូវជា ការបង្កឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ។
«ប្រឆាំងចុះប្រឆាំងឡើង ទាល់តែខុសច្បាប់ចូលគុកទៅ ត្រូវដឹងកំហុសខ្លួនឯងផង ហើយឥឡូវចង់ទៅយកសមានចិត្តអី? ដើរឲ្យគេមើលមក ឲ្យគេស្ទះផ្លូវអីហ្នឹង ចង់យកសមានចិត្ត ម៉េចគេហាមមិនស្តាប់គេ? អត់ចេះដើរអត់ចេះស្តាប់អី អត់ត្រចៀកអី មានត្រចៀកតើ!»។
លោក គង់ ចំរើន បានពន្យល់ដល់ក្រុមគ្រួសាររបស់សកម្មជនបរិស្ថានទាំងបីនាក់នោះ ទាំងការខឹងសម្បារថា ស្ថាប័ននីតិប្រតិបត្តិដែលដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចលូកដៃចូលក្នុងស្ថាប័នតុលាការ និងស្ថាប័ននីតិប្បញ្ញតិ្តនោះទេ។
ថ្វីត្បិតតែមានការបកស្រាយរបស់ មន្ត្រីនៃអ្នកទទួលបណ្តឹងរូបនេះក្តី ស្ថាប័នតុលាការកម្ពុជាត្រូវគេដឹងថា បានចាត់វិធានការច្បាប់ភ្លាមៗ នៅរាល់ពេលដែលលោក ហ៊ុន សែន ប្រតិកម្មទៅលើរឿងក្តីណាមួយ។
នៅមុនពេល ដែលក្រុមគ្រួសាររបស់សកម្មជនទាំងបីនៃចលនាមាតាធម្មជាតិ និងអ្នកផ្សេងទៀតដែល ជាមិត្តភក្តិរបស់សកម្មជនទាំងបីអ្នកនោះ ត្រូវបានអាជ្ញាធរនាំទៅជួបមន្ត្រីខុទ្ទកាល័យ ពួកគេបានដើរចេញពីវត្តភ្នំដូនពេញ បានមួយសន្ទុះ ដោយមិនមានការហាមឃាត់នោះទេ។ ប៉ុន្តែបន្ទាប់ពីពួកគេ បានដើរផុតអង្គភាពប្រឆាំងអំពើពុករលួយដែលស្ថិតនៅតាមបណ្តោយមហាវិថី ព្រះនរោត្តម ពួកគេត្រូវបានអាជ្ញាធរសមត្ថកិច្ចរារាំង ជាបន្តបន្ទាប់។
នៅពេលពួកគេ ដើរហួសវិទ្យាល័យព្រះស៊ីសុវត្ថិ អាជ្ញាធរមានសមត្ថកិច្ចជាច្រើននាក់ បានរាំងខ្ទប់មិនឲ្យពួកគេ បន្តដំណើរទៅមុខទៀត បើទោះជាមានការអង្វរករយ៉ាងណាក្តី។ បន្ទាប់មក កងសន្តិសុខមួយក្រុមបាន នាំពួកគេដើរឆ្លងទៅកាន់ផ្លូវតូចមួយ ដែលជាផ្លូវឆ្ពោះទៅកាន់វត្តបទុមវត្តី និងទីកន្លែងមួយស្ថិតក្រោមដើមពោធិ៍ដែលលោក គង់ ចំរើនកំពុងរង់ចាំ។
អ្នកស្រី ថា សុភា ភរិយារបស់លោក ស៊ីម សំណាង បាននិយាយប្រាប់អ្នកសារព័ត៌មាន ថា អ្នកស្រីអស់ជំនឿនៅក្នុងការដាក់ញតិ្តទៅខុទ្ទកាល័យរបស់លោក នាយករដ្ឋមន្ត្រី ពីព្រោះញត្តិដែលអ្នកស្រី និងតំណាងក្រុមគ្រួសាររបស់សកម្មជនពីរនាក់ផ្សេងទៀតបានដាក់ មិនទទួលបានការឆ្លើយតបទេ។
អ្នកស្រីនិយាយទាំងទឹកភ្នែកថា៖
«ខ្ញុំគិតថា ទៅ ទៅ ប្រហែលជារឿងរបស់ខ្ញុំអត់ដល់ដៃសម្តេចទេ ពីព្រោះខ្ញុំបានដាក់លិខិតកាលពីថ្ងៃទី៧ ខែ៨ហ្នឹង អត់ទាន់មានការឆ្លើយតបទេ»។
