លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​កសិផល​ធ្លាក់​ថ្លៃ

រូបឯកសារ៖ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចូលរួម​ការ​ប្រារព្ធ​ទិវា​សិទ្ធិកុមារ​នៅទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​ដូច្នេះ៖ «ហើយ​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ទាំង​អស់​គ្នា។​ ពាណិជ្ជករ​ ធ្វើ​អាជីវកម្ម​ ស្រូវ​អង្គរ​ ត្រូវ​បញ្ចេញ​ទុន​ ដើម្បី​ជួយ​ទិញ​ក្នុង​តម្លៃ​ស្រូវ ដែល​ស្រូវ​ក្រអូប​ ស្រូវ​ល្អ​ មិន​ទាប​ជាង​៨៤០៛»។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កាល​ពីថ្ងៃ​ច័ន្ទ​នេះ​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​រួម​មាន​ពាណិជ្ជករប្រមូល​ទិញ​ស្រូវ​ ​ ធនាគារ ​និង​ស្ថាប័នមីក្រូហិរញ្ញវត្ថុ​នានា ដើម្បីដោះ​ស្រាយ​បញ្ហា​តម្លៃ​ស្រូវ​និង​ផលិតផល​កសិកម្មដទៃ​ទៀត​ធ្លាក់​ចុះ។​

ការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​នេះ​ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយប្រជា​កសិករខ្មែរ​ជា​ច្រើន​រយ​នាក់ ​បាន​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​ប្រាំ​ ក្នុង​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ប្រឆាំង​នឹង​ឈ្មួញ​កណ្ដាល​ ដែល​ឲ្យ​តម្លៃ​ស្រូវ​របស់​ពួក​ទាប​ជាងការ​កំណត់​របស់​រដ្ឋាភិបាល ​នោះ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​ដូច្នេះ៖ «ហើយ​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ទាំង​អស់​គ្នា។​ ពាណិជ្ជករ​ ធ្វើ​អាជីវកម្ម​ ស្រូវ​អង្គរ​ ត្រូវ​បញ្ចេញ​ទុន​ ដើម្បី​ជួយ​ទិញ​ក្នុង​តម្លៃ​ស្រូវ ដែល​ស្រូវ​ក្រអូប​ ស្រូវ​ល្អ​ មិន​ទាប​ជាង​៨៤០៛។ ខាង​ផ្នែក​ធនាគារ​ពាណិជ្ជ​ទាំង​ឡាយ​ កែ​ច្នៃ​ ស្រូវ​អង្ករ​ បាន​ទទួល​នូវ​ប្រាក់​កម្ចី​ ដែល​ក្នុង​ហ្នឹង​រដ្ឋ​ ក៏​បាន​ធានា​នូវ​ហានិភ័យ​ពាក់​កណ្ដាល​ ៥០%។ អំពាវនាវ​ដល់​មីក្រូ​ហិរញ្ញ​វត្ថុ​ សូម​មេត្តា​យោគ​យល់ ចំពោះ​ពលរដ្ឋ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ការ​លំបាក ​ដល់​ដំណាក់​កាល​ដែល​ត្រូវ​សង​ គាត់​លក់​ស្រូវ​មិន​ដាច់ ឬ​ស្រូវ​បាន​ថោក​ពេក គាត់​មិន​អាច​សង​បាន​ សុំ​កុំ​ប្ដឹង​តុលាការ ទៅ​រឹបអូស​ផ្ទះ​ ឬ​ដីធ្លី​គាត់​ ស្នើ​ឲ្យ​មាន​ការ​យោគ​យល់ ពន្យារ​ពេល​សង​ ហើយ​បើ​អាច​ទៅ​រួច​ មិន​យក​ការ​ប្រាក់ ឬ​បន្ថយ​អត្រា​ការ​ប្រាក់ ចំពោះ​កសិករ ដែល​បាន​ខ្ចី​ទុន​ពី​យើង»។​

