លោកជន សក្តា រាយការណ៍ពីរាជធានីភ្នំពេញដូចតទៅ៖
នៅថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងការសោកស្តាយចំពោះប្រេសិតសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលបានប្រើពាក្យ «ខកចិត្ត» ចំពោះការមិនបានជួបជាមួយលោក នៅចំថ្ងៃដែលលោកមានជម្ងឺ។ ចំពោះការប្រើពាក្យនេះ លោកនាយករដ្ឋមន្ត្រីពិចារណាការកាត់បន្ថយចំនួនជួបជាមួយលោកប្រេសិតរូបនេះ។
លោកស៊ូរីយ៉ា ស៊ុបិឌី (Surya P. Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានបញ្ចប់បេសកកម្មស្វែងរកការពិតរយៈពេល១០ថ្ងៃនៅកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនេះ បាននិយាយថា លោកមានការ «ខកចិត្ត» ចំពោះការមិនបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបិទមហាសន្និបាតអតីតយុទ្ធជនកម្ពុជាថា លោកមិនបានគេចពីការជួបជាមួយលោក ស៊ុបិឌី ទេ។ គ្មានហេតុផលផ្សេងក្រៅពីបញ្ហាសុខភាពផ្ទាល់របស់លោកដែលបានរារាំង ដល់ការជួបជាមួយលោក ស៊ុបិឌីនោះទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចាក់ថា លោកមានការសោកស្តាយចំពោះលោក ស៊ុបិឌី ដែលបានប្រើពាក្យ «ខកចិត្ត» ចំពោះការមិនបានជួបជាមួយលោក។ លោក Subedi គួរតែប្រើពាក្យគួរសមជាងនេះដល់អ្នកជម្ងឺ ពីព្រោះលោកកំពុងឈឺផ្តាសាយ និងភ្នែក នៅចំថ្ងៃដែលលោកត្រូវជួបជាមួយលោកស៊ុបិឌី។ លោកហ៊ុន សែនថ្លែងថា៖
«ខ្ញុំគិតថា សម្តីនេះខ្វះការគោរពចំពោះម្ចាស់ផ្ទះ ហើយខ្វះការគោរពចំពោះមេដឹកនាំប្រទេសមួយ ដែលមានឯករាជ្យ និងអធិបតេយ្យ ហើយក៏អាចជាការប្រមាថមួយចំពោះជនជាតិកម្ពុជា ដែលបោះឆ្នោតឱ្យគណបក្សប្រជាជន ហើយឆ្លងតាមរយៈសភានោះ គឺឱ្យហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រី។»
ដោយផ្អែកលើហេតុផលនៃពាក្យ «ខកចិត្ត» នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា លោកអាចពិចារណាការកាត់បន្ថយចំនួនជួបជាមួយលោក ស៊ុបិឌី ដែលលោកធ្លាប់បានជួបជាមួយលោកស៊ុបិឌី ៣ ដងក្នុង១ឆ្នាំនោះ។
ក្នុងពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានវាយប្រហារទៅលើលោក ស៊ុបិឌីដែលបានរិះគន់ថា ប្រព័ន្ធតុលាការកម្ពុជាកំពុងជួបប្រទះនឹងការលំបាកជាច្រើន ក្នុងការផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋនៃប្រទេសនេះ ជាពិសេសជនក្រីក្រ និងជនដែលគេមិនសូវគិតគូរដល់។
លោក ស៊ុបិឌី បានបញ្ជាក់ចាក់ថា កង្វះធនធាន កង្វះស្ថាប័ននិងការរៀបចំស្ថាប័ន កង្វះការយល់ដឹងពេញលេញអំពីបទដ្ឋានពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅ បញ្ហាហិរញ្ញវត្ថុ ឬបញ្ហាផ្សេងៗទៀតក្នុងកិច្ចការតុលាការ បានធ្វើឱ្យស្ថាប័ននេះ មិនអាចផ្តល់ការជឿទុកចិត្តដល់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់ជាន់ថ្នាក់បានទេ។
លោក ស៊ុបិឌី បានបន្ថែមថា ចៅក្រមជាច្រើនអាចមានការសន្យាចាំបាច់ ដើម្បីផ្តល់យុត្តិធម៌ទៅតាមច្បាប់ ប៉ុន្តែសម្រាប់ករណីជាច្រើនដែលការសន្យានេះ ត្រូវបានសម្របសម្រួលដោយការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅ ហើយសម្រាប់អ្វីផ្សេងពីនេះ ការសន្យាគឺមិនមានទេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថា យើងមិនល្ងង់ទុកឱ្យបញ្ហាទាំងនេះញាំញីប្រទេសនេះទេ។
«លោកកុំព្យាយាមទម្លាយទ្វារ នៅពេលដែលទ្វារបើកចំហ ហើយសូមកុំប្រាប់ខ្ញុំថា ភ្លៀងកំពុងតែធ្លាក់ ក្នុងពេលដែលខ្ញុំកំពុងនៅក្រោមដំណក់ទឹកភ្លៀង។ ខ្ញុំកំពុងតែធ្វើ។»
លោក ស៊ុបិឌី ត្រូវបានតែងតាំងជាអ្នករាយការណ៏ពិសេសនៃអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាលពីឆ្នាំទៅ។