អ្នកដើរទៅជួបលោក នាយករដ្ឋមន្ត្រីមា្នក់ទៀត គឺអ្នកស្រី សំ សំណាង ដែលជាម្តាយរបស់ លោក ទ្រី សុវិគា បាននិយាយថា ការរាំងខ្ទប់របស់ក្រុមអាជ្ញាធរមានសមត្ថកិច្ចគឺជាការបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងការតស៊ូ បញ្ចេញមតិ ហើយថា ការឃុំខ្លួនកូនប្រុសរបស់អ្នកស្រី បានធ្វើឲ្យជីវភាពគ្រួសារអ្នកស្រីធ្លាក់ក្នុងសភាពដុនដាប។
«ធម្មតាយើងមនុស្សចាស់ ធ្វើការងាររកស៊ីអី វាមិនបាន ពឹងពាក់ទៅលើកម្លាំងកូន។ ហើយណាមួយអាណិតកូន កូនជាប់នៅក្នុងគុកហ្នឹង វាយូរខែពេក ហើយខ្ញុំហ្នឹងក៏មានការរាំងស្ទះក្នុងការរកស៊ី។ ណានឹកកូន មកមើលកូនផង ណាទៅម្នាក់ឯងហ្នឹង ប្តីក៏ពិការទៀត ដល់អញ្ចឹងខ្ញុំលំបាកលំបិនមែនទែនណាស់ក្មួយ»។
សកម្មជនទាំងបីនាក់នៃចលនាមាតាធម្មជាតិ ត្រូវបានព្រះរាជអាជ្ញាតុលាការដំបូងខេត្តកោះកុង ចោទប្រកាន់ពីបទគំរាមកំហែង មានចេតនាបង្កការខូចខាតក្នុងអំឡុងពេលធ្វើយុទ្ធនាការទប់ស្កាត់ការបូមខ្សាច់នៅខេត្តកោះកុង និងត្រូវចាប់ដាក់ពន្ធនាគារចាប់តាំងពីពាក់កណ្ដាលខែសីហា ឆ្នាំ២០១៥។ រហូតមកទល់នឹងពេលនេះ ពួកគេបានស្ថិតក្នុងពន្ធនាគារខេត្តកោះកុងអស់រយៈពេលប្រមាណ៧ខែហើយ។
ក្នុងពេលជាមួយគ្នានេះដែរសាលាឧទ្ធរណ៍បានចេញដីការកោះហៅលោក Alejandro Gonzalez Davidson សហស្ថាបនិកនៃចលនាមាតាធម្មជាតិឱ្យចូលខ្លួននៅក្នុងសវនាការថ្ងៃទី៥ ខែមេសាខាងមុខនេះដើម្បីជំនុំជម្រះពាក់ព័ន្ធនឹងសកម្មភាពទប់ស្កាត់ការបូមខ្សាច់របស់សកម្មជនទាំងបីនាក់នៃចលនាមាតាធម្មជាតិ។ នេះបើតាមដីកាចេញថ្ងៃទី២៨ខែមិនាដោយព្រះរាជអាជ្ញាង៉ែត សារ៉ាត ដែលVOA ទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ។ លោកអាឡិចត្រូវបានចោទប្រកាន់ពីបទ«សមគំនិតគំរាមកំហែងថា នឹងធ្វើឱ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ»។