លោក ​ឆុង ​សុផល មន្ត្រី​សម្រប​សម្រួល​សហគមន៍​កសិកម្ម​នៃ​បណ្ដាញ​កសិករ​ និង​ធម្មជាតិ ​(FNN) ​ឲ្យ​ដឹង​ថា​ បញ្ហា​តម្លៃ​ទាប​នៃ​ផលិតផល​កសិកម្ម​នេះ​ មិន​មែន​ជា​បញ្ហា​ថ្មី​ ដែល​ទើប​នឹង​កើត​ឡើង​ក្នុង​វិស័យ​កសិកម្ម​នោះ​ទេ។ ​

លោក​ថា​ មូលហេតុ​ចម្បង​នៃ​ការ​ប្រឈម​នេះ​ គឺដោយសារ​តែ​កត្តា​គ្រោះ​រាំង​ស្ងួត​ និង​កត្តា​តម្លៃ​ផលិតកម្ម​ ដែលកសិករ​បានចំណាយខ្ពស់​ហួសហេតុ​ទៅ​លើ​ថ្លៃ​ដើមផលិតកម្ម​កសិកម្ម​ ជាអាទិ៍​ថ្លៃ​ជី​ និង​ប្រេង។​

លោក​បន្ថែម​ទៀត​ថា​ កត្តា​រោង​ម៉ាស៊ីន​កិន​ស្រូវ​ឯកជន​ ដែល​យក​ចំណេញ​ខ្ពស់​ ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យផលិតផល​ស្រូវ​មាន​តម្លៃ​ខ្ពស់​ដែរ។

«ចឹង​រឿង​ហ្នឹង​ វា​ពាក់ព័ន្ធ​គ្នា​ទាំង​អស់។ ក្រសួង​កសិកម្ម ​ត្រូវ​ពិនិត្យ​ឡើង​វិញ ទាក់ទង​លើ​កត្តា​ផលិតកម្ម ​ដែល​ដាក់​ចូល​ក្នុង​ការ​ផលិត​ហ្នឹង។ ក្រសួង​ធន​ធាន​ទឹក​គួរ​តែ​រៀប​ចំ​ឲ្យ​មាន​ប្រព័ន្ធ​ធារាសាស្ត្រ ហើយ​ក្រសួង​ពាណិជ្ជ​កម្ម អាច​ជួយ​សម្រួល​ក្នុង​ការ​នាំ​ចេញ។ អាជ្ញាធរ​អគ្គិសនី ​គួរ​បន្ថយ​ថ្លៃ​ភ្លើង​ ដើម្បី​ឲ្យ​កត្តា​ផលិត​ទាប​សម្រាប់​គាត់»។​

លោក ​ឆុង ​សុផល ឲ្យ​ដឹង​ទៀត​ថា​ ដើម្បី​ឲ្យ​កសិករ​កម្ពុជា​អាច​សហការ​ជាមួយ​រោង​ម៉ាស៊ីន​កិន​ស្រូវ ឬ​សហព័ន្ធ​ដែល​នាំ​អង្ករ​ចេញ​បាន​នោះ​ ​រដ្ឋាភិបាល ​ចាំ​បាច់​ត្រូវ​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​កសិករ​ និង​ត្រូវ​ផ្ដល់​ប្រាក់​កម្ចី​ពី​រដ្ឋាភិបាល​ទៅកសិករ​ដោយ​ផ្ទាល់​ និង​ការ​ប្រាក់​ទាប។

«ចំពោះ​ខ្ញុំ​ផ្ទាល់ ចង់​ឃើញ​កសិករ​ខ្លួន​ឯង រៀប​ចំ​ឲ្យ​មាន​សហគមន៍​កសិកម្ម​ខ្លួន​ឯង។ ចឹង​កាល​ណា​គាត់​ជា​សហគមន៍​ អាច​តម្លៃ​ផលិតកម្ម​ថោក​ជា​ង​បន្តិច។​ ទី២​ គាត់​ត្រូវ​ចងក្រង​ជា​សហគមន៍​ ដើម្បី​មានដើមទុន​ខ្លួនឯង។ ដូច​រាល់​ថ្ងៃ​នេះ រដ្ឋាភិបាល​បាន​បញ្ចេញ​លុយ ដើម្បី​ទប់ស្កាត់ អតិផរណា​ទាក់ទង​រឿង​ស្រូវ​ ហ្នឹង​គឺ​បាន​ទៅ​ដល់​ដៃ​ឯកជន​ទេ។​ ចឹង​បើ​យើង​ប្រគល់​ឲ្យ​សហគមន៍​ ជា​អ្នក​ប្រមូល​ទិញ​ស្រូវ​វិញ​ វា​អាច​បាន​ផល​ដល់​កសិករ»។