លោកយីសុខ សាន្ត មន្ត្រីសិទ្ធិមនុស្ស របស់សមាគមអាហុក ដែលបានឃ្លាំមើល ការដើររបស់ក្រុមគ្រួសារសកម្មជនជាប់ឃុំទាំងបីនាក់ បានថ្លែងថា រដ្ឋាភិបាលត្រូវរកយុត្តិធម៌ដល់សកម្មជនបរិស្ថានទាំងបីនាក់ ដែលមន្ត្រីសិទ្ធិមនុស្សផ្សេងទៀត និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដែលមានការបូមខ្សាច់ក្នុងខេត្តកោះកុងអះអាងមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ។ លោកក៏បានប្រដូចផងដែរ ចំពោះចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងការរារាំងការដើរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ និងការអនុញ្ញាតឲ្យមានការហែរក្បួនតវ៉ារបស់ លោកស្រី ចំរើន ដែលជានិស្សិតកំពុងវាយប្រហារលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿងអាស្រូវផ្លូវភេទ។
«ចំណុចហ្នឹងហើយ ដែលខ្ញុំយល់ថា មានច្បាប់តែមួយតែមានស្តង់ដាពីរ កាលពីប៉ុន្មានថ្ងៃមុននេះ គឺលោកស្រី ចំរើន ដែលជាអ្នកប្រឆាំងនឹងការឲ្យទាមទារ ឲ្យឯកឧត្តម កឹម សុខា មកបកស្រាយ ហើយគាត់បាន ជាក្បួនម៉ូតូដង្ហែរ តាមផ្លូវនរោត្តមពីវិមានឯករាជ្យទៀត យើងអត់មានឃើញ រាប់រយនាក់ យើងអត់មានឃើញសមត្ថកិច្ចណាមួយមករារាំងទេ។ ប៉ុន្តែសមត្ថកិច្ចបែរជារារាំងពីរ បីនាក់ ដាក់កម្លាំងដ៏ច្រើន ចំណុចហ្នឹងហើយ ដែលកម្ពុជា មានច្បាប់តែមួយ តែស្តង់ដាពីរ»។
យ៉ាងណាក៏ដោយ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្លែងប្រាប់ VOA ថា ការដើររបស់ក្រុមអ្នកតវ៉ានេះ មិនត្រូវបានអនុញ្ញាតពីសាលារាជធានីភ្នំពេញទេ។ តែនៅពេល VOA សួរថា តើនិស្សិតស្រី ចំរើន បានសុំការអនុញ្ញាតដែរឬទេ លោកឡុង ឌីម៉ង់ ថ្លែង ថាលោកមិនដឹងរឿងនេះទេ ព្រោះលោកជាប់បេសកកម្មនៅក្រៅប្រទេស ខណៈដែលលោក ស្រី ចំរើន ហែរក្បួនដាក់ញ្ញត្តិទៅរដ្ឋសភាស្នើឲ្យលោក កឹម សុខា ចេញបំភ្លឺរឿងអាស្រូវផ្លូវភេទ ដែលកំពុងមានប្រជាប្រិយជាងការរំលោភសិទ្ធិមនុស្ស។
«ម្សិលមិញខ្ញុំអត់នៅផង ខ្ញុំជាប់នៅបំពេញបេសកកម្មនៅក្រៅប្រទេស ខ្ញុំទើបមកដល់ព្រឹកមិញ»។
ចលនាមាតាធម្មជាតិ បានធ្វើការយ៉ាងសកម្មនៅក្នុងកិច្ចការការពារបរិស្ថាននៅក្នុងខេត្តកោះកុង។ ក្រៅពីការតវ៉ាឲ្យបញ្ឈប់ការបូមខ្សាច់ដ៏មហន្តរាយដល់បរិស្ថាននេះ ក្រុមការពារបរិស្ថាននេះ ក៏បានទប់ស្កាត់មិនឲ្យមានការវិនិយោគទំនប់វារីអគ្គិសនីលើស្ទឹងអារ៉ែងនៃជួរភ្នំក្រវ៉ាញ ដែលវិនិយោគដោយក្រុមហ៊ុនចិន Sinohydro ផងដែរ។ សកម្មភាពរបស់ពួកគេ បានធ្វើឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធមួយចំនួន មិនសប្បាយចិត្ត៕