​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១៩​ ខែ​កញ្ញា​នេះ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ធនាគារ​ជាតិ​កម្ពុជា​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ជួយដល់​កសិករ​ ដែល​ជួប​ប្រទះ​បញ្ហា​ហិរញ្ញវត្ថុ​ជាក់ស្ដែង​ ព្រម​ទាំងបន្ត​ផ្ដល់​ និង​បង្កើន​ទំហំ​ប្រាក់​កម្ចី​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ឬ​ពាណិជ្ជករ​ដែលប្រមូល​ទិញ​ស្រូវ​ ដើម្បី​រួម​ចំណែក​រក្សា​ស្ថិរភាព​ថ្លៃ​ស្រូវ​អង្ករ។

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៨ ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ផង​ដែរ​ អំពាវនាវ​ឲ្យ​ប្រជាកសិករ​ទាក់ទង​ទៅ​ប្រធាន​សហគមន៍​កសិកម្ម​នៅ​តាម​មូលដ្ឋាន​ ដើម្បី​ប្រាប់​បញ្ហា​ប្រឈម​ដល់សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​អាច​ជួយ​រក​ដំណោះស្រាយ​ ព្រម​ទាំង​ស្នើសុំ​ឲ្យ​សមាជិក​រោង​ម៉ាស៊ីន​ និង​ក្រុម​ហ៊ុន​នាំ​ចេញ​ ជួយ​ប្រមូល​ទិញ​ស្រូវ​ដោយ​ផ្ទាល់​ពី​សហគមន៍​កសិករ។​ ​

សេចក្ដី​ជូន​ដំណឹង​ដដែល​នេះ​ លើក​ឡើង​ពី​បញ្ហា​៥​សំខាន់ៗ​ដែល​នាំ​ឲ្យ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ ដូច​ជា ការ​ធ្លាក់​ចុះ​ការ​កុម្ម៉ង់​អង្ករ​និង​ការ​ធ្លាក់​ចុះ​តម្លៃ​អង្ករ​ក្នុង​ទីផ្សារ​បរទេស ការ​ខ្វះខាត​ឡ​សម្ងួត និង​ឃ្លាំង​ស្តុក​ទុក​ អាកាស​ធាតុ​មិន​អំណោយ​ផល​ និង​ម្ចាស់​រោង​ម៉ាស៊ីន​មិន​មាន​ទុន​គ្រប់​គ្រាន់​ដើម្បី​ទិញ​ស្រូវ​ជាដើម។

យ៉ាង​ណា​ក៏​ដោយ​ ក្រុម​សមាជិក​សភា​គណបក្ស​ជំទាស់​ នៅ​ថ្ងៃ​ច័ន្ទដែរ​ ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ រិះ​គន់​គោល​នយោបាយ​កសិកម្ម​របស់​រដ្ឋាភិបាល​ថា​ជា​«គោល​នយោបាយ​ខុស»​ រួមមាន​ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​កសិករ​បាត់បង់​ដីធ្លី​ ការ​ពុំ​ជួយ​កាត់បន្ថយតម្លៃ​សម្ភារៈ​កសិកម្ម​ ​ ការផ្ដល់​សិទ្ធិ​ឲ្យ​ឈ្មួញ​ផ្ដាច់​មុខ ការ​ពុំ​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​កសិករ​ ការ​ពុំ​បាន​បង្កើតទីផ្សារ​សម្រាប់​កសិផល​ ការ​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​គ្មាន​ប្រសិទ្ធភាព​ និង​ការ​ពុំ​មាននយោបាយ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ខ្ពស់ គឺ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ផលិតកម្ម​ស្រូវ​ជួប​បញ្ហា​ដូច​នា​ពេល​បច្ចុប្បន្ន​នេះ៕